វ៉ាស៊ីនតោន៖ ក្រុមអ្នកឃ្លាំមើលនិយាយថា យុទ្ធសាស្ត្របញ្ចប់តុលាការកាត់ទោសពួកអតីត មេដឹកនាំខ្មែរក្រហមជារឿងដែលត្រូវគិតគូរឲ្យបានល្អិតល្អន់។ លោកសុខ ខេមរានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា ក្រុមអ្នកឃ្លាំមើលខ្លះក្នុងប្រទេស អាមេរិកព្រមានជាមុនថា អ.ស.ប. កម្ពុជានិងតុលាការគួរប្រយ័ត្នប្រយែងអំពីកេរតំណែលសាលាក្តីដែលកើតចេញពីការស្វែងរកយុត្តិធម៌ដែលគេទន្ទឹងរង់ចាំ ជាងបីទសវត្យរ៍នេះ។
សាលាក្តីកាត់ទោសខ្មែរក្រហមបានញ៉ាំញីដោយការចោទប្រកាន់រឿងពុករលួយ និងរឿងជ្រៀតជ្រែកផ្នែកនយោបាយដែលគេគិតថា ជាការបង្អាក់ដំណើរការកាត់ ទោសនេះ។ តុលាការនេះកំពុងប្រឈមមុខនឹងបញ្ហាថវិកា បញ្ហាអាយុចាស់ជរា របស់ជនជាប់ចោទ និងបញ្ហាយឺតយ៉ាវក្នុងដំណើរការកាត់ទោសដែលមិនទាន់ បានកាត់ទោសឧក្រិដ្ឋកម្មសំខាន់ៗ ហើយនឹងការស្លាប់របស់ជនជាប់ចោទសំខា ន់ម្នាក់គឺអៀងសារី ជាបងធំទី៣នៃរបបខ្មែរក្រហមកាលពីថ្ងៃ១៤មិនា។ បញ្ហាស្មុគ្រស្មាញជាសម្ពាធចុងក្រោយទាំងនេះជារឿងដែលអ.ស.ប. កម្ពុជាហើយនឹង តុលាការត្រូវគិតគូរពីគម្រោងការបញ្ចប់បេសកកម្មរបស់ខ្លួនដ៏ប្រសើរមួយ សម្រាប់កេរតំណែលផងនិងដើម្បីការស្វះស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរ ១លាន៧សែននាក់ដែលត្រូវក្រុមខ្មែរក្រហមកាប់សម្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ផងដែរ។
លោកស្រី នូស្ស៊ីន សាការាទី (Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា Center for Justice and Accountability បានថ្លែងថា៖
«មានភស្តុតាងកាន់តែបង្ហាញខ្លាំងឡើងថា តុលាការខ្មែរក្រហមមិនចង់ចាប់ផ្តើម ដំណើរការកាត់ទោសបទឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលក្រុមមេដឹកនាំខ្មែរក្រហម ដែលកំពុងមានជីវិតសព្វថ្ងៃបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហមនោះទេ។ ដូច្នេះ តុលាការគួរត្រូវបង្កើតគម្រោងបញ្ចប់មួយដែលនឹងបង្កើនកេរតំណែលរបស់ខ្លួន ហើយផ្តល់វិធានការខ្លះដើម្បីប៉ះប៉ូវទៅដល់ជនរងគ្រោះ»។
លោកស្រីបានបន្ថែមថា តុលាការគួរបង្កើតកន្លែងរក្សាទុកឯកសារជាប្រវត្តិសាស្ត្រមួយសម្រាប់ឯកសារនានាចំពោះសំណុំរឿងទាំងឡាយហើយនឹងការ រក្សាសក្ខីកម្មសាក្សីដើមបណ្តឹងរដ្ឋប្បវេណីនិងក្រុមអ្នកជំនាញដែលបានសួរ ដេញដោល ឬធ្វើសក្ខីកម្មក្នុងតុលាការ។
«កន្លែងរក្សាទុកឯកសារដែលងាយចូលបើកមើលនឹងផ្តល់ឱកាសដល់អ្នករួច ជីវិតនិងសាធារណជនក្នុងការស្វែងរកការណ៍ពិតដោយខ្លួនឯង បើទោះបីជាគ្មាន ការវិនិច្ឆ័យទោសក្តី»។
លោកបណ្ឌិតចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោ បាយសាធារណៈ Gerald Ford School of Public Policy នៃសាកលវិទ្យាល័យ University of Michigan ថ្លែងថា សំណុំរឿង០០២ជាសំណុំរឿងដ៏សំខាន់ណាស់ ដើម្បីឲ្យបានដឹងថា តើរបបខ្មែរក្រហមដំណើរការយ៉ាងម៉េច។ ហើយតុលាការ ត្រូវកាត់ទោសជនទទួលខុសត្រូវខ្ពស់បំផុត ដែលបានធ្វើគោលនយោបាយ សម្រាប់ការដឹកនាំរបបកម្ពុជាប្រជាធិតេយ្យ។ លោកបានបន្ថែមថា ប្រសិនបើ តុលាការនេះមិនអាចបញ្ចប់សំណុំរឿង០០២ដោយជោគជ័យទេ នោះសាលាក្តីនេះពិបាកនឹងអាចបន្សល់ទុកនូវកេរតំណែលជាវិជ្ជមាននិងមិនអាចផ្សះផ្សារផ្លូវចិត្តជនរងគ្រោះដែរ។
«ខ្ញុំគិតថា ជនរងគ្រោះនឹងខកចិត្តដ៏សមហេតុផល ប្រសិនបើគ្មានការចេញ សាលក្រមសម្រាប់សំណុំរឿង០០២ ដែលជាការកាត់ក្តីដ៏សំខាន់បំផុត ធ្វើតាំងពី ដំបូងរហូតមក។ ដូច្នេះជារឿងដ៏ចាំបាច់សម្រាប់មន្ត្រីតុលាការ រដ្ឋាភិបាលកម្ពុជា អ.ស.ប. និងម្ចាស់ជំនួយត្រូវបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនទ្វេឡើងដើម្បីបញ្ចប់ សំណុំរឿងនេះប្រកបដោយជោគជ័យនិងឆាប់រហ័ស»។
ដោយមិនទាន់គិតដល់សំណុំរឿង០០៣និង០០៤ដែលស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ព្រោះតែការជ្រៀតជ្រែកផ្នែកនយោបាយនោះ ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមបានអះអាងពីឧបសគ្គដែលមានការយឺត។ បញ្ហាទាំងនោះត្រូវគេអះអាងថា កើតចេញពីការបំបែកសំណុំរឿង០០២ ដែលមានជនជាប់ចោទវ័យចំណាស់ៗអាយុជាង៨០ឆ្នាំ៤នាក់ ការមិនបរិច្ចាគថវិកាបន្ថែមពីភាគីកម្ពុជា ចំពោះការចំណាយដល់បុគ្គលិកផ្នែកភាគីកម្ពុជាខ្លួនឯង ហើយអៀង សារី អាយុ៨៧ឆ្នាំជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម ដែលជាជនជាប់ចោទ សំខាន់ម្នាក់ បានស្លាប់កាលពីថ្ងៃទី១៤មិនា ដោយគ្មានការកាត់ទោស។ ដោយ ឡែក ភរិយារបស់គាត់គឺអ្នកស្រីអៀង ធីរិទ្ធត្រូវតុលាការសម្រេចដោះលែងដោយ សារមានជម្ងឺបាត់ការចងចាំជាដើម។ មួយផ្នែកទៀត ម្ចាស់ជំនួយអន្តរជាតិហាក់ ដូចជាមិនចង់ផ្តល់ថវិកាបន្ថែមសម្រាប់ភាគីកម្ពុជា។ បញ្ហាទាំងនេះត្រូវក្រុម អ្នកឃ្លាំមើលជាច្រើនសង្ស័យខ្លាំងថា តុលាការនេះមិនអាចបញ្ចប់សំណុំរឿង ០០២នេះបានទេ បើទោះបីជានៅសល់តែជនជាប់ចោទចំណាស់ៗពីរនាក់គឺ នួន ជាបងធំទី២ បន្ទាប់ពីខ្មោចប៉ុល ពត និងខៀវ សំផន អតីតប្រមុខរដ្ឋក្តី។
លោក ភីធ័រ ម៉ាហ្គ្វៃអ័រ (Peter Maguire) សាស្ត្រាចារ្យសាកលវិទ្យាល័យស.រ.អាមួយ ហើយនិងជាអ្នកនិពន្ធសៀវភៅខ្មែរក្រហមដែលមានចំណងជើងថា «ប្រឈមមុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា»បានថ្លែងថា លោកមានការសង្ស័យ ជានិច្ចតាំងពីដំបូងថា តុលាការនេះមិនអាចបញ្ចប់ការកាត់ក្តីសំណុំរឿង០០២នេះបានទេ។
«នេះគឺជារឿងសោកនាដ្ឋកម្មមួយនិងជាការបាត់បង់ឱកាសមួយដែលគេមិនអាច មានលទ្ធភាពបញ្ចប់ការកាត់ទោសនេះ នៅក្នុងពេលដែលជនជាប់ចោទនៅមាន ជីវិតនៅឡើយ»។
លោកថ្លែងថា តុលាការនេះនឹងពិបាករកថវិកាសម្រាប់បុគ្គលិក ជាពិសេសត្រូវ រកវិធីផ្តល់ប្រាក់ខែដល់បុគ្គលិកភាគីកម្ពុជា ក្រៅពីរិះគន់ជំហរទន់ជ្រាយរបស់ អ.ស.ប.។ លោកថ្លែងថា នេះជាធម្មតារបស់អ.ស.ប.ទៅហើយដែលមិនបានសម្រេចជោគជ័យក្នុងការរកយុត្តិធម៌នៅពេលដែលជនជាប់ចោទនៅមានជីវិត។ លោកបានលើកយកសំណុំរឿង ស្លូបូដាន់ មីឡូសូវិក (Slobodan Milosevic)អតីតមេដឹកនាំប្រទេសយូហ្គោស្លាវី ដែលបានស្លាប់កាលពីឆ្នាំ២០០៦ ពេលកំពុងកាត់ទោសរយៈពេល៥ឆ្នាំ ពីបទឧក្រិដ្ឋកម្មសង្រ្គាមដោយតុលាការឧក្រិដ្ឋកម្មអន្តរ ជាតិរបស់អ.ស.ប.។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរងអ.ស.ប.ក្នុងទីក្រុងញូយ៉កគឺលោកស្រី អ៊ីរី កានេកូ (Eri Kaneko) បានថ្លែងប្រាប់វីអូអេខេមរភាសាពីជំហររបស់អ.ស.ប. ចំពោះការកាត់ទោសខ្មែរក្រហម ដោយបញ្ជាក់ថា គឺអ.ស.ប.ចង់នាំមកនូវយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា ដែលត្រូវរងគ្រោះក្រោមរបបខ្មែរក្រហម។
«លោកអគ្គលេខាធិការអ.ស.ប. បាន់គីមូនបន្តគាំទ្រយ៉ាងខ្លាំងចំពោះការកាត់ទោសជនទាំងឡាយដែលទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ តាមរយៈដំណើរការយុត្តិធម៌ត្រឹមត្រូវដោយមិនលំអៀង។ ជារឿងគួរឲ្យសោក ស្តាយដែលជនរងគ្រោះនៃរបបខ្មែរក្រហម ក្រុមគ្រួសារពួកគេក៏ដូចជាសហគមន៍ អន្តរជាតិថែមទៀតមិនមានឱកាសឃើញដំណើរការបញ្ចប់តាមសម្រួលហើយ ទទួលបានដីការក្នុងសំណុំរឿងអៀង សារី»។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងប្រាប់វិទ្យុ WEBZ ក្នុងទីក្រុង ជីការហ្គោ (Chicago) រដ្ឋអ៊ីល្លីណយ ស.រ.អា.កាលពីសប្តាហ៍មុន ក្រោយប៉ុន្មានថ្ងៃដែលលោកបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីសុខ អានដើម្បីពិភាក្សាអំពីរឿងថវិកាគាំទ្រសាលាក្តីខ្មែរក្រហម និងដំណើរការសាលាក្តីបន្តនោះ លោកដាវីដ សេហ្វ័រ អ្នកជំនាញការពិសេសផ្នែកសាលាក្តីកាត់ទោសខ្មែរក្រហមរបស់លោកអគ្គលេខាធិការអ.ស.ប.មានការមិនសប្បាយចិត្តជាច្រើន ដូចជានៅពេលដំណើរការតុលាការត្រូវពន្យារពេល មានការជំទាស់ពីមេធាវីជនជាប់ចោទនឹងការស្លាប់របស់អៀង សារី មុនការកាត់ទោស។ តែលោកថា នេះគឺជាដំណើរការច្បាប់នីតិវិធីនៃតុលាការដែលមានរចនាសម្ព័ន្ធពិសេសមួយ។
«វាជារឿងសៅម៉ងណាស់ ជាពិសេសជនជាតិកម្ពុជាដែលចង់បានយុត្តិធម៌ត្រូវគេ ផ្តល់ឲ្យភ្លាមៗចំពោះឧក្រិដ្ឋកម្មទាំងនេះ។ មើលន៎! អាយុជនជាប់ចោទទាំងនេះ ដែលកំពុងស្ថិតក្នុងបន្ទប់តុលាការចាស់ៗហើយ។ រួចទាមទារថា ផ្តល់យុត្តិធម៌ឲ្យ បានឆាប់មក! ក៏ប៉ុន្តែអ.ស.ប.និងរដ្ឋាភិបាលបរទេសនានាបានតាំងចិត្តថា ការកាត់ទោសនេះអាចដំណើរការដោយប្រើពេលយូរតាមបទដ្នានច្បាប់អន្តរជាតិ»។
ថ្លែងបញ្ជាក់បន្ថែមប្រាប់វិទ្យុ WEBZ ដដែលលោកដាវីដ សេហ្វ័របានទទួលស្គាល់ពីការលំបាកក្នុងការរកថវិកា។ តែលោកបានផ្តល់ការចាប់អារម្មណ៍ម្ចាស់ជំនួយ ថា គេមិនគួរទុកចោលតុលាការនៅកម្ពុជា ពេលដែលសម្រេចបាននូវយុត្តិធម៌ក្នុងប្រទេសផ្សេងៗទៀត ដូចជាតំបន់បាល់កង់ រ៉វាន់ដា និងសេរាលីអូននិងនៅតំបន់អាហ្រ្វិកដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិគ្របដណ្តប់បច្ចុប្បន្ននេះទេ។ លោកចាត់ទុកថា ជារឿងមិនគួរឲ្យជឿដែលគេទុកចោលបទឧក្រិដ្ឋម្មធំៗជាងប្រទេសផ្សេងៗនោះដោយគ្មានការកាត់ទោស។
«ប៉ុន្តែសាលាក្តីនេះគឺការជនុំជម្រះសំណុំរឿង០០២គឺសម្រាប់ពលរដ្ឋ១លាន៧សែននាក់ដែលបានស្លាប់។ វាពិតជាសំខាន់បំផុតដែលមេដឹកនាំធ្វើការក្រោមប៉ុល ពតទាំងនេះត្រូវនាំយកមកកាត់ទោស។ នេះជាតុលាការនូរ៉ុមបឺក (Nuremberg) របស់កម្ពុជា នៅពេលនេះ។ ហើយតុលាការនេះត្រូវតែធ្វើឲ្យបានចប់»។
សាលាក្តីកាត់ទោសខ្មែរក្រហមខ្វះខាតថវិកាយ៉ាងខ្លាំងនៅពេលម្ចាស់ជំនួយ បរទេសមិនផ្តល់ថវិកាគាំទ្រសាលាក្តីនេះ។ ភាគីអ.ស.ប.នឹងអស់ថវិកាខ្លួននៅខែ ឧសភាខាងមុខ។ ចំណែកភាគីកម្ពុជាកំពុងខ្វះខាតថវិកាប្រមាណ៧លានដុល្លារស.រ.អា. សម្រាប់ភាគីកម្ពុជាដែលក្រុមប្រទេសអ្នកផ្តល់ជំនួយទាមទារឲ្យរដ្ឋា ភិបាលកម្ពុជាផ្តល់វិភាគទានថែមទៀតសម្រាប់បុគ្គលិកកម្ពុជា ដែលធ្លាប់បាន ធ្វើបាតុកម្មតវ៉ារឿងប្រាក់ខែនោះ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីហើយជា ប្រធានក្រុមការងារពិសេសសម្រាប់កិច្ចការចរចារឿងការកាត់ទោសខ្មែរក្រហម បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោកស្រី Penny Richards នៅសប្តាហ៍ មុននេះថា កម្ពុជាកំពុងធ្វើការទាក់ទងនឹងការកែសម្រួលរចនាសម្ព័ន្ធក្នុងតុលាការ ខ្មែរក្រហមគឺការកាត់បន្ថយចំនួនបុគ្គលិក កាត់បន្ថយការចំណាយ និងការផ្តល់ អនុសាសន៍ដល់ចៅក្រមនិងព្រះរាជអាជ្ញាធ្វើការឲ្យបានលឿនទៅតាមផ្លូវច្បាប់ ដែលមិនមែនជាការបង្គាប់បញ្ជារបស់រដ្ឋាភិបាល។ នេះជាការអះអាងរបស់ លោកឯក ថា អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងប្រាប់វីអូអេ។ លោកបានបន្ថែមថា ការកែសម្រួលរចនាសម្ព័ន្ធរបស់តុលាការ នេះគឺធ្វើឲ្យតុលាការអាចកាត់ទោសជនជាប់ចោទដែលមានវ័យចំណាស់នៅ ពេលមានជីវិត ហើយមិនឲ្យមានបញ្ហារឿងកង្វះថវិកា។
«ចង់និយាយថា កាលណាយើងមានកាលវិភាគ និងពេលវេលាច្បាស់លាស់ និង យុទ្ធសាស្ត្រទាំងស្រុង តើយើងត្រូវធ្វើអ្វីពីរយៈពេលណាទៅ ពេលណាធ្វើការងារនេះ។ យើងគិតថា តុលាការកាន់តែមានប្រសិទ្ធិភាពរបស់ខ្លួន ហើយដំណើរការហ្នឹងកាន់តែទទួលបាននូវជោគជ័យ»។
សាលាក្តីកាត់ទោសខ្មែរក្រហមបានចំណាយទឹកប្រាក់ជាង១៥០លានដុល្លារហើយតាំងពីចាប់ផ្តើមកាត់ទោសកាលពីឆ្នាំ២០០៦មក។ សាលក្រមនៃការកាត់ ទោសវគ្គទី១នៃសំណុំរឿង០០២ទាក់ទងនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនោះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយគេរំពឹងថា សាលក្រមនឹងចេញនៅ ដើមឆ្នាំ២០១៤៕