រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំអាងច្បាប់ Global Magnitsky ដើម្បីសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុន Union Development Group (យូញៀន ឌីវេលឡូបមិន គ្រុប) ហៅកាត់ថា UDG របស់ចិន ដែលកំពុងអភិវឌ្ឍគម្រោងទេសចរណ៍តារាសាគរ មានតម្លៃជិត៤ពាន់លានដុល្លារ នៅខេត្តកោះកុង។
សហរដ្ឋអាមេរិក បានចោទក្រុមហ៊ុន UDG ថា មានជាប់ពាក់ព័ន្ធរដ្ឋចិន និងជាប់ទាក់ទិននឹងអំពើពុករលួយ ការបណ្ដេញប្រជាពលរដ្ឋនៅមូលដ្ឋានចេញដោយបង្ខំ ហើយថែមទាំងអះអាងថា ខ្លួនមាន«របាយការណ៍គួរជាទីទុកចិត្ត» ក្នុងការទាញសេចក្ដីសន្និដ្ឋានថា គម្រោងតារាសាគរ អាចនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធារបស់ចិនទៀតផង។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានលើកឡើងថា៖ «យើងនឹងមិនអត់ឱនឱ្យសកម្មភាពរបៀបៗនេះបាននោះទេ ដ្បិតវាជាសកម្មភាពដែលប្រឆាំងនឹងប្រជាជនកម្ពុជាស្លូតត្រង់។ ជានិច្ចកាល យើងនឹងឈរនៅជាមួយប្រជាជនកម្ពុជា»។
ការសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនចិន UDG នេះ ធ្វើឡើងនៅចំកណ្ដាលនៃដំណាក់កាលដ៏តានតឹងនៃទំនាក់ទំនងអាមេរិកនិងចិន ដែលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង នៅស្ទើរគ្រប់សំណុំរឿង តាំងពីសង្គ្រាមបច្ចេកវិទ្យាដល់សង្គ្រាមពាណិជ្ជកម្មពីបញ្ហាសមុទ្រចិនខាងត្បូងដល់បញ្ហាកោះតៃវ៉ាន់ និងពីសំណុំរឿងបណ្ដាជនវីហ្គ័រនៅខេត្តស៊ីនជាំងដល់សំណុំរឿងការរួតរឹតរបស់ចិនមកលើស្វយ័តភាពនៃទីក្រុងហុងកុង។
រដ្ឋការលោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងក្រសួងការបរទេសរបស់លោក Pompeo បានកៀរគរបណ្ដាប្រទេសដែលនៅក្បែរខាងចិនដូចយ៉ាងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាដើម ឱ្យក្រោកតទល់នឹងការពន្លាតដែនវិសាលភាពសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយ-យោធារបស់ចិននៅក្នុងតំបន់។
យ៉ាងណាក៏ដោយអ្នកតាមដានបានមើលឃើញថា ការប្រើធម៌ក្ដៅពីសំណាក់សហរដ្ឋអាមេរិក ដែលចាត់ទុកក្រុមហ៊ុនចិនទាំងរដ្ឋទាំងឯកជនជាមុខសញ្ញានេះ អាចនឹងរាលដាលប៉ះពាល់ដល់បណ្ដាប្រទេសតូចៗដូចជាកម្ពុជា ដែលផ្តេកផ្តួលលើដង្ហើមសេដ្ឋកិច្ចចិន។
លោកបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាសហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បានប្រាប់វីអូអេថា ការដាក់ទណ្ឌកម្មអាមេរិកលើក្រុមហ៊ុនចិននៅកម្ពុជានេះ មានការជាប់ពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិន មិនឱ្យក្លាយជាមហាអនុត្តររដ្ឋ ឬ រដ្ឋដែលកើនឡើងអំណាចក្នុងតំបន់ជំនួសឲ្យអាមេរិកខ្លួនឯង។
«ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលមានមូលដ្ឋានទំនាក់ទំនងជាមួយនឹងកម្ពុជានេះ ជាសញ្ញាមួយដែលធ្វើឱ្យកម្ពុជាមិនជាស្រួលខ្លួនដែរ ក្នុងន័យថា នៅពេលដែលមហាអំណាចចាប់ផ្ដើមប្រជែង ចាប់ផ្ដើមរុញ ចាប់ផ្ដើមជះទឹកដាក់គ្នា អ៊ីចឹង ប្រទេសតូចតាចដែលពឹងអាស្រ័យទៅលើប្រទេសធំជាពិសេសទៅលើប្រទេសចិនពិសេសក្នុងន័យសេដ្ឋកិច្ចវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ផង វាធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផងបើសិនមហាយក្សទាំងពីរនៅតែប្រជែងគ្នា»។
ក្នុងកំណត់ផ្សាយស្ដីពីទណ្ឌកម្មប្រឆាំងក្រុមហ៊ុន UDG នេះ សហរដ្ឋអាមេរិកបានចង្អុលឈ្មោះចំៗតែម្ដង ថា លោក គន់ គីម នាយឧត្ដមសេនីយ៍ជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ជំនួយជាកងកម្លាំងប្រដាប់អាវុធដល់ក្រុមហ៊ុន UDG ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ក្រុមគ្រួសារលោក គន់ គីម ធ្លាប់បានបដិសេធការចោទប្រកាន់នេះ។
លោក គន់ គីម ដែលជាអតីតនាយអគ្គសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ តែបានចូលនិវត្តន៍នៅឆ្នាំ២០១៨ ទៅហើយនោះ កំពុងបំពេញការងារបច្ចុប្បន្នជា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់ Global Magnitsky នេះដែរកាលពីខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿង UDG ដដែលនេះ។
លោក សម រង្ស៊ី គូប្រជែងចាស់វស្សានឹងលោកហ៊ុន សែន ហើយដែលកំពុងរស់នៅប្រទេសបារាំង ខណៈមានការតាមចាប់ខ្លួនពីសំណាក់រដ្ឋាភិបាលកម្ពុជានោះបានលើកឡើងថា ការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើក្រុមហ៊ុនចិននាំឱ្យប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជា។លោកបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថា៖
«សកម្មភាព នៅកម្ពុជា នៃក្រុមហ៊ុនចិនទាំងឡាយ នឹងចុះថយ ដែលជាហេតុធ្វើឲ្យរបប ហ៊ុន សែន បាត់បង់បង្អែកមួយដ៏សំខាន់បំផុត ក្នុងកាលៈទេសៈបច្ចុប្បន្ន»។
សហរដ្ឋអាមេរិកបានលើកឡើងថា ការដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុន UDG នេះជាការការពារ«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហផង និងអធិបតេយ្យភាពរបស់ប្រជាជនកម្ពុជាផង»។
អ្នកនាំពាក្យស្ថានទូតចិននៅភ្នំពេញបានថ្លែងប្រាប់កាសែតចិន The Cambodia China Times នាល្ងាចថ្ងៃពុធនេះថា គឺសហរដ្ឋអាមេរិកខ្លួនឯងទេតើ ដែលមានចរិត«អនុត្តរភាព»ហើយបានអនុវត្តច្បាប់ដាក់ទណ្ឌកម្មឆ្លងព្រំដែន«ជាន់ឈ្លីដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា»។
ក្រៅតែពីបានបដិសេធពីការសង្ស័យដែលថា គម្រោងតារាសាគរ អាចទទួលវត្តមានយោធាចិននោះ អ្នកនាំពាក្យស្ថានទូតចិន ដែលមិនបានបង្ហាញឈ្មោះរូបនេះ បានត្រូវកាសែត The Cambodia China Times ដកស្រង់សម្ដីថា៖ «ស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសជំទាស់និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់អាមេរិក។ ពួកយើងទទូចឲ្យសហរដ្ឋអាមេរិកកែនូវកំហុសខុសឆ្គងនេះជាបន្ទាន់ និងសម្រេចដកទណ្ឌកម្មទាំងនោះចេញវិញ»។
សហរដ្ឋអាមេរិកទើបនឹងបានដាក់ទណ្ឌកម្មក្រុមហ៊ុន China Communication Construction Company (CCCC) របស់ចិនទាក់ទងតួនាទីសាងសង់មូលដ្ឋានយោធារបស់ចិន នៅដែនទឹកសមុទ្រចិនខាងត្បូងដ៏ស្រួចស្រាល់។ ក្រុមហ៊ុនចិនចំនួន២៤ផ្សេងទៀតក៏រងទណ្ឌកម្មសហរដ្ឋអាមេរិកដែរ។
ក្រុមហ៊ុន CCCC កំពុងជាប់ម៉ៅការគម្រោងចំនួនយ៉ាងហោចណាស់ ៩២៣ នៅ១២៧ប្រទេសទូទាំងពិភពលោកនិងជាផ្នែកមួយនៃ ផែនការផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម (BRI) របស់លោកប្រធានាធិបតីចិន Xi Jinping ផងដែរ។
ក្រុមហ៊ុន China Road and Bridge Corporation ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន CCCC កំពុងដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមគម្រោងវិនិយោគមានតម្លៃជិត២ពាន់លានដុល្លារ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ទឡ្ហីករណ៍ដែលបានរៀបរៀងក្នុងកំណត់ផ្សាយអំពីទណ្ឌកម្មរបស់អាមេរិកមកលើក្រុមហ៊ុន UDG គ្រាន់តែជា«វោហាស័ព្ទនយោបាយ» នៅចំកណ្ដាលនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនតែប៉ុណ្ណោះ»។
«រឿងហ្នឹងមួយវាអត់មានពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលទេ ពីព្រោះជាគម្រោងរបស់ឯកជន។ ចំណុចទីពីរ វាថ្មីពេកសម្រាប់ការពិចារណារបស់រដ្ឋាភិបាល ពីព្រោះជាគម្រោងរបស់ឯកជន។ វាអត់មានពាក់ព័ន្ធទៅនឹងករណីយោធា ឬក៏ការបណ្ដេញចេញទេ។ នេះជាការយកមូលដ្ឋានមួយមិនពិតប្រាកដ មិនត្រឹមត្រូវទេ»។
លោក ផៃ ស៊ីផាន ក៏បានអះអាងថាការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនដ៏ធំដែលកំពុងវិនិយោគនៅកម្ពុជានេះ មិនប៉ះពាល់អ្វីដល់សេដ្ឋកិច្ចកម្ពុជានោះដែរ ព្រោះថា«សេដ្ឋកិច្ចរបស់ខ្មែរមានវិស័យជាច្រើនមិនមែនមានគម្រោងបណ្ដាក់ទុនតែមួយនេះទេ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានបដិសេធ មិនផ្ដល់ការអត្ថាធិប្បាយនៅថ្ងៃពុធនេះ។ VOA ក៏មិនទាន់អាចទាក់ទងក្រុមហ៊ុន UDG ដើម្បីសុំការបំភ្លឺបាននៅឡើយ។
រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការគាំទ្រយ៉ាងមុតមាំពីសំណាក់រដ្ឋាភិបាលចិនដីគោក ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកយោធា និងទាំងផ្នែកនយោបាយ។ ជាក់ស្ដែងនៅអំឡុងការបង្ក្រាបនយោបាយនៅកម្ពុជាចាប់ពីឆ្នាំ២០១៧មក ផ្ទុយពីបណ្ដាប្រទេសបស្ចិមលោកដែលរិះគន់បរិហាររដ្ឋាភិបាលទីក្រុងភ្នំពេញនោះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្ដល់ការគាំទ្រជានិច្ចកាល ក្នុងអ្វីដែលខ្លួនហៅថាជាការព្យាយាមរក្សាសន្តិសុខផ្ទៃក្នុងរបស់កម្ពុជា។
សំណុំរឿងទាក់ទងនឹងការសង្ស័យអំពីមូលដ្ឋានយោធារបស់ចិននេះកើតមានដំបូងតាមរយៈលិខិតរបស់លោកអនុប្រធានាធិបតី Mike Pence ផ្ញើមកកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលលើកពីក្ដីបារម្ភរបស់អាមេរិកដែលថា គម្រោងវិនិយោគ តារាសាគរ នៅខេត្តកោះកុងអាចត្រូវបានបំប្លែងជាមូលដ្ឋានយោធារបស់ចិន។
កាសែត The Wall Street Journal របស់សហរដ្ឋអាមេរិកថែមទាំងបានចេញផ្សាយរបាយការណ៍មួយកាលពីខែកក្កដាឆ្នាំ២០១៩កន្លងទៅថា កម្ពុជាបានសម្រេច «កិច្ចព្រមព្រៀងសម្ងាត់»អនុញ្ញាតឱ្យកងទ័ពជើងទឹកចិន អាចប្រើប្រាស់មូលដ្ឋានសមុទ្ររាមបាន។
រដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្កាជាច្រើនលើកច្រើនសារ អំពីប្រការទាំងនេះ និងតែងបានសូត្រទន្ទេញខ្លឹមសារមាត្រា៥៣នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស ដែលហាមប្រាមវត្តមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា។
លោក ស៊ុន គីម គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថារដ្ឋាភិបាលកម្ពុជា មុខជានឹងរក្សាជំហរ «ប្រុងប្រយ័ត្ន» នៅចំពោះមុខការប្រឈមមុខគ្នាតាំងពីកម្រិតរដ្ឋដល់កម្រិតឯកជនរវាងសហរដ្ឋអាមេរិកនិងចិនខណៈកម្ពុជាខ្លួនឯងកំពុងថ្នមទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតកាលពីចុងឆ្នាំ២០១៩កន្លងទៅ ដោយមានការសន្យាស្ដារទំនាក់ទំនងឡើងវិញ។
លោក ស៊ុន គីមបានលើកឡើងថា៖
«តាមអ្វីដែលជាគំនិតរបស់ខ្ញុំ រដ្ឋាភិបាលកម្ពុជាគាត់នឹងមិនធ្វើអ្វីទេ បានន័យថារឿងរ៉ាវនេះ គាត់ទុកឱ្យក្រុមហ៊ុនចិនផ្ទាល់តែម្ដងជាអ្នកឆ្លើយតបប្រតិកម្មទៅលើអ្វីអាមេរិកគាត់ធ្វើ ព្រោះកម្ពុជាគាត់មានការប្រុងប្រយ័ត្នក្នុងការបញ្ចេញនូវអ្វីដែលជាសកម្មភាពណាមួយដែលធ្វើឲ្យអាមេរិកមិនសូវសប្បាយចិត្ត ឬក៏អាចប៉ះពាល់ដល់ទំនាក់ទំនងដែលកម្ពុជា និងអាមេរិកមាន»។
គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិរូបនេះបានបន្ថែមថា៖
«កម្ពុជាកំពុងមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់គាត់អ៊ីចឹងគាត់នឹងសម្រេចចិត្តនៅស្ងៀម ប្រសើរជាងការណ៍ដែលគាត់បង្ហាញនូវអ្វីៗផ្សេងៗ»។
លោក ស៊ុន គីម បានផ្តល់ការកត់សម្គាល់ថាពេលវេលាទៅមុខ ដែលអាមេរិកនិងចិនប្រឈមមុខគ្នាកាន់តែខ្លាំងនោះ ទាមទារឲ្យកម្ពុជាប្រុងប្រយ័ត្នបន្ថែមទៀត ហើយកម្ពុជាត្រូវប្រឹងឱ្យអស់លទ្ធភាពក្នុងការរក្សាមិត្តភាពឱ្យបានគង់វង្ស ជាមួយចិនផង និងជាមួយអាមេរិកផង នៅក្នុងបរិបទប្រកួតប្រជែងនេះ។
«កម្ពុជាដែលជាប្រទេសតូចមួយក្នុងចំណោមប្រទេសតូចទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍នេះគឺពិបាកខ្លាំងតែម្ដង គឺយើងពិបាក។ កម្ពុជាត្រូវតែរកដៃគូដូចជាអាស៊ានដែលកម្ពុជាត្រូវធ្វើម៉េចទុកអាស៊ានជាស្នូលនៃនយោបាយការបរទេសដែលសំខាន់ ហើយបើកម្ពុជានៅរួបរួមជាមួយអាស៊ានកាន់តែខ្លាំងកាត់បន្ថយការទទួលសម្ពាធពីអាមេរិក»។
លោកបណ្ឌិត រ៉ូ វណ្ណៈ បានលើកឡើងថា រដ្ឋតូចដូចជាកម្ពុជា ត្រូវការធ្វើរឿងមួយចំនួនដើម្បីបង្កើនទំនុកចិត្តពីប្រទេសធំៗ។
«ប្រទេសតូចត្រូវបង្ហាញពីតម្លាភាពឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅដើម្បីកុំឱ្យមហាអំណាច មានមូលហេតុ ឬក៏យកលេស ទឡ្ហីករណ៍ណាមួយ មកចោទប្រកាន់ប្រទេសតូច»។
លោកបណ្ឌិត រ៉ូ វណ្ណៈ បានលើកឡើងថា រដ្ឋតូចៗនៅអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា ពិបាកនឹងកាត់ផ្ដាច់ផ្នែកភូមិសាស្ត្រនិងសេដ្ឋកិច្ចពីប្រទេសចិនណាស់ ព្រោះវាតម្រូវឱ្យអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តផ្ដល់នូវជម្រើសសេដ្ឋកិច្ចសមស្រប អាចជំនួសចិនបាន បើសិនជាខ្លួនចង់ទប់ទល់ចិនប្រកបដោយប្រសិទ្ធភាពនោះ៕