អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ការពារ​លោក​ហោ ណាំហុង​និង​លោក​គាត ឈន់

សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម

ភ្នំពេញ៖ លោក សួង ស៊ីគឿន ​ដែល​ជា​អតីត​កម្មាភិបាល​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម​បាន​ថ្លែង​ការពារ​លោក ហោ ណាំហុង ​និង​លោក គាត ឈន់ នៅ​ថ្ងៃ​ពុធ​នេះ​ថា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប​នេះ​មិនមាន​អំណាច​នោះ​ទេ។

លោក គាត ឈន់ ​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក​ហោ ណាំហុង​ បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស។ មន្ដ្រី​រដ្ឋា​ភិបាល​ទាំង​ពីរ​រូប​ត្រូវ​ចង្អុល​បង្ហាញ​ដោយ​សាក្សី​ជា​បន្តបន្ទាប់​រាប់​ទាំង​លោក សួង ស៊ីគឿន ​ខ្លួន​ផង​ដែរ​ថា​ពួក​គាត់​ជា​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម។

សាក្សី​ដដែល​ថ្លែង​យ៉ាង​ដូច្នេះ​នៅពេល​ដែល​សហ​មេធាវី​អន្តរជាតិ​របស់​អៀង សារី ​និង​របស់​នួន ជា បាន​ជជីក​សួរ​អំពី​សាវតា​របស់​បុគ្គល​ទាំង​ពីរ​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។

«ពេលនោះ​បញ្ញាជន​មកពី​ក្រៅ​មាន​តែ​ខ្ញុំ​ទេ​ដែល​ត្រូវ​តែងតាំង​ជា​ប្រធាន​ផ្នែក​ដូច្នោះ​លោក​គាត ឈន់ ​និង​លោកហោ ណាំហុង ​មាន​អំណាច​តិច​ជាង​ខ្ញុំ​ទេ។ ខ្ញុំ​សូម​អង្វរ​កុំ​ទៅ​រក​រឿង​អី​គាត់»។

លោក​សួង ស៊ីគឿន ​អតីត​និស្សិត​មក​ពី​ប្រទេស​បារាំង​បានក្លាយ​ជា​ប្រធាន​ផ្នែក​ឃោសនា​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​របស់​ខ្មែរក្រហម​ដែល​មាន​លោក​គាត ឈន់ ​ធ្វើការ​នៅ​ទីនោះ​ដែរ ​ហើយ​លោក ហោ ណាំហុង ​ត្រូវ​លោក​អៀង សារី ​ដែល​ជា​រដ្ឋមន្ដ្រី​ការបរទេស​នា​សម័យ​នោះ​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ ប ៣២ ​ដែល​ជា​ផ្នែក​មួយ​នៃ​ជំរំ​អប់រំ​កែប្រែ​បឹងត្របែក​ឬ​គុក​បឹងត្របែក។

សាក្សី​អាយុ​៧៥​ឆ្នាំ​រូប​នេះ​បង្ហាញ​ការ​ធុញទ្រាន់​របស់​ខ្លួន​នៅពេល​ដែល​សហមេធាវី​អន្តរជាតិ​របស់​នួន ជា ​លោក ហ្សាស្ពឺ ប៉ូ (Jasper Pauw) ​និង​មេធាវី​អន្តរជាតិ​របស់​អៀង សារី ​លោក​ម៉ាលឃើល ខាណាវ៉ាស​ (Michael Kanavas) តាម​សួរ​ប្រដេញ​។

«ខ្ញុំ​ចង់​តែ​និយាយ​ប៉ុណ្ណឹង​ទេ​ពីព្រោះ​វា​ស្រគា​ត្រចៀក​បន្តិចគាត ឈន់ បន្តិច​ ហោ ណាំហុង។ បញ្ញាជន​នៅពេល​នោះ​មិន​មាន​អំណាច​អ្វី​ទេ»។

អតីត​សហចៅក្រម​ស៊ើបអង្កេត​លោក​ ម៉ាកសែល​ ឡឺម៉ុង​ បាន​កោះហៅ​លោក​ហោ ណាំហុង​និង​មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ក្នុងនោះ​មាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​គាត ឈន់ ​ផង​ដែរ​ដើម្បី​ឲ្យ​មន្ដ្រី​ទាំងនោះ​ចូល​ផ្តល់​សក្ខីកម្ម​ដល់​សាលាក្ដី​ខ្មែរក្រហម​ក៏ប៉ុន្តែ​មន្ដ្រី​ទាំង​នោះ​មិន​បាន​ឆ្លើយតប​នោះ​ទេ។

លោក Jasper Pauw ​សហ​មេធាវី​អន្តរជាតិ​របស់​នួន ជា ​បានសួរ​លោក​សួង​ ស៊ីគឿន ​យ៉ាង​ច្រើន​អំពី លោក គាត ឈន់ ​និង​អំពី​លោក​ហោ ណាំហុង។ ក៏​ប៉ុន្តែ​សំណួរ​ទាំង​នោះ​ត្រូវ​ជំទាស់​ដោយ​តំណាង​សហ​ព្រះរាជ​អាជ្ញា​ជាតិ​និង​អន្តរជាតិ​និង​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​លោក​ចៅក្រម ​និល ណុន ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម។
លោក ហ្សាស្ពឺ ប៉ូ ​បាន​ត្អូញត្អែរ​ចំពោះ​ឧបសគ្គ​នេះ។

«សាក្សី​គួរ​តែ​ផ្តល់​សក្ខីកម្ម​ទៅ​តាម​ការ​ចងចាំ​របស់​ខ្លួន​ និង​អ្វី​ដែល​ខ្លួន​បាន​ឃើញ​នៅ​ពេល​នោះ​ហើយ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ថា ​តើ​អ្វី​ដែល​គាត់​និយាយ​នោះ​ពិត ​ឬ​អត់​ទាក់ទង​នឹង​លោក គាត ឈន់ ​និង​លោក​ហោ ណាំហុង​នោះ។ អ្វី​ដែល​រំខាន​ខ្ញុំ​នោះ​គឺ​ថា​តុលាការ​មិន​អនុញ្ញាត​ឲ្យ​យើង​ស្វែង​រក​តួនាទី​របស់​លោក​គាត ឈន់ ក្នុង​រាជរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា ​និង​ក្នុង​រណសិរ្ស​រំដោះ​ជាតិ​ប្រជាជន​កម្ពុជា»។

ដោយសារ​តែ​បញ្ហា​សុខភាព​លោក​សួង ស៊ីគឿន បាន​សុំផ្អាក​ការ​ផ្តល់​សក្ខីកម្ម​នៅ​ពេល​រសៀល​ហើយ​លោក​ត្រូវ​បាន​ជំនួស​ដោយ​អ្នកស្រី ​ស សៀក ​ហៅស៊ីម ​អតីត​កម្មាភិបាល​ក្នុង​អង្គភាព​សិល្បៈ​នៃ​ក្រសួង​ឃោសនាការ​ខ្មែរក្រហម៕