«បន្ទាន់ និងប្រុងប្រយ័ត្នខ្ពស់» ជាគោលការណ៍របស់ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធនឹងកូវីដ១៩

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ របស់រដ្ឋាភិបាលកម្ពុជា។ (រូបភាពដោយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត)

ភ្នំពេញ — កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​ ​កញ្ញា​ ចាន្ធី រដ្ឋា​ បាន​ទទួល​ទូរស័ព្ទ​ពី​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត។ ភ្លាមៗ​ក្រោយ​ដាក់​ទូរស័ព្ទ​ចុះ​ នាង​រៀប​ចំ​ស្លៀក​ពាក់​ឯកសណ្ឋានពណ៌​សរបស់​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត រួច​រៀបចំ​សម្ភារៈ​ផ្ទាល់​ខ្លួន​ដើម្បី​ចេញ​ដំណើរ​ទៅវិទ្យាស្ថាន​ជាតិសុខភាព​សាធារណៈ ​ក្នុង​ខណ្ឌទួលគោក ដែល​ជា​កន្លែង​ពិនិត្យ​សំណាក​រក​វីរុស​កូរ៉ូណា​ ដែល​បង្ក​ជំងឺ​កូវីដ​១៩។

នៅ​ម៉ោង ​៧ ​យប់ ​រដ្ឋា ​ឡើង​រថយន្ត​បន្ត​ធ្វើ​ដំណើរ​ជុំ​គ្នា​ជាមួយ​ក្រុម​ការងារ​ស្ម័គ្រចិត្ត និង​ក្រុម​មន្ត្រីផ្នែក​សុខភាព​សាធារណៈ​ផ្សេង​ទៀត។ បេសកកម្ម​ដែល​រដ្ឋា​ទទួល​បាន​ដំណឹងពី​ទូរស័ព្ទ​នោះ គឺ​ទៅ​ប្រមូល​សំណាក​ និង​សម្ភាស​អ្នក​ដំណើរ​ចូល​មក​កម្ពុជា ដែល​មាន​សង្ស័យ​ករណី​កូវីដ១៩ ​នៅអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ឧបករណ៍​ការពារ ​ឯកសារ​សម្ភាសន៍​ ទឹក អាហារ​សម្រន់ កាហ្វេ និង​តែ មាន​ត្រៀម​រួច​ជា​ស្រេច​នៅ​ក្នុង​រថយន្តដែល​ដឹក​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត។​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្បែរ​កន្លែង​ស្នាក់​នៅ​របស់​នាង ​ចាន្ធី រដ្ឋា វ័យ​ ២៥ ​ឆ្នាំ​ ជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ម្នាក់ ​ក្នុង​ចំណោម ​៤២២ នាក់ ប្រាប់​វីអូអេ​ថា៖

«ពេល​ដែល​គេ​ខល​មក​ភ្លាមៗ​ចឹង ​ភាគច្រើន​ឯក​សណ្ឋាន​ខ្ញុំ​ ខ្ញុំ​ត្រៀម​ទុក​ស្រេច​ព្រោះ​ឯក​សណ្ឋាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មាន​ស្រាប់។ ខ្ញុំ​ធ្វើ​ការ​ផ្លាស់​ខោ​អាវ​ប្រើ​ឯក​សណ្ឋាន​យើង ​ហើយ​យើង​រៀប​ខ្លួន​ចេញ​ទៅ​ហ្មង។ អត់​អាច​យូរ​បាន​ទេ ព្រោះ​បេសកកម្ម​បន្ទាន់​ យើង​ត្រូវ​តែ​ប្រញាប់​តាម​ដែល​អាច​ទៅ​បាន។​ យើង​ជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ ក្រែង​លោ​មាន​ការងារ​បន្ទាន់​ណា​មួយ»។

រដ្ឋា​ ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ឆ្មប។ នាង​មាន​ការប្តេជ្ញា​ចិត្ត​ចំពោះ​ការងារ​ក្នុង​វិស័យ​សុខាភិបាលរបស់​ខ្លួន។​នៅ​ពេល​មាន​ការ​ប្រកាសជ្រើស​រើស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រឆាំង​កូវីដ​១៩​ ភ្លាម​រដ្ឋាសម្រេច​ចូលរួម​ការ​ងារ​នេះ​ កាល​ពី​ដើម​ខែ​មីនា ​ឆ្នាំ​ ២០២០។

រដ្ឋា​ ដែល​មាន​សម្បុរ​ស​និង​មាន​រាង​ខ្ពស់​ស្តើង​ បាន​ថ្លែង​ថា ​ការ​ស្ម័គ្រ​ចិត្ត​នេះ​ជាឱកាស​ដែល​ខ្លួន​អាច​បម្រើ​សង្គម​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​រាតត្បាត​សាកល​មួយ​នេះ។

«ភាគ​ច្រើន​អ្នកគ្រប់​គ្នាគេ​តែង​តែ​ថយ​ក្រោយ។ ចុះ​បើ​យើង​ថយ​ក្រោយ​ដែរ? ​បើ​វា​ផ្ទុះ​ខ្លាំង​ដូច​នៅ​ខាង​[ប្រទេស]​ចិន​ដែរ​ តើ​ពេល​ហ្នឹង​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ? មាន​អ្នក​ណា​ប្រឆាំង​ជា​មួយ​វា? អញ្ចឹង​អ្នក​ដែល​រងគ្រោះ​ថ្នាក់​មិន​មែនតែ​ប្រជាជន​ពលរដ្ឋ​ខ្មែរ​ទេ។ ​គ្រួសារ​យើង​ក៏​អាច​កើត​ឡើង​បាន​ដែរ»។

រដ្ឋា ​នៅ​ចាំ​បាន​ថា​ បេសកកម្ម​របស់​ខ្លួន​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​នោះបាន​បញ្ចប់​នៅ​ម៉ោង ២ ​ទាប​ភ្លឺ​ ក្រោយ​ប្រមូល​សំណាក​និង​សម្ភាស​អ្នក​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង ​២៣០ ​នាក់។​

ក៏​ប៉ុន្តែ​សម្រាប់ ​រដ្ឋា ការ​ចុះ​បេសកកម្ម​ពេល​យប់​អធ្រាត្រ ​ពុំ​មែន​ជា​ឧបសគ្គ​សម្រាប់នាង​ទេ។

«ជាទូ​ទៅ​ក្នុង​ការ​ងារពេទ្យ ទោះ​យើង​មិន​ធ្វើ​ការងារ​ខាង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ភាគច្រើន​យើង​មានការងារ​វេន​យប់​វេន​ថ្ងៃ​អញ្ចឹង​ទៅ​គាត់​មាន​ថ្ងៃ​យាម។ អញ្ចឹង​បរិយាកាស​ធ្វើការ​ពេល​យប់​ យើង​ស៊ាំ​ហើយ ​អត់​អី​ទេ​សម្រាប់ខ្ញុំ​ទេ។ កាល​រៀនចប់​ ខ្ញុំ​ធ្វើការ​ក៏​ខ្ញុំ​មាន​ថ្ងៃ​ណា​ខ្លះ ​ដែល​ខ្ញុំ​យាម​មាន​ទល់​ភ្លឺ​មាន​អី​អញ្ចឹង​ដែរ»។

កញ្ញា ចាន្ធី រដ្ឋា អាយុ ២៥ ឆ្នាំ គឺសមាជិកម្នាក់នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ១៩។ (រូបភាពផ្តល់ឲ្យ)


រដ្ឋា​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នេះ​ត្រូវ​បែក​ចែក​ជា​ពីរ​ក្រុម។ ឯកសណ្ឋាន​ការពារ​ស្តង់ដារ​ភីភីអ៊ី​ (PPE)​ កម្រិត ​២ ​ដែល​មាន​ពណ៌​លឿង គឺសម្រាប់​ក្រុម​គ្រូពេទ្យដែល​សម្ភាស​ជនមក​ផ្តល់​សំណាក។ ចំណែក​ឯក​សណ្ឋាន​ការពារ​ស្តង់​ដារ​ភីភីអ៊ី​កម្រិត ​៣​ ពណ៌​ផ្ទៃ​មេឃ ​គឺ​សម្រាប់​ក្រុម​អ្នក​យកសំណាក​ដោយផ្ទាល់។

ក្រុម​នេះ​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជំនាញ​ពាក់ព័ន្ធ​នានា មាន​ទាំង​ការ​សួរដេញ​រក​ប្រភព​ជាដើម។ ​សំណួរ​ដែល​ក្រុម​ការងារ​នេះ​ត្រូវ​សួរអ្នក​មក​ធ្វើ​តេស្ត​មាន​ដូចជា៖ ធ្លាប់​បាន​ជួប​ប្រាស្រ័យ​ទាក់​នឹង​ករណី​វិជ្ជមាន​ជាមួយ​អ្នក​ណា បាន​ទៅ​កន្លែង​ណា​ខ្លះ ធ្លាប់​បានទាក់ទង​ជាមួយ​អ្នក​ណា​ខ្លះ ដែល​ប្រើ​រយៈ​ពេល​ប្រមាណ​ ៣ ​ទៅ ​៥​ នាទី។

ក្រៅ​ពី​នោះ​ពួកគេ​បាន​រៀន​ជំនាញ​ផ្សេង​ទៀត​ ដូច​ជា​ការ​ប្រមូល​សំណាកដោយ​សុវត្ថិភាព ការ​ស្លៀក​ពាក់ក្នុង​ពេល​បំពេញ​ការងារ​ និង​អនាម័យ​ក្នុង​ការវេចខ្ចប់​កាក​សំណល់​ ក្រោយ​ប្រមូល​សំណាក។

បេសកកម្ម​នេះ​តម្រូវ​ឲ្យ​មាន​ «ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់» និង «​ការប្រុងប្រយ័ត្ន​ខ្លាំង»​ នេះ​ ជាការ​លើក​ឡើង​របស់ ​រដ្ឋា។ ​នាង​តែងមាន​អាល់កុល ​និង​ម៉ាស​ជាប់​ខ្លួន។ ពេល​ត្រៀម​ខ្លួន​បំពេញ​ការងារ​រដ្ឋាត្រូវ​បួង​សក់​ឡើង​ឲ្យ​ផុត​ពាក់​ស្រោម​ជើង​វែងៗ ស្បែក​ជើង​ឃ្លុប​បិទ​ជើង​ជិត ​និង​ខោ​ជើង​វែង​ជាដើម។​ការ​ធ្វើ​របៀប​នេះ គឺ​ការពារ​មិន​ឲ្យ​មេរោគ​ចូលខ្លួន​បាន​និង​ធានា​ថា ​ខ្លួន​មិន​ក្លាយ​ជា​អ្នក​ចម្លង​មេរោគ​ទៅ​កាន់​ក្រុម​ការងារ​ក្រុម​គ្រួសារ​ ឬ​មនុស្ស​ជុំវិញ​ខ្លួន។

រដ្ឋា​ បន្ថែម​ថា៖ «រាល់​ពេល​ដែល​ខ្ញុំ​ទៅ​បេសកកម្ម​ ពេល​យើង​ដោះ​សម្ភារៈការពារ​យើង​ ហើយ​តាំង​ពី​បាត​ជើង​រហូត​ដល់​ចុង​សក់ ​គឺ​យើង​បាញ់​អាល់កុល​សម្លាប់​មេរោគ​មួយ​សា។ ពេល​មក​ដល់​ផ្ទះ​ សម្ភារៈយើង​ដោះ គឺ​យើង​ដាក់​បោក ត្រាំ​សាប៊ូ ​ត្រូវ​មុជ​ទឹក​ កក់​សក់»។​

កើត​និង​ធំ​ធាត់​នៅ​ខេត្ត​បាត់ដំបង កញ្ញា​ ចាន្ធី​ រដ្ឋា កាល​ពី​ ២០១៤ បាន​មក​រាជធានី​ភ្នំពេញ ដើម្បីរៀន​បរិញ្ញាបត្រ​រង​ជំនាញផ្នែក​គិលានុបដ្ឋាយិកា​ និងទើប​តែ​បាន​ប្រឡង​បញ្ចប់​ការ​សិក្សាបរិញ្ញាបត្រ​ផ្នែក​ឆ្មប កាល​ពី​ចុងឆ្នាំ​ ២០២០ ​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ ក្នុង​រាជធានី​ភ្នំពេញ។​

រដ្ឋា​ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​ ៤ ​នាក់ ​ឪពុក​ម្តាយ​ធ្លាប់​ជា​កសិករ និង​ក្រោយ​មក​លក់ដូរ​ស្រូវ​អង្ករ នៅ​ភូមិរ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ។ រដ្ឋា​ ថ្លែង​ថា ​ខ្លួន​មាន​សំណាង​បាន​កើត​ជា​កូនស្រី​ នៅ​ក្នុង​គ្រួសារ​មួយ​ ដែលឪពុក​ម្តាយ​តែង​ផ្តល់ការ​គាំទ្រ ភាព​កក់ក្តៅ​និងសិទ្ធិក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​គោលដៅ​ជីវិត​របស់​ខ្លួន។

«គាត់​[ឪពុកម្តាយ] សប្បាយ​ចិត្ត​ចំពោះ​កូនស្រី​គាត់ ​ដែល​មាន​ចិត្ត​ក្លាហាន​ ហ៊ាន​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​នឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ។ ដូច​ជាក់ស្តែង ​រាល់​ថ្ងៃ​អញ្ចឹង ​ទោះ​មានបេសកកម្ម​រវល់​យប់​ប៉ុណ្ណា​អី​ ក៏​អ្នក​ផ្ទះ​គាត់​អត់​ថា​អី​ដែរ។ មាន​អារម្មណ៍​ថា ​គាត់​សប្បាយ​ចិត្ត​ដែល​កូន​ស្រី​គាត់​ មាន​ចិត្ត​ក្លាហាន​អញ្ចឹង»។

រដ្ឋា ​និយាយ​ថា ​នា​ង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​គ្រូពេទ្យ​នេះ​តាំង​ពី​ខ្លួន ​មាន​អាយុ ​៦ ឆ្នាំ​មក​ម្ល៉េះ។ នេះ​ក៏​ដោយសារ​កាល​ពី​កុមារ​នាងឧស្សាហ៍ឈឺ ហើយ​ចង់​ជួយ​ខ្លួន​ឯង និង​មើល​ថែទាំគ្រួសារ។​

«ពី​ក្មេង​ ខ្ញុំ​ឧស្សាហ៍​ឈឺ ចឹង​ទៅ​ខ្ញុំ​គិត​ថា​ជំនាញ​ពេទ្យ​រក​លុយ​បាន​ណាស់​ចាក់​ថ្នាំ​ដាក់​សារ៉ូមបាន​លុយ។​ ហើយ​វា​ស្រួល​អត់​ហត់​អី​ផង​ ព្រោះ​យើង​នៅ​ខេត្ត។ អ្នក​រក​ស៊ី​អ្នក​ស្រែ​ចម្ការ​ ហត់​ចង់​ងាប់»។

ក្នុង​ពេល​ជាង​មួយ​ឆ្នាំដែល​មាន​ជំងឺ​រាតត្បាត​សាកល​នេះ​ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ចំនួន​ប្រមាណ ​១ ​ពាន់​នាក់។ នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ​«២០ ​កុម្ភៈ» ​កម្ពុជា​រក​ឃើញ​ជាង ​៥០០​ ករណីបន្ថែម​ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ​២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២១។

លោក​វេជ្ជ​បណ្ឌិត ​ឈា ឆវណ្ណ​ នាយក​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ មាន​ប្រសាស​ន៍​ថា ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ជា​កម្លាំងបន្ថែម​ដ៏​សំខាន់ ដើម្បី​ស្វែង​រក​ប្រភព​នៃ​ការ​រាល​ដាល​និង​ទប់​ស្កាត់​ជំងឺ​នេះ​ខណៈ​ក្រុម​ការងារ​ស្រាវជ្រាវ​របស់​លោក​ផ្សេង​ទៀត ត្រូវ​បំពេញ​ការ​ងារ​ដ៏​មមា​ញឹក​ក្នុង​មន្ទីរ​ពិសោធន៍។

«ក្រុម​នេះ​ធ្វើ​ការ​អត់​មាន​គិត​ម៉ោង​ទេ។ សឹង​តែ​ទល់​ភ្លឺ​ សឹង​តែ​រាល់​ថ្ងៃ​គឺ​ឲ្យ​តែ​មាន​ទី​តាំង​ណា ​ដែល​សង្ស័យ​គឺ​គាត់​ទៅ​ដល់​ហើយ។​ ការងារ​ហ្នឹង​សុទ្ធ​តែ​ជា​ការងារ​ដែល critical [សំខាន់] ហើយ​វា​ត្រូវ​ការ​បន្ទាន់​ ព្រោះ​បើ​យើង​ធ្វើ​អា​ហ្នឹង​យឺត​យើង​នឹង​តាម​រក​ case [ករណី] អត់​ទាន់។ ការ​ងារ​អញ្ចឹងៗ​ យុវជន​ស្ម័គ្រ​ចិត្ត​គាត់​ដើរ​តួនាទី​សំខាន់​ណាស់​ នៅ​ក្នុង​ការ​ជួយ​យើងអញ្ចឹង»។

​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​នៃការ​ងារ​ស្ម័គ្រ​ចិត្ត​នេះ​រដ្ឋា បាន​ចូលរួម​ក្នុង​ការ​ប្រមូល​សំណាក​ក្នុង​គ្រប់ព្រឹត្តិការណ៍​ឆ្លងទ្រង់ទ្រាយ​ធំ​ៗ នា​ពេល​កន្លងមក រាប់​ទាំង​ «ព្រឹត្តិការណ៍ ​៣ វិច្ឆិកា»​ «ព្រឹត្តិកាណ៍​ ២៨ វិច្ឆិកា» ​និង​«ព្រឹត្តិ​ការណ៍ ​២០ ​កុម្ភៈ» ដែល​កំពុង​រាល​ដាល​ទ្រង់​ទ្រាយ​ធំ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ រដ្ឋា​បាន​ប្រមូល​សំណាក និង​សម្ភាស​មនុស្ស​សរុប​ប្រមាណ ១ ​ពាន់​នាក់។​

កញ្ញា​ ចាន្ធី រដ្ឋា​ ថ្លែង​ថា​ ដើម្បី​ជោគជ័យ​លើ​« សង្គ្រាម​ជាមួយ​សត្រូវ​អត់​ស្រមោល​កូវីដ​១៩» នេះ ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជា​ពលរដ្ឋ៕