អ្នក​រត់រ៉ឺម៉ក​ម៉ូតូកង់បី​នៅ​កម្ពុជា​ទទួល​ការ​បណ្តុះ​បណ្តាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​

  • ​Reuters

រូបឯកសារ៖ រ៉ុឺម៉ក​កង់​បី​កំពុង​រង់​ចាំ​ដឹក​ភ្ញៀវជាតិ​និង​អន្តរជាតិ​ទៅ​ទស្សនា​​ស្នាដៃ​ថត​រូប​​​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​តាម​ទីតាំង​ខុស​ៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ប្រជាជន​ជាង​២៦​ម៉ឺន​នាក់​ក្នុង​ចំណោម​ប្រជាជន​១៦​លាន​នាក់​នៅ​កម្ពុជា​បាន​ជាប់​ក្នុង​ទាស​ភាព​សម័យ​ទំនើប។​នេះ​បើ​យោង​តាម​សន្ទស្សន៍ទាស​ភាព​ពិភព​លោក​ Global Slavery Index ​របស់​មូលនិធិ​​ Walk Free Foundation។ ​

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់បីរាប់ពាន់​នាក់​នៅ​កម្ពុជា​នឹង​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្រោម​ផែន​ការ​មួយ ​ដោយ​ប្រើ​កម្មវិធី​របស់​ក្រុមហ៊ុន​Grab​ដែល​តាម​ដាន​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បណ្តុះ​បណ្តាល​អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូកង់បី​ឱ្យ​មើល​និង​រាយ​ការណ៍​អំពី​សញ្ញា​នៃ​ការ​កេង​ប្រវ័ញ្ច។ ​

ក្រុមហ៊ុន ​Grab​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ​ខ្លួន​នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូ​កង់បី​ចំនួន​១​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែនេះ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់​ផ្តើម​កម្មវិធី​ដែល​ត្រូវ​បាន​គ្រោង​ថា​ នឹង​ពង្រីក​ដល់​អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូកង់​បី​រាប់​លាន​នាក់​នៅ​អាស៊ី។

លោក​ Hashim Alkaff ​ប្រធាន​ក្រុមហ៊ុន​ Grab Cambodia ​បាន​និយាយ​ថា​“យើង​ទទួល​ស្គាល់​ថា​ឡាន​តាក់ស៊ី​និង​រ៉ឺម៉ក​កង់បី​អាច​ជា​ចំណុច​ទី​មួយ​នៃ​ទំនាក់​ទំនង​រវាង​អ្នក​ជួញ​ដូរ​និង​ជន​រង​គ្រោះ​ ជា​ពិសេស​នៅ​អាកាស​យានដ្ឋាន ​ស្ថានីយឡាន​ក្រុង ឬ​ស្ថានីយ​រថភ្លើង»។​

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា៖​

«តាម​រយៈ​បណ្តាញ​អ្នក​បើកបរ​ដែល​ជា​ដៃ​គូ​សហការ​យ៉ាង​ទូលំទូលាយរបស់ក្រុមហ៊ុន ​Grabក្នុង​រាជ​ធានី​ភ្នំពេញ​ ​យើង​ចង់​ឲ្យ​អ្នក​បើក​បរ​របស់​យើង​ក្លាយ​ជា​ភ្នែក​និង​ត្រចៀក​បន្ថែម​ទៀត»។ ​

ប្រជាជន​ជាង​២៦​ម៉ឺន​នាក់​ក្នុង​ចំណោម​ប្រជាជន​១៦​លាន​នាក់​នៅ​កម្ពុជា​បាន​ជាប់​ក្នុង​ទាស​ភាព​សម័យ​ទំនើប។​នេះ​បើ​យោង​តាម​សន្ទស្សន៍ទាស​ភាព​ពិភព​លោក​ Global Slavery Index ​របស់​មូលនិធិ Walk Free Foundation។ ​ជារឿយៗ​ពួក​គេក្លាយ​ជាជន​រងគ្រោះ​នៅ​ក្នុង​កសិដ្ឋាន​ ឧស្សាហ​កម្មនេសាទនិង​សំណង់​ ហើយ​ពួក​គេ​ជាច្រើន​គឺ​ជា​កុមារ។​

មនុស្ស​រាប់ពាន់​នាក់​ទៀត​ត្រូវ​បាន​គេជួញ​ដូរ​ឆ្លង​ប្រទេស​រួមទាំង​ស្ត្រី​កម្ពុជា​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​នៅ​ប្រទេស​ចិន។​

កាលពី​ឆ្នាំ​មុន​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស ​ មាន​ន័យ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​តែ​ធ្វើការ​កែ​លម្អ ​ បើមុន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច។ ​

ទីភ្នាក់ងារ​រដ្ឋាភិបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ​Grab​ ក្នុង​គំនិត​ផ្តួច​ផ្តើម​បណ្តុះ​បណ្តាល​អ្នក​រត់​ម៉ូតូ​កង់​បី​នេះ​ ​បាន​និយាយ​ថា​ការ​ជួញដូរ​មនុស្ស​កំពុង​កើន​ឡើង ​បើទោះ​បីជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប៉ូលិស ​ហើយ​អ្នក​បើក​រ៉ឺម៉ក​កង់បី​គឺ​ជា​ប្រភព​ព័ត៌មាន​ក៏ដោយ។ ​អ្នកស្រី​ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ​មាន​ប្រសាសន៍​ថា​ ​គ្រប់ផ្នែក​ទាំង​អស់​នៃ​សង្គម​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កម្ចាត់​ការ​ជួញ​ដូរ​មនុស្ស។​

លោក​ស៊ាន សុខផៃ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Child Helpline​មាន​ន័យ​ថា​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​ ​បាន​និយាយ​ថា​ អ្នក​បើកបរ​ត្រូវ​បាន​បំពាក់​ឧបករណ៍​ដើម្បី​កំណត់​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​នៅ​ក្នុង​យានយន្ត​របស់​ពួក​គេ​ ​ហើយ​ឧបករណ៍​នេះ​ក៏ត្រូវ​បំពាក់​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ នៅ​ការដ្ឋាន​សំណង់ ​និង​កន្លែង​កម្សាន្ត​ពេល​រាត្រី​ផង​ដែរ។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖​

«ការជួញ​ដូរ​មាន​នៅ​គ្រប់​ទីកន្លែង ​ដូចជា​ការ​រំលោភ​បំពាន​ពលកម្ម ​ ការ​កេង​ប្រវ័ញ្ច​លើកុមារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។ ​យើង​ចង់​លុបបំបាត់​របាំង​ដែល​រារាំងមិន​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាពរាយ​ការណ៍​អំពី​រឿង​នេះ»។​

ក្រុមហ៊ុន​ផ្តល់​សេវានៅ​ទូទាំង​ពិភព​លោក​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ឲ្យចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​និង​ទាសភាព​សម័យ​ទំនើបដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​៤០ លាន​នាក់​រង​គ្រោះ​នៃ​ការ​ជួញដូរ​ដែល​រកប្រាក់​បាន​ប្រមាណ​១៥០​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។​

ក្រុមហ៊ុន​ Uber ​ដែល​បាន​លក់អាជីវកម្ម​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ឲ្យក្រុមហ៊ុន ​ Grab ​នៅ​ឆ្នាំ​២០១៨​បាន​ធ្វើ​គំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​នៅ​ឆ្នាំ​នោះ៕