មន្ត្រី​សុខាភិបាល​បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​ថ្មី​ដែល​ស៊ាំនឹង​ថ្នាំ

មន្រ្តី​ជំនាញ​ខ្មែរ​បាន​អះអាង​ថា​ អត្រា​ស្លាប់ដោយ​សារ​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​ជាង​៥៦​ភាគរយ​​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ។

ដោយ៖​ នៅ វណ្ណារិន្ទ​
ភ្នំពេញ៖ ក្រុមមន្ត្រី​និង​ភ្នាក់ងារ​សុខាភិបាល​បាន​និយាយ​ថា​ទោះបី​ជា​ពួកគេ​ទទួល​បាន​ជោគជ័យ​ជា​ដុំកំភួន​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយតែពួកគាត់​នៅតែមាន​ការស្មុគស្មាញ​នឹង​ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​ដែល​មាន​ភាពស៊ាំ​ទៅនឹង​ថ្នាំ​ហើយ​កំពុង​មាន​វត្តមាន​នៅ​តាម​បណ្តា​ខេត្ត​ភាគពាយព្យ​ជាប់នឹង​ព្រំទល់​ប្រទេស​ថៃ ជាពិសេស​គឺ​នៅក្នុង​ខេត្ត​ប៉ៃលិន​ដែល​មាន​ការឆ្លងដែន​ទៅ​មក​ជាច្រើន។

​លោក វេជ្ជបណ្ឌិត​ ឃាង សូយទី ​ប្រធាន​គម្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ប្រចាំ​អនុតំបន់​ទន្លេ​មេគង្គ​របស់​អង្គការ​សុខភាព​ក្រៅរដ្ឋាភិបាល​មួយ​ដែល​មាន​ឈ្មោះថា​ University Research ​ដែល​ធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​នៅនឹង​ជំងឺគ្រុនចាញ់​និង​ការរីករាលដាល​នៃ​ភាពស៊ាំ​របស់​ជំងឺ​គ្រុនចាញ់​នៅក្នុង​បណ្តា​ប្រទេស​ស្ថិត​ក្នុង​អនុតំបន់​ទន្លេមេគង្គ ​បានមានប្រសាសន៍​ថា៖ ជាទូទៅ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​ដែលមានភាពស៊ាំទៅនឹងថ្នាំ​នេះ​មាន​វត្តមាន​ជាពិសេស​នៅតាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​កម្ពុជា​និង​ថៃ​ហើយវា​បានរាតត្បាត​តាម​រយៈកម្មករ​ចំណាក​ស្រុក​ដែលធ្វើដំណើរចេញចូល​ក្នុងតំបន់នោះ។

យោង​តាមរបាយការណ៍​មួយ​ពី ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​ប៉ារ៉ាស៊ីតសាស្រ្ត ​និង​បាណកសាស្រ្ត​បានឲ្យ​ដឹង​ថា​ករណី​គ្រុនចាញ់​មាន​ចំនួន​៣៥.៧០០​ករណី​នៅពាក់​កណ្តាល​ទី១នៃ​ឆ្នាំ​២០១២​ ហើយ​ ធ្វើឲ្យមនុស្ស​ស្លាប់​ចំនួន ​២៨នាក់ ​ចំនួន​នេះ​មាន​ការធ្លាក់ចុះ​បន្តិច​បើប្រៀបធៀប​ទៅ​រយៈពេល​ដូចគ្នា​នៅ ​ក្នុង​ឆ្នាំ​មុន។ ក៏ប៉ុន្តែ​មិនទាន់​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់​ឲ្យ​បានច្បាស់​ អំពី​ចំនួន​ករណី​មេរោគ​គ្រុនចាញ់​ថ្មី​នេះ​នៅឡើយ។​

លោក ច ម៉េង ចួ ​ប្រធាន ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​ប៉ារ៉ាស៊ីតសាស្រ្ត ​និង​បាណកសាស្រ្ត ​បាន​ប្រាប់ ​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក ​ថានៅ​ក្នុង​ឆ្នាំ​២០១១ ​ករណី​ជំងឺ​គ្រុនចាញ់​ដែល​មានភាពស៊ាំទៅ នឹងថ្នាំមានចំនួនប្រហែល ១៧ភាគរយ នៃ​ករណី​ជំងឺ​គ្រុនចាញ់​ទាំងអស់​នៅក្នុង​ខេត្តប៉ៃលិន ​ចំនួន​នេះ ​បាន​កើន​ឡើង​ចំនួន ​១០​ភាគរយបើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅម៉ិញ។ លោក​បាន​បន្ថែម​ទៀត​ថា ​មជ្ឈ​មណ្ឌលជាតិ​ប្រយុទ្ធ ​នឹង ​ជំងឺ​គ្រុនចាញ់បានឃើញ​សញ្ញា​ នៃភាពស៊ាំ​របស់​ជំងឺ​គ្រុនចាញ់​នេះ​បានរីកសាយភាយ​ទៅ​តំបន់​មួយ​ចំនួន​ទៀត​នៅក្នុង​ខេត្តពោធិ៍សាត់ ​និង​ព្រះវិហារ។

ជំងឺ​គ្រុនចាញ់​ដែល​ភាពស៊ាំ​ទៅនឹង​ថ្នាំ​នេះ​បាន​កើនឡើង​ដោយសារ​តែ​អ្នកជំងឺ​បាន​ឆ្លងមេរោគ​គ្រុនចាញ់​ដែល​ មានឈ្មោះ Plasmodium falciparum ក្រោយពី​មូសដែក​គោលញី​ខាំ ហើយ​គាត់​មិន​បាន​ទទួល​ការព្យាបាល​និង​លេបថ្នាំ​ប្រឆាំង​នឹង​ជំងឺ​នេះ​ឲ្យបានត្រឹមត្រូវ។​ វា​បណ្តាល​ឲ្យ​ប៉ារ៉ាស៊ីត​ជំងឺ​នេះ​មាន​ឱកាស ​ធ្វើការវិវឌ្ឍន៍​ខ្លួន​របស់​វាស៊ាំ​ទៅ ​និង​ថ្នាំទាំងនោះវិញ​ ដូច្នេះ​អ្នកជំងឺ​គ្រុនចាញ់​គួរតែ​លេបថ្នាំ​ដែល​មានគុណភាព ​និង​ស្ថិតនៅក្រោម​ការត្រួត​ពិនិត្យ​របស់​គ្រូពេទ្យ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ​លោក វេជ. ម៉េង ចួ។

ប្រធាន​ក្រុមប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ លោក វេជ្ជបណ្ឌិត​ Steven Bjorge ​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាស​មួយ​ជាមួយ​នឹង​វីអូអេ​ថា ​នា ​ពេល​បច្ចុប្បន្ន​នេះ​ ការស៊ាំថ្នាំ​នៃ​ជំងឺ​គ្រុនចាញ់​ គឺ​មាន​ភាពធ្ងន់ធ្ងរ ​នៅក្នុង​ប្រទេស​កម្ពុជា​ជាង​ប្រទេស​ណា​ណា ទាំងអស់​នៅ​ក្នុង​ពិភពលោក។ ហើយ​គ្មាន​ការកំណត់​មូលហេតុ​ណា​មួយ​ត្រូវ​បាន​ឯកភាព​នោះ​ទេ ប៉ុន្តែ​តែការស៊ាំ​ថ្នាំ​របស់​មេរោគ​គ្រុនចាញ់​នេះ​បាន​ចាប់ផ្តើម​វិវឌ្ឍន៍​ជា​ដំបូង​បង្អស់ ​នៅក្នុង​ចុង​ទសវត្សរ៍ ៥០​ ​ដើម៦០។

«ចាប់តាំង​ពីពេល​នោះ​មក ​ថ្នាំថ្មីៗ​ហាក់​ដូច​ជា​មានភាពស៊ាំ​នៅក្នុង​ប្រទេស​កម្ពុជា​ ឬ​នៅ​តាម​ទល់ដែន​កម្ពុជា​ថៃ ​ជាង​កន្លែង​ផ្សេងៗ​នៅលើ​ពិភពលោក»។

លោកវេជ. Bjorge ​បាន​បន្ថែម​ទៀត​ថា៖ ករណី​ជំងឺ​គ្រុនចាញ់​ធម្មតា​បាន​កំពុងតែ​មាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ​ដោយសារតែ កម្ពុជាមានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់មួយដ៏ល្អ ហើយ​សូម្បី​តែ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មីនេះ ​ក៏នឹងអាចមាន​ការថយ​ចុះផង​ដែរ។

«វា​មិនមែន​ជារឿង​ដែលអស់​សង្ឃឹម​នោះទេ ខ្ញុំ​មាន​ការជឿជាក់​យ៉ាងប្រាកដ​ទៅលើ​ថ្ងៃអនាគត ព្រោះអី្វ​ យើង​ បានទទួលភាព​ជោគជ័យជាច្រើនរួចមក​នៅក្នុងប្រទេសកម្ពុជា វាផ្ទុយ​ពី​ចំណងជើង​ព័ត៌មាន​នានា​ដែល​និយាយ​ថា ភាពស៊ាំ​ទៅនឹង​ថ្នាំ​របស់​ជំងឺ​គ្រុនចាញ់​មាន​ការរីករាល​ដាល»។ លោក​បាន​បន្ត​ទៀត​ថា «សារសំខាន់​នោះ ​គឺថា៖ «​ជំងឺគ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា​បានថយថុះ ហើយ​អ្វី​ដែល​នៅ​សេសសល់​តិចតួច​នោះ​គឺជាករណី ​ស៊ាំទៅ​នឹងថ្នាំ»។

អង្គការ​សុខភាពពិភពលោក​ ធ្វើការ​ប្តូរថ្នាំថ្មី​ក្នុងអំឡុង​ពេល​ពីរបី​ឆ្នាំ​ម្តង​ដើម្បី​ព្យាយាម​ទប់ទល់​ទៅ ​នឹង​ការវិវឌ្ឍន៍​របស់​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់។ កាលពីពីរខែមុន អង្គការ​សុខភាព​ពិភពលោក​និង​ក្រសួង​សុខាភិបាល បាន ប្តូរ​ថ្នាំថ្មីមួយដែលមានឈ្មោះថា Malarone សម្រាប់អ្នកជំងឺ​នៅក្នុងខេត្តប៉ៃលិន ដោយ​មាន​ជំនឿ​ថាជំងឺ ​នេះនឹងមានការថយចុះ។

នៅក្នុងករណីជំងឺ​គ្រុនចាញ់​ធម្មតា ថ្នាំគ្រុនចាញ់អាចសម្លាប់ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ ពីក្នុងគ្រាប់ឈាម របស់​អ្នកជំងឺ នៅក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ជំងឺ​គ្រុនចាញ់​ដែល​មាន​ភាពស៊ាំ​ទៅនឹង​ថ្នាំ វាត្រូវការពេលលើសពី៣ថ្ងៃ​ហើយ​អាច​ឈាន​ទៅ​ដល់២៨ថ្ងៃ ក្នុង​ការសម្លាប់​ប៉ារ៉ាស៊ីត​ជំងឺ​គ្រុនចាញ់​ប្រភេទ​ ថ្មីនោះ។

លោកវេជ្ជបណ្ឌិត​ ឃាង សូយទី ដែល​មក​ពី​អង្គការ University Research ​ហៅកាត់ថា ​URC បាន​មាន​ប្រសាសន៍​ថា៖
«ការបារម្ព​ដ៏​ធំជាងគេ​ក្នុង​ការទប់ស្កាត់​ការរីរាលដាល​ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​នេះ​គឺ ​ប្រជាជន​ចំណាក​ស្រុក​ដែល​ពួកគាត់បាន​ចូល​ទៅកាន់​តំបន់​ទាំងនោះ។ អ្នកចំណាក​ស្រុក​ទាំង​នោះ ​គ្មានភាពស៊ាំ​ទប់ទល់​ទៅនឹងមេរោគ គ្រុនចាញ់នោះទេ ហើយមានការយល់ដឹង​តិចតួចអំពី ​ការការពារ​ខ្លួន​ដោយ​សំរាន្ត​នៅក្នុង​មុង​ជ្រលក់ថ្នាំ។ ពួកគាត់​ក៏មិនដឹង​ថា​ធ្វើ​យ៉ាងណា​ទើប​អាច​ទទួល​សេវា​ព្យាបាល​ទេ ពេលដែល​មាន​ជំងឺ។ លើសពីនេះទៅទៀត ពួកគាត់​អាច​ផ្ទុក​និង​នាំយក​មេរោគ​ប្រភេទ​ថ្មីៗ​ទាំងនោះ​ទៅ​តំបន់​ផ្សេងៗ​ទៀត» ។

«ដូច្នេះប្រសិន​បើ​គាត់ឆ្លងមេរោគ​គ្រុនចាញ់​ដែល​មានភាពស៊ាំទៅនឹងថ្នាំនោះ ​ពួកគាត់​នឹង​ក្លាយជា​ភ្នាក់ងារ ​ចម្លង​ដែល​អាច​ធ្វើឲ្យមានការរីរាលដាល​នៃ​ជំងឺ​នោះ​យ៉ាង​ឆាប់រហ័ស»។

លោកវេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ​អង្គការ URC បានខិតខំធ្វើយ៉ាងណា ឲ្យ​ប្រជាជន​ចំណាក​ស្រុក​ទាំង​នោះ ត្រូវ​មាន​មុង​មួយ​ជ្រលក់​ថ្នាំ​សម្រាប់​ប្រើប្រាស់​នៅពេល​ដែល​ពួកគាត់​ចូល​ទៅ​ក្នុង​តំបន់​គ្រុនចាញ់​នោះ។ ជាមួយ គ្នានោះ អង្គការ​ដដែល​នេះ​បាន​បង្ហាត់បង្រៀន​កម្មករឬ​អ្នកស្ម័គ្រចិត្ត​ដែល​នៅក្នុង​តំបន់ ​ដើម្បីផ្តល់ សេវា​ត្រួតពិនិត្យ​និង​ព្យាបាល​គ្រុនចាញ់​ផងដែរ។

លោកអ៊ុត សុផល​ មន្ត្រីសម្រប​សម្រួល​របស់​អង្គការ​ក្រុមអ្នកឯកទេស​ជំងឺ​គ្រុនចាញ់ហៅកាត់ថា MC ប្រចាំ​នៅ ក្នុងខេត្ត​ប៉ៃលិនបានមានប្រសាសន៍ថា៖ អាក្រក់ជាងនេះទៅទៀតគឺ នៅក្នុង​ទីប្រជុំជន​ដែល​មាន​ចរាចរណ៍ ឥតឈប់ឈរ។ នៅទីនេះ អ្នកជំងឺ​ភាគច្រើន​បានប្រើប្រាស់​ថ្នាំ​មិនត្រឹមត្រូវ​ដែល​ទិញ​មកពី​ផ្សារ​ដោយ​ខ្លួន​ឯង ​ដោយ​គ្មាន​ការពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវពីគ្រូពេទ្យ ឬ​ក៏អាច​ធ្វើការ​ព្យាបាល​ខុស​នីតិវិធី។

លោកបានមានប្រសាសន៍ថា៖ «ប្រជាជន​ចំណាក​ស្រុក​ទាំងនោះ​គាត់​ធ្វើ​ដំណើរ​ពី​ខេត្តមួយ​ទៅ​ខេត្តមួយ ​អញ្ចឹង ​ពេល​ដែល​គាត់​មក​កាន់​ខេត្តប៉ៃលិន​ដែល​ជា​ខេត្ត​មាន​ជំងឺគ្រុនចាញ់​ដែលស៊ាំនិងថ្នាំ ហើយ​មូស​ខាំ​គាត់​គាត់អាច​ឆ្លងរោគ​ទាំងនេះ​ហើយ​ចម្លង​ទៅកាន់​អ្នកដទៃ​ទៀត ពី​ខេត្ត​មួយ​ទៅខេត្ត​មួយ ​ហើយ​ពី​ប្រទេស​មួយ ​ទៅ​ប្រទេស​មួយ​ទៀត»។

ដើម្បី​ការពារ​ការឆ្លង​របស់​ជំងឺ​គ្រុនចាញ់​ធម្មតា​និង​ជំងឺ​គ្រុនចាញ់​ដែល​មានភាពស៊ាំ​ទៅ​នឹង​ថ្នាំ​តាមរយៈ​ប្រជាជន​ចំណាក​ស្រុក​ទាំងនោះ​ អង្គការ​ក្រុមអ្នក​ឯកទេស​ជំងឺ​គ្រុនចាញ់ ​បានបង្កើត​អ្នកស្ម័គ្រចិត្ត​នៅ​តាម​ច្រក​ព្រំដែន​ដើម្បីធ្វើការត្រួតពិនិត្យ​កម្តៅ ធ្វើរោគវិនិច្ឆ័យ និង​ផ្តល់​សេវា​ព្យាបាល​ជំងឺ​គ្រុនចាញ់។

«នៅពេល​ដែល​ ប្រជាជន​ខ្មែរ​ដែល​ឆ្លងកាត់ច្រក​នោះ ​យើង​ធ្វើការ​វាស់​កម្តៅ​ជូនគាត់ ​ហើយ​បើសិន​ជា​គាត់​ឈឺ​ យើង​នឹង​ព្យាបាល​ជូន​គាត់​ភ្លាម»។

លោកវេជ្ជបណ្ឌិត​ ម៉េងចួ ​បានយល់ស្រប​ផង​ដែរ​ថា ​ខេត្តប៉ៃលិន​គឺជា​កូនសោរ​មួយ​ ដើម្បី​បញ្ឈប់​ការរីក​ដុះដាល​នៃ ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​ដែល​មាន​ភាពស៊ាំទៅ​នឹង​ថ្នាំ ​ទៅតំបន់​ផ្សេងៗ​ទៀត។

«សូមកុំ​យល់​ច្រឡំ​ឲ្យសោះ​ថា ភាពស៊ាំនេះស៊ាំតែម្នាក់។​ ស៊ាំ​នៃ​ជំងឺ​គ្រុនចាញ់​នេះ​មិនមែន​បញ្ហា​បុគ្គល​ទេ ​វា​ជា​បញ្ហា​សហគមន៍​ទាំងមូល»។

លោកវេជ្ជបណ្ឌិត​ ម៉េងចួ​ បាន​បន្ថែម​ទៀតថា​នៅពេល​ដែល​អ្នក​ជំងឺ​ណាម្នាក់​លេបថ្នាំ​មិនត្រឹមត្រូវធ្វើឲ្យស៊ាំ ហើយ​ពេល​ដែល​មេរោគ​ចូល​នៅ​ក្នុង​មូស​ហើយ​មូស​នោះ​ខាំ​អ្នកដទៃ​វា​នឹងអាចឆ្លងដល់​អ្នកដទៃ​ទៀត​ ហើយ​បើ​មូស​ឆ្លងដែន​ទៅ​ប្រទេស​ផ្សេង ​មេរោគនោះ​និង​ទៅប្រទេសផ្សេងទៀត​ដែល​នេះ​ជា​កត្តា​មួយ​ដែរ​ដែល​ពិភពលោក​មាន​ការយកចិត្ត​ទុកដាក់​មកលើ​ប្រទេស​កម្ពុជា៕​