សម​យុទ្ធ​រួម​ ចំ​ពេល​វិបត្តិ​វីរុស​កូរ៉ូណា​ បង្កើន​ឥទ្ធិពល​ចិន​នៅ​កម្ពុជា

រូបឯកសារ៖ យោធាកម្ពុជានិងចិនចូលរួមសមយុទ្ធរួម «នាគមាសឆ្នាំ២០១៨» នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ភ្នំពេញ — ខណៈ​មាន​ការ​ឆ្លង​រាល​ដាលវីរុសកូរ៉ូណា​នៅ​ទូទាំង​ពិភព​លោក ​បណ្ដា​ពិធីជួបជុំ​តូច​ធំ​គ្រប់​ប្រភេទ​ គ្រប់​ទម្រង់ ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លុប​ចោល​ ឬ​ពន្យារ​ពេល។​ តែវិបត្តិ​នេះ​មិន​អាច​បញ្ឈប់​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ទ័ព​ជើង​គោក​រួម​គ្នា​រវាង​កម្ពុជា ​និង​ចិន​បាន​ទេ។​

កង​កម្លាំង​មក​ពី​កង​យោធ​ពល​ខេមរ​ភូមិន្ទ​របស់​កម្ពុជា​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ការ​ហ្វឹក​ហាត់​មួយ​ឈ្មោះ​ថា​ «សមយុទ្ធ​នាគ​មាស​២០២០» ​ដែល​ប្រើ​ប្រាស់​កង​កម្លាំង​ទាំង​ពីរ​ប្រទេស​ប្រមាណ​៣​ពាន់​នាក់។ ​សមយុទ្ធ​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​ និង​គ្រោង​បន្ត​ធ្វើ​រហូត​ដល់​ចុង​ខែ​មីនា​នេះ។​

ការ​ធ្វើ​សមយុទ្ធ​នា​គ្រា​មាន​ជំងឺ​រាតត្បាត​ដ៏​សាហាវ​ដែល​ពិភពលោក​បាន​និង​កំពុង​ព្រួយ​បារម្ភ ​នេះ​ បង្ហាញ​អំពី​ការ​ស្រវា​ឱប​ក្រសោប​គ្នា​កាន់​តែ​ខ្លាំង​រវាង​រដ្ឋាភិបាលក្រុង​ប៉េកាំង និង​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​មួយ​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ទី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ​អ្នក​តាម​ដាន​ស្ថាន​ការណ៍​គូស​បញ្ជាក់​ថា​ កត្តា​មួយ​ទៀត​ដែល​រុញ​ប្រទេស​ទាំង​ពីរ​ជិត​គ្នា​ថែម​ទៀត ​គឺ​ការ​តទល់​នឹង​ជំងឺ​កូវីដ១៩។​

ខណៈ​ប្រទេស​ចិន​កំពុង​មមាញឹក​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​វីរុស​នេះ​ កាល​ពី​ដើម​ខែ​កុម្ភៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ក្រោយ​ពី​ក្រសួង​ការ​បរទេស​ចិន​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ទៅទីក្រុង ​Wuhan​ ចំណុច​កណ្ដាល​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

លោក​បាន​សម្រេច​មិន​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន មិន​ជម្លៀស​ពល​រដ្ឋ​កម្ពុជា ​និស្សិត​និង​អ្នក​ការ​ទូត​ពី​ប្រទេស​ចិន​ឡើយ ​ដោយ​ថា ​ពួក​គេ​ «ត្រូវ​រួម​សុខ​រួម​ទុក្ខ»​ ជាមួយ​ប្រជាជន​ចិន​ក្នុង​កាលៈ​ទេសៈ​លំបាក។ ​កាល​ពី​ថ្ងៃ​ពុធ លោក ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​នេះ​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ​ដោយ​លោក​បញ្ជាក់​ថា ​បើ​លោក​យក​យន្ត​ហោះ​ទៅ​ដឹក​និស្សិត​ទាំង​នោះ វា​នឹង «បំផ្លាញ​ចំណង​ទាក់​ទង​កម្ពុជា​ចិន»។​

លោក ​Wang ​Wentian ​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​បាន​សរសេរ​ក្នុង​សំណេរ​មួយផ្ញើ​ទៅ​កាន់​បណ្ដា​សារ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ដែល​ផ្សាយ​ព្រមៗ​គ្នា​ កាល​ពី​ថ្ងៃ​ទី​២ ​ខែ​កុម្ភៈ ​ដោយ​សរសើរ​ជម្រើស​កម្ពុជា។​

លោក​បាន​សរសេរ​ថា៖ «មាន​តែ​វា​យោ​បក់​បោក​ខ្លាំង ​ទើប​អាច​ដឹង​ពី​ភាព​ស៊ូ​ទ្រាំ​នៃ​ស្មៅ។ ​មាន​តែ​ក្នុង​កាលៈ​ទេសៈ​នៃ​ការ​លំបាក​ ទើប​ស្គាល់​ពី​មិត្ត​ភ័ក្តិ​ពិត​ប្រាកដ»។​

នៅ​ពេល​អត្រា​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ចិន​ធ្លាក់​ចុះ ករណី​ឆ្លង​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ទៅ​ជិត​ ១០០​នាក់​ហើយ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ ​ចិន​បាន​បញ្ជូន​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ស៊ីវិល​៧​នាក់​ និង​យោធា​៤​នាក់​ មក​ជួយ​ក្រសួង​សុខាភិបាល​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​ជំនួយ​បរិក្ខារ​ពេទ្យ​ផង​ដែរ។​

នៅ​ទីតាំង​ធ្វើ​សមយុទ្ធ​នាគ​មាស​ទៀត​សោត ​ចិន​ក៏​បាន​ប្រគល់​បរិក្ខារ​វេជ្ជ​សាស្ត្រ​មួយ​ចំនួន​ដល់​សម​ភាគី​កម្ពុជា​បន្ថែម​ទៀត។​

លោក​បណ្ឌិត​ មាស​ នី ​អ្នក​អត្ថាធិប្បាយ​នយោបាយ​កម្ពុជា ​បាន​លើក​ឡើង​ថា​ រូប​ភាព​ខាង​លើ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ចំណង​ទាក់​ទង​ «មិន​ធម្មតា»​ លើ​ផ្នែក​នយោបាយ​និង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​ចិន។​

លោក​បាន​ប្រាប់​ VOA​ ថា៖ «ការ​ជម្នះ​ធ្វើ​សម​យុទ្ធ​យោធា​ក្នុង​ពេល​មាន​ជំងឺ​ឆ្លង​នេះ ​គឺ​វា​ហាក់​ដូច​ជា​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​មួយ​ថា​ប្រទេស​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​ខ្លាំង ​ខាង​ក្រោយ​ឆាក ​ដែល​ធំ​ធេង​ជាងចំណង​ការ​ទូត​មិត្ត​ភាព​ធម្មតា ។ ​អា​នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ»។​

រូបឯកសារ៖ យោធាកម្ពុជានិងចិនចូលរួមសមយុទ្ធរួម «នាគមាសឆ្នាំ២០១៨» នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

សម​យុទ្ធ​ធំ​មិន​ធ្លាប់​មាន​

លោក​ឧត្ដម​សេនីយ៍​ទោ ​ថោង​ សូលីម៉ូ ​អ្នក​នាំ​ពាក្យ​អគ្គ​បញ្ជាការ​ដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ឱ្យ​ដឹង​ថា​ សម​យុទ្ធ​នាគ​មាស​លើក​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ប្រុង​ប្រយ័ត្ន​ផ្នែក​វេជ្ជសាស្ត្រ​ខ្ពស់​ក្នុង​បរិវេណ​ហ្វឹក​ហាត់​ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​រថ​ក្រោះ​ កាំភ្លើង​ត្បាល់​ធុន​ធ្ងន់​ ការ​វាយ​ប្រហារ​តាម​ឧទ្ធម្ភាគ​ចក្រ ​និង​ការ​ទប់​ទល់​អាវុធ​គីមី។

មន្ត្រី​អ្នក​នាំ​ពាក្យ​កង​ទ័ព​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លំហាត់​ហ្វឹក​ហ្វឺន​លើក​នេះ​ក៏​មាន​ប្រើ​ផង​ដែរ ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ ដើម្បី​ឈ្លប​យក​ការណ៍​សម្ងាត់​ តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ ​ថា​ តើ​ដ្រូន​ដែល​ចិន​ប្រើ​នេះ​មាន​ទាក់​ទង​នឹង​ដ្រូន​ដែល​គេ​រក​ឃើញ​ធ្លាក់​នៅ​ខេត្ត​កោះ​កុង​ កាល​ពី​ខែ​មករា ​ឬ​យ៉ាង​ណា​ទេ។​

លោក​បាន​ប្រាប់ VOA​ ថា៖​ «សម​យុទ្ធ​ហ្នឹង​វា​ក្លាយ​ជា​និមិត្ត​រូប​នៃ​ចំណង​មិត្ត​ភាព​កម្ពុជា​ចិន។ ​ហើយ​អ្វី​ដែល​យើង​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​សម​យុទ្ធ​នេះ​ គឺ​ការ​ដក​ពិសោធន៍​នៃ​ប្រទេស​ទាំង​ពីរ ​ក៏​ដូច​ជា​ចំណេះ​ដឹង​ទាំង​ឡាយ​ដែល​យើង​ហាត់​រួម​គ្នា ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវ​កម្ម»។​

នេះ​ជា​ឆ្នាំ​ទីបួន​ហើយ​ដែល​កម្ពុជា​និង​ចិន​ បាន​រៀប​ចំ​សម​យុទ្ធ​នាគ​មាស​នេះ​ឡើង​ បន្ទាប់​ពី​បាន​ធ្វើ​ កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៦​ និង​រៀង​រាល់​ខែ​មីនា ​នៅ​ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៩។ ​ការ​ចាប់​ធ្វើ​សមយុទ្ធ​ជាប់​លាប់​ជាមួយ​ចិន​នេះ ​កើត​ឡើង​ចំ​ពេល​កម្ពុជា​បាន​ផ្អាក​លំហាត់​ហ្វឹក​ហ្វឺន​រួមជា​មួយ​សហ​រដ្ឋ​អាមេរិក​និង​អូស្ត្រាលី​ តាំង​ពី​ឆ្នាំ​២០១៦​មក។

មន្ត្រី​យោធា​កម្ពុជា​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​ចំណាយ​សរុប​នៃ​ការ​ធ្វើ​សមយុទ្ធ​ទាំង​លើក​នេះ ​និង​ទាំង​លើក​មុន​ឡើយ។​

លោក​ ថោង ​សូលីម៉ូ ​ឱ្យ​ដឹង​ថា​ កម្ពុជា​នៅ​តែ​ចិញ្ចឹម​ចិត្ត ​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ ដោយមាន​លក្ខខណ្ឌ​បី​ គឺ​ទី​មួយ ​មូល​បទ​នៃ​លំហាត់​ហ្វឹក​ហ្វឺន​សម​តាម​តម្រូវការ​ជាក់​ស្ដែង​របស់​កម្ពុជា​ ទីពីរ ​ការ​ស្រុះ​ស្រួល​គ្នា​លើ​បញ្ហា​បរិវេណ​ទីតាំង​រៀប​ចំ ​និង​ទីបី ​ការ​ចំណាយ​រ៉ាប់​រង​មក​លើ​សម្ភារៈ​បរិក្ខារ​ស្នាក់​នៅ​ហូប​ចុក​របស់​សិក្ខាកាម។​

ប្រឆាំង​ភេរវកម្ម​

ការ​ប្រឆាំង​ភេរវ​កម្ម​និង​បុព្វ​ហេតុ​មនុស្ស​ធម៌​ជា​មូល​បទ​សំខាន់​នៃ​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​នាគ​មាស​ឆ្នាំ​នេះ។ ​

នៅ​ពេល​សួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​ «ភេរវ​កម្ម»​ ជា​បញ្ហា​អាទិភាព​ និង​ជា​តម្រូវ​ការ​ចាំ​បាច់​ដែល​នាំ​ឱ្យ​កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ធ្វើ​សម​យុទ្ធ​ជាមួយ​ចិន ​នោះ លោក​ឧត្តម​សេនីយ៍​ទោ ​ថោង ​សូលីម៉ូ ​បាន​បន្ថែម​ថា៖​«យើង​មិន​មាន​បញ្ហា​អ្វី​ប្រឈម​នឹង​ភេរវកម្ម​ទេ​បច្ចុប្បន្ន​កម្ពុជា។ ​ក៏​ប៉ុន្តែ​យើង​មិន​មែន​មាន​ន័យ​ថា ​ទាល់​តែ​យើង​មាន​បញ្ហា​ទើប​យើង​ធ្វើការ​ហ្វឹក​ហាត់​ទេ»។​

ក៏​ប៉ុន្តែ​ និយម​ន័យ​នៃ​ពាក្យ​ថា​«ភេរវកម្ម»​ដែល​ត្រូវ​បាន​កំណត់​នៅ​ប្រទេស​ចិន​និង​កម្ពុជា​ ទើប​ជា​បញ្ហា​ចោទ។ ​នៅ​ឯ​ប្រទេស​ចិន​ សកម្មភាព​របស់​បណ្ដា​ឥស្លាម​សាសនិក​អំបូរ ​Uyghur ​ប្រឆាំង​នឹង​ការ​រឹត​ត្បឹត​របស់​រដ្ឋាភិបាល​មជ្ឈឹម ​ត្រូវ​បាន​រដ្ឋ​ចិន​ចាត់​ទុក​ថា​ជា​ «ភេរវករ» ​ដែល​ជា​ហេតុ​ផល​លើក​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ចាប់​ប្រមូល​បណ្ដា​ជន ​Uyghur ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ច្រើន​ជាង​មួយ​លាន​នាក់ ​ដាក់​មន្ទីរ​ប្រមូល​ផ្ដុំ​នានា​ ក្នុង​ខេត្ត ​Xinjiang​ ដើម្បី​រៀន​សូត្រ​ធ្វើ​វិសុទ្ធ​កម្ម​មនោគម​វិជ្ជា​នយោបាយ​និង​សាសនា ​ដែល​រង​ការ​ថ្កោល​ទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

លោក​ Phil ​Robertson ​នាយក​រង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human​ Rights ​Watch ​បាន​ឱ្យ​ដឹង​ថា​ ការណ៍​ដែល ​«ភេរវកម្ម»​បាន​ក្លាយ​ជា​មូល​បទ​នៃ​ការ​ធ្វើ​សម​យុទ្ធ​ ទំនង​ជា​កើត​ឡើង​ក្នុង​ហេតុ​ផល​ជា ​«និមិត្ត​រូប»​មួយ​ប៉ុណ្ណោះ​ ដើម្បី​ធានា​ថា​ ​ការ​ធ្វើ​សម​យុទ្ធ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ជាប់​ជា​ប្រចាំ។​

អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​រូប​នេះ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិច​ត្រូនិក​ថា៖ «ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ​ជា​ពិសេស​ខាង​ចិន ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ​តែង​តែ​ត្រូវ​បាន​ប្រើ​ជា​លេស​ដ៏​ងាយ​ស្រួល​ក្នុង​ការ​ចាប់​សត្រូវ​របស់​ខ្លួន​ដាក់​ពន្ធនាគារ។​ ហេតុ​នេះ​យើង​មិន​ចង់​ឱ្យ​ចិន​ផ្ទេរ​បង្រៀន​វិធីសាស្ត្រ​នេះ​មក​ដល់​កម្ពុជា​ឡើយ»។​

លោក ​Phil ​Robertson ​បាន​បន្ថែម​ដែរ​ថា៖​«គួរ​ឱ្យ​សោក​ស្ដាយ​អ្វី​ក៏​ដោយ​ដែល​ស្រដៀងៗ​នេះ ​តែង​តែ​បាន​ជំរុញ​នូវ​ការ​លើក​កម្ពស់​នូវ​សហ​ប្រតិបត្តិការ​ខាងនយោបាយ​រវាង​យោធា​កម្ពុជា​និង​ចិន ​ដែល​អាច​មាន​សក្ដានុពល​ក្នុង​ការ​បង្កើន​ការ​រំលោភ​បំពាន​សិទ្ធិ​ប្រឆាំង​នឹង​ពលរដ្ឋ​កម្ពុជា ហើយ​លំហាត់​ហ្វឹក​ហ្វឺន​លំដាប់​ខ្ពស់​បែប​នេះ ​ក៏​ចៀស​មិន​ផុតពី​ការ​ឈាន​ទៅ​ដល់​ប្រការ​ខាង​លើ​ដែរ»។​

រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ជា​ប្រមុខ​ដឹក​នាំ​នោះ ក៏​បាន​ហៅ​ក្រុម​ជំទាស់​ដែល​រស់​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ «ភេរវកម្ម»​ ដែរ ​ខណៈ​មេ​បក្ស​ជំទាស់​ គឺ​លោក ​សម ​រង្ស៊ី ​ប៉ុន​ប៉ង​វិល​ចូល​ស្រុក​វិញ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

រដ្ឋាភិបាល​កម្ពុជា​ពឹង​ពាក់​ចិន​កាន់​តែ​ខ្លាំង​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រោយ​ពី​បាន​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​អ្នក​នយោបាយ​ជំទាស់ ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ​និង​បណ្ដា​ស្ថាប័ន​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋ មុន​គណបក្ស​កាន់​អំណាច​បាន​គ្រប់​គ្រង​ទាំង​ស្រុង​ ទាំង​ថ្នាក់​ជាតិ​ ក្នុង​សភា ​និង​នៅ​ថ្នាក់​មូលដ្ឋាន។​

បុគ្គលិកប្រចាំអកាសយានដ្ឋានអន្តរជាតិភ្នំពេញម្នាក់កាន់ទង់ជាតិកម្ពុជានិងចិន ខណៈយន្តហោះដឹកក្រុមគ្រូពេទ្យចិន និងសម្ភារៈបរិក្ខាពេទ្យពីប្រទេសចិន បានមកដល់កម្ពុជា ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ដំណាក់​កាល​ថ្មី​នៃ​ទំនាក់​ទំនង​

តួនាទី​សំខាន់​របស់​ចិន​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ​ដែល​រដ្ឋាភិបាល​ត្រូវ​ពឹង​ពាក់​ខ្លាំង​នោះ​គឺ​អំឡុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​១៩​នេះ។ លោក​ ហ៊ុន ​សែន ​បាន​ព្យាយាម​ពន្យល់​ជម្រើស​របស់​លោក​ កាល​ពីដើម​ខែ​កុម្ភៈ ​ដែល​ហាក់​ចង់​បង្ហាញ​ថា ការ​សម្រេច​ចិត្ត​របស់​លោក​មិន​ត្រឹម​តែ​មាន​ចរិត​នយោបាយ​រាប់​អាន​ចិន​ទេ តែ​ក៏​បង្កប់​មូលហេតុ​សេដ្ឋកិច្ច​ផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ដែល​កាន់​អំណាច​បាន​៣៥​ឆ្នាំ​មក​ហើយ លើក​ឡើង​ថា​ លោក​មិន​អាច​បិទ​រាំង​ខ្ទប់​ជើង​ហោះ​ ឬ​មិន​ឱ្យ​ជន​ជាតិ​ចិន​មក​កាន់​កម្ពុជា​បាន​ឡើយ ព្រោះ​ថា​ការ​ធ្វើ​ដូច្នេះ​មាន​ន័យ​ស្មើ​នឹង ​«សម្លាប់»​ សេដ្ឋកិច្ច​ជាតិ។​

ការ​ផ្ទុះ​វីរុស​កូរ៉ូណា​កាល​ពី​ដើម​ខែ​កុម្ភៈ ​នាំ​ឱ្យ​រអាក់​រអួល​ការផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​សម្លៀក​បំពាក់​នៅ​កម្ពុជា​ ដែល​នាំ​ឱ្យ​កាល​នោះ​ រោង​ចក្រ​ប្រមាណ​ ៥០​និង​កម្មករ​ជាង​ ២​ម៉ឺននាក់​ ត្រូវ​ផ្អាក​ដំណើរ​ឬ​ការ​ការងារ។​

យ៉ាង​ណាក្ដី ​អន្តរាគមន៍​ពិសេស​មួយ​របស់​រដ្ឋាភិបាល​ចិន​បាន​នាំ​ឱ្យ​មាន​ការ​បញ្ជូន​វត្ថុ​ធាតុ​ដើម​ជា​បន្ទាន់​ដល់​រោង​ចក្រ​នៅ​កម្ពុជា ​ដើម្បី​បញ្ចៀស​ការ​ព្យួរ​ការងារ​កម្មករ។​

លោក​បណ្ឌិត​ ឈាង ​វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ AVI ​បាន​លើក​ឡើង​ថា ​ទាំង​ការ​ធ្វើសម​យុទ្ធ​យោធា ​និង​ការ​បង្ហាញ​កាយ​វិការ​ល្អូក​ល្អឺន​យក​អាសារ​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន ​បាន​គូស​បង្ហាញ​នូវ​ «ចំណុច​របត់» ​មួយ​ដែល​ថា​ ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​ឈាន​ចូល​មក​ដល់​ «សក​រាជថ្មី»។​

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ប្រាប់ ​VOA​ យ៉ាង​ដូច្នេះ​ថា៖ «អ៊ីចឹង​ហើយ​វា​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​ស៊ី​ជម្រៅ​មួយ មិន​ត្រឹម​តែ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទេ ​វា​មាន​ការ​អនុវត្ត​ជាក់​ស្ដែង។​ ហើយ​បើ​យើង​មើល​ពី​ពេល​នេះ​ទៅ​ថ្ងៃ​អនាគត​ទៀត​ ទំនាក់​ទំនង​ហ្នឹង​កាន់​តែ​ស្អិត​ល្មួត​មែន​ទែន ហើយ​វត្ត​មាន​របស់​ចិន​នៅ​កម្ពុជា​ ក៏​ដូច​ជា​ឥទ្ធិពល​របស់​ចិន ​នៅ​កម្ពុជា​នឹង​កើន​ឡើង»។​

លោក​បណ្ឌិត ​ឈាង​ វណ្ណារិទ្ធ​ ក៏​បាន​លើក​ឡើង​ដែរ​ថា ​ក្រោយ​ពេល​ចប់​វិបត្តិ​កូវីដ​១៩​នេះ ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម​អាច​នឹង​ពិចារណា​ស្វះ​ស្វែង​រក​ជំហាន​បន្ទាប់​របស់​ខ្លួន ​ក្នុង​របៀប​របប​យុទ្ធ​សាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​សាកល​លោក ​ដែល​គេ​នឹង​ឃើញ​ចិន​កាន់​តែ​មាន​ឥទ្ធិពល​ពង្រីក​គំរូ​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ ព្យាករ​ថា​ វិបត្តិ​កូវីដ១៩​ អាច​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ខាត​បង់​ដល់​ទៅ​ជិត​ ១​ពាន់​លាន​ដុល្លារ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត។ មុន​វិបត្តិ​នេះ​មក​ដល់ វត្ត​មាន​ដ៏​ធំ​សម្បើម​របស់​ចិន​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ល្បឿន​លឿន ​ព្រលាន​យន្តហោះ ​និង​ទីក្រុង​កំពង់​ផែ​ បាន​ស្ថិត​ស្ថិរ​និង​មាន​សន្ទុះ​ខ្លាំង​រួច​ជា​ស្រេច។​

ការ​កើន​ឡើងខ្លាំងនៃ​ឥទ្ធិពល​របស់​ចិន​បាន​បង្ក​ក្ដី​បារម្ភ​ដល់​រដ្ឋាភិបាល​បស្ចិម​លោក ​រហូត​ដល់​សហរដ្ឋ​អាមេរិក​ថ្លែង​ចំៗ​ថា ​ចេតនា​របស់​ចិន​អាច​ឈាន​ទៅ​ដល់​ការ​ដាក់​វត្តមាន​ទីតាំង​យោធា​នៅ​កម្ពុជា​ទៀត​ផង ជា​ប្រការ​មួយ​ដែល​ទាំង​កម្ពុជា ​និង​ចិន​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។​

មាន​ឬ​គ្មាន​វត្តមាន​យោធា​ក៏​ដោយ ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ហាក់​នាំ​ឱ្យ​តំបន់​ទាំង​មូល​ប្រែ​ប្រួល​រួច​ជា​ស្រេច។ ​នេះ​បើ​យោង​តាម​អ្នក​វិភាគ​និយម​លោក​ខាង​លិចដែល​ជានិច្ច​កាល​តែង​ចង្អុល​ទៅ​លើ​ជំហរ​ស្រប​គ្នា​រវាង​កម្ពុជា​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ចិន​មិន​ចង់​ឲ្យ​ដោះ​ស្រាយ​ជា​លក្ខណៈ​អន្តរជាតិ​រួម។​ នេះ​ជា​ជំហរ​ផ្ទុយគ្នា​ពីបណ្ដា​ប្រទេស​អ្នក​ជិត​ខាង​ក្នុង​តំបន់អាស៊ាន​ដូច​គ្នា​ដែល​ភាគី​ជម្លោះ ​ដូច​ជា​វៀតណាម​ដែល​មិន​ចង់​ដោះស្រាយ​បញ្ហានេះ​ទ្វេភាគី ដោយ​ខ្លាច​មហា​អំណាច​មួយ​នេះ​បិទ​ទ្វារ​គំរាម​បង្ខំ​ឱ្យ​ទទួលយក​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅការិយាល័យរដ្ឋាភិបាលវៀតណាម ក្នុងទីក្រុងហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

ប្រតិកម្ម​របស់​វៀតណាម?​

លោក​បណ្ឌិត​ មាស​ នី ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​ចិន​ក្នុង​គ្រា​នេះ ​និង​ការ​អនុវត្ត​ឆ្លើយ​តប​នឹង​វិបត្តិ​កូវីដ១៩​ជាមួយ​ចិន នឹង​បង្ក​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ពី​សំណាក់​វៀតណាម ​ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ តែ​ជា​រដ្ឋ​ដែល​មាន​ជម្លោះ​ជា​មួយ​ចិន​លើ​បញ្ហា​ទឹក​ដី។

អ្នកវិភាគ​រូប​នេះ​បាន​លើក​ឡើង​ថា ការ​សម្រេច​បិទ​ព្រំដែន​ជា​ឯកតោ​ភាគី​របស់​វៀតណាម​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​វីរុស​កូរ៉ូណា ​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែមីនា ​ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​ភាគី​កម្ពុជា​នោះបង្ហាញ​ពី​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​វៀតណាម​និង​កម្ពុជា។ ​កន្លង​ទៅ ​ប្រទេស​ទាំង​ពីរ​បាន​ព្យាយាម​ស្ដារ​ទំនាក់​ទំនង​ តាម​រយៈ​ការ​សម្រុះ​សម្រួល​រឿង​ខណ្ឌ​សីមា​ផង​ និង​ការ​ធ្វើ​សមយុទ្ធ​រួម​នៅ​តំបន់​ព្រំដែន​ផង​ដែរ។​

«អ៊ីចឹង​ជា​ការ​មើល​ឃើញ​របស់​យើង​ ថា​តើ​កាយ​វិការ​របស់​វៀត​ណាម​ដែល​ធ្វើ​នេះ ​វា​អាច​ក្លាយ​ជា​ចេតនា​មួយ​ដែល​បង្ហាញ​ថា ​វៀតណាម​មាន​ការ​អាក់​អន់​ចិត្ត​នឹង​គ្នា​ អំឡុង​ពេល​ដែល​សម​យុទ្ធ​ហ្នឹង​ធ្វើ​នៅ​ខេត្ត​កំពត​ ទល់មុខ​ក្បែរ​នឹង​តំបន់​កោះ​ត្រល់​ហ្នឹងណា៎។ យើង​អត់​ដឹង​ទេ ​នេះ​តាម​ការ​មើល​របស់​ខ្ញុំ»។​

បើ​យោង​តាម​កង​យោធពល​ខេមរ​ភូមិន្ទ ​សមយុទ្ធ​នាគមាស​នេះ​នឹង​បិទ​បញ្ចប់​នា​ថ្ងៃ​ទី​៣០ ​ខែ​មីនា​ខាង​មុខ​នេះ ​នៅ​ទីតាំង​ហ្វឹក​ហ្វឺន​ផ្ទាល់​តែ​ម្ដង ​ក្នុង​ស្រុក​ជុំគីរី ​ខេត្ត​កំពត៕​