ភ្នំពេញ៖ នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានចែករំលែកជាមួយសហរដ្ឋអាមេរិកនូវការសោកស្តាយចំពោះការវាយប្រហារដោយគ្រាប់បែកនៅក្រុងបូស្តុន រដ្ឋម៉ាសាឈូសេតដោយប្រើគ្រាប់បែកនៅឯកន្លែងរត់ម៉ារ៉ាតុងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ការវាយប្រហារនោះបានសម្លាប់មនុស្សបីនាក់និងបណ្តាលឱ្យមនុស្ស១៧០នាក់ទៀតរងបួស។
លោកហ៊ុន សែន បានធ្វើសេចក្តីអត្ថាធិប្បាយខ្លីមួយដោយផ្ទាល់មាត់ក្នុងពិធីសម្ពោធអគារមួយក្នុងខេត្តកំពត ដោយចាត់ទុកថាការវាយប្រហារនេះមានលក្ខណៈធ្ងន់ធ្ងរ។
«ស្ថានភាពដែលកំពុងមាននៅក្នុងប្រទេសកម្ពុជា បែរជាកើតមានការផ្ទុះគ្រាប់បែកនៅសហរដ្ឋអាមេរិកនៅបូស្តុន ក្នុងព្រឹត្តិការណ៍នៃការរត់ប្រណាំងម៉ារ៉ាតុងដែលខ្ញុំសុំចូលរួមការសោកស្តាយជាមួយសហរដ្ឋអាមេរិកអំពីបញ្ហាទាក់ទងជាមួយឧក្រិដ្ឋកម្មដែលបានសម្លាប់ប្រជាពលរដ្ឋស៊ីវិលដែលកំពុងរត់ប្រណាំង»។
លោកហ៊ុន សែន បានឆក់យកឱកាសនោះប្រៀបធៀបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានិងបទឧក្រិដ្ឋនានាដែលបានកើតឡើងក្នុងអំឡុងរយៈពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរបីថ្ងៃដែលទើបនឹងបញ្ចប់កាលពីថ្ងៃអង្គារ។
លោកចាត់ទុកថាគ្រោះថ្នាក់ក្នុងរយៈពេលបុណ្យជាតិនេះបានក្លាយជារឿងធម្មតាប៉ុន្តែមិនបានបង្កវិនាសកម្មធ្ងន់ធ្ងរទេ។
«ជាធម្មតាទៅហើយសម្រាប់ប្រទេសរបស់យើងសម្រាប់គ្រោះថ្នាក់ចរាចរណ៍និងបទល្មើសផ្សេងៗដែលបានកើតឡើងនៅក្នុងពេលចូលឆ្នាំប៉ុន្តែគ្មានហេតុការណ៍ណាមួយដែលធ្ងន់ធ្ងរកើតឡើងដូចជាការផ្ទុះគ្រាប់បែក ការរត់ជាន់គ្នា ឬអគ្គិភ័យមានទំហំធំនោះទេ»។
គួររំលឹកថាគ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះក្នុងហ្វូងមនុស្សក្នុងពេលដែលកីឡាករម៉ារ៉ាតុងកំពុងប្រកួត៕