ភាព​អំណត់​របស់​​​ក្រុម​ស្គរ​នារី​​កម្ពុជា​ឆ្លុះ​បង្ហាញ​ក្នុង​ភាពយន្ត​ឯកសារ​មួយ

សមាជិកក្រុមស្គរនារី «មេធា» កំពុងសម្តែងការប្រគុំតន្ត្រីបុរាណខ្មែរមួយ។ (រូបថតដោយ៖ Where the Roots Lie)

វ៉ាស៊ីនតោន — ភាព​យន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា «Where the Roots Lie» ដែល​ផ្ដោត​លើ​ក្រុម​ស្គរ​នារី​កម្ពុជា កំពុង​ត្រូវ​បានផលិត​ឡើង​ដោយ​ផលិតករអាមេរិកាំង​ពីរ​រូប គឺ​អ្នកនាង Katy Harliss និង​អ្នកនាង Tori La Desmaក្នុង​គោល​បំណង​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​ក្នុង​វិស័យ​សិល្បៈនៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​ថា ស្ត្រី​កម្ពុជា​ក៏​អាច​លេង​ស្គរ​ដូច​បុរស​ដែរ។

ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «Where the Roots Lie» ពិពណ៌នា​អំពី​ក្រុម​ស្គរ​នារី​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា «មេធា» ជា​ក្រុម​ស្គរ​កម្ពុជា​ដំបូង និង​តែមួយ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​មាន​សមាជិកសុទ្ធ​សឹង​តែ​ជា​នារី។

អត្ថន័យ​នៃ​ចំណងជើង​របស់ភាពយន្ត​ឯកសារ «Where the Roots Lie» នេះ​ត្រូវ​បានអ្នក​នាង Katy សហ​ផលិតករនៃ​ភាពយន្ត​ឯកសារ​នេះ ​បង្ហើប​ឲ្យ​ដឹង​ថា៖ « វា​ជា​គំនិត​មួយ Tori និង​ខ្ញុំ​បាន​គិត​ឃើញ ​នៅ​ដែល​យើង​ទៅ​លេង​ប្រទេស​កម្ពុជា។​ ចំណង​ជើង​នេះ​តំណាង​ឲ្យឫសគល់​នៃ​អ្វី​មួយ ហើយ​នៅ​ពេល​ដែល​យើង​គិត​ពី​សិល្បៈ​ សិល្បៈ​ជា​ភាសា​សកល​មួយ ដូច្នេះ​វា​មាន​ការ​ផ្សា​ភ្ជាប់​គ្នា​តាម​រយៈ​សិល្បៈ ដែល​កើត​ឡើង​ក្នុង​ចំណោម​មនុស្ស​នៅ​តាម​កន្លែង​ផ្សេងគ្នា និង​មាន​វប្បធម៌​ផ្សេង​គ្នា។ ប៉ុន្តែ​មាន​អ្វី​មួយ​អំពី​អ្នក ដែល​អ្នក​ដឹង​ថា​រឿង​នោះវាកើត​ចេញ​ពី​ណា នឹង​ដឹង​ថា​ឫស​គល់​នៃ​រឿង​ទាំង​នោះ​មាន​ន័យ​យ៉ាងណា​សម្រាប់​យើង​ក្នុង​បរិបទ​វប្បធម៌ ផ្ទាល់​ខ្លួន​ ឬ​ប្រវត្តិសាស្ត្រ​ជា​ដើម»។

លោក សុង សេង​ នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ និង​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ «មេធា» ក្នុង​ដំណើរ​ការ​ផលិត​ភាពយន្តឯកសារ​នេះ​បាន​ប្រាប់​វីអូអេ​ថា៖ ក្រុម​ស្គរ​នារី​នេះត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​នាង​ សាំង ស្រីពេជ្រ និង​អ្នក​នាង​ ម៉ែន ម៉ៅ ​ក្នុង​ឆ្នាំ ២០១៧ និង​មាន​សមាជិក​ប្រាំពីរ ដែល​សុទ្ធ​តែ​ជា​នារី។ ​លោក​ថា​ពាក្យ​ថា​«មេធា»​ ​សំដៅ​ទៅលើ បញ្ញា ឬ​គតិបណ្ឌិតដែល​ត្រូវ​បាន​គេ​យក​មក​ប្រើ​ ដើម្បី​ទម្លុះ​រាល់​ឧបសគ្គ​ទាំង​ឡាយ។

លោក សុង សេង បញ្ជាក់​ថា​ មូល​ហេតុ​នៃ​ការ​បង្កើត​ក្រុមស្គរ​នេះ​ឡើ​ង​ គឺ​ដោយ​សារ​តែ​នៅ​ប្រទេស​កម្ពុជាមិន​ទាន់​មាន​ក្រុម​ស្គរ​ឆៃយ៉ាំ​នារី ហើយ​ក្រុម​ស្គរ​នារី​នេះ​ក៏​បង្កើត​ឡើង​មិន​មែន​ ដើម្បី​តែ​ប្រគំ​បទ​ភ្លេង​ដែល​មាន​ស្រាប់​នោះ​ទេ ក្រុម​នេះ​ក៏​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ផង​ដែរ។

«មេធា» គឺជាក្រុមស្គរនារីកម្ពុជា ដែលត្រូវបានបង្កើតឡើងមុនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ (រូបថតដោយ៖ Where the Roots Lie)

ស្គរគឺជាឧបករណ៍តន្ត្រីបុរណខ្មែរមួយប្រភេទដែលនិយមលេងដោយបុរស។ (រូបថតដោយ៖ Where the Roots Lie)

លើស​ពី​នេះ​ទៅ​ទៀត​ ការ​បង្កើត​ក្រុម​នេះ​ឡើង​ក៏​ដើម្បី​បំពេញ​តាម​ការ​ស្រឡាញ់​ចូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​សមាជិក​ក្រុម​នីមួយៗ។ ម៉្យាង​ទៀត​លោក សុង សេង​ ក៏​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​ «មេធា» ​មួយ​ចំនួន ចង់​បន្ត​វេន​ពី​អ្នក​ជំនាន់​មុន​របស់​ពួក​គេ​ពី​ព្រោះ​សមាជិក​ខ្លះ​នៃក្រុម​ស្គរ​នេះ​ជាប់​សែស្រឡាយ​សិល្បករ​ជំនាន់​មុន។

អ្នកនាង សាំង ស្រី​ពេជ្រ ដែល​ជា​សហស្ថាបនិក​នៃ​ក្រុម «មេធា​» បាន​និយាយ​ថា៖ «ការ​បង្កើត​ក្រុម​របស់​ខ្ញុំ​នេះ ទី​មួយ​គឺ​សម្រាប់​ខ្លួន​ឯង ទី​ពីរ​គឺ​ខ្ញុំ​អត់​ចង់​ទុក​ឲ្យ​ខ្លួន​ឯង​ទំនេរ​ ខ្ញុំ​ចង់​បង្កើត​អ្វី​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង ហើយ​ទុក​ដល់​សិស្ស​កូន​ចៅ​ជំនាន់​ក្រោយ ហើយ​ទី​បី​គឺ​យើង​បង្កើត​ឡើង​គឺ​ដើម្បី​លើក​កម្លាំង​ចិត្ត​ឲ្យ​ស្ដ្រី​ដូចគ្នា ថា​អ្វី​ដែល​ពួក​គាត់​គិតរាល់​គឺ​គាត់​អាច​សាក​ល្បង​ធ្វើ​បាន ថា​វា​នឹង​ទៅ​រួច​បើ​សិន​ជា​យើង​សាក​ល្បង​ ហើយ​នឹង​យើងធ្វើ​វា»។

យោង​តាម​សហ​ផលិតករ​ស្ត្រី​ជន​ជាតិ​អាមេរិកាំង​ទាំង​ពីរ​នេះ មាន​មូល​ហេតុ​សំខាន់​ជាច្រើនដែល​ធ្វើ​ឲ្យ​អ្នក​នាង​ទាំង​ពីរ​សម្រេច​ចិត្ត ធ្វើ​ដំណើរ​ទៅ​មក​រាប់​ពាន់​គីឡូម៉ែត្រ​រវាង​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​ដើម្បី​ផលិត​ភាព​យន្ត​ឯកសារ​អំពី​ក្រុម​ស្គរនារី​នេះ។


លើកកម្ពស់​យេនឌ័រ​នៅ​ក្នុង​វិស័យ​សិល្បៈ​កម្ពុជា

មូល​ហេតុ​សំខាន់​ដំបូង​គឺ​ដោយ​សារ​ «មេធា‍» គឺ​ជា​ក្រុម​ស្គរ​នារី​ដំបូង​ និង​តែមួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ហាន​តស៊ូ​ជម្នះវិសមភាព​យេនឌ័រ​ក្នុង​សិល្បៈ​វាយ​ស្គរ ក៏​ដូច​ជា​ហ៊ានធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ទោះ​ជា​ត្រូវ​រង​សម្ពាធពី​ទំនៀម​ទម្លាប់​សង្គម ដើម្បីប្រកប​អាជីព​ជា​អ្នក​វាយ​ស្គរ​នេះ។

អ្នកនាង Tori សហផលិតករ​ភាព​យន្ត​ឯកសារ «Where the Roots Lie» បាន​ឲ្យ​ដឹង​ថា៖ «ពួកគាត់​តស៊ូ​ជម្នះ​បញ្ហា​យេនឌ័រ និង​គំនាប​វប្បធម៌ តាម​រយៈ​ការ​លេង​ឧបករណ៍​ភ្លេង​ដែល​ជា​ទូ​ទៅ​ជា​ឧបករណ៍​ភ្លេង​របស់​បុរស។ ក្រុម​នេះ​មាន​បំណង​ពង្រឹង​អំណាច​ដល់​ស្ត្រី​ តាម​រយៈ​ការ​បង្ហាញ​ថា ស្ត្រី​មិន​ចាំ​បាច់​ធ្វើតែ​ការ​ងារសម្រាប់​ស្ត្រី ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នោះ​ទេ»។

ចំណែក​សហ​ផលិតករ​ម្នាក់ទៀតអ្នក​នាង Katy បាន​លើក​ឡើង​ថា៖ «ស្គរ​គឺ​ជា​អ្វី​ដែល​ប្រមូល​ផ្ដុំ​ពួក​គេ។ ពួកគេ​ចង់​រៀន​របៀប​លេង និង​សម្ដែង​ ​បំផុសគំនិត​របស់​ស្ត្រី​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​របស់​ពួក​គេ ​និង​ស្ត្រី​នៅ​ប្រទេស​ផ្សេង​ទៀត ក៏​ដូច​ជា​បង្ហាញ​ថា​ពួក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​ចង់​ធ្វើ ទោះ​ពី​បី​ជាសង្គម​សន្មត​ថាឧបករណ៍ភ្លេង​នេះ​មិន​ស័ក្ដិសម​សម្រាប់​ស្ត្រី។ ពួក​គេ​បាន​បង្ហាញ​ថា​ការ​សន្មត​នេះ​គឺ​មិន​ត្រឹមត្រូវ ហើយ​ពួក​គេ​ពិត​ជា​មាន​ទេពកោសល្យ​ [វាយ​ស្គរ]។ សំឡេង​ស្គរ​របស់​ពួក​គេ​គឺ​ប្រកប​ដោយថាមពល»។

អ្នកនាង Katy Harliss និង​អ្នកនាង Tori La Desma គឺជាសិល្បៈការិនីអាមេរិកាំង ដែលបានផ្តូចផ្តើមផលិតភាពយន្តឯកសារអំពីក្រុមស្គរនារី «មេធា» លើកដំបូងគេនៅកម្ពុជា។ (រូបថតដោយ៖ Where the Roots Lie)

ចែក​រំលែក​គំរូ​នៃ​ភាព​ក្លាហាន​របស់​ស្ត្រី​ទៅ​កាន់​ពិភពលោក

នៅ​ក្នុង​ឈុត​សំខាន់ៗ​នៃ​ភាព​យន្ត​ឯកសារ​នេះ​បង្ហាញ​ថា ដោយ​សារ​ការ​ស្រលាញ់ចូល​ចិត្ត​លេងស្គរ សមាជិក​ក្រុម​ស្គរ​នារី​ត្រូវ​ទ្រាំ​ទ្រតស៊ូ​ប្រើកម្លាំង​កាយ​ខ្លាំង​ ដើម្បី​លេង​ស្គរ​ដែល​មាន​ទំ​ហំ​ធំ។
អ្នក​នាង ម៉ែន ម៉ៅ សហ​ស្ថាបនិក​នៃ​ក្រុម​«មេធា» បាន​ឲ្យ​ដឹង​ថា៖ «ផល​វិបាក​មាន​ច្រើន ចូល​ចិត្ត​ខាង​ស្គរ ដែល​វា​ធំៗ​ ហើយ​វា​ប្រើ​កម្លាំង​ទៀត»។

ចំណែក​អ្នកនាង ស្រី​ពេជ្រ ​វិញ​បាន​លើក​ឡើង​ថា៖ «ដំបូង​ឡើយគឺ ខ្ញុំ​វ៉ៃ​មួត​យកតែ​ម្ដង។ វា​ហើម​ដៃ ហើយ​ទី​ពីរ​ទៀត​គឺ យើង​អាច​ប្រើ​កម្លាំង​ស្ពាយ​ឧបករណ៍​ហ្នឹង​យូរ​ពេល​ដែល​យើង​ហាត់​រៀន។ វា​ពិបាក​មែន ហើយ​យើង​ត្រូវហាត់​រៀន​ឧបករណ៍ហ្នឹង​ជា​ចង្វាក់​ហើយ យើង​ត្រូវ​រាំ​តាម​ចង្វាក់​ដែល​យើង​វ៉ៃ​នឹង​ទៀត។ អញ្ចឹង​វា​ខុស​ពី​អ្វី​ ដែល​យើង​ជា​សិល្បករ​រាំ​ឲ្យ​ត្រូវ​នឹង​ភ្លេង មក​ជា​សិល្បករ​វ៉ៃ​ភ្លេង​ផង រាំ​ឲ្យ​ត្រូវ​នឹង​ភ្លេង​ដែល​យើង​វ៉ៃ​ផង។

មិន​តែ​ប៉ុណ្ណោះ​ក្រុម​ស្គរ​នារី​នេះ​ក៏​ត្រូវ​តស៊ូ​ខាង​កម្លាំង​ចិត្ត​ ដើម្បី​ទប់​ទល់​នឹង​ការ​រិះ​គន់របស់​សមាជិក​គ្រួសារ និង​មជ្ឈដ្ឋាន​ខាងក្រៅ​ផង​ដែរ។

អ្នក​នាង ជឹង ភ័ក្ត្រ​ សមាជិក​ម្នាក់​នៃ​ក្រុម​ «មេធា»​បាន​លើក​ឡើង​ថា «ស្វាមី​ខ្ញុំ​ថា​ក្រុម​ស្គរ​ហ្នឹង​អត់​ប្រយោជន៍»។

សមាជិកក្រុមស្គរនារី «មេធា» កំពុងសម្តែងការប្រគុំតន្ត្រីបុរាណខ្មែរមួយ។ (រូបថតដោយ៖ Where the Roots Lie)

«មេធា» គឺជាក្រុមស្គរនារីកម្ពុជា ដែលត្រូវបានបង្កើតឡើងមុនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ (រូបថតដោយ៖ Where the Roots Lie)

ចំណែក​អ្នក​នាង ស្រី​ពេជ្រ​ បាន​និយាយ​ថា៖ «សម្រាប់​ខាង​គ្រួសារ​ខ្ញុំ គឺ​អត់​មាន​បញ្ហា​ទេ​ប៉ុន្តែ​អ្វី​ដែល​រាង​លំបាក​បន្តិច​គឺ​ខាង​មជ្ឈដ្ឋាន​ខាង​ក្រៅ ជាពិសេស​គឺ​សិល្បករ​គ្នាឯង ដែល​គាត់​ជា​បុរស​ ដែល​គាត់​ថា ស្រី​ហ្នឹង​ទៅ​លេង​ស្គរ​អញ្ចឹង​វា​មិន​សម​នឹង​រូបរាង​យើង​ទេ ហើយ​និយាយ​រួម​ទៅ​គាត់​អាច​និយាយ​ថា «វា​មិន​ដែល​បាន​ប៉ុន្មាន​ទេស»។​ គាត់​និយាយ​អញ្ចឹង​ម៉ង​ឲ្យ​យើង»។

ប៉ុន្តែ​សម្រាប់​ផលិត​ករ​ភាពយន្ត​ឯកសារ​នេះ​វិញ ​សេចក្ដី​ក្លាហាន គំនិត​ច្នៃ​ប្រឌិត ការ​ខិត​ខំ​តស៊ូមិន​ចុះ​ញ៉ម​នឹង​សំពាធ​ពី​គ្រួសារ និង​មជ្ឈដ្ឋាន​ខាង​ក្រៅ របស់​សមាជិក​ក្រុម​ «មេធា» នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ។

អ្នក​នាង Katy បាន​លើក​ឡើង​ថា៖ «សារ​របស់​ពួកគេ ថាមពល​របស់​ពួកគេ និង​សេចក្ដី ក្លាហាន​របស់​ពួក​គេ​ គឺ​ជា​អ្វី​ដែល​យើង​ចង់​ចែក​រំលែក»។ ​

ម្យ៉ាង​ទៀត​ផលិត​ករ​ទាំង​ពីរ​រូបក៏​បាន​បញ្ជាក់​ថា ការ​ផលិត​ភាព​យន្ត​ឯកសារ​អំពី​ក្រុម​ស្គរ​នារី​នេះ​ក៏ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​គោល​បំណង​ចម្បង​មួយ​ទៀត​របស់ពួក​គេ គឺដំណើរ​ស្វែង​រក​ភាព​ច្នៃ​ប្រឌិត​ក្នុង​វិស័យ​សិល្បៈ​ ដែល​ជះ​ផល​វិជ្ជមាន​ដល់​សង្គម។

អ្នក​នាង​ Katy ក៏​បាន​លើក​ឡើង​ថា៖ «យើង​ទាំង​ពីរ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ច្រើន។ យើង​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ជា​ច្រើន។ ខ្ញុំ​បាន​សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​មហាវិទ្យាល័យ ដូច្នេះ​បំណង​របស់​ខ្ញុំ​ក្នុង​ការ​ផលិត​ភាព​យន្ត​ឯកសារ​អំពី​អ្វី​ដែល​មាន​ឥទ្ធិពល និង​សំខាន់ [សម្រាប់​សង្គម] គឺ​ជា​អ្វី​ដែលច្របាច់​បញ្ចូលពិភព​របស់​យើង ជាមួយ​នឹង​ចំណង់​ចំណូល​ចិត្ត ភាព​ច្នៃប្រឌិត និង​ការ​បញ្ចេញ​បញ្ចេញ​មតិ ទៅ​ក្នុង​ការ​ផលិត​ភាព​យន្ត​ឯកសារ ក៏​ដូច​បង្ហាញ [ពិភពលោក] នូវ​អ្វី​ដែល​សំខាន់​សម្រាប់​យើង»។​

ផលិត​ករ​ភាព​យន្ត​ឯកសារ​នេះ ក៏​បាន​លើក​ឡើងថា​ ពួក​គាត់​ទទួល​បាន​ការ​បំផុស​គំនិត​ផលិត​ភាពយន្ត​ឯកសារ​នេះ ដោយសារ​អាជីព​ជា​សិល្ប​ការិនី និង​ជា​អ្នក​ផលិត​ភាព​យន្ត ជា​ផ្នែកដ៏​ធំ​មួយ​នៃ​ជីវិត​របស់​ពួក​គាត់។ ​អាជីព​នេះបាន​ធ្វើ​ឲ្យ​ស្ត្រី​អាមេរិកាំង​ទាំងពីរ​រូប​នេះ​ជួប​ប្រទះ​នឹង​រឿង​ជា​ច្រើន ហើយក្រោយពីបាន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា ពួកគេ​គាត់​បាន​សង្កេត​ឃើញ​ថា​សិល្បៈ​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​មួយ​នេះ​មាន​ភាព​សម្បូរ​បែប និង​រស់រវើក។ បទ​ពិសោធន៍​នេះ​ក៏​បំផុស​គំនិត​បង្កើត​ស្នាដៃ​ផលិត​ភាព​យន្ត​ឯកសារ​ឡើង ដែលអាច​ផ្សារភ្ជាប់​ទៅ​នឹង​អ្វី​ដែល​ពួក​គាត់​ទាំង​ពី​ហៅថា​ «ថាមពល​នៃ​ការ​ព្យាបាល​តាម​រយៈ​សិល្បៈ»។

ក្រៅ​ពី​ផលិត​ករ​ពីរ​នាក់​ដែល​ជា​ជន​ជាតិ​អាមេរិកាំង ក្រុម​ការងារ​ដែល​ចូល​រួម​ផលិត​ភាព​យន្ត​ឯកសារ​ «Where the Roots Lie» នេះ​ សុទ្ធ​សឹង​តែ​ជា​ជន​ជាតិ​ខ្មែរ។ ភាព​យន្ត​ឯកសារ​នេះ​គ្រោង​នឹង​បញ្ចប់​ការ​ថត​ នៅ​ចុង​ឆ្នាំ​២០២០ ហើយផលិត​ករ​មាន​គម្រោង​បញ្ចាំង​ភាព​យន្ត​ឯកសារ​នេះ​ក្នុង​ប្រទេស​កម្ពុជា និងនៅ​ទូទាំង​ពិភព​លោក។

អ្នក​នាង​ Katy បាន​បញ្ជាក់ក្ដីរំពឹង​របស់​អ្នកនាង​ពី​ភាព​យន្ត​ឯកសារ​នេះ​ថា​៖ «ខ្ញុំ​គិត​ថា​ ក្ដី​រំពឹង​ធំ​បំផុត​ ដែល​ខ្ញុំ​និង Tori យល់​ដូច​គ្នានោះ​គឺ​ថា យើង​នឹង​ផលិត​ភាព​យន្ត​ឯង​សារ ដែល​ពិត​ជាក់ស្ដែង ស្មោះ​ត្រង់ និង​មាន​ឥទ្ធិពល ដែល​អាចបំផុសគំនិត​មនុស្ស​ឲ្យ​គិត ធ្វើសកម្មភាព និង​អាច​បង្រៀន​គេ​អំពី​អ្វី​មួយ និង​ដើម្បី​បង្ហាញ​ថា​ពួក​គេ​អាច​សម្រេច​បាន​នូវ​ការ​ងារ​ដែល​ពួកគេ​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ ដូច​ជា​ពួក​ខ្ញុំ​សម្រេច​ផលិត​ភាព​យន្ត​ឯកសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ក្រុម​ «មេធា» ដែល​ជា​ក្រុម​ស្គរ​នារី ដែល​ចង់​បំផុសគំនិត​ស្ត្រី​ដទៃ​ទៀត ធ្វើ​នូវ​អ្វី​ដែល​ស្ដាប់​មើល​ទៅ​ដូច​ជា​ទៅ​មិន​រួច»៕