រដ្ឋាភិបាល​កម្ពុជា​សម្រួល​ការ​ជួបជុំ​ក្រុម​អាវ​ក្រហម​ថៃ​នៅ​សៀមរាប​

អតីត​នាយក​រដ្ឋមន្ដ្រី​ថៃដែល​​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កំពុង​ប្រុងប្រៀប​រៀបចំ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​រោង ​រដ្ឋា​ភិបាល​កម្ពុជា​ក៏បាន​រៀបចំ​ឲ្យមាន​ការជួបជុំ​ដ៏ធំ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​រវាង​ក្រុម​អ្នក​នយោបាយ​អាវ​ក្រហម​នៃ​គណបក្ស​ភឿថៃ​ដែល​កំពុង​កាន់​អំណាច​ជាមួយ​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់ ​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃដែលត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង។ ​ការជួបជុំ​នោះ​គឺ​នៅ​ចំ​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តែម្តង។

មន្ដ្រី​ផ្លូវការ​កម្ពុជា​បាន​ហៅ​ការផ្តល់​ជម្រក​នៃ​ការជួបជុំ​នេះ​ថា​ គឺ​ជា​ស្ពាន​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​និង​ថៃ​ ក៏ប៉ុន្ដែ​មន្ដ្រី​គណបក្ស​ជំទាស់​និង​អ្នកវិភាគ​មើល​ឃើញ​ថា ​ជា​កត្តា​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កម្ពុជា។

លោក ​ស៊ូ ​ភារិន្ទ​ អភិបាល​ខេត្ត​សៀម​ដែល​សម្បូរ​ដោយភ្ញៀវ​ទេសចរ​បាន​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​ថាក់ស៊ីន ​នឹង​ចូល​មក​កម្ពុជា​តាមការ​ហោះហើរ​ពី​ប្រទេស​ឡាវ ​ហើយ​នឹង​ស្នាក់​នៅ​ក្នុង​ខេត្ត​នៃ​ប្រាង្គ​ប្រាសាទ​បុរាណ​របស់​ខ្មែរ​ចំនួន​ពីរ​ថ្ងៃ។

«គឺ​ក្រុម​អាវក្រហម​មក​សម្ដែង​ការ​គួរ​សម​នៅ​រសៀល​ថ្ងៃទី ​១៤​ ខែ​មេសា។ ​ជា​ជំនួប​ធម្មតា ​រួច​ហើយ​ថ្ងៃ​១៥ ​គាត់​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន​២៦០ ​អង្គ​ដែល​ជា​ចំនួន​សមាជិក​សភា​របស់​គាត់។ ​បន្ទាប់​មក​គាត់​ងូត​ទឹក​លា​បំណន់​នៅ​មុខ​អង្គរ​ ហើយ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា»

ក្រុម​អជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ​សកម្មជន​អាវក្រហម​នៃ​គណបក្ស​ភឿថៃ​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​មកកាន់​ខេត្ត​សៀមរាប​ចាប់តាំង​ពី​ថ្ងៃ​ពុធ​តាម​ច្រក​អន្ដរជាតិ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមាន​ជ័យ។ លោក​ស៊ូ ភារិន្ទ​ រំពឹង​ថា ​សមាជិក​ក្រុម​អាវក្រហម​នឹង​អាច​កើន​ដល់​ចំនួន​៥ម៉ឺន​នាក់។ ហើយ​អាជ្ញាធរ​ខេត្ត​បាន​បម្រុង​ទីតាំង​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ចម្ងាយ​ប្រមាណ​ពីរគីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប។

«ចំនួន​ពី​៣ម៉ឺន ដល់​ជាង៥ម៉ឺន​នាក់។ ​ថ្ងៃនេះ​ពួកគេ​កំពុង​មក​បណ្ដើរៗ ​ហើយ​នៅ​ថ្ងៃ​ស្អែក​គេ​នឹង​មក​ជុំគ្នា​អស់។ ខ្ញុំ​រៀបចំ​ដី​ឲ្យ​ចំនួន ​២២​ហិកតា​ដើម្បី​គាត់​អាច​បោះជំរុំ​ទទួល​លោក​ថាក់ស៊ីន»។

លោក​ថាក់ស៊ីន ​ស៊ីណាវ៉ាត់ ​ត្រូវ​ទម្លាក់​ចេញពី​ដំណែង​នាយក​រដ្ឋមន្រ្តី​កាលពី​ខែ​កញ្ញា​ ឆ្នាំ ​២០០៦ ដោយ​រដ្ឋ​ប្រហារ​យោធា។​ បន្ទាប់​មក​តុលាការ​ថៃ​បាន​ផ្តន្ទាទោស​លោក​ដោយ​កំបាំងមុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ។ បច្ចុប្បន្ន​លោក​កំពុង​ភៀសខ្លួន​ក្នុង​ក្រុង ​ឌូបៃ នៃ​ប្រទេស​អារ៉ាប់​រួម។

លោក​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ប្រទេសថៃ​និង​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជាពិសេស​តាមរយៈ​ភាពជិតស្និទ្ធ​របស់​លោក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក ​ហ៊ុន​ សែន។ ហើយ​ភាពជិត​ស្និទ្ធ​នេះ​បាន​នាំឲ្យ​មាន​អរិភាព​ការទូត​រវាង​ប្រទេស​ទាំងពីរ​ទៅវិញ​នៅ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ​បាន​តែងតាំង​លោក ​ថាក់ស៊ីន ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ក្រោយ​ពេល​ដែល​លោក​អស់​អំណាច។

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​អំពី​នយោបាយ​កម្ពុជា​មាន​ប្រសាសន៍​ថា ស្វាគមន៍​លោក​ថាក់ស៊ីន ​ស៊ីណាវ៉ាត់ ​ដ៏ធំដុំ​នៅ​ពេលនេះ​មិន​មែន​ជាសញ្ញា​ល្អ​នោះ​ទេ។

«ជា​ការ​ល្អ​ហើយ​ដែល​យើង​មាន​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល។ ​ ប៉ុន្ដែ​យើង​គួរពិចារណា​ផងដែរ​ថា ​តើ​យើង​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គេ​ទេដឹង? គាត់​មិន​ទាន់​ជ្រះស្រឡះ​អំពី​រឿង​ច្បាប់​នៅ​ស្រុក​គាត់។ ចុះ​បើ​សិន​ជា​ថ្ងៃក្រោយ​ បើ​សិន​ជា​មាន​មេដឹកនាំ​ខ្មែរ​ទៅ​ធ្វើ​កិច្ច​ប្រជុំ​របៀប​អញ្ចឹង ​យើង​គិត​យ៉ាងម៉េច? ទី១​គឺ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផង ​និង​ទី​ពីរ​គឺ​ប៉ះពាល់​ដល់​គោលការណ៍​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​រៀងៗ​ខ្លួន»។

ស្រដៀង​គ្នានេះ​ដែរ ​លោក ​កឹម​ សុខា​ ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​មួយ​មាន​បី​អសនៈ​ក្នុង​រដ្ឋសភា​បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការរៀបចំ​ឲ្យ​មាន​ជំនួប​របស់​លោក ថាក់ស៊ីន ​ជាមួយ​នឹង​សមាជិក​និង​មេដឹកនាំ​គណបក្ស​ភឿថៃ​នេះ។

«អាហ្នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្រុក​យើងថ្ងៃ​ក្រោយ។ ​ពីព្រោះ​ប្រទេស​ថៃ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាធិប​តេយ្យ ​ហើយ​មិន​ប្រកដ​ថា បក្ស​មួយ​កាន់​អំណាច​យូរ​រហូត​ដូច​បក្ស​ប្រជាជន​អញ្ចឹង​ទេ។ យើង​ធ្វើ​នេះ​គឺ​ថា​យើង​គាំ​ទ្រ​ម្ខាងៗ ​ហើយ​ប្រយ័ត្នថ្ងៃ​ក្រោយ​គេ​លូក​ដៃ​យើង​វិញ ​អាហ្នឹង​យើង​នឹង​ថា​ឲ្យ​គេ»។

ថ្វីបើ​ដូច្នេះ​លោក​ស៊ូ ​ភារិន្ទ ​បាន​ហៅ​ការរៀបចំ​ឲ្យ​មាន​ជំនួប​រវាង​លោក​ថាក់ស៊ីន​ និង​សមាជិក​នយោបាយ​នៃ​គណបក្ស​ភឿថៃ​ក្នុង​ពេលនេះ​ថាគឺ​ជា​ទស្សនវិស័យ​យូរ​អង្វែង​របស់​រាជ​រដ្ឋាភិបាល។

«បង​ប្អូ​នអាវ​ក្រហម​មក​តាម​ផ្លូវការ ​គេ​មាន​លិខិត​ឆ្លង​ដែន​របស់​គេ​ត្រឹមត្រូវ។ ​គាត់​ជួបជុំ​គ្នា​នា​ខែ​ចូល​ឆ្នាំ​ដោយសារ​គាត់​នៅ​ជាទណ្ឌិត​ គាត់​មិន​អាច​ជួបជុំ​នៅ​ប្រទេស​គាត់​បាន​ ហើយ​គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋា​ភិបាល​យើង​ ដូច្នេះ​យើង​ក៏​សម្ដែង​គុណធម៌​ទៅវិញ​ក្នុង​ន័យ​ថា ​បើ​បាន​រដ្ឋាភិបាល​ដូច​សព្វថ្ងៃ​យើង​ចេះ​តែ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​ មិន​មាន​ចម្បាំង​តាម​ព្រំដែន។ ការ​រក​ស៊ី​ទៅ​វិញ ទៅ​មក​ប្រទេស​យើង​ទាំង​សង​ខាង​បាន​សុខ ​ហើយ​សុខ​ទៅ​គឺ​មានការអភិវឌ្ឍ។​យើង​ចង់​មានន័យ​យូរ​អង្វែង​ដូច្នេះ»

កម្ពុជា​និង​ថៃ​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​គ្នា​នៅតាម​តំបន់​ព្រំដែន​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ ​២០០៨ ​មកម្លេះ។ កងទព័​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​ខ្សែ​ត្រៀម​ជួរ​មុខ​រៀងៗ​ខ្លួន​នៅ​ឡើយ​បើទោះបី​ជា​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ បាន​សម្រេច​ឲ្យ​ភាគី​ទាំង​ពីរ​ដក​កងទព័​ចេញ​ពី​តំបន់​ជម្លោះ​ហើយ​អនុញ្ញាត្តិ​ឲ្យ​មាន​កងទព័​សង្កេតការណ៍​ពី​ប្រទេស​ឥណ្ឌូ​ណេស៊ី​ក៏ដោយ៕