មេ​គុក​ទួល​ស្លែង​បញ្ជាក់​ថា​គាត់​ជួប​ប្រជុំ​ជា​ប្រចាំ​ជាមួយ​នួន​ជា​

កាំង​ ហ្កេក​អ៊ាវ ​ហៅ​ឌុច

នៅ​ថ្ងៃ​អង្គារ​នេះ​ កាំង​ ហ្កេក​អ៊ាវ ​ហៅ​ឌុច ​សាក្សី​ដ៏​សំខាន់​មួយ​រូប​ក្នុង​សំណុំ​រឿង​០០២ ​បាន​បង្ហាញ​ជាក់លាក់​ថែម​ទៀត​ថា ​នួន​ ជា ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​មន្ទីរ​ ស ​២១ ​ឬ ​គុក​ទួលស្លែង ​និង​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​នយោបាយ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។

ឌុច ​បាន​និយាយ​នៅ​ក្នុង​សវនាការ​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា​ជន​ជាប់​ចោទ​ដែល​ជា​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​រូប​នេះ​បាន​ឡើង​ត្រួតត្រា​គុក​ទួលស្លែង​ជំនួស​សុន ​សេន ​កាល​ពី​ខែ​សីហា ​ឆ្នាំ​ ១៩៧៧។

ឌុច​បាន​បញ្ជាក់​បន្ថែម​ថា៖

«ដូច្នេះ ​ខ្ញុំ​រាយការណ៍​ជូន​បង​ នួន ​តាំង​ពី​ពេល​ហ្នឹង​រហូត​មក។ ​និយាយ​ដោយ​ជាក់​លាក់​ហ្នឹង​គឺ​ចម្លើយ​សារភាព​របស់​មនុស្ស​ដែល​ជាប់​នៅ ​ស​២១។ ​អ្នកណា​ដែល​ខាង​លើ​ចាត់​ទុក​ជា​សំខាន់។​ ជា​ទូទៅ​ ខ្ញុំ​ត្រូវ​រាយ​ការណ៍​ជូន​គាត់​នូវ​អ្នក​ទាំង​ឡាយ​ណា​ដែល​គាត់​ចាត់​ទុក​ជា​សំខាន់​ហើយ​ចម្លើយ​ដល់​ណា​ហើយ។ ​ដើម្បី​សុំ​មតិ​កែប្រែ»។

ឌុច ​បាន​បន្ថែម​ទៀត​ថា​គាត់​តែងតែ​ជួប​ដោយ​ផ្ទាល់​ជាមួយ ​នួន​ ជា​ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ព័ត៌មាន​នៅ​គុក​ទួលស្លែង​រាល់​បី​ថ្ងៃ ​ឬ ​ប្រាំ​ថ្ងៃ​ម្តង។ ​ឌុច ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញា​រង​អន្ដរជាតិ ​លោក ​វីលាម ​ស៊្មីត ​ថា ​នួន ​ជា ​ឡើង​កាន់​កាប់​កិច្ចការ​ក្នុង​គុក​ទួលស្លែង​ដោយសារ​តែ​ នួន ​ជា ​ចង់​តាមដាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​សំខាន់ៗ​ ដែល​គាត់​ផ្តោត​ទៅ​លើ ​និង​ដើម្បី​ក្តាប់​សភាពការណ៍​នៅ​ក្នុង​គុក​នេះ។

ឌុច ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​អំពើ​ឃោរឃៅ​ក្នុង​មន្ទីរ ​ស​២១​ ដែល​នៅ​ទីនោះ​អ្នក​ទោស​យ៉ាង​តិច​ ១២.៣៨០​ នាក់​ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ​និង​សម្លាប់​ចោល។

ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ឌុច ​បាន​និយាយ​ថា ​នួន ​ជា ​បាន​ដាក់​បញ្ជា​ឲ្យ​ចាប់​ជន​ដែល​ត្រូវ​សង្ស័យ​ថា​ជា​ខ្មាំង​របស់​អង្គការ​យក​មក​ឃុំឃាំង​នៅ​មន្ទីរ​២១ ​និង​បញ្ជា​ឲ្យ​កម្ចេច​ឬ​សម្លាប់​ចោល​បញ្ជា​ឲ្យ​ដក​ឈ្មោះ​ជន​សង្ស័យ​ពី​បញ្ជី​ចេញ។ ​ក៏ប៉ុន្ដែ​ជន​សង្ស័យ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​យក​មក​ដាក់​គុក​ទេ​ក្នុង​រយៈពេល​ក្រោយ​មក​ទៀត។

នៅ​រសៀល​ថ្ងៃ​នេះ ​ឌុច ​បាន​បញ្ជាក់​ឡើង​វិញ​ថា ​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរក្រហម​អំណាច​ត្រូវ​បាន​ប្រមូលផ្តុំ​ផ្តាច់មុខ​តែ​លើ​មេដឹកនាំ​តែ​ពីរ​នាក់​គត់។

«អំណាច​ទាំង​អស់​ ត្រូវ​ប្រមូល​ក្តោបក្តាប់​នៅ​លើ​កណ្តាប់​ដៃ​លេខា ​គឺ ​ប៉ុល ​ពត។ ​ក៏ប៉ុន្តែ ​នួន ​ជា ​នៅ​ជាមួយ​នឹង​គ្នា។ ​កាលណា ​ប៉ុល ​ពត ​រវល់​នួន​ ជា ​ជំនួស​។ ​កាលណា ​ប៉ុល ​ពត ​សម្រេច ​នួន​ ជា​ តាមដាន​ការ​អនុវត្ត។ ​ដូច្នេះ​អំណាច​មូល​នៅ​លើ ​ប៉ុល ​ពត​ និង​ នួន ជា»។

ឌុច ​ក៏​បាន​អះអាង​ដែរ​ថា ​ប៉ុល ​ពត ​មេ​ស្ថាបនិក​របប​កុម្មុយនិស្ដ​ខ្មែរ​ក្រហម​ គឺ​ជា​អ្នក​ដាក់​ផែនការ​ឲ្យ​ប្រើ​របប​ហូប​រួម។ ​ម្យ៉ាង​ទៀត​ប្រព័ន្ធ​តុលាការ ​សភា ​តួនាទី​ប្រមុខរដ្ឋ ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​សិទ្ធិ​ស្មើគ្នា​រវាង​ប្រជា​ពលរដ្ឋ​សិទ្ធិ​ស្មើ​គ្នា​ រវាង​បុរស​និង​ស្ដ្រី​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ចែងតែ​ក្នុង​ធម្មនុញ្ញ​របស់​ពួក​ខ្មែរក្រហម​តែ​ប៉ុណ្ណោះ។ ​ប៉ុន្ដែ​មិន​មាន​ការ​អនុវត្ត​ជាក់ស្តែង​នោះ​ទេ។

សូម​បញ្ជាក់​ថា​សហ​មេធាវី​ការពារក្ដី​របស់​នួន ​ជា ​លោក ​ម៉ាយឃើល​ ផេសម៉េន ​និង​ សហ​មេធាវី​ការពារក្ដី​របស់​ជន​ជាប់​ចោទ ​អៀង ​សារី ​បាន​ធ្វើ​ការ​ជំទាស់​ជា​ច្រើន​លើក​ទៅ​នឹង​ការ​តាំង​សំណួរ​មួយ​ចំនួន​របស់​សហ​ព្រះរាជ​អាជ្ញារង​ លោក ​វីលាម ​ស៊្មីត ​ទៅ​ ឌុច ​ដោយ​សំអាង​ថា​សំណួរ​ទាំង​នោះ​គឺ​ជា​សំណួរ​នាំមុខ​សម្រាប់​ទាញ​យក​ចម្លើយ​ឬ​ជា​សំណួរ​ដែល​មិន​ត្រូវ​នឹង​សមត្ថភាព​របស់ ​ឌុច។ ​ក៏ប៉ុន្ដែ​ លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ចា្រនចោល​ប្រសិទ្ធភាព​នៃ​ការ​ជំទាស់​នោះ​ជា​បន្ត​បន្ទាប់៕