ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីត្រួតពិនិត្យព្រះរាជរោគរបស់ព្រះអង្គជាប្រចាំតាមការណែនាំរបស់វេជ្ជបណ្ឌិតចិន។
ការយាងទៅនេះត្រូវបានធើ្វឡើងក្នុងរយៈពេលពីរសបា្តហ៍បន្ទាប់ពីសម្តេចឪទ្រង់បានចេញផ្សាយ ព្រះរាជបណ្តាំ សម្រាប់ក្រោយពេលព្រះអង្គសោយទិវង្គត។
អតីតព្រះមហាក្សត្រនរោត្តម សីហនុ ដែលមានព្រះជន្ម៩០ ព្រះវស្សាទ្រង់កើតមានប្រឈួនជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចជា រោគមហារីក ទឹកនោមផ្អែម និងលើសឈាមដែលតែងតែទៅព្យាបាលនៅក្នុងប្រទេសចិន។
អតីតព្រះមហាក្សត្រទ្រង់បានយាងព្រះរាជដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយព្រះមហាក្សត្រីយានី និងព្រះរាជបុត្រព្រះមហាក្សត្រនរោត្តម សីហមុនី ហើយនៅមិនទាន់ច្បាស់លាស់ទេថា ព្រះអង្គនឹងគង់ប្រថាប់នៅប្រទេសចិនរយៈពេល ប៉ុន្មាននោះ។
ក្នុងព្រះរាជសុន្ទរកថារំលឹកខួបទី២០ នៃការយាងវិលត្រឡប់ពីការនិរទេសក្នុងខែតុលាឆ្នាំមុនសម្តេចឪបានមានព្រះរាជបន្ទូលថាព្រះអង្គនឹងគង់ប្រថាប់នៅកម្ពុជាជាមួយកូនចៅរបស់ទ្រង់ជារៀងរហូត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជំនួយការផ្ទាល់របស់សម្តេចឪ បានមានបន្ទូលថាតម្រូវការត្រួតពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គមិនអាចឲ្យទ្រង់រក្សាពាក្យសន្យាបានទេ។ ព្រះអង្គម្ចាស់ ធម្មិកោ បានបញ្ជាក់ថាក្រុមគ្រូពេទ្យចិនអាចធើ្វដំណើរមកព្យាបាលព្រះរាជរោគរបស់ព្រះអង្គនៅកម្ពុជាបាន ប៉ុន្តែមិនអាចនាំយកសម្ភារៈមកជាមួយបានទេ។ ដូច្នេះ ក្រុមគ្រូពេទ្យបានសម្រេចចិត្តសុំយាងព្រះអង្គទៅកាន់ទីក្រុងប៉េកាំង ដើម្បីត្រួតពិនិត្យព្រះរាជសុខភាព។
កាលពីសបា្តហ៍កន្លងទៅ សម្តេចព្រះនរោត្តម សីហនុ ដែលមានព្រះជន្ម៩០ព្រះវស្សា និងមានជំងឺមហារីកតាំងពីឆ្នាំ១៩៩៣ បានផ្លាស់ប្តូរព្រះរាជបណ្តាំរបស់ព្រះអង្គពីការមិនឲ្យបូជាព្រះសពរបស់ព្រះអង្គ មកបូជាតាមប្រពៃណីជាតិវិញ។
សម្តេចព្រះនរោត្តម សីហនុ បានមានព្រះរាជបណ្តាំកាលពីថ្ងៃទី៦ ខែមករាថា៖
«ក្រោយពេលខ្ញុំទទួលអនិច្ចកម្ម សពរបស់ខ្ញុំនឹងត្រូវបូជានៅវាលព្រះមេរុនៅក្បែរព្រះបរមរាជវាំង ទៅតាមប្រពៃណីជាតិយើង។ នៅថ្ងៃបន្ទាប់នៃពិធីបូជានេះ អដិ្ឋធាតុរបស់ខ្ញុំនឹងត្រូវយកទៅលាងសម្អាត ហើយដាក់នៅ ក្នុងកោដ្ឋមួយដែលធើ្វអំពីមាស ឬក៏ពុំមែនមាសរួចហើយ យកទៅតម្កល់នៅក្នុងព្រះចេតិយ «គន្ធបុបា្ជ» នាព្រះកែវមរកត»។
លោក ជា គាន អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានថ្លែងថាលោកមិនបានដឹងអំពីព្រះរាជបណ្តាំនេះទេ និងមិនមានបញ្ជាឲ្យធើ្វតាមព្រះរាជបណ្តាំនេះទេ។
សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថាប្រជាពលរដ្ឋ គ្រប់រូបត្រូវគោរពតាមព្រះរាជបណ្តាំរបស់ព្រះអង្គ ប៉ុន្តែមិនត្រូវរៀបចំអី្វៗ មុនការសោយទិវង្គតរបស់ទ្រង់ទេ វាហាក់ដូចជាការប្រមាថដល់ព្រះជន្មរបស់ព្រះអង្គ។
«យើងធើ្វអញ្ចឹងដូចថាយើងបន់ឲ្យព្រះករុណាសោយទិវង្គត។ យើងធើ្វអញ្ចឹង វាមិនសមរម្យនឹងប្រពៃណីខ្មែរ។ យើងធើ្វអញ្ចឹងមិនកើតទេ។ យើងគ្រាន់តែលើកដៃបួងសួងសុំវត្ថុស័ក្តិសិទិ្ធឲ្យព្រះអង្គគង់បានរាប់រយព្រះវស្សា។ កូនចៅបន់ស្រន់ទាំងព្រះសង្ឃ និងសិស្សានុសិស្សតាមគ្រប់វត្តអញ្ចឹងទៅជាគ្រឿងសក្ការៈ»។
សម្តេចព្រះមហាវីរក្សត្រនរោត្តម សីហនុ ជាស្តេចគ្រប់គ្រងអំណាចយូរមួយព្រះអង្គនៅអាស៊ី បន្ទាប់ពីទ្រង់បានដាក់រាជ្យនៅក្នុងខែតុលា ឆ្នាំ២០០៤ ដើម្បីប្រគល់អំណាចដល់ព្រះរាជបុត្ររបស់ព្រះអង្គនរោត្តម សីហមុនី ដោយសារបញ្ហាព្រះរាជសុខភាព៕