ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអធិប្បាយយ៉ាងប្រយត្នប្រយ៉ែងនៅថ្ងៃព្រហស្បតិ៍នេះអំពីសា្ថនភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញរបាយការណ៍ទៅកាន់អង្គការសហប្រជាជាតិដែលទាក់ទាញប្រតិកម្មពីសហគមន៍អន្តរជាតិយ៉ាងខ្លាំង។
លោក សូរីយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញរបាយការណ៍របស់ខ្លួនជូនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃអង្គារ។
របាយការណ៍អំពីផលប៉ះពាល់នៃច្បាប់បោះឆ្នោតលើការបោះឆ្នោតឆ្នាំក្រោយ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានរារាំងកិច្ចអភិវឌ្ឍជាជាងជួយដល់កិច្ចអភិវឌ្ឍហើយការផ្តល់ដីសម្បទាននេះបានកកេរស្ថិរភាពរបស់ប្រទេស។ ក្នុងនោះមន្ដ្រីអង្គការសហប្រជាជាតិស្នើថាគួរមាននយោបាយច្បាស់លាស់ និងប្រកបដោយការគោរពសិទ្ធិប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច។
របាយការណ៍អំពីផលប៉ះពាល់នៃច្បាប់បោះឆ្នោតលើការបោះឆ្នោតឆ្នាំក្រោយ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានរារាំងកិច្ចអភិវឌ្ឍជាជាងជួយដល់កិច្ចអភិវឌ្ឍហើយការផ្តល់ដីសម្បទាននេះបានកកេរស្ថិរភាពរបស់ប្រទេស។ ក្នុងនោះមន្ដ្រីអង្គការសហប្រជាជាតិស្នើថាគួរមាននយោបាយច្បាស់លាស់ និងប្រកបដោយការគោរពសិទ្ធិប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច។
លោកឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទស្តីពីអំពើពុករលួយក្នុងទីក្រុងភ្នំពេញដោយមិនទទួលស្គាល់ចំៗពេកពីផលអវិជ្ជមាននៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស ប៉ុន្តែលោកក៏មិនទទួលស្គាល់របាយការណ៍ដែលមានចំណុចមិនល្អជាច្រើនរបស់លោក ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី ដែរ។
«បើខ្ញុំនិយាយថា សភាពការណ៍សិទ្ធិមនុស្សនៅកម្ពុជាល្អហើយក៏ដូចជាមិនត្រឹមត្រូវប៉ុន្មាន។ ឯលោក សូរីយ៉ា ស៊ូបេឌី ធ្វើរបាយការណ៍អញ្ចឹងក៏មិនល្អប៉ុន្មានដែរ»។
សេចក្ដីអត្ថាធិប្បាយដោយប្រុងប្រយត្នរបស់លោកឱម យិនទៀង ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មចម្រុះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
យោងតាមព័ត៌មានផ្លូវការក្នុងគេហទំព័ររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឲ្យដឹងថា ប្រទេសជប៉ុនបានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួនស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទាក់ទងនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ចហើយជំរុញឲ្យកម្ពុជាទប់ស្កាត់ការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ។ ជប៉ុនបានបញ្ជាក់ដែរថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺជាសរសរគ្រឺះនៃលទ្ធិប្រជាធិបតេយ្យ។ ដំណាលគ្នានេះ សហគមន៍អឺរ៉ុបក៏បានអំពាវនាវឲ្យកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់បរិយាកាសនយោបាយសេរីដែលនឹងផ្តល់អំណោយផលដល់ការបោះឆ្នោតមួយត្រឹមត្រូវ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលោក សូរីយ៉ា ប្រាសាទ ស៊ូបេឌី យល់ថាមិនមានអ្វីមើលឃើញឲ្យច្បាស់ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋខ្មែរនោះ។
លោកឱម យិនទៀង បាននិយាយនៅថ្ងៃនេះដែរថា លោកស៊ូបេឌី ធ្វើការកៀបសង្កត់តុលាការខ្មែរ ហើយរបាយការណ៍របស់លោកស៊ូបេឌី មានលក្ខណៈជាការឃោសនាបោះឆ្នោត៕