គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​នរោត្តម រណឫទ្ធិ​បែក​គ្នា​មុន​ជួប

ព្រះ​អង្គម្ចាស់​នរោត្តម រណឬទ្ធិ (ស្តាំ) ព្រះប្រធាន​គណបក្ស​នរោត្តម រណឬទ្ធិ និង​​លោក​ញ៉ឹក ប៊ុនឆៃ​ (ឆ្វេង) ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ។

គណបក្ស​នរោត្តម រណឬទ្ធិ ​និង​គណបក្សហ៊្វុន​ស៊ិនប៉ិច ​បាន​ធ្លាក់​ដល់​ផ្លូវ​បំបែក​វិញ​ហើយ​ នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​ចាប់ដៃ​គ្នា​រលាក់​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ នៅ​មុនពេល​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

ព្រះ​អង្គម្ចាស់​នរោត្តម រណឬទ្ធិ ព្រះប្រធាន​គណបក្ស​នរោត្តម រណឬទ្ធិ ​បាន​ប្រកាស​ក្នុងសន្និសីទ​ព័ត៌មាន​មួយ​កាល​ពីព្រឹក​មិញ​ក្នុង​ព្រះតំណាក់​របស់​ព្រះអង្គ​ ក្នុង​ក្រុង​ភ្នំពេញ​ដោយ​ទម្លាក់​ការទទួល​ខុស​ត្រូវ​នេះ​ទៅ​លើ​លោក​ញ៉ឹក ប៊ុនឆៃ​ ដែល​ជា​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច។

«ឯកឧត្តម​ញ៉ឹក ប៊ុនឆៃ​ និង​ក្រុម​របស់​ពួកគាត់​ជា​អ្នក​ទទួលខុសត្រូវ​តែ​មួយ​គត់​ ចំពោះ​ការបែកបាក់​គ្នា​ឡើង​វិញ​នេះ ​ចំពោះ​ការពុំអាច​ឈានទៅរក​បាន​នូវ​ការ​បង្រួបបង្រួម​ផ្សះផ្សារ​ជាតិ​ និង​ផ្សះផ្សារ​អ្នក​រាជានិយម»។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​បណ្តាញ​ព័ត៌មាន​ដ៏​តិចតួច​លើកឡើង​ពី​ការ​មិនទុកចិត្ត​ថា​ ទ្រង់​ រណឬទ្ធិ ​មាន​ទំនោរ​ទៅ​រក​ក្រុម​គណបក្ស​ជំទាស់។ ​ព្រះអង្គម្ចាស់ ​រណឬទ្ធិ​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ហើយ​ចាត់​ទុក​ថា ​នេះ​ជា​ការ​បែក​បាក់​ដែល​មិន​អាច​បិទភ្ជិត​វិញ​បាន។

«ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​រាជានិយម ​អ្នក​សីហនុនិយម​ដែល​នៅ​អង្គុយចាំ​ខ្ញុំ​ត្រឡប់​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ​សូមមេត្តា​ឈប់​ចាំទៀត (ព្រោះ) ចាំ​ខាត​ពេល​។ ​នៅ​សល់​តែ​មួយ​ឆ្នាំទៀត​ យើង​ឈាន​ទៅ​រក​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៣»។

ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ ​ត្រូវ​បាន​ទម្លាក់​ពី​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាល​ពី​ខែ​តុលា​ ឆ្នាំ ​២០០៦។ បន្ទាប់​មក​ព្រះ​អង្គ​ដែល​ធ្លាប់​ឈ្នះឆ្នោត​លើសលុប​លើ​គណបក្សប្រជាជន​កម្ពុជា ​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​១៩៩៣ ​បាន​យាង​ទៅ​បង្កើត​គណបក្សមួយ​ដោយ​ដាក់​ព្រះនាម​ខ្លួនឯង​ គឺ​គណបក្ស​នរោត្តម រណឬទ្ធិ។

កាល​នោះ​ព្រះអង្គម្ចាស់​ រណឬទ្ធិ បាន​ចោទ​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ​ថា​បាន​ជ្រៀតជ្រែក​និង​បំបែក​គណបក្ស​របស់​ព្រះអង្គ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១២ ​គឺ​មិន​ដល់​ពីរ​សប្ដាហ៍​ផង​ មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ គណបក្ស​ទាំង​ពីរ​បាន​ចុះហត្ថ​លេខា​សហការ​គ្នា​ ហើយ​ប្តេជ្ញា​ថា​ នឹង​រៀបចំ​ផ្លូវ​សម្រាប់​ច្របាច់​បញ្ចូល​គ្នា​ឡើងវិញ​។ ​ពិធីចុះហត្ថលេខា​ក្រោម​អធិបតីភាព​របស់​លោក ​ហ៊ុន សែន។

ជា​អតីត​នាយក​រដ្ឋមន្ដ្រី​ទី​១ និង​អតីត​ប្រធានរដ្ឋសភា​ព្រះអង្គ​ម្ចាស់ ​នរោត្តម រណឬទ្ធិ ​មាន​បន្ទូល​ថា​ ព្រះអង្គ​បាន​ជូនដំណឹង​ដល់​លោក​ហ៊ុន ​សែន ​កាល​ពី​សប្ដាហ៍មុន​ពី​មូលហេតុ​ដែល​ព្រះអង្គ​មិន​អាច​យាង​ទៅ​ដឹកនាំ​គណបក្ស​ចាស់​របស់​ព្រះអង្គ​វិញ​បាន​ទេ។

ការិយាល័យ​អ្នក​នាំពាក្យ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​នៅ​រសៀល​ថ្ងៃ​នេះ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​ផងដែរ ​ដោយ​សម្ដែង​ការសោកស្តាយ​ចំពោះ​សេចក្ដីអះអាង​របស់​ព្រះអង្គ​ម្ចាស់​រណឬទ្ធិ​ ពី​ការបញ្ចប់​ការរំលាយ​ចូលគ្នា​រវាង​គណបក្ស​រាជានិយម​គូ​ជម្លោះ​នឹង​គ្នា​នេះ។

លោក​ ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ លោក​មិន​អាច​ទទួល​យក​បាន​ការចោទប្រកាន់​ដែល​ថា ​បរាជ័យ​ក្នុង​ការបង្រួបបង្រួម​បក្ស​ទាំង​ពីរ​ដោយសារ​តែ​រូប​លោក​នោះ។

«ខ្ញុំ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការបង្រួបបង្រួម​ ប៉ុន្តែ​នៅ​មាន​បញ្ហា​គោលជំហរ​របស់​គណបក្ស​នរោត្តម​ រណឬទ្ធិ ​ដែល​ចង់​បង្រួបបង្រួម​ជាមួយ​គណបក្ស​ប្រឆាំង។ ​ដូច្នេះ​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឲ្យ​បាន​ជ្រះស្រឡះ ​ព្រោះ​កាលណា​មិន​ច្បាស់លាស់​ អាច​មាន​បញ្ហា​ដល់​យើង​ខ្ញុំ​នៅ​ក្នុង​រដ្ឋាភិបាល»។

គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​យ៉ាង​លើសលប់​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​។ ​គណបក្ស​ជំទាស់​ពីរ​គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​ស្ថិត​នៅ​លំដាប់​បន្ទាប់​។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​នរោត្តម រណឬទ្ធិ​ ទំនង​ជា​ឈ្នះ​អសនៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​បាន​តែ​មួយ​ប៉ុណ្ណោះ​។ ​នេះ​បើ​យោង​តាម​លទ្ធផល​ក្រៅផ្លូវការ​។

ព្រះអង្គម្ចាស់ ​រណឬទ្ធិ ​រំពឹង​ថា​ការបង្រួបបង្រួម​ច្របាច់​គណបក្ស​ថមថយ​កម្លាំង​ទាំង​ពីរ​នេះ​បាន​នឹង​ត្រូវ​ពឹងផ្អែក​ឥទ្ធិពល​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន។ ​ប៉ុន្តែ​លោក​ញ៉ឹក ប៊ុនឆៃ ​មាន​ប្រសាសន៍​ថា ​ការរំលាយ​បក្ស​ទាំង​ពីរ​បញ្ចូល​គ្នា​វិញ​នេះ ​គឺ​ស្ថិត​លើ​ជំហរ​របស់​បក្ស​ទាំង​ពីរ​តែ​ប៉ុណ្ណោះ៕