មេធាវីរបស់លោកឈឿន ចាន់ថន អតីតប្រធានអង្គការភាពកងអង្គរក្សរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គ្រោងនឹងប្តឹងសារទុក្ខជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីនៅសប្ដាហ៍ក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោកឈឿន ចាន់ថន អតីតឧត្តមសេនីយ៍ឯក(ផ្កាយបី ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល ឬស្មើនឹង១២៥០ដុល្លារអាមេរិកសម្រាប់ដាក់ចូលជាថវិការដ្ឋ។
ការដាក់ទោសនេះធ្វើឡើងក្រោមការចោទប្រកាន់បទល្មើស៤ករណីទាក់ទងទៅនឹងការក្លែងបន្លំឯកសារសារធារណៈ និងការប្រើប្រាស់អាវុធដោយខុសច្បាប់។
លោកពុធ ធាវី មេធាវីរបស់លោកឈឿន ចាន់ថន បានឲ្យដឹងថា លោកកំពុងតែរៀបចំបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍ដោយសារតែលោកចាត់ទុកថា សាលក្រមកំណត់ទោសកូនក្ដីរបស់លោកនោះមិនយុត្តិធម៌នោះទេ។
«ជាមេអង្គរក្សមួយ គាត់មានអាវុធបី បួន ប្រាំដើមក្នុងផ្ទះជាអាវុធបន្សល់ពីបេសកម្មអត់ទាន់បានយកទៅដាក់ក្នុងអង្គភាព ហើយនាំគ្នាចោទប្រកាន់ថា គាត់ប្រើប្រាស់អាវុធខុសច្បាប់។ វាដូចជាអត់សមរម្យ។ ចំណុចមួយទៀតគឺទណ្ឌកម្មដែលថា កូនក្តីខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយគឺគ្មានភស្តុតាង គ្មានឯកសារណាមួយទេ ដែលបញ្ជាក់ថា កូនក្តីខ្ញុំក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែងនោះ គឺគ្មានតែម្តង។ ចោទទាំងបំពាន។ អានេះគឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់កូនក្តីខ្ញុំ ហើយខ្ញុំនឹងបន្តធ្វើការប្តឹងឧទ្ធរណ៍ដើម្បីឲ្យសមត្ថកិច្ចតុលាការឧទ្ធរណ៍ជួយរកយុត្តិធម៌ជូនកូនក្តីខ្ញុំបន្តទៀត»។
លោកឈឿន ចាន់ថនបានប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងតុលាការយោធា បន្ទាប់ពីត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១១ រួមជាមួយអង្គរក្ស៣នាក់ផ្សេងទៀត នៅក្នុងភូមិគ្រឹះរបស់លោកក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។
អាវុធប្រមាណជាង១០ដើម ទាំងវែង ទាំងខ្លី គ្រាប់កាំភ្លើងប្រហែលជាង១ពាន់គ្រាប់ និងសម្ភារៈយោធាមួយចំនួនទៀត ត្រូវបានរកឃើញក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់អតីតប្រធានអង្គរក្សរូបនេះ។
នៅក្នុងសវនាការ លោកឈឿន ចាន់ថនបានធ្វើការបដិសេធដោយអះអាងថា ខ្លួនមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែកុម្ភៈ តុលាការយោធាបានបើកសវនាការផ្សេងមួយទៀតដោយចោទប្រកាន់បទល្មើសចំនួន៥ករណីទៅលើលោកឈឿន ចាន់ថន ដោយសាលក្រមនោះគ្រោងនឹងប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ។
លោកឈឿន ចាន់ថនគឺជាមនុស្សម្នាក់ស្ថិតក្នុងចំណោមសមាជិកជាន់ខ្ពស់៤រូបរបស់លោកជា ស៊ីម ដែលត្រូវបានគេយកមកកាត់ទោសជាបន្តបន្ទាប់តាមការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ។ ហើយអ្នកទាំងនោះត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគារចាប់ពី៣ទៅ៤ឆ្នាំ។ ក៏ប៉ុន្តែពួកគេសុទ្ធតែបានបដិសេធការចោទប្រកាន់នេះ ដោយកំពុងតែធ្វើការប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ ដូចលោក ឈឿន ចាន់ថនដែរ។
លោកចាន់ សាវ៉េត ជាអនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក ដែលបានតាមឃ្លាំមើលដំណើរការក្ដីនេះមួយផ្នែក។ លោកយល់ថា តុលាការបានប្រមូលភស្ដុតាងគ្រប់គ្រាន់ក្នុងការផ្ដន្ទាទោសនេះ។
«ភស្តុងតាងក្នុងការចង្អុលបង្ហាញនេះឃើញថា គាត់អាចប្រព្រឹត្តនូវទោសកំហុសទាំងអស់នេះ ដូចបានចោទប្រកាន់»។
ដោយឡែកវីអូអេបានព្យាយាមទាក់ទងលោកចៅក្រមសួស សំអាត ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះនៃសាលាដំបូងក្នុងសំណុំរឿងក្ដីនេះ ដើម្បីសុំសេចក្តីបំភ្លឺ តែមិនអាចធ្វើទំនាក់ទំនងបានទេ នៅថ្ងៃនេះ។ រីឯលោកកែវ មុន្នី និងលោកលី លីបម៉េង ចៅក្រមប្រឹក្សា ក៏បានបដិសេធមិនផ្ដល់សេចក្ដីអត្ថាធិប្បាយលើសំណុំរឿងនេះដែរ៕