រដ្ឋាភិបាល​ប្រកាស​កាន់​ទុក្ខ​សម្តេច​ឪ​រយៈពេល​៧ថ្ងៃ​លើក​ទី២​

​ថ្ងៃ​កាន់​មរណទុក្ខ​គោរព​វិញ្ញាណ​ក្ខន្ធ​ជាផ្លូវការ​លើក​ទីពីរ​រយៈពេល​៧ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ថ្ងៃទី​០១​ខែកុម្ភៈ​រហូត​ដល់​ថ្ងៃទី​៧​ខែ​កុម្ភៈ។​

ភ្នំពេញ​៖ នៅមិន​ដល់មួយ​ខែទៀត​តែប៉ុណ្ណោះ ​ព្រះបរម​រតនៈកោដិ​របស់​សម្តេច​ឪ​នរោត្តម​សីហនុ​នឹង​ត្រូវ​ដង្ហែចេញ​ពីព្រះ​បរម​រាជវាំង​យក​មក​តម្កល់ទុក​ក្នុង​វាល​ព្រះមេរុ​ រយៈពេល​បីថ្ងៃ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​បូជា។​

ព្រះបរម​រតនៈកោដិ​របស់​សម្តេច​ឪ​នរោត្តម​សីហនុ​គ្រោង​នឹង​ត្រូវ​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជវាំងក្នុង​អំឡុង​ថ្ងៃទី១​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ហើយ​ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​វាល​ព្រះមេរុ​ចំនួន​បី​ថ្ងៃ​មុន​ពេល​ធ្វើ​ព្រះរាជពិធី​បូជា​នៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ​ខាង​មុខនេះ ​បើពុំមាន​អ្វីប្រែប្រួល។

មុនពេល​ដង្ហែព្រះ​បរមរតនៈ​កោដិ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានចេញ​សារាចរ​ណែនាំ​មួយ​ដោយ​បាន​កំណត់​ប្រកាស​ថ្ងៃ​កាន់​មរណទុក្ខ​គោរព​វិញ្ញាណ​ក្ខន្ធ​ជាផ្លូវការ​លើក​ទីពីរ​រយៈពេល​៧ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ថ្ងៃទី​០១​ខែកុម្ភៈ​រហូត​ដល់​ថ្ងៃទី​៧​ខែ​កុម្ភៈ។​

ក្នុង​រយៈពេល​កាន់​មរណទុក្ខនេះ​ គ្រប់​ក្រសួង​ស្ថាប័នគ្រឹះស្ថាន​សារធារណៈ​និង​ឯកជន​ព្រមទាំង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​មួយ​ភាគបី​និង​ត្រូវតុបតែង​សញ្ញា​មរណទុក្ខ​លើព្រះ​ឆាយាលក្ខណ ​ហើយ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ពាក់​សញ្ញា​កាន់​មរណទុក្ខ​ក្នុង​រយៈ​ពេល​នៃការ​កាន់​ទុក្ខ​នេះ។​

នៅ​ក្នុង​សារាចរណែនាំ​ដែល​មាន​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ កាលពីថ្ងៃទី​៨​ម្សិល​មិញ​នេះ ​ហើយ​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​និង​ឯកជន​ ព្រមទាំង​កន្លែង​កំសាន្ត​សប្បាយ​ត្រូវផ្អាក​ការ​ផ្សាយ​ទស្សនីយភាព​ ការ​សម្តែង​និង​ការ​ប្រគុំ​ដន្ត្រី​ផ្សេងៗ​ដែល​មាន​លក្ខណះ​គគ្រឹក​គគ្រេង​ក្នុងរយៈ​ពេល​៧ថ្ងៃ។
មន្ត្រីរាជការ​ទាំងអស់​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​នៅថ្ងៃ​ទី​០១​ខែ​កុម្ភៈ​ដែល​ជាថ្ងៃព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះបរម​សព​ និង​ថ្ងៃ​ទី០៤​ខែ​កុម្ភៈ​ដែល​ជាថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព។

លោក​គង់ សំអុល​ រដ្ឋមន្ត្រី​ព្រះ​បរមរាជ​វាំង ​ធ្លាប់​បាន​និយាយ​ថា​ យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៩០​នាក់​នឹង​ធ្វើ​ពិធី​កោរ​សក់​ដើម្បី​បួស​ថ្វាយ​មុខព្រះ​ភ្លើង​សម្តេច​ឪ។ ​អ្នកដែល​ត្រូវ​កោរ​សក់​មាន​ចំនួន​៦៩​រូប​ មកពី​តាម​បណ្តា​ខេត្ត​ទាំង​២៣​ ក្នុងនោះ​១១​រូប​មក​ពីទីក្រុង​ភ្នំពេញ​ និង​សមាជិក​រាជ​វង្សានុវង្ស។​
លោក​បាន​និយាយ​ថា​ អ្នកដែល​ត្រូវ​បួស​មុខព្រះ​ភ្លើង​គឺគ្រង​សម្លៀក​បំពាក់​សំពត់​សម្លុយ​អាវស​ និង​ពាក់​ស្បែកជើង​ផ្ទាត់​ធម្មតា​ ព្រម​ទាំង​ពាក់​មួក​លំផត​ដែល​មាន​ចុង​ស្រួច​ឡើង​ទៅ​លើ។​
ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ អតីត​ព្រះរាជ​លេខា​ផ្ទាល់​សម្តេច​ឪ​នរោត្តម​សីហនុ​ បាន​មានបន្ទូល​ថា​ មកដល់​ពេល​នេះ​មាន​សមាជិក​រាជវង្សានុវង្ស​ប្រមាណ​ជាង​២០​អង្គហើយ​បាន​សម្រេច​កោ​ព្រះកេសា​ដើម្បី​បួស​មុខព្រះ​ភ្លើង។​
ព្រះអង្គ​មាន​បន្ទូល​ថា ​សមាជិក​រាជវង្សានុវង្ស​ដែល​បាន​សម្រេច​ព្រះទ័យ​កោ​ព្រះ​កេសា​ រួមមាន​ព្រះអង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ​ ព្រះអង្គម្ចាស់​ច័ក្រពង្ស់​ ព្រះអង្គម្ចាស់​នរោត្តម​សេរី​វុធ ​ព្រះ​អង្គម្ចាស់​នរោត្តម​សេរីរ័ត្ន ​និង​ព្រះ​អង្គម្ចាស់​ធម្មិកោ​ផង​ដែរ។
«ចំពោះ​ខ្ញុំផ្ទាល់​គឺ​ព្រះ​ករុណា​ព្រះ​បីតា​ហ្នឹង​ខ្ញុំទុក​ព្រះអង្គ​ជា​ព្រះបីតា​ខ្ញុំ​ផ្ទាល់​ទៅ​ហើយ​ ដូច្នេះ​ខ្ញុំត្រូវ​តែ​បួស​ដើម្បី​សម្តែង​នូវ​សេចក្តី​កត្តញូ​របស់​ខ្ញុំ​ចំពោះ​លោក»។​
សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយ​ទិវង្គត់​កាល​ពីថ្ងៃទី​១៥​ខែ​តុលា​ នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ប្រជាមានិត ​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ក្នុង​ព្រះ​ជន្ម៩០​ព្រះ​វស្សា។​
ព្រះ​បរមសព​សម្តេច​ឪ​បាន​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​ចំនួន​បី​ខែ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតនៈ​កោដិ​យក​ទៅ​បូជា​នៅ​វាល​ព្រះ​មេរុ៕