ពិរុទ្ធជន​ហង្ស វុទ្ធី​ត្រឡប់​ចូល​គុក​វិញ​បន្ទាប់​ពី​រត់​គេច​៦​ឆ្នាំ

ហង្ស ​វុទ្ធី​ ត្រូវ​បាន​តុលាការ​បាន​កាត់ទោស​កំបាំងមុខ​នៅ​ក្នុង​ករណី​បទឧក្រិដ្ឋ​ធំ​ៗ​ចំនួន​បួន។

បន្ទាប់​ពី​បាន​ចេញ​សារភាព​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហង្ស ​វុទ្ធី​ ហៅ​យមរាជ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំឃាំង​ភ្លាមៗ​នៅ​ពន្ធនាគារ​ព្រៃស។

ហង្ស ​វុទ្ធី​ ត្រូវ​បាន​តុលាការ​បាន​កាត់ទោស​កំបាំងមុខ​នៅ​ក្នុង​ករណី​បទឧក្រិដ្ឋ​ធំ​ៗ​ចំនួន​បួន ​ដែល​រួមមាន​រឿងក្តី​ចោទប្រកាន់​លើ​ករណី​បាញ់​សម្លាប់​ចៅក្រម​សុខ ​សេដ្ឋាមុនី​ ករណី​បាញ់​សម្លាប់​លោក​អ៊ំ ​តារាវុធ ​អតីត​ប្រធាន​សាខាអគ្គិសនី​ចក្រអង្រែ ​ការប៉ុនប៉ុង​ធ្វើ​ឃាត​លោក​ឧត្តមសេនីយ៍​សៅ ​សុខា ​មេបញ្ជាការ​ប៉េអឹម​លើ​ផ្ទៃប្រទេស ​និង​ករណី​លួចរត់​ចេញ​ពី​ពន្ធនាគារ​ព្រៃស ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០០៦។

ហង្ស ​វុទ្ធី​ ឬ​ហៅ​ទិវា​១៦​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​រយៈពេល​៥១​ឆ្នាំ។

លោក ​កៅ ​ស៊ូផា ​មេធាវី​កាពារក្តី​លោក​ហង្ស ​វុទ្ធី​ បាន​និយាយ​ថា​តុលាការ​ពុំ​ទាន់​បាន​ផ្តល់​សាលាក្រម​កំបាំងមុខ​សម្រាប់​ពិរុទ្ធ​ជន​ហង្ស ​វុទ្ធី​ នៅ​ឡើយ​ទេ​។ ​លោក​បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​ដែល​តុលាការ​ផ្តល់​សាលក្រម​កំបាំងមុខ ​លោក​នឹង​ពិចារណា​ជាមួយ​កូនក្តី​របស់​លោក ​ដើម្បី​ប្តឹង​ទាស់​ទៅ​នឹង​សាលាឧទ្ធរណ៍។

«ជា​គោលការណ៍​យើង​ឥត​មាន​គម្រោង​អី​ទេ។​ យើង​រង់ចាំ​តុលាការ​ជូន​ដំណឹង​អំពី​សាលក្រម​កំបាំង​មុខ​ទៅ​ឲ្យ​លោក​ហង្ស ​វុទ្ធី។ ពេល​ហ្នឹង​យើង​នឹង​ពិចារណា​ថា តើ​ប្តឹង​ទាស់ ​ឬក៏​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​ហ្នឹង»។

មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ។

លោក ​សុខ ​រឿន ​ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថាលោក​កំពុង​ជាប់រវល់​ប្រជុំ។

ហង្ស ​វុទ្ធី​ បាន​ចេញ​មុខ​សារភាព​កាល​ពី​ថ្ងៃ​សុក្រ​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​មជ្ឈដ្ឋាន​ទូទៅ ​ជាពិសេស​សមត្ថកិច្ច។

ហង្ស​ វុទ្ធី ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាពិសេស​មួយ​ជាមួយ​នឹង​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​នៅ​មុន​ពេល​ចេញ​សារភាព​ថា​មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​ចេញ​សារភាព​ ដោយសារ​តែ​គាត់​ចង់​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ចំពោះ​រឿង​ក្តី​នេះ​។​ ហង្ស វុទ្ធី និយាយ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​មាន​ការ​ចោទប្រកាន់​ទេ។

«ខ្ញុំ​ចូល​មក​វិញ​ដើម្បី​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ​ហើយ​រឿង​ដែល​គេ​ចោទ​ថា​ខ្ញុំ​បាញ់​ចៅក្រម​សុខ​សេដ្ឋាមុនី ​គឺ​មិន​បាន​ប្រព្រឹត្ត​ទេ ​ហើយ​រឿង​ថា​ខ្ញុំ​តាម​ធ្វើ​ឃាត​ឧត្តមសេនីយ៍​សៅ ​សុខា​ ក៏​ខ្ញុំ​ឥត​មាន​ដែរ ​ព្រោះ​គាត់​ជា​មេ​របស់​ខ្ញុំ។ ហើយ​ថា​តាម​ធ្វើ​ឃាត​អ៊ុក ​សាវុធ ​ឥត​មាន​ទេ ​ហើយ​ថា​គឹម ​តារាវុធ​ ក៏​ខ្ញុំ​ឥត​មាន​ដែរ»។

លោក​ឧត្តមសេនីយ៍ឯក ​គៀត ​ចន្ទថារិទ្ធ ​ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​និយាយ​ថា​ករណី​ហង្ស ​វុទ្ធី​ ត្រូវ​បាន​តុលាការ​សម្រេច​វិនិច្ឆ័យទោស​រួច​ហើយ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ធំ​ៗ​មួយ​ចំនួន ​ហើយ​ការ​បដិសេធ​របស់​ហង្ស ​វុទ្ធី​ គឺ​ជា​ការ​មិន​ពិត។ លោក​បាន​មាន​ប្រសាសន៍​ថា​អ្វី​ដែល​សមត្ថិកច្ច​កំពុង​តែ​តាមដាន​បន្តទៀត​នេះ​គឺ​រកមូលហេតុ​ពិត​ដែល​នាំ​ឲ្យ​ហង្ស​ វុទ្ធី​ ចេញ​មុខ​សារភាព​ជា​សាធារណៈ ​បន្ទាប់​ពី​លោក​បាន​រត់ចេញ​ពី​ពន្ធនាគារ​អស់​រយៈពេល​៦​ឆ្នាំ។

«កន្លង​មក​យើង​កំពុង​តែ​ពិចារណា ​ធម្មតា​មនុស្ស​ដែល​រត់រួច​យូរ​ហើយ ​ម្តេច​ក៏​ត្រឡប់​មក​វិញ។​ អីញ្ចឹង​យើង​កំពុង​តែ​គិត​ថា​ហេតុអ្វី​បាន​ជា​គាត់​ត្រឡប់​មក​សារភាព​អីញ្ចឹង!»។

ហង្ស ​វុទ្ធី ​ហៅ​យមរាជ​ អតីត​នាយរង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតស្រាល​កុ្រង​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៦ ​ជាមួយ​នឹង​មន្ត្រីប៉ូលិស​ចំនួន​បួន​រូប​ផ្សេង​ទៀត​ ដែល​រួម​មាន​ហង្ស​ វុត្ថា​ ប្អូនប្រុស​របស់​ហង្ស ​វុទ្ធី គង់ ​សុផល ​ហៅ​ អំ ​សំខេង ​និង​ព្រំ ​សោភារិទ្ធ ​នៅ​ក្នុង​ករណី​ជាប់ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​សុខ ​សេដ្ឋាមុនី ​អតីត​ចៅក្រម​នៃ​តុលាការ​ក្រុងភ្នំពេញ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០០៣៕