អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអត្ថបទព័ត៌មានរបស់វីអូអេ(VOA)ដែលចុះផ្សាយកាលពីសប្តាហ៍មុនអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅប្រទេសចិននឹងសម្លឹងមើលកម្ចីរបស់ចិនបន្ថែមទៀត ដែលក្នុងនោះមានការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនផងដែរ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វីអូអេបានផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល» ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននាសប្តាហ៍នេះ។
ព័ត៌មានទាក់ទង៖ កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពី«អន្ទាក់បំណុល»នៅក្នុងការថ្លែងជាវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល នាថ្ងៃច័ន្ទនេះ លោក អាន សុខខឿន អ្នកនាំពាក្យថ្មីដែលទើបចូលកាន់តំណែងនៃក្រសួងការបរទេសកម្ពុជា បានហៅការផ្សាយព័ត៌មាននេះថា «ខុសពីការណ៍ពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ»។
លោកបញ្ជាក់ថា ទឹកប្រាក់សម្រាប់សាងសង់ផ្លូវរថភ្លើងល្បឿនលឿនមិនមែនជាកម្ចីទេ ប៉ុន្តែគឺជាការវិនិយោគក្នុងរូបភាព BOT (Build, Operate and Transfer) មានន័យថា កសាង ប្រតិបត្តិ និងផ្ទេរ។
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលពុំមានបំណងខ្ចីទឹកប្រាក់ឱ្យច្រើនលើសលប់ទៅលើគម្រោងបែបនេះទេ។ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាផ្តល់នូវអាទិភាពដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់និងចាំបាច់ ដូចជាផ្លូវថ្នល់»។
លោកក៏បានចោទប្រកាន់ថា អ្នកសារព័ត៌មាន VOA បាន «ព្រងើយកន្តើយដោយចេតនា» ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់«នយោបាយកខ្វក់ (dirty politics)ចំពោះទំនាក់ទំនងកម្ពុជា-ចិន»។
គម្រោងផ្លូវដែកប្រវែង៣៨៣គីឡូម៉ែត្រ ដែលអាចរត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានសិក្សាដោយក្រុមហ៊ុនចិនឈ្មោះ China Road and Bridge Corporation (CRBC)។ គម្រោងនេះមានតម្លៃជាង៤ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា កម្ចីរបស់ចិនបានក្លាយជាចំណុចក្តៅចុងក្រោយនៃការពិភាក្សាលើគម្រោងក្រវាត់ពាណិជ្ជកម្មចិន ឬ Belt and Road Initiative (BRI) ដែលអ្នកតាមដានអះអាងថា អាចជាអន្ទាក់សម្រាប់ប្រទេសផ្សេងៗដើរតាមអ្វីដែលចិនចង់បាន ជាពិសេសប្រសិនបើការសងត្រឡប់វិញមិនអាចទៅរួច ដូចការរំពឹងទុក។
បំណុលដែលកម្ពុជាជំពាក់បរទេសកើនដល់ជិត១០ពាន់លានដុល្លារ ហើយ៤១%ជាបំណុលជំពាក់រដ្ឋាភិបាលចិន។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសរសើរជំនួយរបស់ចិនថា មិនមានការភ្ជាប់លក្ខខណ្ឌអ្វីឡើយដល់រដ្ឋាភិបាលរបស់លោក ខណៈទំនាក់ទំនងជាមួយប្រទេសលោកខាងលិចបានធ្លាក់ចុះកាន់តែខ្លាំង ក្រោយមានការបង្រ្កាបនយោបាយលើក្រុមប្រឆាំង និងការប្រើប្រាស់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំង៕