រដ្ឋាភិបាល​ផ្អាក​ផ្តល់​ដីសម្បទាន​ដល់​ក្រុម​ហ៊ុនឯកជន

ដើមឈើ​ដែល​ឆេះ​នៅ​ជិត​ព្រៃឡង់ ប្រទេស​កម្ពុជា​ក្នុង​រូបភាព​ដែល​គ្មាន​កាលបរិច្ឆេទ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ជាបណ្ដោះ​អាសន្ន​បន្ទាប់​ពី​មាន​របាយការណ៍​ឯករាជ្យ​មួយ​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការ​ផ្តល់​ដី​សម្បទាន​យ៉ាង​រីករាលដាល​ និង​ខ្វះ​តម្លាភាព។

នៅ​ក្នុង​បទបញ្ជា​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​លោក ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​ហៅ​សេចក្ដីសម្រេច​នេះ​ថា​ ដោយសារ​តែ «មាន​តម្រូវការ​ចាំ​បាច់ ​និង​ជា​បន្ទាន់» សម្រាប់​ការ​គ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​បាន​បញ្ជា​ឲ្យ​មាន​ការ​ត្រួតពិនិត្យ ​និង​ដកហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ឯកជន​ណា​ដែល​ប្រើប្រាស់​អាជ្ញាបណ្ណ​របស់​ខ្លួន​សម្រាប់​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​បំពាន​ដី​របស់​ប្រជាពលរដ្ឋ និង​ដី​របស់​សហគមន៍។ បន្ថែម​ពីនោះ​ទៀត​លោក ​ហ៊ុន ​សែន ​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​ពី​ការ​ប៉ះពាល់​ដល់​ដី​សហគមន៍​ និង​ជីវភាព​ប្រជាពលរដ្ឋ​ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។

នៅ​ក្នុង​របាយការណ៍​ស្ដីពី​សិទ្ធិ​ដីធ្លី ​និង​លំនៅដ្ឋាន​កាល​ពី​ខែ​មិនា ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ អាដហុក​បាន​គូស​បញ្ជាក់​ថា ​រហូត​មក​ដល់​ឆ្នាំ​២០១១​ រដ្ឋាភិបាល​កម្ពុជា​បាន​ពន្លឿន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រហូត​ដល់​យ៉ាង​តិច​ជិត ២,៣​លាន​ហិចតា ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥​ សម្រាប់​ធ្វើ​ការ​វិនិ​យោគ​ក្នុង​វិស័យ​កសិឧស្សហកម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ ​និង​ការ​រុករក​ធនធាន​រ៉ែ។ ​ដីសម្បទាន​ទាំង​នោះ​មាន​រយៈពេល​ពី​៧០​ ទៅ​៩៩​ឆ្នាំ។ អង្គការ​ដដែល​រក​ឃើញ​ថា ​ក្នុង​ចំណោម​អនុក្រិត​សរុប​ចំនួន ​១២៣ ​ដែល​សម្រេច​ផ្ដល់​សម្បទាន​ដី​នោះ​មាន​អនុក្រិត​ចំនួន​៥៥ ​ពុំ​មាន​ក្រុមហ៊ុន​ច្បាស់​លាស់។http://www.licadho-cambodia.org/live/index.html

ម្យ៉ាងទៀត​ការ​ផ្ដល់​ដី​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិឧស្សាហ​កម្ម​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​ដី​ក្នុង​តំបន់​ការពារ​ជម្រក​សត្វព្រៃ ​និង​ឧទ្យានជាតិ ​ធ្វើឡើង​ដោយ​មិនមាន​ការ​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោលការណ៍​ច្បាប់ ​និង​មាន​ការ​ដោះស្រាយ​ដោយ​មាន​លក្ខណៈ​បំពាន​ជាមួយ​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ដោយ​គម្រោង​វិនិយោគ។

ការ​ផ្ដល់​ដី​សម្បទាន​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​ពី​១៩ ​ភាគច្រើន​ក្នុង​ខេត្ត​ភាគ​ខាង​ជើង ​និង​ភាគឥ្ឍសាន​ប្រទេស​ដូច​ជា​កំពង់ឆ្នាំង ​កំពង់ធំ ​សៀមរាប ​រតនគិរី ​មណ្ឌល​គិរី​ ព្រះវិហារ​ និង​ខេត្ត​ស្ទឹងត្រែង​ជា​ដើម។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អាដហុក។

លោក ​នី ​ចរិយា ​ប្រធាន​ផ្នៃក​ស៊ើបអង្កេត​នៃ​អង្គការ​អាដហុក​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល ​ប៉ុន្ដែ​លោក​មាន​ការ​មន្ទិល​ពី​ប្រសិទ្ធិភាព​យូរ​អង្វែង​វិធានការ​នេះ។

«យើង​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​មិន​សូវ​មាន​ប្រសិទ្ធិភាព។ ​អ្វី​ដែល​ជា​បទ​បញ្ជា​ថ្ងៃ​នេះ​ យើង​គាំទ្រ​ដែរ ​ប៉ុន្ដែ​សំខាន់​សុំ​ទី​១​ ឲ្យ​មាន​ការ​អនុវត្ត​បទបញ្ជា​ជា​និរន្តរភាព ​និង​ទី​២​ បើ​អាជ្ញាធរ​មូលដ្ឋាន​ណា​មិន​អនុវត្ត​បទបញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ​ត្រូវ​តែ​ហ៊ាន​ដាក់​ពិន័យ ​នោះ​ទើប​មាន​ប្រសិទ្ធិភាព»។

លោក ​កឹម ​សុខា ដែល​ជា​ប្រធាន​គណបក្ស​ជំទាស់​សិទ្ធមនុស្ស​មាន​បី​អសនៈ​ក្នុង​រដ្ឋសភា ​មាន​ប្រសាសន៍​ថា​ លោក​នៅ​តែ​មិន​មាន​ជំនឿ​លើ​បទបញ្ជា​ខាង​លើ​នោះ​ឡើយ។

«គាត់​ធ្វើ​នេះ​គ្រាន់តែ​ចំណេញ​នយោបាយ​ជិត​បោះឆ្នោត​ឃុំ​សង្កាត់​ទេ។ ​ខ្ញុំ​គ្មាន​ជំនឿ​ថា ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​អាច​ធ្វើ​ដូច្នេះ​បាន​នោះ​ទេ។​ ដូច​ជា​នាយករដ្ឋមន្ដ្រី​ធ្លាប់​សន្យា​ពី​រឿង​បញ្ឈប់​ការ​កាប់​ព្រៃឈើ ​រហូត​ដល់​គាត់​ហ៊ាន​សន្យា​កាត់​ក្បាល​គាត់​បើ​គាត់​បង្រ្កាប​មិន​បាន​ តែ​ឈើ​នៅ​តែ​កាប់»។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា ​បាន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម ​និង​ក្រសួង​បរិដ្ឋាន ​ឲ្យ​ពិចារណា​ឡើងវិញ​មុន​នឹង​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​ឯកជន​ ដោយ​លោក​សម្ដែង​ថា ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​នឹង​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​ក៏​បាន​បាន​ដាក់​បញ្ជា​ផងដែរ​ឲ្យ​កំណត់​រយៈពេល​សម្បទាន​ពី​៧០​ ឬ ៩៩​ឆ្នាំ ​សម្រាប់​អជ្ញាបណ្ណ័​ក្រោយ​ៗ​ទៀត​នៅ​ត្រឹម​ ៥០ឆ្នាំ​វិញ៕