មន្ត្រីរដ្ឋាភិបាលកម្ពុជាបានសង្ឃឹមទុកជាមុនថាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកលើកម្ពុជានិងមិនមានអ្វីប្រែប្រួលទេ។
ភ្នំពេញ៖ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតេយ្យថ្មីនៅថ្ងៃអង្គារនេះ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានសង្ឃឹមទុកជាមុនថាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកលើកម្ពុជានិងមិនមានអ្វីប្រែប្រួលទេ។
ក៏ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងបានទាមទារឲ្យប្រធានាធិបតេយ្យដែលជាប់ឆ្នោតថ្មីជួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគោរពសេរីភាពបញ្ចេញមតិនៅកម្ពុជាឲ្យមានលក្ខណៈល្អប្រសើរបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង។
មានបេក្ខជនចំនួនពីររូបគឺលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ពីគណបក្សប្រជាធិបតេយ្យនិងលោកមីត្ត រ៉មនី បេក្ខជនពីគណបក្សសាធារណៈរដ្ឋបានឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក។
សម្រាប់ពលរដ្ឋសហរដ្ឋអាមេរិកនៅកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិកបានរៀបចំស្ថានីយបោះឆ្នោតចំនួនបីកន្លែងគឺនៅក្នុងបរិវេនស្ថានទូតនៅក្នុងទីក្រុងភ្នំពេញ នៅក្រុងព្រះស៊ីហនុ និងនៅក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកសន ម៉ាកឃិនថូត អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក។
លោកបានប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិកថា «យើងបានរៀបចំព្រិត្តិការណ៍បោះឆ្នោតចំនួនបីកន្លែងដែលនៅទីនោះពលរដ្ឋអាមេរិកកាំងត្រូវបានអញ្ជើញឲ្យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតដោយប្រើទម្រង់មិនផ្ទាល់។ លោកបាននិយាយថា មានប្រជាពលរដ្ឋអាមេរិកសរុបចំនួន៣២០នាក់បានផ្ញើទម្រង់បោះឆ្នោតមិនផ្ទាល់តាមរយៈអ៊ីមែលទៅកាន់សហរដ្ឋអាមេរិកតាមរយៈស្ថានទូតសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកនឹងរៀបចំពិធីមើលការផ្សាយលទ្ឋផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យនៅព្រឹកថ្ងៃពុធ ហើយអ្នកដែលត្រូវបានអញ្ជើញឲ្យចូលរួមនឹងធ្វើការទស្សនាការផ្សាយបន្តផ្ទាល់នូវលទ្ឋផលបោះឆ្នោតលើផ្ទាំងបញ្ចាំងធំក្នុងបរិវេណស្ថានទូត។
ក្នុងកម្មវិធីនោះ លោកវីលាម ថដ្ត (William E. Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនឹងថ្លែងសុន្ទរកថាស្វាគមន៍ដល់ភ្ញៀវដែលចូលរួម។
សហរដ្ឋអាមេរិកនិងកម្ពុជាមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានបង្កឲ្យមានការតាមដានយ៉ាងដិតដល់ពីមន្ត្រីរដ្ឋាភិបាល គណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលលើទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាក្រោយការបោះឆ្នោត។
លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានជំនឿថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងមិនមានអ្វីប្រែប្រួលទេបើទោះបីជាគណបក្សណាឈ្នះឆ្នោតក៏ដោយ។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែមានទំនាក់ទំនងការទូតល្អនៅក្នុងឆាកអន្តរជាតិក៏ដូចជាប្រទេសកម្ពុជាផងដែរ។
«ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក យើងកំពុងស្ថិតនៅក្នុងសភាពការណ៍នៃសហប្រតិបត្តិការ និងទំនាក់ទំនងល្អក្នុងកិច្ចការកសាងលិទ្ឋិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋក៏ដូចជាមានការគោរពសិទ្ឋិមនុស្ស ដែលយើងកំពុងតែស្ថិតនៅក្នុងភាពជាដៃគួជួយគ្នាទៅវិញទៅមក»។
លោក កឹម សុខាអនុប្រធានគណបក្សសង្គោះជាតិបាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាកន្លងមកមានភាពល្អប្រសើរដោយសារតែសហរដ្ឋអាមេរិកនៅតែតាមឃ្លាំមើលការរំលោភសិទ្ឋិមនុស្ស ការរំលោភលិទ្ឋិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកកឹម សុខាបានទទូចដល់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកជួយពង្រឹងការគោរពសិទ្ឋិមនុស្សនិងកំណែទម្រង់ប្រព័ន្ឋបោះឆ្នោតនៅកម្ពុជាដើម្បីឲ្យបានការបោះឆ្នោតមួយសេរី យុត្តិធម៌ និងអាចទទួលយកបាន។
«រដ្ឋាភិបាលថ្មីហ្នឹងត្រូវតែគិតថា ប្រទេសកម្ពុជាជាប្រទេសជាតិមួយដែរ ប្រជាពលរដ្ឋខ្មែរក៏ជាមនុស្សដែរ។ ដូច្នេះហើយមិនបណ្តោយឲ្យអ្នកកាន់អំណាចផ្តាច់ការ ឬឥទ្ឋិពលពីបរទេសនៃប្រទេសមួយដែលនៅជិតខាងមកធ្វើអ្វីស្រេចតែចិត្តទេ។ យើងជាប្រទេសមួយដែរ»។
លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជាបានបញ្ជាក់ថា ប្រសិនបើលោកប្រធានាធិបតីអូបាម៉ា នៅកាន់អំណាចដដែលលោកសង្ឃឹមថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងមានចំនួនច្រើនជាងមុនមកលើកម្ពុជាក៏ ប៉ុន្តែបើលោកមីត្ត រ៉មនី ជាប់ឆ្នោតវិញលោកនឹងអាចដាក់សម្ពោធកាន់តែខ្លាំងជាងមុនលើកម្ពុជាតាមរយៈការគំរាមកំហែងនិងពិន័យទោស។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែដាក់សម្ពាធលើកម្ពុជាទាក់ទិននឹងដំណើរការលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ឋិមនុស្សឲ្យបានច្រើនជាងមុនទើបដំណើរការលិទ្ឋិប្រជាធិបតេយ្យអាចនៅស្ថិតស្ថិរ៕