លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាប្រធានសហភាពសហជីបកម្ពុជាបានដឹកនាំមហាបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំជាលើកដំបូង បន្ទាប់ពីបានបែកបាក់គ្នាជាមួយនឹងលោកជា មុន្នី ប្រធានសហជីបសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងតិចមានក្រុមកម្មការី និងកម្មការីនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់តៃណាន ប្រមាណជិត៤,០០០នាក់បានចូលរួម ដោយបានដើរក្បួនដង្ហែដោយស្ងាត់ស្ងៀមចេញពីរោងចក្ររបស់ខ្លួនដែលមានទីតាំងនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៤។
ការធ្វើមហាបាតុកម្មដោយសន្តិវិធីនេះត្រូវបានកម្លាំងសមត្ថកិច្ចប្រមាណជិត ១,០០០នាក់ ប្រដាប់ដោយអាវុធ ខែល និងដំបង់ឆក់ ព្រមទាំងរថយន្តបាញ់ទឹកបានរាំងខ្ទប់។
យ៉ាងតិចមានក្រុមកម្មករប្រមាណបួនទៅប្រាំនាក់ បានរងរបួសតិចតួចដោយសារតែមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅពេលដែលពួកគេព្យាយាមទំលុះរបាំងការពាររបស់ប៉ូលីស។ ក្រុមកម្មករត្រូវបានរាំងខ្ទប់ដោយសមត្ថកិច្ចរាប់សិបនាក់មិនឲ្យធ្វើដំណើរមកដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងការងារទេ ហើយពួកគេបានសម្រេចចិត្តអង្គុយលើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីរង់ចាំលទ្ធផលការចរចារវាងដំណាងសហជីពក្រសួងការងារ និងតំណាងរោងចក្រ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដែលបានដឹកនាំធ្វើមហាបាតុកម្មនេះបានបញ្ជាក់ថា ក្រុមកម្មករមានគម្រោងដាក់ញត្តិទៅស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងការងារដើម្បីឲ្យជួយរកដំណោះស្រាយលក្ខខណ្ឌការងារដល់ក្រុមកម្មករចំនួនប្រាំចំណុច។
«យើងចង់ឲ្យធ្វើយ៉ាងណាត្រូវតែផ្តល់ដំណោះស្រាយជូនកម្មករជាបន្ទាន់ ហើយចៀសវាងឲ្យនិយោជកដើរទិញ គំរាមគំហែងយកលុយទៅបិទមាត់កម្មករទៅទិញប្តីឥតបាន ទៅទិញប្រពន្ធ ទៅបុករុកឪពុកម្តាយ។ វាជារឿងអាក្រក់ណាស់»។
បន្ទាប់ពីមានការរាំងខ្ទប់ក្រុមកម្មករ ប៉ុន្មានម៉ោងក្រោយមកមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារចំនួនពីរនាក់ បានមកព្យាយាមសម្របសម្រួលជាមួយក្រុមកម្មករ។
«សំណូមពររបស់ក្រុមកម្មករ មានទាំងអស់ចំនួនប្រាំចំណុច ហើយយើងដឹងថាចំណុចទី២, ៣ និងទី៤ហ្នឹង គឺថ្ងៃ១១ យើងប្រជុំ។ ហើយយើងបានឲ្យតំណាងខាងនិយោជកមកដោះស្រាយរឿងបញ្ហាហ្នឹង»។
ក្រុមកម្មការី និងកម្មការីនីនៃរោងចក្រតៃណាន អតីតរោងចក្រតៃយាន១ និងតៃយាន២ និងខេមវែល បានធ្វើកូដកម្មតាំងពីថ្ងៃទី២៥ ខែមិថុនា កន្លងមកម្ល៉េះ ដើម្បីទាមទារលក្ខខណ្ខការងារចំនួនប្រាំចំណុច ក៏ប៉ុន្តែនៅតែពុំមានដំណោះស្រាយ ទើបក្រុមកម្មករបានសម្រេចប្រែក្លាយពីការធ្វើកូដកម្ម មកដើរជាក្បួនដង្ហែលក្ខណៈទ្រង់ទ្រាយធំតែម្តង។
កម្មការីនីមួយរូបឈ្មោះ រ៉េត ឡៃ អាយុ២៤ឆ្នាំ ដែលបានចូលរួមជាមួយនឹងក្រុមកម្មករផ្សេងទៀតបាននិយាយថាក្រុមហ៊ុនមិនបានដោះស្រាយចំពោះការទាមទាររបស់ពួកគេទេ។ ក៏ប៉ុន្តផ្ទុយទៅវិញបែរជាដើរទិញទឹកចិត្តដល់តំណាងសហជីពដែលហ៊ានតវ៉ាប្រឆាំង។
«និយាយរួមគេអាងទឹកលុយយកដើរទិញទឹកចិត្តកម្មករតាមផ្ទះ បង្ខិតបង្ខំ។ ជួនកាលឲ្យមេៗ យកឡានទៅដឹកកូនចៅទៅចូលក្រុងរោងចក្រ។ ហើយពួកខ្ញុំឥតចង់បានអញ្ចឹងទេពួកខ្ញុំចង់បានយុត្តិធម៌ គឺឥតចង់ឲ្យមានពុករលួយទេចង់ឲ្យមានដំណោះស្រាយ»។
តំណាងរោងចក្រតៃណាន មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែលោក សាទ សមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារដែលបានចុះទៅសម្របសម្រួលនៅកន្លែងកើតហេតុបាននិយាយថា ក្រសួងការងារកំពុងតែព្យាយាមរកដំណោះស្រាយរវាងក្រុមកម្មករ និងរោងចក្រ។
«ថ្នាក់ជាតិហ្នឹង កំពុងមើលថាតើក្រុមហ៊ុនហ្នឹងគាត់បានបន្លំដូរឈ្មោះរោងចក្រហ្នឹង តើថៅកែដដែល ឬក៏គាត់ចង់បំបាត់អតីតភាពរបស់កម្មករ។ ដូច្នេះយើងនឹងពិនិត្យជាមួយគ្នា ប៉ុន្តែចង់ឲ្យខាងភាគីលោករ៉ុង ឈុន ហ្នឹងយោគយល់ ឥឡូវធ្វើដល់ថ្នាក់ជាតិហើយ»។
នៅក្នុងលិខិតមួយច្បាប់របស់ក្រុមកម្មករបានទាមទារឲ្យក្រុមហ៊ុននៃរោងចក្រតៃណានទូទាត់ប្រយោជន៍ចំពោះការប្តូរឈ្មោះក្រុមហ៊ុន សុំសោហុយធ្វើដំណើរ ប្រាក់រង្វាន់ទៀងទាត់ប្រចាំខែ និងកុំឲ្យក្រុមហ៊ុនកាត់មុខដំណែង នៅពេលដែលមានថ្នាក់ដឹកនាំសុំច្បាប់ឈប់សម្រាកប្រមាណបីថ្ងៃឡើងទៅ៕