កម្ពុជា​សង្ឃឹម​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ត្រឡប់​មក​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩

រូបឯកសារ៖ ទេសចរ​កំពុង​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ភ្នំពេញ — កម្ពុជា​កំពុង​បន្ត​តស៊ូ​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន​ គឺ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទេស​ចរ ចិន​ ដោយ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ មុន​ជំងឺ​រាត​ត្បាត​កូវីដ​១៩។

កាល​ពី​ខែ​វិចិ្ឆកា​កន្លង​ទៅ ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​យន្តហោះ​ថ្មី​មួយ​ដែល​ជា​ជំនួយ​ដោយ​ប្រទេស​ចិន​ ក្រោម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ ផ្លូវ​ក្រវាត់​ពាណិជ្ជ​កម្ម​ (Belt and Road Initiative ឬBRI) ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀមរាប ​ដែល​ជា​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។​

គោល​ដៅ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ទេសចរណ៍​មួយ​ហៅ​ថា ​«China Ready» ​ក្នុង​ឆ្នាំ​ ២០១៦ ​ដែល​មាន​គោល​បំណង​បំពាក់​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាមួយ​នឹង​ជំនាញ​ភាសា​ចិន​ ការ​ផ្តល់​សញ្ញា​ និង​ឯកសារ​ធ្វើ​ដំណើរ​ជា​ភាសា​ចិន​ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ម្ហូប​អាហារ និង​គ្រឿង​បរិក្ខារ​នានា​ត្រូវ​នឹង​រស​ជាតិ​ចិន។​

ក្នុង​ពិធី​សម្ពោធ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប​អង្គរ​ថ្មី ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ព្យាករណ៍​ពី​សុទិដ្ឋិ​និយម​នៃ​ការ​មក​ដល់​របស់​ទេសចរ​ចិន ​នៅ​ក្នុង​ជំនួប​មួយ​ ដែល​លោក ​និង​ប្រធានាធិបតី​ចិន​លោក ​Xi Jinping​ បាន​ប្រកាស​ថា​ ឆ្នាំ​២០២៤​ គឺ​ជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន ​និង​ប្រជាជន។ ​មេ​ដឹកនាំ​ទាំង​ពីរ​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ ក្នុង​ទីក្រុង​ប៉េកាំង ​កាល​ពី​ខែ​តុលា។​

ក្នុង​រយៈ​ពេល​ ១០ ​ខែ​ដើម​ឆ្នាំ ​២០២៣​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ​៤៥ ​ម៉ឺន​នាក់។​ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ទេស​ចរណ៍។ ​តួ​លេខ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈាន​ដល់​ប្រមាណ​ ៧០​ ម៉ឺន​នាក់​នៅ​ចុង​ឆ្នាំ ​ដែល​ជំរុញ​ដោយ​ការ​កើន​ឡើង​ក្នុង​អំឡុង​ពេល​ខែ​ត្រជាក់​នៃ​ខែ​វិច្ឆិកា ​និង​ខែ​ធ្នូ។​

ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ពី​កំណត់​ត្រា​ភ្ញៀវ​ទេសចរ​ចំនួន ​២,៣​លាន​នាក់ ​ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ២០១៩ ​បើ​ទោះ​បី​វា​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ក្រោយ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩​ ក៏​ដោយ។​ យោង​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍ ​ភ្ញៀវ​ទេសចរ​ចិន​មាន​តែ​ ៩​ ម៉ឺន​នាក់​ប៉ុណ្ណោះ​ បាន​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២។​

យ៉ាង​ណា​មិញ​ មាន​កត្តា​ជា​ច្រើន​ហាក់​ដូច​ជា​កំពុង​បង្អាក់​សេចក្តី​ប្រាថ្នា​របស់​វិស័យ​ទេស​ចរណ៍​កម្ពុជា។​

រូបឯកសារ៖ អ្នកធ្វើដំណើរតម្រង់ជួរឡើងយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ ក្រោយ​ជំងឺ​រាតត្បាត​នៅ​តែ​ធ្លាក់​ចុះ។​ នេះ​បាន​ជំរុញ​ឱ្យ​មនុស្ស​ដក​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​ថ្លៃ។ ​នេះ​បើ​តាម ​FDIintelligence​ ដែល​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​ដំណើរ​អន្តរ​ជាតិ​ធ្លាក់​ចុះ​ដោយ​សារ​តែ​ថ្លៃ​ចំណាយ ​ការ​ថយ​ចុះ​ទិដ្ឋាការ ​កង្វះ​ជើង​ហោះ​ហើរ​អន្តរ​ជាតិ ​និង​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​

ប៉ុន្តែ​ប្រតិបត្តិករ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពឹង​ផ្អែក​លើ​ភ្ញៀវ​ទេសចរ​ចិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​និន្នាការ​កើន​ឡើង​បន្តិច ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​នេះ។

អ្នកស្រី ​ឆាយ សៀវលីន​ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ប្រាប់​វីអូអេ​ថា៖​ «ព្រោះ​ថា​ព្រលាន​យន្តហោះ​ថ្មី​មួយ​នេះ​គឺ​មាន​សមត្ថ​ភាព​ក្នុង​ការ​ផ្ទុក​នូវ​ប្រភេទ​យន្តហោះ​ធំៗ​ហើយ​បាន​ច្រើន​ទៀត។ ​អ៊ីចឹង​យើង​អាច​ទទួល​បាន​ហោះ​ហើរ​ចូល​បាន​ច្រើន​ គោល​ដៅ​ថ្មីៗ​ទៀត។​ អ៊ីចឹង​យើង​មាន​ការ​រំពឹង​ខ្ពស់​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ហោះ​ហើរ​ចូល​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិស​ទី​ផង​ដែរ»។​

លោក ​ទា គីឡេង​ ប្រធាន​សមាគម​ទេសចរណ៍​ចិន​កម្ពុជា ​និយាយ​ថា​ ព្រលាន​យន្តហោះ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្សព្វ​ផ្សាយ​ការ​ហោះ​ហើរ​ពី​ខេត្ត​នានា​ទូទាំង​ប្រទេស​ចិន។​ លោក​បន្ថែម​ទៀត​ថា​ ការ​ត្រឡប់​មក​វិញ​របស់​ភ្ញៀវ​ទេសចរ​ចិន​ មាន​សារៈ​សំខាន់​សម្រាប់​ភ្នាក់​ងារ​ទេសចរណ៍ ​សណ្ឋាគារ​ និង​ភោជនីយ​ដ្ឋាន​ រួម​ជា​មួយអ្នក​បើក​បរ​រថយន្ត ​និង​ម៉ូតូ​កង់បី​ជា​ដើម។​

លោក​ប្រាប់​វីអូអេ​ថា៖​ «តែ​ប្រលាន​យន្តហោះ​ថ្មី​របស់​យើង​គឺ​យើង​បាន​ធ្វើ​រួច​ហើយ​នៅ​ពេល​ណា​មួយ​ដែល​ទេសចរណ៍​នេះ​ដំណើរ​ការ​ឡើង​វិញ​ គឺ​យើង​មាន​មធ្យោបាយ​គ្រប់​គ្រាន់។ ​ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​អាច​ជំរុញ​ជើង​យន្ត​ហោះ​ហោះ​ត្រង់​ពី​ប្រទេស​ចិន​គ្រប់​ខេត្ត​នៅ​ប្រទេស​ចិន ​មក​ប្រទេស​ខ្មែរ​យើង​នៅ​ខេត្ត​សៀមរាប​នេះ​ ខ្ញុំ​ជឿ​ថា​ ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​នឹង​មាន​ច្រើន​ឡើង​មក​វិញ​ជា​មិន​ខាន»។​

លោក ​ទា គីឡេង​ ដែល​ជា​មគ្គុទ្ទេសក៍​ទេស​ចរណ៍​និយាយ​ភាសា​ចិន​ បាន​លើក​ឡើង​ទៀត​ថា ​រូប​លោក​រក​ចំណូល​បាន​ប្រហែល​៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ឬ​ច្រើន​ជាង​នេះ ​មុន​ពេល​ដែល​ជំងឺ​កូវីដ​១៩​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ឧស្សាហ​កម្ម​ទេសចរណ៍​នៅ​កម្ពុជា។ ​លោក​បន្ត​ថា​ សព្វ​ថ្ងៃ​នេះ​ ភាគ​ច្រើន​លោក​រក​ប្រាក់​មិន​បាន​នោះ​ទេ។​

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ​៤,៤​ លាន​នាក់​ ក្នុង​រយៈ​ពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣​ នេះ ​ដែល​កើន​ឡើង​ពី​ ១,៩​ លាន​នាក់​ ក្នុង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន។​ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ​រហូត​ដល់​ ៥,៤ ​លាន​នាក់​នៅ​ចុង​ឆ្នាំ​ ២០២៣។ ​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ទេស​ចរណ៍។ ​ប៉ុន្តែ​វា​នៅ​តែ​តិច​ជាង​ចំនួន​ភ្ញៀវ​ទេសចរ​ប្រហែល​ ៦,៦​ លាន​នាក់ កាល​ពី​ឆ្នាំ​ ២០១៩។​

លោក​ ខៀវ ធី ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេស​ចរណ៍​អង្គរ​ ប្រាប់​វីអូអេ​ថា​ ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ពី​បណ្តា​ប្រទេស​នានា​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​ប្រតិបត្តិករ​ក្នុង​ស្រុក។ ​លោក​និយាយ​ថា​ ភ្ញៀវ​ទេសចរ​ចិន​មាន​ទំនោរ​ទិញ​កញ្ចប់​ធ្វើ​ដំណើរ​ដែល​រួម​បញ្ចូល​ទាំង​អស់ ​ដែល​រួម​មាន​ជើង​ហោះ​ហើរ ​ការ​ស្នាក់​នៅ ​និង​អាហារ ​ ប៉ុន្តែ​ពួក​គេ​ក៏​ចូល​ចិត្ត​ចំណាយ​លើ​ការ​ទិញ​វត្ថុ​អនុ​ស្សាវរីយ៍ និង​ផលិត​ផល​ក្នុង​ស្រុក​របស់​កម្ពុជា​ផ្សេង​ទៀត​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ប្រសិន​ចិន​មក​ច្រើន​ម្យ៉ាង​ដែរ ​ដោយ​សារ​តែ​ជនជាតិ​ចិន​ចូលចិត្ត​ទិញ​វត្ថុ​អនុ​ស្សាវរីយ៍​ច្រើន​ ចូល​ចិត្ត​ទិញ​អ្វី​ដែល​ខ្មែរ​យើង​មាន​ដូចជា​របស់​កំប៉ិក​កំប៉ុក​ដូច​ជា​ស្ករ​ត្នោត ​ដូច​ជា​គ្រាប់​ស្វាយ​ចន្ទី ​ដូច​ជា​ត្រី​ងៀត ​ត្រី​ឆ្អើរ ​សាច់​ក្រក​របស់​ខ្មែរ​ ទឹក​ស៊ីអ៊ីវ ​ទឹក​ម្ទេស។ ​ចិន​ចូល​ចិត្ត​ទិញ​ណាស់​ជួយ​សេដ្ឋកិច្ច​ប្រជាជន​យើង​ច្រើន»។​

យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ Nikkei Asia ​កាល​ពី​ខែ​កញ្ញា ​អ្នក​ជំនាញ​ទេសចរណ៍​ក្នុង​តំបន់​ប្រាប់​ថា​ អ្នក​ដំណើរ​ជា​ច្រើន​បាន​លុប​ចោល​ផែន​ការ​ទៅ​ទស្សនា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​បន្ទាប់​ពី​ការ​ព្រមាន​ពី​ប៉ូលិស ​និង​មន្ត្រី​ផ្សេង​ទៀត​អំពី​ការ​ចាប់​ជំរិត​ ដែល​កើត​ចេញ​ពី​ការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អនឡាញ ​ឬ​ហៅ​ថា ​Scam។​

ភាព​ភ័យ​ខ្លាច​នៃ​ការ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស ​រួម​ថែម​ទាំង​ការ​បំផុស​គំនិត​របស់​អ្នក​ផលិត​រឿង​ចិន​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«No More Bets»​ ដែល​តួ​អង្គ​ពាក់​អាវ​យឺត​ដែល​មាន​អក្សរ​ខ្មែរ ​ប៉ុន្តែ​មិន​បញ្ជាក់​ថា ​នៅ​ក្នុង​ប្រទេស​ណា​មួយ​ ដែល​ជា​កន្លែង​ក្រុម​ជួញ​ដូរ​មនុស្ស​បង្ខំ​មនុស្ស​ឱ្យ​បោក​បញ្ឆោត​គេ។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR) ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា ​ឆ្នាំ​ ២០២៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​មនុស្ស​ប្រមាណ​ជា ​១០ ​ម៉ឺន​នាក់​ ដែល​ជាជន​បរទេស​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​៥​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​កម្ពុជា ​ថៃ ​ឡាវ ​មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន។​

រូបឯកសារ៖ ជនជាតិចិនមួយក្រុមត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីស ដោយសង្ស័យថាបានដំណើរការបណ្តាញបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត ដែលចាប់ជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន នៅឯអគារនៃសួនឧស្សាហកម្ម Kara ក្នុង Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី។

ជន​រង​គ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​នោះ​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​ពួក​គេ​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅ​ អំពើ​អមនុស្ស​ធម៌ ថោក​ទាប​ ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ អំពើ​ហិង្សា​ផ្លូវ​ភេទ ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ប៉ែន បូណា ​បាន​ច្រាន​ចោល​កត្តា​ភ័យ​ខ្លាច​ដោយ​សារ​ភាពយន្ត​មួយ​នេះ​ ដោយ​កត់​សម្គាល់​ថា​ ភាពយន្ត​តែង​តែ​ពិពណ៌នា​អំពី​រឿង​អាក្រក់​ដែល​កើត​ឡើង​នៅ​កន្លែង​ឆ្ងាយៗ ​ដោយ​មិន​បង្ក​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​អ្នក​ទស្សនា ​ឬ​ទេសចរ​មក​កម្ពុជា​នោះ​ទេ។ ​លោក​បន្ត​ថា​ កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​សុវត្ថិភាព ​ហើយ​ភ្ញៀវ​ទេសចរ​កម្រ​ជួប​បញ្ហា​ណាស់។​

លោក​ថ្លែង​ថា៖​ «ក៏​ប៉ុន្តែ​បើ​យើង​គិត​មួយ​ជ្រុង​ទៀត​ រឿង​ភាព​យន្ត​វា​ជា​ភាពយន្ត​តើ!​ កន្លង​ទៅ​យើង​ឃើញ​ភាព​យន្ត​គុន​ចិន​កាប់​ចាក់ ​គុន​ហូលីវូដ​អី​ក្តី ​គេ​ថត​រឿង​បង​តូច​បង​ធំ​ ក្រុម​ម៉ាហ្វា​ បាញ់​ប្រហារ​គ្នា​ពេញ​ទឹក​ពេញ​ដី​ពេញ​ទី​ក្រុង​ ប៉ុន្តែ​រឿង​នេះ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទេស​ចរណ៍​អី​ទេ»។​

អ្នកស្រី ​ឆាយ ស៊ីវលីន​ ប្រធាន​សមាគម​ទេស​ចរណ៍​កម្ពុជា ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​បន្ថែម​ទៀត​ដល់​ប្រជាជន​ចិន ​និង​សង្កត់​ធ្ងន់​លើ​វិធាន​ការ​ដែល​ខ្លួន​កំពុង​អនុវត្ត ​ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ទាំង​អស់។​

អ្នកស្រី​ថ្លែង​ថា៖ ​«យើង​កុំ​រង់​ចាំ​ថា​ ទាល់​តែ​ភ្ញៀវ​ចូល​មក​សិន​ចាំ​យើង​ងើប​ អ៊ីចឹង។ ​យើង​ត្រូវ​តែ​ត្រៀម​មុន​ ដើម្បី​ទេសចរ​ពេល​ដែល​គាត់​ចូល​មក​ម្តង​បន្តិចៗ​ គាត់​បាន​មើល​ឃើញ​ថា​ យើង​បាន​ត្រឡប់​មក​វិញ​ ត្រៀម​ខ្លួន​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ចិន ​ព្រោះ​ថា​ ប្រសិន​បើ​គាត់​បាន​មក​ហើយ​គឺ​ដូច​ទឹក​បាក់​ទំនប់​តែ​ម្តង​ មក​ច្រើន»។​

លោក​ ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លើក​ឡើង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​កន្លែង​ច្រើន​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដូច្នេះ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គោល​នយោបាយ​ទេសចរណ៍​បន្ទាន់​មួយ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ​ក៏​ដូចជា​ការ​កែ​លម្អ ​និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ទាំង​នោះ ដើម្បី​ទប់​ទល់​នឹង​ការ​ប្រកួត​ប្រជែង​ទេស​ចរណ៍​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់។​

លោក​ថ្លែង​ថា៖​ «ដោយ​សារ​យើង​មាន​សក្តា​នុពល​តំបន់​ទីតាំង​ទស្សនា​កម្សាន្ត​អី​រួច​ទៅ​ហើយ​ អ៊ីចឹង​យើង​នៅ​តែ​ធ្វើ​រៀប​ចំ​គោល​នយោបាយ ​បន្ទាប់​មក​គោល​នយោបាយ​ហ្នឹង​ទៅ​ចង្អុល​ទិស​តាំង​ពី​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​វិស័យ​ជា​ដើម​ហ្នឹង»។​

កម្ពុជា​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥​លាន​នាក់​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ឆ្នាំ​ ២០២៥ ​ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​អាច​នឹង​ត្រឡប់​មក​វិញ ​ដូច​មុន​ពេល​មាន​ជំងឺ​រាត​ត្បាត​កូវីដ១៩។​ នេះ​បើ​តាម​លោក ​តុប សុភ័គ ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍។ ​យោង​តាម​ចក្ខុ​វិស័យ​របស់​ក្រសួង​ទេសចរណ៍ ​ប្រហែល​ជា​មិន​ដល់​ឆ្នាំ​២០២៨ ​កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ ​៨ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ៕