មន្រ្តី​កម្ពុជា​និងមន្ត្រី​អង្គការ​សហប្រជាជាតិ​បកស្រាយ​ផ្សេង​គ្នា​រឿង​កាត់​ទោស​កញ្ញា ឈឹម ស៊ីថរ

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ខណៈ​មាន​ការ​រិះគន់​ពី​សំណាក់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ តំណាង​កម្ពុជា​បាន​ការពារ​ថា​សេចក្តី​សម្រេច​របស់​តុលាការ​កម្ពុជា​ផ្អែក​លើ​«ភស្តុតាង​រឹងមាំ​ជាក់​ស្ដែង និង​ស្រប​តាម​នីតិវិធី​ដ៏​ត្រឹម​ត្រូវ​បំផុត»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

តំណាង​កម្ពុជា​បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ការ​កាត់​ទោស​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ណាហ្កាវើលដ៍ ដោយ​លើក​ឡើង​ថា​ជា​ការ​អត្ថាធិប្បាយ​«ដោយ​បំភ័ន្ត ជ្រើស​តែ​មួយ​ជ្រុងនិង​មាន​ភាព​រើស​អើង»។

កាល​ពី​ថ្ងៃ​ទី​៣ ឧសភា អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក Jeremy Laurence បាន​លើក​ឡើង​ថា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​និង​អំពាវនាវ​ឱ្យមាន​ការ​ដោះ​លែង​ជា​បន្ទាន់។ អ្នកនាំពាក្យ​បញ្ជាក់​ថា​កញ្ញា ឈឹម ស៊ីថរ និង​អ្នក​ផ្សេង​ទៀត​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​សមាគម​និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​កតិកា​សញ្ញា​អន្តរ​ជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

អ្នកនាំពាក្យ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​ជំរុញ​កម្ពុជា​ឱ្យប្រកាន់​ខ្ជាប់​ទាំង​ស្រុង​នូវ​ការពារ​សិទ្ធិ​មនុស្ស​ក្រោម​ច្បាប់​អន្តរ​ជាតិ និង​បង្កើត​បរិយាកាស​ដែល​ប្រជាពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​ដោយ​សេរី»។

ជា​ការ​ឆ្លើយ​តប តំណាង​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ការ​អំពាវ​នាវ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ «ជា​បន្ទាន់» ឬ«អាជ្ញាធរ​ឱ្យ​លុប​ចោល​ការ​ផ្តន្ទា​ទោស​ទាំង​អស់» គឺជា​«ការ​មើល​ងាយ​ដល់​សមត្ថកិច្ច​និង​សុច្ចរិតភាព​របស់​តុលាការកម្ពុជា»។ តំណាង​កម្ពុជា​បញ្ជាក់​ថា៖ «សេចក្តី​សម្រេច​របស់​តុលាកា​រ​គឺ​ផ្អែក​លើ​ភស្តុតាង​រឹងមាំ​ជាក់​ស្ដែង និង​ស្រប​តាម នីតិវិធី​ដ៏​ត្រឹមត្រូវ​បំផុត» ហើយ​តុលាការ​កម្ពុជា​មាន​ភាព​ឯករាជ្យ ដូច្នេះ​ការ​សម្រេច​បែប​ណា​នោះ គឺ​«ស្ថិត​នៅ​ក្នុង​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំង​ស្រុង»។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ កញ្ញា ឈឹម ស៊ីថរ និង​សហជីព​៧​នាក់​ផ្សេង​ទៀត​បាន​ធ្វើកូដកម្ម​ជា​ច្រើន​ខែ​«ដោយ​ខុស​ច្បាប់» និង​ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​បរទេស។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬបង្កភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​ត្រូវ​ជាប់​ពន្ធនាគារ​២ឆ្នាំ។

កញ្ញា ឈឹម សុខន ថ្នាក់ដឹកនាំនៃសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២៦មេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កញ្ញា ឈឹម សុខន ថ្នាក់ដឹកនាំ​នៃ​សហជីព​ក្រុមហ៊ុន​ណាហ្កា​វើលដ៍ ថ្លែង​ថា​អ្នក​ធ្វើ​កូដកម្ម​បាន​ដើរ​តាម​នីតិវិធី​ច្បាប់​រួច​អស់​ហើយ ដូច្នេះ​មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​ថា​ក្រុម​កម្មករ​តវ៉ា​ខុស​ច្បាប់​ឡើយ។

កញ្ញា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ខុស​ច្បាប់​ម៉េច បើ​យើង​ដើរ​គ្រប់​នីតិវិធី​ហើយ​យើង​មាន​ភស្តុតាង​ទៀត មិន​មែន​ថា​យើង​និយាយ​តែ​មាត់​យើង​អត់​ភស្តុតាង​ទេ។ យើង​មាន​ទាំង​នីតិវិធី​ជួប​ជាមួយ​ក្រុមហ៊ុន ផ្សះផ្សា​ជាមួយ​ក្រសួង[ការងារ] រហូត​ដល់​រុញ​ដល់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល»។

កញ្ញា​បន្ថែម​ថា​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឡើយ។

កាល​ពី​ខែ​មេសា កញ្ញា ឈឹម ស៊ីថរ បាន​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៤​ ពី​រដ្ឋាភិបាល​ប្រទេស​ស៊ុយអ៊ែត។

ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​(Human Rights WatchឬHRW) បាន​ជំរុញ​ឱ្យប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​គួរ​តែ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ក្នុង​នោះ​ក៏​បាន​លើក​ឡើង​ពី​ការ​កាត់​ទោស​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​អន្តរ​ជាតិ​មួយ​នេះ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​អំពាវ​នាវ​របស់​អង្គការ ​HRW ខណៈ​តំណាង​កម្ពុជា​នឹង​ឡើង​ឆ្លើយ​បំភ្លឺ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា​នេះ នៅ​ទីក្រុង​ហ្សឺណែវ នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ការ​ពិនិត្យ​ជា​សាកល​តាម​ការ​កំណត់​(Universal Periodic Review ឬ UPR)​ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។ អង្គការ​នេះ​បញ្ជាក់​ថា​ក្តី​សង្ឃឹម​ដែល​ថា​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន នឹង​ប្រសើរ​ឡើង មិន​អាច​កើត​មាន​ឡើយ៕