អតីតជនជាប់ចោទដោយសាលាក្តីខ្មែរក្រហមរូបនេះបានស្លាប់ក្នុងអាយុ៨៧ឆ្នាំក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុងភ្នំពេញ។
ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ
សាកសពអតីតជនជាប់ចោទអៀង សារីបានរលាយទៅជាផ្សែងខ្មៅខ្មួលចេញពីមេនមួយដែលសង់នៅពីមុខផ្ទះមួយដែលព័ទ្ធជុំវិញដោយដើមឈើ និងដីចម្ការដែលទើបនឹងភ្ជួររាស់ថ្មីៗ។
ពិធីបូជាបានចាប់ផ្តើមកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍នេះនៅក្នុងភូមិដូង ឃុំម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីបូជាសពអៀង សារី អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃនេះធ្វើឡើងប្រាំពីរថ្ងៃបន្ទាប់ពីការស្លាប់របស់គាត់។
អតីតជនជាប់ចោទដោយសាលាក្តីខ្មែរក្រហមរូបនេះបានស្លាប់ក្នុងអាយុ៨៧ឆ្នាំក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុងភ្នំពេញ។
កូនៗរបស់អៀង សារី រួមមានលោកអៀង វុធ អភិបាលរងខេត្តប៉ៃលិន និងកូនស្រីពីរនាក់ទៀតរបស់សពអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមរូបនេះ រួមទាំងសាច់ញាតិ និងអតីតកម្មាភិបាលខ្មែរក្រហមដែលធ្លាប់ធ្វើការក្នុងក្រសួងការបរទេសខ្មែរក្រហម និងអតីតមេទ័ពខ្មែរក្រហម បានដង្ហែរសពអៀង សារីចេញពីផ្ទះចំនួនបីជុំមេរុមុននឹងលើកសពតម្កល់ដើម្បីការផ្តល់ភ្លើងបូជា។ ព្រះសង្ឃមួយអង្គត្រូវគេសែងលើគ្រែស្នែងដែលមានគម្ពីរមួយដាក់នៅពីមុខនោះដើម្បីនាំមុខក្បួនដង្ហែរ។
កូនស្រីរបស់អៀង សារី អ្នកស្រីហ៊ុន វណ្ណនីថ្លែងវិយោគកថាមុនការបូជា។
«លោកឪពុកមិនស្លាប់ចោលកូនទេ ព្រោះចំហាយនៃទឹកចិត្តលោកឪពុកបានមកបបោសអង្អែលឲ្យកូនៗទាំងអស់មានភាពកក់ក្តៅគ្រប់ដង្ហើមចេញចូល។ លោកឪពុកនៅតែបន្តរស់នៅក្នុងចិត្តរបស់កូនជាអមតៈ»។
អៀង ធីរិទ្ធជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ក្នុងសាលាក្តីខ្មែរក្រហម ដែលត្រូវជាភរិយារបស់សពអៀង សារី ត្រូវគេជូនមកកាន់កន្លែងបូជាសពដែលស្ថិតនៅពីមុខផ្ទះឈើលើថ្មក្រោម ដែលសង់ដោយអៀង សារីនៅឆ្នាំ១៩៩០។
អៀង ធីរិទ្ធបានមកដល់ផ្ទះបុណ្យសពនៅម៉ោងប្រមាណបីរសៀលហើយត្រូវសមាជិកគ្រួសារបីចូលក្នុងផ្ទះនិងដាក់ឲ្យអង្គុយនៅខាងស្តាំដៃនៃក្តារមឈូសប្តីរបស់គាត់ដែលជាអតីតជនជាប់ចោទក្នុងសំណុំរឿង០០២ដែរ។
គាត់មានសក់ស្កូវព្រោង និងមានទឹកមុខស្មើនិងលើកដៃសំពះខណៈដែលសាច់ញាតិរបស់គាត់អង្គុយនៅអមសងខាងនោះ។
គាត់មានសក់ស្កូវព្រោង និងមានទឹកមុខស្មើនិងលើកដៃសំពះខណៈដែលសាច់ញាតិរបស់គាត់អង្គុយនៅអមសងខាងនោះ។
អៀង ធីរិទ្ធអយុ៨១ឆ្នាំត្រូវកូនចៅរបស់គាត់នាំចេញពីបន្ទប់ផ្ទាល់ដីដែលគេតម្កល់សពអៀង សារី ចេញមកខាងក្រៅនៅពេលដែលសាកពត្រូវបានតម្កល់លើមេរុ។
អៀង ធីរិទ្ធអយុ៨១ឆ្នាំត្រូវកូនចៅរបស់គាត់នាំចេញពីបន្ទប់ផ្ទាល់ដីដែលគេតម្កល់សពអៀង សារី ចេញមកខាងក្រៅនៅពេលដែលសាកពត្រូវបានតម្កល់លើមេរុ។
អៀង ធីរិទ្ធស្លៀកពាក់ស អង្គុយសម្លឹងទៅរកមេរុនៅលើកៅអីមួយចំមាត់ទ្វារចូលផ្ទះ។ សាច់ញាតិរបស់គាត់បានយកកន្សែងជូនមុខឲ្យគាត់នៅពេលដែលគាត់បង្ហូរទឹកភ្នែកនិងខ្សឹកខ្សួល ប៉ុន្តែមិនយំខ្លាំងនោះទេ។
អៀង ធីរិទ្ធស្លៀកពាក់ស អង្គុយសម្លឹងទៅរកមេរុនៅលើកៅអីមួយចំមាត់ទ្វារចូលផ្ទះ។ សាច់ញាតិរបស់គាត់បានយកកន្សែងជូនមុខឲ្យគាត់នៅពេលដែលគាត់បង្ហូរទឹកភ្នែកនិងខ្សឹកខ្សួល ប៉ុន្តែមិនយំខ្លាំងនោះទេ។
គាត់ត្រូវកូនចៅនិងសាច់ញាតិគ្រាមកឲ្យចូលមើលក្តារមឈូសជាលើកចុងក្រោយ ហើយគាត់បាននិយាយដោយចាត់ទុកប្តីរបស់គាត់ថាជា«ប៉ា»។ គាត់ដឹងថា «ប៉ារបស់គាត់រូបនេះស្លាប់ហើយ»។
លោកអ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងជាអតីតកងការពាររបស់ប៉ុល ពត មេស្ថាបនិកនៃរបបខ្មែរក្រហមនិងក្រោយមកបានក្លាយជាមេបញ្ជាការកងទ័ពខ្មែរក្រហមមួយរូប។
លោកធ្វើជាអធិបតីក្នុងការឲ្យភ្លើងបូជានេះ។ លោកថ្លែងដោយខ្លីថា វត្តមានរបស់លោកគឺដើម្បីចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់អៀង សារី។
«នេះជាការរំលែកទុក្ខ ព្រោះធម្មតាខ្មែរយើងកាលណាមានកម្មវិធីតែងតែមកចូលរួមក្នុងកម្មវិធីអញ្ចឹង»។
លោកព្រំ ស៊ូ អតីតមេទ័ពខ្មែរក្រហមមួយរូបនិងជាអតីតទីប្រឹក្សាក្រសួងការពារជាតិ។ គាត់ដាច់ដៃម្ខាងផ្នែកខាងស្តាំ។
«សង្ខារបស់មនុស្សលោកធម្មតាទេ។ ការចងចាំរាប់មិនអស់ដោយគាត់ជាមេដឹកនាំខ្ញុំ»។
មនុស្សប្រមាណជាង១០០០នាក់បានចូលរួមពិធីបូជាសពរបស់អៀង សារី។ ក្នុងនោះភាគច្រើនគឺជាអតីតសមាជិកចលនាតស៊ូខ្មែរក្រហម។ ព្រះសង្ឃចំនួន៨៩អង្គនិមន្តមកពីវត្តចំនួន២៥ ក្នុងនោះមានសង្ឃមួយចំនួនមកពីខេត្តប៉ៃលិន មកពីខេត្តបាត់ដំបង និងព្រះសង្ឃមកពីខេត្តស្រះកែវរបស់ប្រទេសថៃដែលជាប់នឹងព្រំដែនខេត្តបន្ទាយមានជ័យ។
លោកអាង ឧត្តម សហមេធាវីកម្ពុជាមានវត្តមានក្នុងពិធីបុណ្យសពនេះដែរ។
«ចូលរួមឈាបនកិច្ចរបស់គាត់តាមរបៀបជាមនុស្សធម៌ ជាគ្រួសារ ជាការរាប់អានដូចជាពុទ្ធបរិស័ទដទៃទៀតដែរ»។
លោកម៉ាយឃើល ខាណាវ៉ាស សហមេធាវីអន្តរជាតិរបស់អៀង សារី អធិប្បាយដោយចោទប្រកាន់លើសាលាក្តីខ្មែរក្រហមថា អៀង សារីមិនគួរត្រូវគេនាំយកមកកាត់ទោសនោះទេ ដោយសារតែគាត់ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រកាលពីឆ្នាំ១៩៩៦រួចទៅហើយ ជាថ្នូរទៅនឹងការចុះចូលជាមួយរដ្ឋាភិបាល។
លោកញ៉ែម អេន អភិបាលរងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនិងជាអតីតអ្នកថតរូបម្នាក់នៅសម័យខ្មែរក្រហម បានមកចូលរួមពិធីបុណ្យសពលោកអៀង សារី ដោយលោកស្វាមីភក្តិលើអតីតមេដឹកនាំរបស់ខ្លួន ប៉ុន្តែលោកគិតថា ការស្លាប់របស់អៀង សារីដោយសារការចាស់ជរាច្រើនជាង។
លោកញ៉ែម អេន មានប្រសាសន៍ដោយថ្លឹងថ្លែងពីអតីតភាពនៃការដឹកនាំរបស់អៀង សារី។
«វាជារបបមួយដែលយើងមិនពិណ៌នាបាន។ ធម្មតាអ្នកកាន់អំណាចតែងមានការខុសនិងត្រូវ។ ដូច្នេះអ្វីដែលជាកាតព្វកិច្ចមានការខុសឆ្គងខ្លះចំពោះជាតិ ចំពោះប្រជាជន។ ប៉ុន្តែវាជាអតីតកាល ខុសត្រូវ អ្នកដឹកនាំមិនថា នៅលើពិភពលោក និងនៅកម្ពុជាទេ ខុសត្រូវខ្ញុំវាយតម្លៃស្មើគ្នា»។
ព្រះតេជគុណឃឹម សៀងជាព្រះសង្ឃដែលមានវ័យ៧៦ព្រះវស្សា និងបានចូលរួមក្នុងពិធីបូជាសពអៀង សារីជាមួយនឹងព្រះសង្ឃចំនួន៨៨អង្គផ្សេងទៀត។
ព្រះតេជគុណមានសង្ឃដីកាផ្អែកលើកម្មផលនៃអំពើរបស់បុគ្គលដែលបានប្រព្រឹត្តកាលពីនៅមានជីវិត។
«បើកាលណាធ្វើបុណ្យច្រើន ទៅសើយសុខតិភពហើយ។ បើតាមធម៌ព្រះសម្មាសម្ពុទ្ធវាធ្លាក់ទៅអបាយមុខតាមអំពើរបស់បុគ្គលអ្នកប្រព្រឹត្ត»។
យ៉ាងណាក៏ដោយ អតីតសមាជិកចលនាតស៊ូទ័ពព្រៃខ្មែរក្រហមមួយចំនួនដែលមានវត្តមាននៅក្នុងពិធីបុណ្យសពអៀង សារី បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលដែលត្រូវគេចោទសួរដោយត្រង់អំពីអតីតកាលទាក់ទងជាមួយអៀង សារីក្នុងចលនាតស៊ូរបស់ខ្មែរក្រហមទេ៕