ទំនប់​វារី​អគ្គិសនី​​កំពុង​សាក​ល្បង​ប្រសិទ្ធិភាព​គណៈ​កម្មការ​ទន្លេ​មេគង្គ

  • Daniel Schearf

ប្រទេស​ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​សង់​ទំនប់​ទឹក​វារី​អគ្គិសនី​ នៅ​លើ​ដង​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​លើ។​

បាងកក៖ រដ្ឋមន្រ្តី​នៃ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​នឹង​ជួប​គ្នា​នៅប្រទេស​ លាវក្នុង​សប្តាហ៍​នេះ​ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​ហៅ​កាត់​តាម​អក្សរ​អង់គ្លេស​ថា​ MRC។​

គណៈកម្មការ​ MRC​ ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​គ្រប់​គ្រង​លើ​ធនធាន​របស់​ទន្លេ​មេគង្គ​និយាយ​ថា​ គេ​ប្រហែល​ជា​នឹង​ពិភាក្សា​អំពី​គម្រោង​ទំនប់​ទឹក​សាយ៉ាបូរី​ (Xayaburi)​ ដែល​មាន​ទំនាស់​ចម្រូង​ចម្រាស់​ ហើយ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ការពារ​បរិស្ថាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​

រដ្ឋ​មន្រ្តី​ក្រសួង​ទឹក​ និង​បរិស្ថាន​ពី​ប្រទេស​កម្ពុជា​ លាវ​ ថៃ​ និង​វៀតណាម​ ស្ថិត​នៅទីក្រុង​លួងប្រាបាង នៅ​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។

គណៈកម្មការ​ MRC​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥​ដើម្បី​គ្រប់​គ្រង​ធនធាន​ទន្លេ​ឲ្យ​បាន​ល្អ​ តែ​ក្រុម​អ្នក​ការពារ​បរិស្ថាន​និយាយ​ថា​ បញ្ហា​ចម្រូង​ចម្រាស់​អំពី​ទំនប់​ទឹក​ Xayaburi​ កំពុងសាក​ល្បង​មើល​តួ​នាទី​របស់​គណៈ​កម្មការ​នេះ។​

ទំនប់​ទឹក​នៅ​ក្នុង​ខេត្ត​ Xayaburi​ នៃ​ប្រទេស​លាវ​ជា​ទំនប់​ទឹក​ទី​មួយ​ដែល​ស្ថាបនា​លើ​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម។​ សកម្មជន​បរិស្ថាន​ភ័យ​ខ្លាច​ថា​ ទំនប់​ទឹក​នេះ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទន្លេ​ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ចុង​ក្រោយ​របស់​គណៈកម្មការ​ MRC​នេះ​ ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​សុំ​ពន្យារពេល​ដើម្បី​ធ្វើ​ការ​សិក្សា​អំពី​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន។​ ផ្ទុយ​ទៅ​វិញ​ ប្រទេស​លាវ​បាន​សម្រេច​ចាប់​ផ្តើម​សំណង់​ដែល​ទាក់​ទង​នឹង​គម្រោង​នេះ​ ហើយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​ថាមពល​ជា​មួយ​ប្រទេស​ថៃ។

អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​ MRC​ គឺ​លោក​ Surasak​ Glahan​ និយាយ​ថា​ តាំង​ពី​ពេល​នោះ​មក​ ប្រទេស​កម្ពុ​ជា ​និង​វៀតណាម​ឈប់​លើក​យក​បញ្ហា​នេះ​មក​ចរចា​នៅ​ក្នុង​គណៈ​កម្មការ​ជា​ថ្មី​ទៀត។​

«ហើយ​មក​ទល់​នឹង​ពេល​នេះ​ លេខាធិការដ្ឋាន​របស់​ MRC​ មិន​បាន​ទទួល​ព័ត៌មាន​ថ្មី​អំពី​ទស្សនៈ​របស់​ប្រទេស​ជា​សមាជិក ​ទាក់ទង​នឹង​ស្ថានភាព​នៃ​ការ​ពិគ្រោះ​គ្នា​អំពី​គម្រោង​នេះ​ទេ»។

អាជ្ញាធរ​លាវ​និយាយ​ថា​ ពួក​គេ​បាន​ធ្វើ​ការ​កែ​តម្រូវ​គម្រូប្លង់​ស្ថាបនា​ទំនប់​ទឹក​ ដើម្បី​ឲ្យ​ត្រី​ផ្លាស់​ទី​កន្លែង​បាន​ស្រួល​ និង​ជួយ​ដល់​ដី​ល្បប់​ តែ​មិន​ទាន់​បាន​បង្ហាញ​ផែនការ​នេះ​ជា​សាធារណៈ​នៅ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​កម្ពុជា​និង​វៀតណាម​ ហាក់​ដូច​ជា​បាន​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ ហើយ​គម្រោង​សំណង់​នឹង​ធ្វើ​បន្ត។​

ការសិក្សា​អំពី​បរិស្ថាន​មុនៗ​របស់​គណៈកម្មការ​ MRC​ ផ្តល់​អនុសាសន៍​មិន​ឲ្យ​សង់​ទំនប់​ទឹក​លើ​ដង​ទន្លេ​មេគង្គ​ផ្ទាល់​ យ៉ាង​តិច​ក៏​ក្នុង​ពេល​ដប់​ឆ្នាំ​ទៅ​មុខ​ទៀត។​

លោក​ស្រី​ Aviva Imhof​ នាយិកា​យុទ្ធនាការ​នៃ​ក្រុម​បរិស្ថាន​ទន្លេ​អន្តរជាតិ​ ថ្លែង​ថា​ ស្ថានការណ៍​នេះ​ធ្វើ​ឲ្យ​មាន​សំនួរ​ដល់​តួនាទី​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។​

«បើ​គណៈកម្មការ​នេះ​មិន​ទាន់​មាន​វិបត្តិ​មួយ​ខាង​ចេតនា​និង​ទំនុកចិត្ត​នៅ​ឡើយ​ទេ​ វា​គួរ​តែ​មាន។​ គណៈកម្មការ​នេះ​បាន​បង្កើត​ឡើង​គឺ​ដើម្បី​ធ្វើ​ការ​ចរចា​ ហើយ​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​និង​ការ​គ្រប់​គ្រង​ទន្លេ​មេគង្គ​ ឲ្យ​មាន​តុល្យភាព​និង​មាន​យុត្តិធម៌​ តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​ប្រទេស​មួយ​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​មិន​បាន​ធ្វើ​តាម​នីតិវិធី​ ដែល​គេ​បាន​យល់​ព្រមព្រៀង​គ្នា​ហើយ​នោះ​ទេ»។​

អគ្គិសនី​ដែល​នឹង​ផលិត​ចេញ​ពី​ទំនប់​ទឹក​ Xayaburi​ ស្ទើរ​ទាំង​អស់​ នឹង​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ។​ សកម្មជន​ថៃ​មួយ​ក្រុម​ កំពុង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អាជ្ញាធរ​ថាមពល​ថៃ​ ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​អាច​បញ្ឈប់​គម្រោង​នេះ​បាន។​

ប្រទេស​ លាវ​ បំរុង​នឹង​សង់​ទំនប់​ទឹក​ជា​ច្រើន​ទៀត​នៅ​លើ​ទន្លេ​មេគង្គ​ ដោយ​សង្ឃឹម​ថា​នឹង​បាន​ក្លាយ​ទៅ​ជា​«ប្រភព​អគ្គិសនី​ធំ​នៃ​ទ្វីប​អាស៊ី»។​

ប្រទេស​នៅ​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ព្រួយបារម្ភ​ខ្លាច​ទំនប់​ទឹក​មាន​ផល​ប៉ះពាល់​ទៅ​លើ​ឧស្សាហកម្ម​សំខាន់ៗ​របស់​ពួក​គេ។​ ផលិតកម្ម​ស្រូវ​របស់​ វៀតណាម​ ពឹង​ផ្អែក​ទៅ​លើ​ទឹក​ទន្លេ​នេះ​ រី​ឯ​ប្រភព​នៃ​ជាតិ​ ប្រូតេអ៊ីន​(protein)​ ប្រហែល​ ៨០%​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​មក​ពី​ទន្លេ​មេគង្គ។​

ការ​កាក់​ស្មាន​ខ្លះ​បាន​និយាយ​ថា​ ប្រភេទ​ត្រី​ដល់​ទៅ​ ២០​ ឬ​ច្រើន​ជាង​នេះ​ អាច​ដាច់​ពូជ​ បើ​គេ​ធ្វើ​សំណង់​ទំនប់​ទឹក​នេះ​ឡើង​ ទោះ​បី​ជា​ផល​ប៉ះ​ពាល់​នេះ​មាន​ទាក់​ទង​ភាគ​ច្រើន​នឹង​ត្រី​ធំៗ​ក៏​ដោយ។​ ដូច្នេះ​សន្តិសុខ​ម្ហូប​អាហារ​នឹង​មិន​មាន​ផល​ប៉ះពាល់​ដ៏​អាក្រក់​ណាស់​ណា​ទេ។​

លោក​ Marc​ Goichot​ នៃ​មូលនិធិ​ពាស​ពេញ​ពិភពលោក​សម្រាប់​ធម្មជាតិ​ ហៅ​កាត់​ជា​អង់គ្លេស​ថា​ WWF​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ លាវ​ បាន​និយាយ​ថា​ ប្រភេទ​ត្រី​ជា​ប្រវត្តិសាស្រ្ត​ ដូច​ជា​ ត្រី​គល់រាំង​ ក្នុង​ទន្លេ​មេគង្គ​ នឹង​អាច​ដាច់​ពូជ។​

«មាន​ប្រភេទ​ត្រី​ច្រើន​ណាស់​ក្នុង​ទន្លេ​មេគង្គ​ ហើយ​មាន​ប្រភេទ​ខ្លះ​មិន​ទាន់​ទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ ហើយ​យើង​អាច​បាត់​បង់​ប្រភេទ​ត្រី​ទាំង​នេះ​មុន​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ។​ វា​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​ ពីព្រោះ​ទន្លេ​មេគង្គ​ប្រហែល​ជា​ទី​កន្លែង​មួយ​ក្នុង​ពិភពលោក​ដែល​មាន​ទំនាក់​ទំនង​ខ្លាំង ​រវាង​ជីវ​ចម្រុះ​និង​ការ​ចិញ្ចឹម​ជីវិត»។​

លោក​ Goichot​ ថ្លែង​ថា​ មូលនិធិ​ WWF​ មិន​ប្រឆាំង​នឹង​ថាមពល​វារី​អគ្គិសនី​ទេ​ តែ​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ លាវ​ ស្វែងរក​គម្រោង​ដែល​មាន​គ្រោះថ្នាក់​តិច​ជាង​នេះ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ថាមពល​របស់​ខ្លួន។​

ប្រទេស​ លាវ​ ដ៏​ក្រី​ក្រ​ និយាយ​ថា​ ការ​លក់​អគ្គិសនី​ទៅ​ឲ្យ​ប្រទេស​ជិតខាង​ នឹង​ជួយ​ឲ្យ​ខ្លួន​អាច​ងើប​ផុត​ពី​ភាព​ក្រី​ក្រ។​

ក៏​ប៉ុន្តែ​ លោក​ស្រី​ Imhof​ នៃ​ក្រុម​បរិស្ថាន​ទន្លេ​អន្តរជាតិ​និយាយ​ថា​ គម្រោង​ទំនប់​ទឹក​ ស្ទើរ​តែ​ទាំង​អស់​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានភាព​ដុន​ដាប​ខ្លាំង​ជាង​មុន​ ដោយ​មក​ពី​ពួក​គេ​បាត់​បង់​ធនធាន​ធម្មជាតិ​ដោយសារ​គម្រោង​ទាំង​នោះ។​

«មក​ទល់​នឹង​ពេល​នេះ​ មាន​ភស្តុតាង​តិច​ណាស់​ដែល​បង្ហាញ​ថា​ ផល​ប្រយោជន៍​ដែល​ទទួល​បាន​មក​ពី​គម្រោង​ទាំង​នេះ​ពិត​ជា​បាន​ទៅ​ដល់​សហគមន៍​ទាំង​ឡាយ​ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​នោះ»។​

សកម្មជន​បរិដ្ឋាន​និយាយ​ថា​ ភាគ​មួយ​នៃ​បញ្ហា​បណ្តាល​មក​ពី​សំណង់​ទំនប់​ទឹក​ គឺ​គេ​មិន​អាច​ដឹង​ច្រើន​អំពី​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ទន្លេ​បាន​ទេ​ លុះ​ណា​តែ​សំណង់​នោះ​បាន​ធ្វើ​រួច​ហើយ។​

ប្រទេស​ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​សង់​ទំនប់​ទឹក​វារី​អគ្គិសនី​ នៅ​លើ​ដង​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​លើ។​

ក្រុង​ប៉េកាំង​ បាន​ទទួល​ការ​រិះគន់​អំពី​ការ​មិន​ចែក​រំលែក​ទិន្នន័យ​គ្រប់​គ្រាន់​ជា​មួយ​ប្រទេស​ជិតខាង​នៃ​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ ឬ​ពិភាក្សា​អំពី​ផែនការ​សម្រាប់​សំណង់​ទំនប់​ទឹក​ទៅ​អនាគត។​

លោក​ Ed Grumbine​ ជា​អ្នក​ជំនាញ​ខាង​ជីវៈចម្រុះ​ នៃ​វិជ្ជាស្ថាន​រុក្ខសាស្រ្ត​ Kunming​ នៃ​ប្រទេស​ចិន។​
លោក​បាន​ថ្លែង​តាម​រយៈ​ Skype​ ប្រាប់​វីអូអេ​ថា​ ប្រទេស​នៃ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ហាក់​ដូច​ជា​ធ្វើ​តាម​គម្រូ​ប្រទេស​ចិន​ ទោះ​ជា​មាន​ផលវិបាក​ទៅ​អនាគត​យ៉ាង​ណា​ក៏​ដោយ។​

«ទិន្នន័យ​ដែល​យើង​មាន​សព្វ​ថ្ងៃ​បង្ហាញ​ថា ផល​ប៉ះ​ពាល់​នឹង​មាន​យ៉ាង​ខ្លាំង​ដោយសារ​ប្រតិបត្តិការ​កើន​ឡើង​នៃ​ទំនប់​ទឹក​វារី​អគ្គិសនី​របស់​ប្រទេស​ចិន។​ រដ្ឋាភិបាល​ចិន​មិន​យល់​ស្រប​នឹង​ការ​រក​ឃើញទាំង​នេះ​ទេ។​ ក៏​ប៉ុន្តែ​ មក​ទល់​នឹង​ពេល​នេះ​ ប្រទេស​ចិន​ក៏​មិន​បាន​ចូល​ជំពាក់​ទាក់​ទិន​ជា​មួយ​ប្រទេស​នៃ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​នោះ​ដែរ»។

លោក​ Grumbine​ ថ្លែង​ថា​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ថាមពល​របស់​ខ្លួន​ ប្រទេស​នៃ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ គួរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ដំឡើង​ប្រសិទ្ធិភាព​ថាមពល​ កាត់​បន្ថយ​សេចក្តី​ត្រូវការ​ និង​អភិវឌ្ឍ​ប្រភព​ថាមពល​ផ្សេង​ពី​នេះ៕​

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន