រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីថ្ងៃអង្គារ ពីការទទួលយកថ្ងៃ២៣តុលា ជាថ្ងៃបុណ្យជាតិឡើងវិញ ប៉ុន្មានថ្ងៃក្រោយពីសម្តេចឳបានយាងចូលទិវង្គត។
វ៉ាស៊ីនតោន៖ ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកថ្ងៃ២៣តុលាឬថ្ងៃដែលភាគីខ្មែរ ទាំងអស់បានរួមរួមគ្នាកាលពី២១ឆ្នាំមុនជាថ្ងៃបុណ្យជាតិឡើងវិញបានធ្វើឲ្យមានការគាំទ្រពីមេដឹកនាំក្រុមអ្នកនយោបាយជំទាស់ និងសង្គមស៊ីវិលខ្លះ ដោយចង្អុលបង្ហាញថា កម្ពុជានឹងមានការបង្រួមបង្រួមនយោបាយជាវិជ្ជមាន។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីថ្ងៃអង្គារ ពីការទទួលយកថ្ងៃ២៣តុលា ជាថ្ងៃបុណ្យជាតិឡើងវិញ ប៉ុន្មានថ្ងៃក្រោយពីសម្តេចឳបានយាងចូលទិវង្គត។
ការប្រកាសបែបនេះបានទាក់ទាញឲ្យមានការគាំទ្រពីមេដឹកនាំក្រុមជំទាស់គឺលោកសម រង្ស៉ីនិងសង្គមស៊ីវិលមួយចំនួនដែលបានចង្អុលបង្ហាញឲ្យឃើញពីការរួបរួមផ្នែកនយោបាយផ្ទៃក្នុងកម្ពុជាដើម្បីភាពរីកចម្រើនរបស់ប្រទេសផង។
លោក សម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅ ប្រទេសដោយសារបញ្ហាព្រំដែន បានស្វាគមន៍ភ្លាមៗ ដោយបានហៅការផ្លាស់ប្តូរជំហររាជរដ្ឋាភិបាលកម្ពុជាដែលយកថ្ងៃ២៣តុលាឬថ្ងៃកិច្ចព្រមព្រៀងទីក្រុងបារីសជាថ្ងៃបុណជាតិឡើងវិញនេះ។ លោកនិយាយថា វាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា។
«ដូច្នេះខ្ញុំមានសេចក្តីសង្ឃឹមណាស់ ថាយើងឥឡូវទទួលស្គាល់ថ្ងៃ២៣តុលានេះ គឺជាទិវាប្រវត្តិសាស្ត្រ មានន័យថា ខ្មែរយើងច្បាស់ជាដង្ហែរតាមព្រះរាជតម្រិះ សម្តេចព្រះនរោត្តម សីហនុ ហើយយើងនឹងចាប់ផ្តើមរួមរួមគ្នាកសាងប្រទេស ជាតិយើងឲ្យបានរុងរឿងពីថ្ងៃនេះទៅមុខ»។
លោក សម រង្ស៉ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ប្រសិន បើគ្រប់ភាគីកម្ពុជាធ្វើតាមកិច្ចព្រមព្រៀងទីក្រុងបារីស លោកជឿថា កម្ពុជា អាចការពារបូរណភាពទឹកដីបានគង់វង្សពីការប៉ុនប៉ងយកទឹកដីកម្ពុជា ហើយកម្ពុជានឹងមានរបបសេរីពហុបក្សរឹងមាំពិតប្រាកដ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសដែលមានធនធានផ្សេងៗគ្នានឹងមានឱកាសរួមគ្នាកសាងប្រទេស។
«ហើយយើងមានសេចក្តីសង្ឃឹមឡើងវិញថា ជាតិយើងនឹងរស់ ជាតិយើងនឹង ថ្កុំថ្កើងរុងរឿង»។
កិច្ចព្រមព្រៀងទីក្រុងបារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១បានធ្វើឲ្យភាគី៤ឈប់បាញ់គ្នា បង្កឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងនោះគឺជាស្នាព្រហស្ថរបស់សម្តេចឳព្រះនរោត្តមសីហនុដែលជា អ្នកផ្តួចផ្តើម។ ប៉ុន្មានឆ្នាំមុន រដ្ឋាភិបាលលុបថ្ងៃ២៣តុលាពីប្រតិទិនថ្ងៃបុណ្យជាតិដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមជំទាស់។ កាលពីថ្ងៃអង្គារគឺចំខួប២១ឆ្នាំនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីសនោះ រាជរដ្ឋាភិបាលកម្ពុជាបានសេចក្តីប្រកាសព័ត៌មានដ៏ខ្លីអំពីការសម្រេចនោះគ្មានការពន្យល់ក្បោះក្បាយនោះទេ។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា៖
«រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃ២៣តុលា ដែលជាទិវាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាថ្ងៃឈប់សម្រាក១ថ្ងៃ ពីការងាររបស់ មន្ត្រីរាជការ និយោជិក កម្មករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០១៣តទៅ»។
ការប្រកាសរបស់រាជរដ្ឋាភិបាលដោយគ្មានការពន្យល់នេះកើតឡើងក្រោយពី សម្តេចឳ ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តមសីហនុ បានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលាក្នុងព្រះជន្មាយុ៩០ព្រះវស្សាក្នុងមន្ទីរពេទ្យនៅក្រុងប៉េកាំងប្រទេសចិន។
លោក យ័ប គឹមទឹង អ្នករៀបចំការប្រារព្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅរដ្ឋវីជីនៀ ស.រ.អា. និងជាប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជា ធិបតេយ្យ បានស្វាគមន៍ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកថ្លែងថានេះជាកិច្ចការត្រឹមត្រូវដែលឲ្យខ្មែរយើងមានការរួមរួមគ្នា។
«ខ្ញុំពេលឃើញអ្នកនយោបាយស្រុកខ្មែរយើងឯកភាពគ្នា អាចដោះស្រាយគ្នា ដូចថា ដោយគិតគូរពីរឿងប្រទេសជាតិ ខ្ញុំសប្បាយចិត្ត ពីព្រោះខ្ញុំឃើញតាំងពីដើមមក ច្រើនជំនាន់មកហើយ យើងច្រើនតែគិតពីបក្ខពួក។ យើងមិនគិតពីពលរដ្ឋទូទៅទេ»។
លោកថ្លែងដូច្នេះដោយសារថា មានពលរដ្ឋខ្មែរក្រីក្រជាច្រើនដែលត្រូវគេបោះ បង់ចោល មិនគិតគូរ ដែលរឿងនេះលោកចាត់ទុកថា ជាការធ្វើឲ្យប្រទេសឃ្លីង ឃ្លោង គ្មានសន្តិភាពច្បាស់លាស់។
លោកបណ្ឌិតឡៅ ម៉ុង ហៃ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពី២១ឆ្នាំមុនគឺជាការធានាឲ្យប្រទេសកម្ពុជាមានជីវិតអមតៈ រួចពីប្រទេសមហាអំណាចនិងបណ្តាប្រទេសជាង១០ទៀត។ អ្នកនយោបាយនិងពលរដ្ឋកម្ពុជាត្រូវគិតគូរពីផលប្រយោជន៍នៃឯកសារដ៏សំខាន់នេះ។
«ខ្ញុំថា ក្នុងប្រវត្តិសាស្ត្រខ្មែរ យើងមានសំណាងហើយត្រង់ហ្នឹងព្រោះគេធានា អន្តរជាតិ គេទទួលស្គាល់ អ្នកជិតខាងទទួលស្គាល់ ធានាបូរណភាពទឹកដីរបស់ យើង»។
លោកបណ្ឌិតឡៅ ម៉ុងហៃបានអះអាងថា ប្រសិនបើភាគីខ្មែររួមគ្នាអនុវត្តកាតព្វ កិច្ចក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង នោះកម្ពុជានឹងអាចជាប្រជាជាតិមាន សុខសន្តិភាព ថែរក្សាបានបូរណភាពទឹកដី អធិបតេយ្យភាពជាតិ អព្យាក្រិត្យភាព ការអភិវឌ្ឍក្នុងរបបប្រជាធិបតេយ្យ ពហុបក្សនិយមពិតប្រាកដ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីប្រទេសការណាដាដែលលោកកំពុងបំពេញ ទស្សនកិច្ចនោះ លោក សម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ បានអះអាងថាសម្រាប់កម្ពុជា ជំហ៊ានបន្ទាប់គឺរកដំណោះស្រាយ ចរចាជាមួយប្រទេសជិតខាងដោយសន្តិវិធីតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលតម្រូវឲ្យប្រទេសជិតខាងយើងគោរពបូរណភាពទឹកដីរបស់កម្ពុជា។
«កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានមាត្រាមួយ ប្រការមួយសំខាន់ជាទីបំផុតគឺការ ការពារបូរណភាពទឹកដីប្រទេសកម្ពុជា។ ខ្ញុំឃើញថា រដ្ឋាភិបាលសម្តេចហ៊ុន សែនក៏គិតគូរដែរពីបញ្ហាបូរណភាពទឹកដីប្រទេសកម្ពុជា។ តែឥឡូវ បើយើងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសធ្វើជាមូលដ្ឋាននៃការចរចាជាមួយប្រទេសជិតខាងគឺ ជាមូលដ្ឋានរឹងមាំយ៉ាងខ្លាំង ពីព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានតម្រូវឲ្យ លុបចោលនូវសន្ធិសញ្ញាព្រំដែនណាដែលរំលោភទឹកដីប្រទេសកម្ពុជា»។
កាលពីខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបំភ្លឺរយៈពេលជាង៥ម៉ោងអំពីបញ្ហាបូរណភាពទឹកដី ដោយលោកថ្លែងការពារថា រាជរដ្ឋាភិបាលរបស់លោកមិនបានធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាទេ ហើយលោកបានវាយប្រហារតបតនឹងការចោទប្រកាន់របស់ក្រុមជំទាស់។
ក្រុមអ្នកវិភាគបាននិយាយថា ការទទួលយកថ្ងៃ២៣តុលាឡើងវិញរបស់រាជ រដ្ឋាភិបាលកម្ពុជានឹងធ្វើឲ្យអ្នកនយោបាយក្នុងប្រទេសមានជំហររួមចំពោះ ការការពារបូរណភាពដែនដី ហើយនឹងកាត់បន្ថយការវាយប្រហារគ្នាដែលប៉ះពាល់ដល់ស្ថិរភាពនយោបាយក្នុងប្រទេស។
ប្រទេសកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដូចជាវៀតណាម ថៃ និងឡាវ រាប់សិបទសវត្សរ៍ ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភ បំពានទឹកដីដែលជាបញ្ហារសើបក្នុងប្រទេសនីមួយៗ។ ប្រទេសកម្ពុជាបានបន្តដោះស្រាយបញ្ហាជំលោះព្រំដែនតាមរយៈទ្វេរភាគីជាមួយប្រទេសជិតខាងផង នឹងដោះស្រាយដោយប្រើយន្តការអន្តរជាតិផងដែរ មកដល់ពេលនេះ៕