ប្រទេស​កម្ពុជា​សម្លឹង​មើល​ការ​បង្កើន​ថាមពល​អគ្គិសនី

បង្គោល​ភ្លើង​និង​ខ្មែរ​ភ្លើង​នៅ​តាម​មហាវិថី​មួយ​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០។ តម្រូវការ​ថាមពល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​គ្រប់​គ្រាន់​នឹង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​​រក្សា​កំណើន​សេដ្ឋ

ប្រទេស​កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ការ​បង្កើត​ថាមពល​អគ្គិសនី​និង​ការ​តភ្ជាប់​បណ្តាញ​ពី​ប្រទេស​ជិតខាង​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​កើនឡើង​នៅ​ក្នុង​ប្រទេស។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ រដ្ឋាភិបាល​បា​នបង្កើត​គោល​នយោបាយ​ថាមពល​ដើម្បី​ធ្វើឱ្យ​តម្លៃ​អគ្គិសនី​ចុះថោក​ដែល​នឹង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​រីកលូតលាស់​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នកជំនួញ​បាន​ផ្តល់​យោបល់​ថា​គោលនយោបាយ​ថាមពល​តែ​មួយមុខ​មិនអាច​សម្រេច​ទៅបាន​ទេ​លុះត្រាតែ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ឧបត្ថម្ភ​ទុន​សម្រាប់​វិស័យ​កសិកម្ម។

ក្រុម​មន្ត្រី​កម្ពុជា​បាន​និយាយ​នៅថ្ងៃពុធ​នេះ​ថា​ ប្រទេស​កម្ពុជា​នឹង​វិនិយោគ​ទឹកប្រាក់​៥០០លាន​ដុល្លារ​អាមេរិក​សម្រាប់​តភ្ជាប់​បណ្តាញ​អគ្គិសនី​ ពី​ប្រទេសថៃ​ វៀតណាម​ និង​ឡាវ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស។

អ្នកចូលរួម​ប្រមាណ​៣០០នាក់​មកពី​រដ្ឋាភិបាល​ ផ្នែកវិនិយោគទុន​ សហគមន៍​ស្រាវជ្រាវ​ អង្គការ​សង្គម​ស៊ីវិល​និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​បាន​ចូលរួម​នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី៥។

លោក ​ហង់ ជួនណារ៉ុន​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​បទបង្ហាញ​នៅ​សន្និសីទ​ក្នុង​សណ្ឋាគារ​ភ្នំពេញ​ថា​ប្រទេស​កម្ពុជា​បាន​វិនិយោគ​ទៅលើ​ថាមពល​អគ្គិសនី​ព្រោះវា​ជា​បញ្ហា​គន្លឹះ​សម្រាប់​ជំរុញ​កំណើន​ខ្ពស់​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។

លោក​សុខ ស៊ីផាន់ណា​ ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «តម្លៃ​ភ្លើង​អគ្គិសនី​ធ្លាក់ចុះ។ ខ្សែ​សង្វាក់​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​ ពីព្រោះ​សព្វថ្ងៃ ​យើង​ទទួលរង​នូវ​តម្លៃ​ភ្លើង​អគ្គិសនី​ខ្ពស់។​ អញ្ចឹង យើង​មាន​បណ្តាញ​អគ្គិសនី​មក។ តម្លៃ​ភ្លើង​អគ្គិសនី​ធ្លាក់ចុះ។ សូម្បី​តែ​អ្នកកិនស្រូវ​ក៏​បន្ធូរ​តម្លៃ​ដែរ ​ពីព្រោះ​តម្លៃ​កិនស្រូវ​ថ្លៃ​លើ​អគ្គិសនី»។

គោលនយោបាយ​ថាមពល​អគ្គិសនី​របស់​រដ្ឋាភិបាល​ គឺ​ផ្តល់​ការផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ទូទាំង​ប្រទេស​ដោយ​តម្លៃ​សមហេតុផល​ និង​សមល្មម​នឹង​ចំណាយ​បាន​ ធានា​ការផ្គត់ផ្គង់​ដែល​អាច​ពឹងពាក់​បាន​និង​ដែល​មាន​ការ​ធានា​ដោយ​តម្លៃ​សមហេតុផល​ដែល​សម្រួល​ដល់​ការវិនិយោគ​នៅ​កម្ពុជា​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​លើក​ទឹកចិត្ត​ដល់​ការ​រុករក​និង​ការ​អភិវឌ្ឍ​ធនធាន​ថាមពល​ដែល​អាច​ទទួលយក​បាន​តាមបែប​សង្គម​និង​បរិស្ថាន​ តម្រូវការ​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រប់ផ្នែក​ទាំងអស់​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​លើក​ទឹកចិត្ត​ដល់​ការប្រើប្រាស់​ថាមពល​ឱ្យបាន​ផលល្អ​និង​ធ្វើឱ្យ​ផល​ប៉ះពាល់​បរិស្ថាន​ខូចខាត​តិច​បំផុត​ ដែល​បាន​កើតចេញ​ពី​ការប្រើប្រាស់​និង​ការផ្គត់ផ្គង់​ថាមពល។

លោក​លី វណ្ណតារា​ អ្នក​ជំនួញ​ស្រូវ​បាន​និយាយ​ថា​លោក​ស្វាគមន៍​គោលនយោបាយ​ថាមពល​របស់​រដ្ឋាភិបាល​ប៉ុន្តែ​គោលនយោបាយ​ថាមពល​តែមួយ​មុខ​មិនអាច​សម្រេច​ដល់​កំណើន​ខ្ពស់​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​បានទេ។ រដ្ឋាភិបាល​គួរតែ​មាន​គោលនយោបាយ​ឧបត្ថម្ភ​ទុន​ដល់​វិស័យ​កសិកម្ម​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក​វិកទ័រ ហ្យូណា​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​ឧស្សាហកម្ម ​រ៉ែ ​និង​ថាមពល​បាន​បញ្ជាក់​នៅក្នុង​បទ​បង្ហាញ​ថា​ គោលនយោបាយ​គោលដៅ​អគ្គិសនី​សម្រាប់​គ្រួសារ​នៅ​ជនបទ​៧០ភាគរយ​ទទួលបាន​សេវា​អគ្គិសនី​ប្រកប​ដោយ​គុណភាព​ប្រើ​នៅ​ឆ្នាំ២០៣០ ​និង ​១០០ភាគរយ​នៃភូមិ​ទាំងអស់​នៅឆ្នាំ​២០២០។

លោក​វិកទ័រ ហ្យូណា ​បាន​បន្តថា​អត្រា​កំណើន​តម្រូវការ​អគ្គិសនី​ប្រចាំ​ឆ្នាំ​នៅក្នុង​ប្រទេស​មាន​១៩​ភាគរយ​ខណៈ​ដែល​នៅក្នុង​ទីក្រុង​ភ្នំពេញ​អត្រា​កំណើន​តម្រូវការ​ឡើងខ្ពស់​ដល់​២៥​ភាគរយ។ ​មនុស្ស​ម្នាក់ៗ​តម្រូវការ​អគ្គិសនី​ប្រចាំឆ្នាំ​បាន​កើនឡើង ​ពី​ជាង​១៣៨​គីឡូវ៉ាត់​ម៉ោង​នៅក្នុង​ឆ្នាំ២០០៩​ដល់​ជាង​១៥៩​គីឡូវ៉ាត់​ម៉ោង​នៅក្នុង​ឆ្នាំ២០១០។

លោក ​វិកទ័រ​ ហ្យូណា​ បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​បាន​នាំចូល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ ថៃ ​និង​វៀតណាម​ដោយ​មាន​កម្លាំង​សរុប​២២៥​មេហ្គាវ៉ាត់​នៅក្នុង​ឆ្នាំ២០១០​ដែល​បាន​កើនឡើង​ប្រមាណ​៤៨ភាគរយ​ពី​ឆ្នាំ២០០៩៕