ស្ដ្រីនៃប្រទេសកម្ពុជា ក៏ដូចជាស្ដ្រីនៅបណ្តាប្រទេសអាស៊ីបូព៌ា ប៉ាស៊ីហ្វិចដែរ នៅតែមានឱកាសតិចតួច និងមានឥទ្ធិពលតិចជាងបុរសនៅក្នុងសង្គម។ នេះគឺជារបាយការណ៍របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ។
របាយការណ៍ស្ដីពី«ឆ្ពោះទៅរកសមភាពយេនឌ័រ» ឬ ភាពស្មើគ្នារវាងបុរស និងស្ដ្រីនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិចបង្ហាញថា កុមារីនៅតំបន់នេះមានអត្រាចូលរៀនខ្ពស់បំផុតធៀបនឹងចំនួនកុមារានៅក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងពិភពលោក។ របាយការណ៍បន្ថែមថា ស្ដ្រីនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិចចំនួន៧០ភាគរយ ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច គឺជាតួលេខដែលស្ដ្រីចូលរួមក្នុងការគ្រប់គ្រង និងធ្វើជាម្ចាស់ក្រុមហ៊ុននៅតំបន់នេះក៏មានចំនួនច្រើនជាងនៅតំបន់កំពុងអភិវឌ្ឍដទៃទៀតដែរ។
ប៉ុន្តែរបាយការណ៍ដែលរៀបរៀងរួមគ្នាដោយលោកអេនឌ្រូវ ម៉េសាន់ (Andrew Mason) និងលោកស្រី រីណា បាឌីយ៉ានី (Reena Badiani) បញ្ជាក់ថា គម្លាតរវាងស្ដ្រី និងបុរសអំពីយេនឌ័រក្នុងកាលានុវត្តភាពសេដ្ឋកិច្ចនិងសំឡេង រួមទាំងឥទ្ធិពលនានានៅតែបន្តកើតមានក្នុងតំបន់នេះនៅឡើយ ជាពិសេសក្នុងការរស់នៅក្នុងគ្រួសារ ក្នុងផ្នែកនយោបាយ និងសង្គមស៊ីវិល។ រីឯការរកប្រាក់ចំណូលរបស់ស្ដ្រីក៏នៅមានកម្រិតមិនទាន់ប្រៀបធៀបបានជាមួយបុរសនៅឡើយ។ នេះជាការកត់សម្គាល់ក្នុងរបាយការណ៍នៃធនាគារពិភពលោក។
លោក Andrew Mason អ្នកសហការរៀបរៀងរបាយការណ៍ មានប្រសាសន៍ថា នៅក្នុងសន្និសីទកាសែតរបស់ធនាគារពិភពលោកតាមវីដេអូពីទីក្រុងបាងកកឲ្យថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិចនៅតែប្រឈមនឹងបញ្ហាយេនឌ័រ និងការអប់រំជាមូលដ្ឋាន។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមនោះ។
«ឧទាហរណ៍ នៅក្នុងកម្រិតមធ្យមសិក្សា យើងបានឃើញថា មានតែយុវនារីចំនួន ៨៥ភាគរយប៉ុណ្ណោះបានចូលរៀន បើធៀបនឹងចំនួនយុវជន។ ដូច្នេះនៅមានគម្លាតនៃការអប់រំដែលត្រូវបំពេញ។ ដូចជានៅប្រទេសថៃដែរ យើងបានឃើញមានកម្លាំងពលកម្មស្ដ្រីខ្ពស់ខ្លាំងក្នុងការងារនៅប្រទេសកម្ពុជា ហើយយើងក៏ឃើញស្រ្ដីមានចំនួនច្រើនខ្លាំងដែរ ក្នុងការងារកសិកម្មប្រចាំគ្រួសារនិងក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ស្ដ្រីរកប្រាក់ចំណូលបាន៧៥សេនក្នុងមួយនៅពេលដែលបុរសរកបានមួយដុល្លារ។ ដូច្នេះនៅមានគម្លាតក្នុងការទទួលបានប្រាក់ចំណូលផងដែរ»។
លោក Andrew Mason សង្កត់ធ្ងន់ថា យេនឌ័រគឺជាទ្រព្យសម្បត្តិផ្នែកសេដ្ឋកិច្ច និងផលិតកម្មយ៉ាងសំខាន់សម្រាប់តំបន់នេះ។
ជាមួយគ្នានេះ អ្នកស្រី រីណា បាឌីយ៉ានី (Reena Badiani) មានប្រសាសន៍ថា ស្ដ្រីនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកប្រឈមគ្រោះថ្នាក់ច្រើនជាងបុរសចំពោះអំពើជួញដូរមនុស្ស។
វីអូអេបានព្យាយាមទាក់ទងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជន និងលោកស្រី ស៊ី ដេហ្វ៊ីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងនេះ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដែលជាថ្ងៃឈប់សម្រាករបស់រាជការខ្មែរ។
ដោយឡែកលោកស្រី ហ៊ុន ផាណ្ណា នាយិការស្ដីទីរបស់អង្គការអភិវឌ្ឍន៍ស្រ្តីកម្ពុជាមានប្រសាសន៍ស្របនឹងរបាយការណ៍នៃធនាគារពិភពលោកដែរ។
«ស្រ្តីរកដែរ តែរកបានប្រាក់កំរៃមិនខ្ពស់ដូចបុរស។ តាមការធ្វើការងាររបស់ខ្ញុំ ស្ដ្រីរងគ្រោះ និងងាយរងគ្រោះជាងបុរស។ គឺថា ការជួញដូរគឺផ្តោតលើស្ដ្រី និងកុមារជំទង់ ទាំងផ្នែកជួញដូរផ្លូវភេទទាំងផ្នែកជួញដូរពលកម្ម»។
របាយការណ៍របស់ធនាគារពិភពលោកផ្តល់អនុសាសន៍ថា ការជំរុញសមភាពយេនឌ័រនៅតែជាអាទិភាពសម្រាប់តំបន់ ចាត់វិធានការបង្រួមគម្លាតផ្នែកសេដ្ឋកិច្ចនៃមនុស្សទាំងពីរភេទ ពង្រឹងភ្នាក់ងាររបស់ស្ដ្រី និងជាពិសេសពង្រឹងតួនាទីរបស់រដ្ឋបាលសាធារណៈសម្រាប់លើកស្ទួយស្ដ្រី៕