ឯករាជ្យភាពនិងភាពមិនលំអៀងនៃតុលាការមានការកើនឡើង ក៏ប៉ុន្ដែករណីឃុំខ្លួនជនជាប់ចោទលើសនីតិវិធីដ៏លើសលប់ ចៅក្រមប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងការកាត់ទោស រួមទាំងទារុណកម្មមួយចំនួន នៅតែជាការព្រួយបារម្ភខ្ពស់។ នេះគឺលទ្ធផល នៃការរកឃើញនៅក្នុងរបាយការណ៍ស្តីពីសិទ្ធិទទួលបានការជំណុំជម្រះដោយយុត្តិធម៌នៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ របាយការណ៍ ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។
របាយការណ៍កម្រាស់១៣៤ទំព័រ បានលើកឡើងថា មានការកើនឡើងចំនួនមេធាវីការពារក្ដីផ្នែកបទឧក្រិដ្ឋ គឺបទឧក្រិដ្ឋស្ទើរតែទាំងអស់មានមេធាវីការពារ ផ្ទុយទៅវិញសម្រាប់បទល្មើសមជ្ឈឹមមានមេធាវីតិចតួច ដែលនេះគឺជាបញ្ហាប្រឈមសម្រាប់ការផ្ដល់យុត្តិធម៌ត្រឹមត្រូវ។ ដោយឡែកការប្រើប្រាស់ទូរស័ព្ទដៃរបស់ក្រុមចៅក្រមនៅក្នុងសវនាការគឺជាការបើកឱកាសឲ្យមានការជ្រៀតជ្រែកពីឥទ្ធិពលខាងក្រៅ នៅក្នុងពេលបើកសវនាការ។
របាយការណ៍ដែលស្រង់ទិន្នន័យរយៈពេលប្រាំមួយខែ គិតពីខែកក្កដារហូតទៅដល់ខែធ្នូឆ្នាំ២០១០ បានធ្វើការអង្កេតទៅលើសវនាការសរុបចំនួន៥៨៥ នៅក្នុងតុលាការខេត្តកណ្ដាល និងតុលាការក្រុងភ្នំពេញ ដែលនៅក្នុងនោះ មានជនជាប់ចោទសរុបចំនួន១០២៩នាក់។
ក្រៅពីនោះ របាយការណ៍ដដែលក៏បានលើកឡើងផងដែរថា មានសេចក្ដីរាយការណ៍ថា ការធ្វើការគំរាមកំហែង ប្រើប្រាស់ហិង្សា និងការធ្វើទារុណកម្មលើជនជាប់ចោទពីសំណាក់កុ្រមប៉ូលិសបានជះឥទ្ធិពលទៅលើសវនាការដ៏មានសារៈសំខាន់មួយចំនួនតូច។
កញ្ញាម៉ាង ម៉ូនីកា មន្រ្ដីអង្កេតការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា មានការជូនដំណឹងអំពីការបើកសវនាការ និងទីកន្លែងបើកសវនាការតាមក្ដារខៀនព័ត៌មាន ដែលកើនឡើងពីសូន្យរហូតទៅដល់៦០ភាគរយ បើធៀបទៅនឹងរយៈពេលប្រាំមួយខែចុងឆ្នាំ២០០៩ ជាមួយនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១០។
មន្រ្ដីអង្គការសិទ្ធិមនុស្សដដែលបញ្ជាក់ថា ការឃុំខ្លួនលើសរយៈពេលកំណត់បានថយចុះពី៨៨ភាគរយនៅឆ្នាំ២០០៩ មកត្រឹម៨០ភាគរយ នៅឆ្នាំ២០១០ ក៏ប៉ុន្ដែតួលេខនេះនៅតែបង្ហាញថា តុលាការមានកំហុសនៅក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
«វានៅតែជាបញ្ហាធ្ងន់ធ្ងរ ដោយសារតែការឃុំលើសហ្នឹង(អាជ្ញាយុកាល)។ វាជាការរំលោភច្បាប់។ អីញ្ចឹងបើទោះបីជាវាថយដល់កម្រិតណា វានៅតែជាការរំលោភច្បាប់ដដែល»។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្ដីណែនាំដល់ក្រុមចៅក្រម កុំឲ្យនិយាយ(ទូរស័ព្ទ)ទៅកាន់ភាគីណាមួយនៅក្នុងពេលប្រជុំសម្រេចក្ដី។ ក្រសួងយុត្តិធម៌គួរតែហាមឃាត់មិនឲ្យភាគីនានាចូលក្នុងបន្ទប់ពិភាក្សាសម្រេចក្ដី ហើយក្រសួងយុត្តិធម៌គួរចេញបញ្ជាឲ្យតុលាការទាំងអស់ឈប់ប្រើទូរស័ព្ទដៃជាដើមក្នុងសវនាការ។
លោកសម សុផល រដ្ឋលេខាធិការក្រសួងយុត្តិធម៌មិនធ្វើការបកស្រាយភា្លមៗ ទៅលើរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះទេ។
ដោយឡែក លោកសម ប្រជាមានិត នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅនឹងការលើកឡើងអំពីការដែលចៅក្រមប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលសវានាការ។ លោកនិយាយថា ក្រសួងបានដាក់បម្រាមនេះរួចទៅហើយ។
«ទាក់ទងទៅនឹងការធ្វើសវនាការប្រើប្រាស់ទូរស័ព្ទដៃ ប្រើអីហ្នឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្លាប់បានធ្វើសេចក្តីជូនដំណឹងផ្លូវការណែនាំកុំឲ្យប្រើហើយ កាលពីឆ្នាំកន្លងទៅ»។
ស្របពេលជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ការធ្វើទារុណកម្មទៅលើជនជាប់សង្ស័យដោយក្រុមប៉ូលិសអាចកើតមាន ប៉ុន្ដែនោះច្បាស់ជាមិនមែនជាករណីធ្ងន់ធ្ងរនោះទេ។
«វាមិនមែនថាមួយរយភាគរយគឺសុក្រឹត្យទេ។ យើងមិនមានធ្វើទារុណកម្មរហូតទៅដល់ស្លាប់ទេ ឬធ្វើទារុណកម្មរហូតទៅដល់បាក់ជើង បាក់ដៃទេ។ វាគ្មានទេ។ ប៉ុន្តែបើយើងនិយាយថា គ្មានអំពើទារុណកម្មទាំងអស់ យើងនិយាយអញ្ចឹងមិនត្រូវទេ»។
ថ្វីបើមានការឆ្លើយតបតិចតួចពីមន្ដ្រីផ្លូវការទាក់ទងនឹងរបាយការណ៍នេះ កញ្ញា ម៉ាង ម៉ូនីកាមានប្រសាសន៍ថា នាងបានធ្វើការសាកសួរចៅក្រម និងព្រះរាជអាជ្ញាសាលាដំបូងរាជាធានីភ្នំពេញ និងតុលាការខេត្តកណ្ដាល ហើយពួកគាត់បានបកស្រាយថា ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងករណីខ្លះគឺជាការចាំបាច់សម្រាប់ពួកគាត់។ ដោយសារតែពួកគាត់កាន់រឿងក្ដីជាច្រើន ពួកគាត់ត្រូវការទាក់ទងចាត់ការងារ នៅក្នុងសំណុំរឿងផ្សេងទៀត។ រីឯការឃុំខ្លួនបណ្ដោះអាសន្នលើសនីតិវិធីគឺដើម្បីធានាទៅដល់វត្តមានរបស់ជនជាប់ចោទនៅក្នុងពេលបើកសវនាការកាត់ទោស និងដោយសារខ្វះធនធានសម្រាប់គ្រប់គ្រងជនជាប់ចោទ៕