បេះដូង​ និង​ព្រលឹង​ជនជាតិខ្មែរ​នៅ​ប្រទេស​អូទ្រីស​​​

លោក​កៅ សាវុធ ​អតីត​ប្រធាន​សមាគម​ខ្មែរ​នៅ​អូទ្រីស

អូទ្រីស​៖ ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​បរទេស ​ទោះបី​ខ្លួន​ប្រាណ​នៅ​ទឹក​ដី​គេ ​ប៉ុន្តែ​បេះដូង​ និង​ព្រលឹង​នៅ​តែ​ដិត​ជាប់​នឹង​មាតុភូមិ​ខ្លួន​ជា​និច្ច ​ហើយ​ក្នុង​មួយ​ជីវិត​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ជា​ប្រយោជន៍​ខ្មែរ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ​នេះ​ជា​សម្តី​របស់​លោក​កៅ សាវុធ ​អតីត​ប្រធាន​សមាគម​ខ្មែរ​នៅ​អូទ្រីស ​និង​ជា​ប្រធាន​សមាគម​កាគីហេ ​(Kakihe)។​

លោក​សាវុធ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​នេះ​ឡើង​ក្នុង​គោលដៅ​រក្សា​អត្តសញ្ញណ​និង​វប្បធម៌​និង​ចែក​រំលែក​ផ្នែក​មនុស្ស​ធម៌​ដល់​ជនជាតិទាំង​នៅ​ប្រទេស​អូទ្រីស​និង​នៅ​កម្ពុជា។​

កើត​នៅ​ឃុំ​ល្វា ​ស្រុក​ព្រៃ​ឈរ ​ខេត្ត​កំពង់ចាម​នៅ​ឆ្នាំ​១៩៥៧​ ក្នុង​ចំណោម​បង​ប្អូន​៤​នាក់ ​លោក កៅ សាវុធ ​ជា​កូន​ច្បង​របស់មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​ក្នុង​របប​លន់ នល់។​ ដោយសារ​សង្គ្រាម​ សាលា​ត្រូវ​បិទ​ទ្វារ ​ដូច្នេះ​លោក​បាន​បញ្ចប់ការសិក្សា​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​ប៉ុណ្ណោះ។​ នៅ​របប​ខ្មែរ​ក្រហម ​លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ឃុំអង្លង់​មៀន​ ស្រុក​សំឡូត ​ខេត្តបាត់​ដំបង។​ ពេល​របប​នេះ​ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ឆ្នាំ​១៩៧៩ ​លោក​បាន​ភៀស​ខ្លួន​ជាមួយ​ភរិយា ​និង​កូន​២​នាក់​ទៅ​ព្រំដែន​ខ្មែរ​ថៃ​ នៅ​ជំរំ​ខាវអ៊ីដាង​ មុន​ពេល​លោក​សម្រេច​ចិត្ត​មក​រស់​នៅ​ប្រទេស​អូទ្រីស​នៅ​ឆ្នាំ​១៩៨០​ ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ ​នៅ​ពេល​នោះ​មាន​ខ្មែរ​រស់​នៅ​ទី​នោះ​តែ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ​ ដូច្នេះ​បញ្ហា​ភាសា​និង​វប្បធម៌​ខុស​គ្នាខ្លាំង​ជា​បញ្ហា​ចម្បង​សម្រាប់​លោក​និង​គ្រួសារ។​

ស្ថិត​ក្នុង​វ័យ​៥៦​ឆ្នាំ ​និង​មាន​កូន​ប្រាំ​នាក់ ​លោក​សាវុធ​សព្វ​ថ្ងៃរស់នៅ​សង្កាត់​ឃ្មូនឌឹន​ (Gmunden) នៃ​ខេត្ត​លីន ​ភាគខាង​ជើង​ប្រទេស​អូទ្រីស​ ហើយ​មាន​មុខងារ​ជា​បុគ្គលិក​ជាន់​ខ្ពស់​ម្នាក់​ក្នុង​រោងចក្រ​ផលិត​គ្រឿង​ចក្រ​មួយ។​

ដោយ​សារទឹក​ចិត្តស្រឡាញ់ និង​ការពារ​ជនជាតិខ្មែរ​នៅ​ទី​នោះ ​លោក​សាវុធ​ត្រូវ​បាន​គាំទ្រ​ជា​ប្រធាន​សមាគម​ខ្មែរ​នៅ​អូទ្រីស​នៅ​ឆ្នាំ​១៩៩២។​

«ខ្ញុំ​ខំ​ប្រមែ​ប្រមូល​ខ្មែរ​យើង​ពី​នេះ​មួយ​ ពី​នោះ​មួយ ​ធ្វើ​ឱ្យ​សមាគម​នេះ​បាន​ធំ​ធាត់។​ យើង​ប្រមូល​ឱ្យ​បង្កើត ​ឱ្យ​មាន​ជា​បុណ្យ​ចូល​ឆ្នាំ​ ឱ្យ​មាន​ជា​របាំ​ឡើង​ ដើម្បី​ផ្សាយ​ជា​អារ្យធម៌ និង​ប្រពៃ​ណី​ខ្មែរ​យើង​ឱ្យ​ជនជាតិ​គេ​ឃើញ​ ឱ្យ​គេ​ស្គាល់​ ​កុំ​ឱ្យ​គេ​ថា​ យើង​រត់​ហ្នឹង​ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​មួយ​អត់​គ្មាន​អ្វី​ហូប ​មិន​មែន​ទេ​ យើង​ជា​ប្រទេស​មួយ​ដែល​សម្បូរ​បែប ​ដី​មាន​ជីវជាតិ ​ប៉ុន្តែ​ជា​អកុសល​ ស្រុក​យើង​មាន​សង្គ្រាម»។​

រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​២.០០០​នាក់​បាន​មក​តាំង​លំនៅ​នៅ​អូទ្រីស ​ដែល​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប​ភាគ​កណ្តាល។​

នៅ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ម្តងៗ​ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេសបាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​លីន​ ដែល​មាន​ជន​ជាតិខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ ​ចម្ងាយ​ប្រហែល​ជា​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​វ៉្យែន។​ សមាគម​លោកបាន​រៀប​ចំ​ជា​ការលេង​ល្បែង​ប្រជាប្រិយ​ និង​ការ​សម្ដែងរបាំ​ប្រពៃណី​ និង​ប្រជាប្រិយ​ខ្មែរ។​ ក្រៅ​ពីរបាំ​នៅ​ពេលជួប​ជុំ​ប្រចាំ​ឆ្នាំ​នេះ​ ក៏​ឃើញ​មានការ​លេង​កីឡា​ ការ​ចែក​រំលែក​ម្ហូប​ខ្មែរ ​និង​ពិធី​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ផ្សេងៗ​ផង​ដែរ។​

កិច្ច​ប្រឹងប្រែង​ពង្រឹង​សាមគ្គីភាព​ក្នុង​សហគមន៍​ខ្មែរ និង​ការរៀបចំ​ពិធី​ចូល​ឆ្នាំ​និង​ភ្ជុំ​បិណ្ឌរួម​គ្នា​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ជនជាតិ​ខ្មែរ​នៅ​អូទ្រីស​និង​កូន​ខ្មែរ​ដែល​កើត​នៅ​ទី​នោះ​អាច​រក្សា​បាន​អត្ត​សញ្ញាណ​ជា​ខ្មែរ​នោះ​ទេ ​ប៉ុន្តែ​វា​ក៏​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៃអង្គាស​ប្រាក់​ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​ផង​ដែរ។​
លោក​បាន​ទៅ​កម្ពុជា​វិញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៤​ ប៉ុន្តែដោយ​មើល​ឃើញ​ពី​ការ​បំផ្លិចបំផ្លាញ​ក្រោយ​សង្គ្រាម​រ៉ាំរ៉ៃ​ និង​ពលរដ្ឋ​ខ្មែរភាគ​ច្រើនស្ថិត​ក្នុង​ភាព​ក្រីក្រ​ធ្វើ​ឱ្យ​លោក​មាន​បំណង​ចង់​ធ្វើ​អ្វី​ម៉្យាង​សម្រាប់​កម្ពុជា។​

«ពេល​ត្រឡប់​មក​វិញ ​ខ្ញុំ​ដូច​ជា​មាន​ជំងឺ​មួយ​ ជា​ជំងឺ​ស្តាយ​ស្រុក​ ប្រហែល​ជា​មួយ​ឆ្នាំ​ ហើយ។ ​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​ដែរ​ ខ្ញុំ​មាន​ភារកិច្ច​គិត​ពី​បញ្ហា​ជាតិ​ដែរ។​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​សម្រាប់​ខ្មែរ ​តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន»។​

ពេល​ត្រឡប់​មក​ដល់​ប្រទេស​អូទ្រីស​វិញ​ លោក​ក៏​បាន​ជួយ​ឧបត្ថម្ភ​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ដល់​មន្ទីរពេទ្យ​ និង​ជនពិការ​ ដូចជា​អំបោះ​និង​ស្រោម​ដៃ​វះ​កាត់ជា​ដើម ត្បិត​កាល​នោះ​មន្ទីរពេទ្យ​និង​ពលរដ្ឋ​ខ្មែរនៅ​មាន​ការ​ខ្វះ​ខាត​ច្រើន។​ ប៉ុន្តែ​កត្តា​ជីវភាព​មិន​អនុញ្ញាត​ឱ្យ​លោក​ជួយ​អ្វី​បាន​ច្រើន​ជាង​នេះ​ទេ ​នៅ​ពេល​នោះ។​

នៅ​ឆ្នាំ​២០០៤​ លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ម្តង​ទៀតជាមួយគ្រួសារ​និង​គ្រួសារ​មិត្ត​ភក្តិ​របស់​លោក​ម្នាក់​ជនជាតិ​អូទ្រីស​ ឈ្មោះ​លោក​ខេនីងហ្គឺ​ (Kieninger)។​ ពេល​លោក​ទៅ​ដល់​ស្រុក​កំណើត​របស់​លោក​ ពួកលោក​បាន​ឃើញ​ក្មេង​ទៅ​ដង​ទឹក​ស្រះ​យក​ទៅ​ប្រើ​ប្រាស់។ ទឹកនោះ​ល្អក់​ដូច​ទឹក​ដោះ​គោដែល​ដែល​សឹង​តែ​មិន​អាច​បរិភោគ​បាន។ ​ ពេល​នោះលោក​និង​មិត្ត​ភក្តិ​ក៏មានបំណង​ជីក​អណ្តូង​ឱ្យ​បាន​មួយ​នៅ​ស្រុក​កំណើត​របស់​លោក។​

«ខ្ញុំ​ក៏​បាន​ប្រមូល​លុយ​សុំ​តាម​រោង​ចក្រខ្លះ ​មិត្ត​ភក្តិ​ដែល​ធ្វើ​ការ​ជាមួយ​នៅ​រោងចក្រ​ហ្នឹង​ខ្លះ ​និង​ប្រពន្ធ​ខ្ញុំ​មូល​ចយ៉​លក់​ខ្លះ​ ហើយ​មិត្ត​ភក្តិ​ប្រពន្ធ​ខ្ញុំ​ហ្នឹង​ដែល​ជាជនជាតិ​អូទ្រីស​ហ្នឹង​ ឈរ​ជួយ​លក់»។​

មួយឆ្នាំក្រោយ ​លោក​សាវុធ​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជា​ប្រធាន​សមាគម​ខ្មែរ​អូទ្រីស​ ត្បិត​លោក​ត្រូវ​ចំណាយ​ពេល​ភាគ​ច្រើន​សម្រាប់​ការ​រៃ​អង្គាស​ថវិកា​ជីក​អណ្តូង ​ហើយ​ម៉្យាង​ទៀត​ដោយ​មើល​ឃើញ​ថា​ សមាគម​ខ្មែរ​អូទ្រីស​មាន​ភាព​រឹងមាំ​ហើយ។​

ត្រឹម​ឆ្នាំ​២០០៧ ​ លោក​សាវុធ​និង​លោក​ខេនីងហ្គឺ​ព្រម​ទាំង​ក្រុម​គ្រួសារ​ប្រម៉ែ​ប្រមូល​ថវិកា​បាន​ចំនួន​៤០០០​អឺរ៉ូ ​ឬ​ស្មើ​នឹង​ជាង​៥​ពាន់​ដុល្លារ​អាមេរិក ​យក​ទៅ​ជីក​អណ្តូង​បាន​ពីរកន្លែង​នៅ​ស្រុក​កំណើត​របស់​លោក។​

ដោយ​មានការ​ជំរុញ​ពី​ជនជាតិ​ខ្មែរ​និង​ជនជាតិ​អូទ្រីស​ដែល​រស់​នៅ​ទី​នោះ ​បូក​ផ្សំនឹង​ឆន្ទៈ​ចង់​ជួយ​ជនជាតិ​ខ្មែរ​ក្រីក្រ​ផង ​លោក​និងលោក​ខេនីងហ្គឺ​បាន​សម្រេច​ចិត្ត​បង្កើត​សមាគមមួយ​ឈ្មោះ​ថា​ Kakihe (Kao, Kieninger and Help)​ ដើម្បីជីក​អណ្តូង​បន្ថែមនិង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាមជនបទ​ក្នុង​ប្រទេសកម្ពុជា។​

ក្នុង​ឆន្ទៈ​នេះ ​ពួកលោក​បាន​ច្នៃ​ប្រឌិត​ជាកម្មវិធី​រៃ​អង្គាស​ផ្សេងៗ​ ដូចជា​ការ​លក់​អាហារ ​ការ​រត់​ប្រណាំង​ ការ​ដើរ​បញ្ចាំង​រូបភាព​អំពី​ការ​ខ្វះ​ខាត​ទឹក​ស្អាត​នៅ​កម្ពុជា​ នៅ​តាម​សាលា​ឃុំ ​និង​សាលារៀន​ក្នុង​ប្រទេស​អូទ្រីស ​និង​តាម​រយៈ​ការ​សុំ​ជំនួយបន្ថែម​ពី​សមាគម​ធំៗ​នៅ​អូទ្រីស។​

កាលពី​ឆ្នាំមុន ​សមាគម​នេះ​បាន​រៃ​អង្គាស​ប្រាក់​ទៅ​ជីក​អណ្តូង​ខ្នាត​ធំ​បានចំនួន​៧៥​ដែល​មាន​ជម្រៅ​ចន្លោះ​ពី​២០​ទៅ​៧០​ម៉ែត្រ​ ដែល​អណ្តូង​មួយ​មាន​តម្លៃ​១៥០០​ដុល្លារ។​ នៅ​ឆ្នាំ២០១៣ ​ សមាគម​លោក​គ្រោង​នឹង​ជីក​១៩​អណ្តូង​បន្ថែមទៀត​នៅ​តំបន់​ដែលខ្វះខាត​ទឹក។ ​ក្រៅ​ពី​នេះ ​លោក​ក៏បាន​រៃអង្គាស​ប្រាក់​ទៅ​កសាង​សាលារៀន​មួយ​ខ្នង​នៅ​លើ​កំពូល​ភ្នំ​គូលែន​ តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ​ផង​ដែរ។​

តាម​រយៈ​កិច្ច​ប្រឹងប្រែង​នេះ ​ក្នុង​ចំណោម​សមាគម​ជាង​៦០០​នៅ​ខេត្ត​លីន ប្រទេស​អូទ្រីស ​សមាគម​លោក​បាន​ទទួល​រង្វាន់​លេខ​មួយ​ខាង​ផ្នែក​សង្គមកិច្ច​ពី​អភិបាល​ខេត្ត​នេះ​នៅ​ឆ្នាំ​២០១១ ​សម្រាប់​ឆន្ទៈ​និង​សមិទ្ធិផល​ក្នុង​ការ​ជួយ​ប្រទេស​ក្រីក្រ​មួយ​គឺ​កម្ពុជា។ ​នៅ​ឆ្នាំ​២០១២​ សមាគម​នេះ​បាន​ទទួល​មេដៃ​មាសពី​អភិបាល​ខេត្ត​លីនម្តង​ទៀត​សម្រាប់​បុព្វហេតុ​ដូច​គ្នា​នេះ។​

អ្នកស្រី​គីម សៀន​ អាយុ​៥៧​ឆ្នាំ​ ជា​ភរិយា​របស់​លោក​កៅ សាវុធ។​ អ្នក​ស្រី​ថ្លែង​ថា​ ស្វាមី​របស់​គាត់​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​ស្រុងបន្ទាប់ពី​ការងារដើម្បីស្វែងរក​មូលនិធិ​ដើម្បី​ជួយ​កម្ពុជា។​

«គាត់​ចំណាយ​ពេល​នៅ​ខាង​ក្រៅ​ ច្រើន​ជាង​នៅ​ជាមួយ​គ្រួសារ។ ​ពេល​ណា​ខ្ញុំ​ត្រូវ​ការ​អ្វី​ ជួន​កាល​ខ្ញុំ​ទៅ​ពឹងអ្នក​ក្រៅ​ឱ្យ​ជួយ​ដឹក​ខ្ញុំ​ទៅ​ផ្សារ​ជា​ដើម​ ព្រោះ​គាត់​រត់​រហូត។ ​ អ្នក​ណា​ពឹង​អ្វី​ត្រូវ​ការ​អ្វី​ គាត់​ទៅ​ហើយ ​គាត់​ជួយ​គេ​រហូត។​ នៅ​ក្នុង​ផ្ទះ​ គាត់​គិត​ថា​ខ្ញុំ​អាច​ធ្វើ​បាន​ហើយ»។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ​អ្នកស្រី​នៅ​តែ​ពេញ​ចិត្ត​និង​គាំទ្រនឹង​ការ​លះបង់​របស់​ស្វាមី​គាត់​ដើម្បី​ជា​ប្រយោជន៍​ជនជាតិ​ខ្មែរ។​
នៅខែតុលាខាង​មុខ​នេះ​ លោក​និង​លោក​ខេនីងហ្គឺនឹង​មក​កម្ពុជា​រយៈ​ពេល​៥​សប្តាហ៍​ដើម្បី​ស្វែងរក​កន្លែង​ខ្វះ​ខាត​ទឹក​នៅ​ជនបទ​ដើម្បី​ជីក​អណ្តូង។​ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ លោក​និង​លោក​ខេនីងហ្គឺ​នឹង​រៀប​ចំ​កម្មវិធី​មួយ​ឈ្មោះ​ថា​«ពីងពាងទឹក» ​ដែល​ក្នុង​នោះ​លោក​ខេនីងហ្គឺ​នឹង​រត់​ក្នុង​មួយ​ថ្ងៃ​៥០​គីឡូម៉ែត្រ​ក្នុងចម្ងាយ​៨០០​គីឡូម៉ែត្រ​ ដើម្បី​គៀងគរ​ថវិកា​បន្ថែម​ដើម្បី​ជួយ​ជីវភាព​ពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ​នៃ​ប្រទេសកម្ពុជា៕