ជន​រងគ្រោះ​រំលោភ​ដីធ្លី​ដាក់​ញត្តិ​សុំ​ឲ្យ​មេដឹក​នាំ​អាមេរិក​ជួយ

មន្ត្រី​រដ្ឋា​ភិបាល​ថា​នឹង​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ប្រសិន​ណា​បើ​មាន​ការ​តវ៉ា​ណា​មួយ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

ភ្នំពេញ៖ ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រុម​សកម្មជន​ទាមទារ​សិទ្ឋិ​ដី​ធ្លី​បាន​បន្ត​ដាក់​ញត្តិ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អា​មេរិក​ដើម្បី​ឲ្យ​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​សកម្មជន​របស់​ពួក​គេ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ឋនាគារ​ឲ្យ​មាន​សេរីភាព​វិញ។
ការ​ទាមទារ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រមាន​ពី​មន្ត្រី​រដ្ឋា​ភិបាល​ថា​នឹង​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ប្រសិន​ណា​បើ​មាន​ការ​តវ៉ា​ណា​មួយ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
ក្រុម​អ្នក​ភូមិ​បឹង​កក់​ សហគមន៍​បូរីកីឡា សហគមន៍​ថ្ម​គោល​ និង​សហគមន៍​៣៤៧​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ប្រធានាធិតី​បារ៉ាក់ អូបាម៉ា និង​លោក​ស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួយ​ដល់អ្នក​ស្រី​យោម បុប្ជា​និង​អ្នក​ស្រី​ទឹម សាក់មុន្នី​ដោះលែង​ចេញ​ពី​ពន្ធនាគារ។
អ្នក​ស្រី​យោម បុប្ជា​ សកម្មជន​តវ៉ា​រឿង​វិវាទ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ត្រូវ​បាន​អា​ជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេត​នា​ដោយមាន​ស្ថានទម្ងន់​ទោស។ ចំណែក​អ្នក​ស្រី​ទឹម​ សាក់​មុន្នី​ សកម្ម​ជន​ដី​ធ្លី​នៅ​តំបន់​បូរី​កីឡា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំ​ពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។
សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នេះ​បាន​បដិសេធ​សំណើ​របស់​មេធាវី​ការពារ​ជនជាប់​ចោទ​ដែល​បានស្នើ​សុំ​ឲ្យ​អ្នក​ស្រី​យោម បុប្ជា និង​អ្នក​ស្រី​ទឹម សាក់មុន្នី​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។
អ្នក​ស្រី​ទេព វន្នី​តំណាង​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយ​ថា អ្នក​ស្រី​នឹង​បន្ត​ទាមទារ​រហូត​ទាល់​តែ​មាន​ការ​ដោះលែង​អ្នកទាំង​ពីរ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ អ្នក​ស្រី​បាន​និយាយ​ថា សហគមន៍​បឹង​កក់​ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កំណត់​ព្រំ​ដី​ជាង​១២ហិកតា​ឲ្យ​បាន​ច្បាស់​លាស់​ លុប​ឈ្មោះ​លោក​ឡាវ ម៉េង​ឃីន​ចេញ​ពី​ប្លង់​កម្ម​សិទ្ឋិ​នៅ​តំបន់​បឹង​កក់​និង​ផ្តល់​ប្លង់​កម្ម​សិទ្ឋិ​ដល់​ប្រជា​ពលរដ្ឋ​៦៤​គ្រួសារ។
«សុំ​ឲ្យ​លោក​បារ៉ាក់ អូបាម៉ា​ក៏​ដូច​ជា​លោក​ជំទាវ​ហីឡារី គ្លីនតុន​ហ្នឹង​ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​ជម្លោះ​នៅ​តំបន់​បឹងកក់»។
ការ​តវ៉ា​របស់​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដី​ធ្លី​នេះ​មិន​ទាន់​មាន​ការ​បង្ក្រាប​ណា​មួយ​ពី​អាជ្ញាធរ​សម្ថកិច្ច​នៅ​ឡើយ​ទេ​ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។
កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២១ និង​កិច្ច​ប្រជុំ​ផ្សេងៗ​ទៀត​នា​ពេល​ខាង​មុខដែល​គេ​រំពឹង​ថា លោក​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេរិក​បារ៉ាក់ អូបាម៉ា និង​លោក​ស្រី​ហ៊ីឡារី​គ្លីនតុន​ រដ្ឋ​មន្ត្រី​ការ​បរទេស​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ។
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​កម្លាំង​នគរបាល កងរាជ​អា​វុធ​ហត្ថ​ និង​កង​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ប្រមាណ​ជាង​១ម៉ឺន​នាក់​ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការ​ពារ​សុវត្ថិភាព​ក្នុង​កិច្ច​ប្រជុំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកឧត្តម​សេនីយ​ឯក ​ខៀវ សុភ័ក ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទែ។ លោក​បាន​បញ្ជាក់​ថា​កម្លាំង​សន្តិ​សុខ​ជាង​១ម៉ឺន​នាក់​នេះ​បាន​ហាត់​រួច​រាល់ហើយ​ដើម្បី​ត្រៀម​ការ​ពារ​សុវត្ថិភាព។
«បាទ​!ទី១​គឺ​យើងរក្សា​សន្តិសុខ​ចំពោះ​ការប្រជុំ​ទាំងមូល​និយាយ​រួម​សន្តិសុខ​មិន​ត្រឹម​តែ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ទេ​ សន្តិសុខ​ប្រតិភូ​ផង​និង​សន្តិ​សុខ​ប្រជា​ពលរដ្ឋ​យើង​ផង។ ​ទី​២​កម្លាំង​ថែ​រក្សា​សណ្តាប់​ធ្នាប់​តាំង​ពីរ​ចរាចរណ៍​ តាំង​ពី​ការ​រៀប​ចំ​ចាត់​ចែង​អ្វី​ទាំង​អស់»។
លោក​ខៀវ សុភ័ក ​បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​កម្លាំង​បាតុកម្ម​ណា​មួយ​ប្រឆាំង​នឹង​កិច្ច​ប្រជុំ​នេះ​សម្ថកិច្ច​និង​អនុវត្តន៍​ទៅ​តាម​ច្បាប់៕