ក្រុង Stockton រដ្ឋ California
ការពិភាក្សាលើការគ្រប់គ្រងកាំភ្លើងនៅតែបន្តនៅអាមេរិកបន្ទាប់ពីការបាញ់ប្រហារកាលពីខែធ្នូនៅសាលាបឋមសិក្សា Sandy Hook ក្នុងក្រុង Newtown រដ្ឋ Connecticut។កាលពី២៤ឆ្នាំមុនហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងមកលើសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុង Stockton រដ្ឋ California។ នោះគឺការបាញ់ប្រហារនៅសាលាបឋមសិក្សា Cleveland ដែលធ្វើឲ្យមានការផ្ញាក់ផ្អើលពេញប្រទេស ហើយនាំឲ្យមានការបង្កើតច្បាប់គ្រប់គ្រងកាំភ្លើងដែលត្រូវបានគេយកមកពិភាក្សាបច្ចុប្បន្ននេះ។
ទីក្រុង Stockton រដ្ឋ California ជាកន្លែងស្ងប់ស្ងាត់ដែលពេលវេលាហាក់បីដូចជានៅស្ងៀមមួយកន្លែង។
កាលពីទសវត្ស១៩៨០ និង១៩៩០ វាបានក្លាយជាកន្លែងជ្រកកោណសម្រាប់ពលរដ្ឋខ្មែរជាច្រើនដែលរត់គេចពីសង្រ្គាម ជាកន្លែងមួយសម្រាប់ពួកគេចិញ្ចឹមបីបាច់កូនដ៏មានសុខសន្តិភាព។
លោកស្រី កើត សុវណ្ណា ជាប្រធានសមាគមអប្សរា និយាយថា៖
«ធម្មតាខ្មែរយើងច្រើនតែពឹងកូន។ អញ្ចឹងបានជាយើងមានកូនច្រើន ពីព្រោះពេលយើងចាស់ទៅ យើងអាចពឹងកូនបាន។ យើងអត់ដឹងថា រដ្ឋាភិបាលជួយយើងបានប៉ុន្មាននោះទេ។ យើងអត់ដឹងទេ។ យើងគ្រាន់តែដឹងថា ពេលយើងចាស់ទៅកូនយើងនឹងមើលថែរក្សាយើង»។
ពលរដ្ឋនៅទីនេះចាត់ទុកថា វាជារឿងមួយ។ លោកស្រីសុវណ្ណាដែល ជាអ្នកធ្វើការខាងសង្គមម្នាក់នៅ Stockton បានថែរក្សាទុកនូវឯកសារមួយដែលរំឭកឡើងវិញពីរឿងមួយដែលអ្វីៗនៅទីនេះត្រូវបានផ្លាស់ប្តូរ។
នៅព្រឹកថ្ងៃទី១៧មករា ឆ្នាំ១៩៨៩ បុរសស្បែកសម្នាក់ដែលពោរពេញទៅដោយការស្អប់មកលើអ្នកក្រៅពូជសាសន៍របស់ខ្លួន បានចតឡាននៅខាងក្រោយទីធ្លាលេងនៃសាលាបឋមសិក្សា Cleveland។ បន្ទាប់មក ជននោះបានដុតឡានរបស់ខ្លួនហើយចាប់ផ្តើមបាញ់មកលើគ្រូបង្រៀន និងសិស្សនៅពេលដែលពួកគេរត់មកមើលភ្លើង។ ក្នេង៥នាក់បានស្លាប់ ២៩នាក់រងរបួសរួមទាំងគ្រូម្នាក់ផង។ ជនប្រដាប់អាវុធអាយុ២៤ឆ្នាំនោះមានបញ្ហានិងជំងឺបាក់ស្បាត។ ជននោះបានបាញ់សម្លាប់ខ្លួនទៅ។ ការសម្លាប់រង្គាលនោះធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្រុងនិងថ្នាក់ជាតិនិងជួយឲ្យមានការបង្កើតជាច្បាប់គ្រប់គ្រងកាំភ្លើងដែលកំពុងត្រូវបានគេពិភាក្សានៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះ។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ៤នាក់ជាកុមារជនជាតិខ្មែរអាយុ៦ទៅ៩ឆ្នាំ។
២៤ឆ្នាំក្រោយ ក្រុមគ្រួសារនៅតែមិនអាចទទួលយកការបាត់បង់នេះ។
អ្នកស្រីអ៊ីង ហ៊នម្តាយជនរងគ្រោះម្នាក់។ អ្នកស្រីនិយាយថា៖
«គេសួរខ្ញុំថា គិតថាម៉េច? ខ្ញុំថា ខ្ញុំមកទឹកដីដ៏ស្អាតនេះ ទឹកដីសម្បូរនិងស្អាត។ស្រុកខ្ញុំមានសង្រ្គាម អញ្ចឹងបានខ្ញុំចង់មកទឹកដីដ៏សម្បូរស្រស់ស្អាតនេះ។ដល់កូនកើតរឿងអញ្ចឹង គេថា នេះជារឿងចៃដន្យ។ ខ្ញុំថា ដឹងថាជារឿងចៃដន្យហើយ តែខ្ញុំធំឡើង ឃើញប៉ុល ពតវៃគ្នាដែរ តែមិនដែលឃើញផ្ទាល់ភ្នែក មិនដែលឃើញគេសម្លាប់ក្នេងនៅសាលារៀនអញ្ចឹងទេ មិនដែលឃើញទេ អត់ទេ»។
លោកលឹម ទូច ឪពុកជនរងគ្រោះ។ គាត់និយាយថា៖
«អញ្ចឹងបានខ្ញុំចេះតែឆ្ងល់ថា ម៉េចបានជារឿងនេះកើតឡើងអញ្ចឹង? ម៉េចបានសម្លាប់ក្នេងតូចៗ អត់ដឹងអី? ថាក្នេង High School (មធ្យមសិក្សា)ទៅប្រហែលថា មានគំនុំគ្នាអី តែនេះក្នេងតូចៗ អត់ដឹងអីផង។ ម៉េចបានមកសម្លាប់ ចេះតែឆ្ងល់អញ្ចឹង»។
ឥឡូវនេះខ្ញុំកំពុងឈរនៅខាងក្រៅសាលាបឋមសិក្សាCleveland។ កាលពីថ្ងៃ១៧មករា ឆ្នាំ១៩៨៩ Patrick Purdy បានចូលមកក្នុងសាលានេះដោយមានកាំភ្លើង AK-47។
Patrick Purdy ប៉ុនបងវាយប្រហារក្រុមអាស៊ីអាគ្នេយ៍។
បព្វជិត James Dunn ជាអ្នកគ្រប់គ្រងនៅព្រះវិហារជាប់សាលានោះ។
លោកនិយាយថា៖
«គាត់បានដើរចូលទៅក្នុងសាលា ពីព្រោះកាលនោះ៧១%នៃសិស្សមកពីអាស៊ីអាគ្នេយ៍។ យើងមានខ្មែរ វៀតណាម Hmong និងសិស្សផ្សេងៗទៀតដែលនៅរៀនទីនេះ។ ហើយការស្អប់នេះជាការស្អប់ដែលដើរចូលទៅក្នុងសាលានោះ»។
ភាពស្អប់ខ្ពើមនេះបានក្លាយជាអ្វីដែលសហគមន៍នេះនៅតែចង់ចាំ។
អ្នកស្រីកើត សុវណ្ណា ប្រធានសមាគម អប្សារា។ អ្នកស្រីនិយាយថា៖
«យើងមិនអាចបំភ្លេចបានទេ។ ខ្ញុំក៏ភ្លេចមិនបានដែរ។ ហើយអ្នកដែលមានកូនស្លាប់…..វាដូចជា Double។ ការឈឺចាប់ហ្នឹងវាធ្ងន់ទៅ។ ទោះបីជាគេប្រហែលបំភ្លេចបានពីមុន គេអាចភ្លេចប៉ុល ពត តែនេះជាការឈឺចាប់បន្ថែមពីលើហ្នឹង»។
ឪពុកម្តាយរបស់សិស្សរងគ្រោះនិយាយថា ពួកគេមិនមានអ្វីច្រើនប្រាប់អ្នកដែលបានបាត់បង់កូននៅក្នុងការបាញ់សម្លាប់ស្រដៀងៗគ្នានេះ នោះទេ តែគួរតែចង់ចាំក្នេងទាំងនោះនៅផ្នូររបស់គេ។
លោកលឹម ទូច ឪពុកជនរងគ្រោះ និយាយថា៖
«អារម្មណ៍ចេះតែរសាយៗទៅ មានអារម្មណ៍ចង់ធ្វើអី។ ខ្ញុំចេះតែយកផ្កាទៅដាក់ នឹកគិតថា ប្រហែលជាម៉ែឪគេមិនទៅទាំងអស់គ្នាទេ។អញ្ចឹងខ្ញុំទិញផ្កាទៅដាក់ឲ្យទាំងកូន៣ ឬ៤ហ្នឹង»៕