ពួកគេព្រមានថាកង្វះថវិកានឹងនាំឲ្យគាំងដំណើរការរកយុត្តិធម៌ហើយបំផ្លាញសមិទ្ធផលរបស់តុលាការ។
វ៉ាស៊ីនតោន៖ ក្រុមអ្នកឃ្លាំមើលនិងមន្ត្រីសាលាក្តីនិយាយថាក្រុមប្រទេសផ្តល់ជំនួយមិនទាន់បានផ្តល់ថវិកាគ្រប់គ្រាន់សម្រាប់បន្តដំណើការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនោះទេជាពិសេសសម្រាប់ការចំណាយចុងឆ្នាំនេះនិងថវិកាសម្រាប់គាំទ្រដំណើរការឆ្នាំ២០១៣។ ពួកគេព្រមានថាកង្វះថវិកានឹងនាំឲ្យគាំងដំណើរការរកយុត្តិធម៌ហើយបំផ្លាញសមិទ្ធផលរបស់តុលាការ។
ក្រុមអ្នកជំនាញនិងម្ចាស់ជំនួយខ្លះនិយាយថាសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.បត្រូវការទឹកបា្រក់៤លានដុល្លារ សម្រាប់ខែវិច្ឆិកាដល់ខែធ្នូខាងមុខហើយនិងត្រូវការទឹកប្រាក់ជាង៣៦លានដុល្លារទៀតសម្រាប់ឆ្នាំ២០១៣ដើម្បីកាត់ទោសជនជាប់ចោទពីបទទទួលខុសត្រូវលើការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថាមកទល់ពេលនេះពុំមានការសន្យាធំដុំពីប្រទេសម្ចាស់ជំនួយទេ។
«សម្រាប់ភាគីអន្តរជាតិគឺគាត់នឹងជួបប្រទះនូវបញ្ហាថវិកានៅចុងឆ្នាំនេះហើយយើង មិនទាន់ដឹងថានៅឆ្នាំ២០១៣យើងមានថវិកាគ្រប់គ្រាន់តាមគម្រោងផែនការរបស់យើងដែរឬយ៉ាងម៉េចទេ»។
នៅក្នុងរបាយការណ៍លម្អិត២២ទំព័រជាភាសាអង់គ្លេសកាលពីខែកញ្ញាចែកជូនទៅដល់សមាជិកអ.ស.បជាង១៩០ប្រទេសក្នុងអំឡុងពេលមហាសន្និបាតអ.ស.បនៅឯបូរីញ៉ីវយ៉ក លោក បាន គីមូន អគ្គលេខាធិការអ.ស.បអះអាងក្នុងរបាយការណ៍ដែលវីអូអេទទួលបាននោះថាការបរិច្ចាគថវិកាជាបន្ទាន់និងមានសារៈសំខាន់នោះគឺជាតម្រូវការសម្រាប់ធានាមិនឲ្យមានមហន្តរាយដល់ប្រតិបត្តិការនៃសាលាក្តី។ លោកបានបញ្ជាក់ថា៖
«ការដាក់ដំណើរការតុលាការនានានៅចំពោះមុខអង្គជំនុំជម្រះឲ្យស្ថិតក្នុងគ្រោះថ្នាក់ដោយសារកង្វះថវិកាអាចធ្វើឲ្យមានដំណើរការផ្ទុយពីសារដែលថាគ្មានការរួចទោសពៃរ៍»។
លោកបាន គីមូន ក៏បានអំពាវនាវដល់មហាសន្និបាតអសបឲ្យជួយរកវិធីដែលអាចឲ្យអ.ស.បបន្តផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមផងដែរ។
សាលាក្តីកាត់ទោសខ្មែរក្រហមដែលទទួលការរិះគន់ថាបានចំណាយថវិកាច្រើននិងប្រើពេលវេលាយូរហើយនឹងមានការជ្រៀតជ្រែកផ្នែកនយោបាយផងនោះកំពុងកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមបីនាក់ក្នុងសំណុំរឿង ០០២បន្ទាប់ពីបញ្ចប់សំណុំរឿង០០១។
តំណាងប្រទេសអ្នកផ្តល់ជំនួយម្នាក់ក្នុងទីក្រុងញ៉ីវយ៉កបានអះអាងថាបញ្ហាវិបត្តិសេដ្ឋកិច្ចនិងការជ្រៀតជ្រែកផ្នែកនយោបាយក្នុងសាលាក្តីខ្មែរក្រហមនិងអំពើពុករលួយក្នុងសាលាក្តីទោះបានដោះស្រាយចប់កាលពីឆ្នាំ២០០៩នោះក្តីគឺនៅតែជាឥទ្ធិពលដែលធ្វើឲ្យក្រុមប្រទេសអ្នកផ្តល់ជំនួយរារែកក្នុងការផ្តល់ជំនួយ។
មន្ត្រីការទូតដដែលនោះបានអះអាងថាការប្រជុំក្រុមប្រទេសចំនួន៦ជាសមាជិកអចិន្រ្តៃយ៍ដែលមានតួនាទីសម្របសម្រួលរឿងជំនួយដល់សាលាក្តីខ្មែរក្រហមនឹងប្រារព្ធធ្វើ នៅចុងខែតុលានេះស្តីពីការរៃអង្គាសថវិកានិងគិតគូរពីការបញ្ចុះចំណាយថវិកាពី៣០លានមកត្រឹម២៧លានដុល្លារសម្រាប់ភាគីអន្តរជាតិហើយភាគីកម្ពុជាត្រូវការជាង៩លាន ៥សែនដុល្លារ សម្រាប់ការចំណាយឆ្នាំ២០១៣។
មន្ត្រីដដែលបានបន្ថែមថាក្នុងចំណោមប្រទេសផ្តល់ជំនួយជាច្រើនដែលបានសន្យាមានតែស.រ.អាសន្យាផ្តល់ថវិកា៥លានដុល្លារ ប្រទេសស៊ុយអែត ២លាន និងអាល្លឺម៉ង់ ៦សែនដុល្លារ សម្រាប់ឆ្នាំ២០១៣ ដែលមិនគ្រប់តាមការគ្រោងទុកនោះ។ មន្ត្រីដដែលទទួលស្គាល់ថា គ្មានថវិកា៤លានចុងឆ្នាំនេះត្រូវគេសន្យាផ្តល់ឲ្យសាលាក្តីនៅឡើយទេ។
លោក ជេម ហ្គោលស្តុន( James Goldston) នាយកប្រតិបត្តិនៃអង្គការច្បាប់របស់ស.រ.អាមានមូលដ្ឋាននៅក្រុងញ៉ីវយ៉កស.រ.អាឈ្មោះ Open Society Justice Initiative បានថ្លែងថា៖
«ការផ្តល់ថវិកាដល់សាលាក្តីកាត់ទោសខ្មែរក្រហមគឺជារឿងសំខាន់ ហើយក្រុមអ្នកផ្តល់ជំនួយអន្តរជាតិដែលបានគាំទ្រយន្តការនេះតាំងពីដើមដំបូងចាំបាច់ត្រូវធានានិរន្តរភាពចំពោះការប្តេជ្ញារបស់ពួកគេ។ដូច្នេះហើយដំណើរការនេះអាចបញ្ចប់សំណុំរឿងទាំងអស់ដែលកំពុងបន្តក្នុងរបៀបដែលអាចការពារសុរិតភាពនៃតុលាការនិងស្ថាប័ននេះបាន»។
លោក ហ្គោលស្តុន បានបន្ថែមសេចក្តីទៀតថា៖
«សាលាក្តីខ្មែរក្រហមត្រូវការការគាំទ្រនយោបាយនិងថវិកា។ ហើយការគាំទ្រទាំងពីរនេះមិនទាន់ជាការគាំទ្រគ្រប់គ្រាន់ទេបច្បុប្បន្ននេះ។ ដូច្នេះយើងមានការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់ទីប្រឹក្សាពិសេសគឺលោកឯកអគ្គ រដ្ឋទូតដេវីដ ស្សេហ្វ៊ឺក្នុងការលើកទឹកចិត្តដល់ក្រុមប្រទេសផ្តល់ជំនួយដើម្បីឲ្យទទួលស្គាល់កាតព្វកិច្ចរបស់គេដើម្បីផ្តល់ការគាំទ្រគ្រប់ចំនួនដែលអាចឲ្យតុលាការបញ្ចប់បេសកកម្មរបស់ខ្លួនបាន។ ហើយប្រសិនបើប្រទេសផ្តល់ជំនួយមិនមានឆន្ទៈផ្តល់ធនធានដ៏ចាំបាច់នានាទេ នោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់កិច្ចការទាំងឡាយដែលតុលាការសម្រេចបានមកទល់បច្ចុប្បន្ន»។
ចំណែកលោក ឡាត់ គីអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុកបានអះអាងថាកង្វះថវិកាជាក្តីបារម្ភដែរសម្រាប់ដំណើរការទៅមុខ។
«ខ្ញុំយល់ឃើញថាឱកាសនេះបន្តជួយជ្រោមជ្រែងផ្នែកមូលនិធិឲ្យសាលាក្តីនេះអាចដើរទៅមុខឲ្យបានចប់ចុងចប់ដើមជាប្រយោជន៍យុត្តិធម៌សម្រាប់កូនខ្មែរជំនាន់ក្រោយហើយនិងជាប្រយោជន៍មួយទៀតគឺដើម្បីបង្កាកុំឲ្យឧក្រិដ្ឋកម្មដ៏ឃោរឃៅដូចក្នុងរបបកម្ពុជាប្រជាធិបតេយ្យកើតឡើងសារជាថ្មីនៅក្នុងសង្គមកម្ពុជាដ៏អភ័ព្វនេះ»។
លោក ឡាត់ គីអំពាវនាវឲ្យតុលាការនិងម្ចាស់ជំនួយគិតគូរពីកញ្ចប់ថវិកាសម្រាប់សំណងដល់ជនរងគ្រោះជាពិសេសជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីហើយអំពាវឲ្យតុលាការធ្វើកិច្ចការដោយឯករាជ្យនិងវិជ្ជាជីវៈក្នុងការស្វែងរកយុត្តិធម៌ដែលលោកចាត់ទុកថានេះជាកត្តាសំខាន់។
លោក ភីធ័រ ម៉ាហ្គ្វៃអ័រ (Peter Maguire) សាស្ត្រាចារ្យសាកលវិទ្យាល័យស.រ.អាមួយហើយនិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ប្រឈមមុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា» បានអះអាងថាអ.ស.បនិងប្រទេសផ្តល់ជំនួយត្រូវតែកំណត់ពីទំហំសាលាក្តីជៀសវាងការបរាជ័យ។
«តែខ្ញុំគិតថាក្រុមប្រទេសអ្នកផ្តល់ជំនួយត្រូវការជាសំខាន់គឺរៀបចំការកំណត់នូវអ្វីដែលម្ចាស់ជំនួយត្រូវប្រុងប្រៀបចំណាយថវិកាលើ ហើយសម្រាប់រយៈពេលប៉ុន្មានពួកគេត្រូវចំណាយថវិកានោះ»។
លោកថ្លែងថាប្រសិនបើតុលាការអាចបញ្ចប់សំណុំរឿង០០២បាននោះគឺជាជោគជ័យ បង្គួរហើយនៅពេលតុលាការនេះមានបញ្ហាស្មុគស្មាញដ៏ច្រើននេះ។
ការអស់ថវិកានៃសាលាក្តីខ្មែរក្រហមត្រូវគេដឹងថាកើតឡើងផងដែរចំពេលដែលចៅក្រមស៊ើបអង្កេតជនជាតិអាមេរិកាំងលោក ម៉ាក ហាមេន ត្រូវតែងតាំងជំនួសចៅក្រមមុនៗដើម្បីបន្តនីតិវិធីចំពោះសំណុំរឿងដ៏ចម្រូងចម្រាស់ពីរទៀតគឺ០០៣និង០០៤ដែលមានអតីតកម្មាភិបាលខ្មែរក្រហម៥នាក់ដែលរដ្ឋាភិបាលបានជំទាស់ដាច់អហង្ការ។
ការជំទាស់ពីរដ្ឋាភិបាលនោះត្រូវគេចាត់ទុកថាជាការជ្រៀតជ្រែកផ្នែកនយោបាយដែលនាំឲ្យចៅក្រមស៊ើបអង្កេតពីររូបបានលាឈប់ជាបន្តបន្ទាប់ក្រោយពីមិនអាចបំពេញកិច្ចការងារបាន៕
ការជំទាស់ពីរដ្ឋាភិបាលនោះត្រូវគេចាត់ទុកថាជាការជ្រៀតជ្រែកផ្នែកនយោបាយដែលនាំឲ្យចៅក្រមស៊ើបអង្កេតពីររូបបានលាឈប់ជាបន្តបន្ទាប់ក្រោយពីមិនអាចបំពេញកិច្ចការងារបាន៕