ពេលវេលាហាក់ដូចជាទុំជោរទៅហើយសម្រាប់មេដឹកនាំខ្មែរក្រហមមួយចំនួនដែលនៅរស់រានមានជីវិតក្នុងការតវ៉ាប្រឆាំងនឹងអ្វីជាការណ៍ពិតដែលបានកើតមានឡើង ក្រោមការគ្រប់គ្រងនៃរបបរបស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់ អ្នកឯកទេសពីរបបខ្មែរក្រហមម្នាក់។
អ្នកកាសែតអាមេរិកាំងជើងចាស់និងជាអ្នកនិពន្ធល្បីឈ្មោះពីរបបខ្មែរក្រហមគឺលោកស្រីអេលីហ្សាបែត ប៊េកខឺយល់ថា ឯកសារបោះពុម្ពដែលលោកស្រីបានស្រាវជ្រាវពីរបបខ្មែរក្រហមគួរតែគ្រប់គ្រាន់បញ្ជាក់ពីអ្វីដែលគាត់បានឃើញថាបានកើតមានឡើងក្នុងរបបវាលពិឃាតនោះហើយ។
លោកស្រីបញ្ជាក់ថា ស្នាដៃរបស់លោកស្រីត្រូវបានបោះពុម្ពជាច្រើនទសវត្សរ៍មកហើយ គឺមានដូចជាសៀវភៅដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមរលត់ទៅ» ត្រូវបានបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ១៩៨៦ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព និងបោះពុម្ពឡើងវិញក្នុងឆ្នាំ១៩៩៩។ មានអត្ថបទសារព័ត៌មានជាច្រើនរបស់លោកស្រីត្រូវបានបោះពុម្ព ជាបន្តបន្ទាប់ ក្រោយពីបានជួបសម្ភាសជាមួយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដែលមានដូចជាប៉ុល ពត និងអៀង សារី នៅចុងឆ្នាំ១៩៧៨ នៅពេលដែលលោកស្រីបានទៅប្រទេសកម្ពុជាក្នុងនាមជាអ្នកកាសែតដែលរបបកម្ពុជាប្រជាធិបតេយ្យបានអញ្ជើញ។
«មិនមានអ្នកណាម្នាក់ដែលនិយាយអ្វីម្តងសោះថា អ្វីដែលខ្ញុំផ្សាយមានការខុសឆ្គង ហើយប្រកែកថា ពួកគេមិនដែលនិយាយដូចដែលខ្ញុំបានផ្សាយទេ គឺមិនដែលមានទាល់តែសោះ។ មិនគ្រាន់តែប៉ុណ្ណោះទេ ពួកគេក៏មិនដែលសរសេររឿងរ៉ាវផ្សេងរបស់ពួកគេដែរ។ តើពួកគេចង់និយាយការពារខ្លួនយ៉ាងម៉េច? តើពួកគេនៅអង្គុយក្នុងទូរឱបដៃឬ? គឺអត់ទាល់តែសោះ ចុះហេតុអ្វីបានជាយើងមិនបានឮ ឬអានអ្វីសោះពីពួកគេណាម្នាក់ដែលបញ្ជាក់ថា រឿងនោះកើតមិនឡើងដូច្នោះទេ ហើយហេតុអ្វីបានជាពួកគេមិនតវ៉ាអំពីអ្វីដែលយើងសរសេរអំពីពួកគេតាំងពីពេលមុនមក?»
នៅក្នុងសៀវភៅដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមរលត់ទៅ» លោកស្រីអេលីហ្សាបែត ប៊េកខឺបានសរសេររៀបរាប់ថា ក្នុងដំណើរទៅប្រទេសកម្ពុជាក្នុងខែធ្នូឆ្នាំ១៩៧៨ ដែលក្រុមខ្មែរក្រហមបានរៀបចំឱ្យនោះ លោកស្រីនិងអ្នកកាសែតបរទេសម្នាក់ទៀតត្រូវបានផ្តល់សិទ្ធិពិសេសជួបសម្ភាសជាមួយប៉ុល ពត មេដឹកនាំរបបនេះពីស្ថានភាពប្រទេសកម្ពុជា។ ជំនួសឱ្យការទុកពេលឱ្យអ្នកកាសែតសួរគាត់ ប៉ុល ពតបែរជាទៅនិយាយបូរបាច់តែម្នាក់ឯងពីការធ្វើសង្គ្រាមជាមួយនឹងវៀតណាមដោយបានទាញអង្គការអន្តរជាតិ ដូចជាអង្គការអូតង់ សមាគមអាស៊ាន និងបក្សសម្ព័ន្ធវ៉ាសូវីចូលរួមជាដើម។
ក្រុមលោកស្រីក៏បានពិសារបាយល្ងាចជាមួយនឹងអៀង សារី ដែលកាលនោះជារដ្ឋមន្ត្រីការបរទេស។ ដូចគ្នានឹងប៉ុល ពតដែរ អៀង សារីផ្តោតការសន្ទនាសំខាន់លើការចូលឈ្លានពានរបស់ប្រទេសវៀតណាមមកកម្ពុជា។ លោកស្រីក៏បានរៀបរាប់ដែរថា អៀង សារីបានគេចមិនឆ្លើយនឹងសំណួរទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងស្ថានភាពរស់នៅរបស់ប្រជាជន។ នៅពេលនោះ អៀង សារីអះអាងថា នៅកម្ពុជាគ្មានពន្ធនាគារ ហើយបង្វែរការសន្ទនាទៅជាការចង់ដឹងពីការសង្កេតរបស់ក្រុមអ្នកកាសែតទៅលើអ្វីដែលរបបនេះបានរៀបចំបង្ហាញ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនលោកស្រីអេលីហ្សាបែត ប៊េកខឺបានបញ្ជាក់ប្រាប់ថា អ្វីៗដែលពួកគេរៀបឱ្យបានឃើញគឺគ្រាន់តែជាការបំភាន់ភ្នែកតែប៉ុណ្ណោះ។
«អ្វីដែលពួកគេបង្ហាញយើងគឺពួកគេនាំយើងទៅមើលភូមិគំរូតូចមួយ ហើយពួកគេឱ្យកម្មាភិបាលជាន់ខ្ពស់របស់ពួកគេស្លៀកពាក់តែងខ្លួនជាកសិករ។ ដូច្នេះអ្វីៗត្រូវបានគេរៀបចំទុកជាមុន។ ដូច្នេះហើយអ្នកដែលយើងបានឃើញគឺជាកម្មាភិបាល។ ខ្ញុំមិនដឹងថា ពួកគេធ្វើយ៉ាងម៉េចទេ ប៉ុន្តែវាច្បាស់ណាស់ បើសិនជាអ្នកធ្លាប់ទៅមើលផ្ទះគេសង់ទុកជាគំរូអ្វីមួយនោះ។ អ្វីៗល្អឥតខ្ចោះពេកដែលអ្នកដឹងជាស្រេចថា វាមិនមែនជាការណ៍ពិតទេ»។
ឯកសាររបស់លោកស្រីដែលបានមកពីដំណើរទៅប្រទេសកម្ពុជាដែលមានដូចជា សៀវភៅនិងខ្សែអាត់សំឡេង ត្រូវបានតុលាការយកមកធ្វើជាឯកសារយោងខ្លះសម្រាប់ការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២។ លោកស្រីនិយាយថា គាត់សុខចិត្តផ្តល់សក្ខីកម្មនៅតុលាការខ្មែរក្រហមអំពីអ្វីដែលគាត់បានឃើញនិងយល់ដឹងពីរបបនេះនិងមេដឹកនាំរបស់ពួកគេ។
តាមប្រភពនានាបញ្ជាក់ប្រាប់វីអូអេឱ្យដឹងថា តុលាការមានបំណងអញ្ជើញលោកស្រីអេលីហ្សាបែត ប៊េកខឺចូលផ្តល់សក្ខីកម្មក្នុងពេលដែលលោកស្រីធ្វើដំណើរទៅប្រទេសកម្ពុជានៅសប្តាហ៍ទីពីរក្នុងខែកុម្ភៈ ដើម្បីចូលរួមសម្ពោធពិព័រណ៍រូបថតនិងខ្សែអាត់សំឡេងដែលលោកស្រីបានសម្ភាសមេដឹកនាំខ្មែរក្រហមក្នុងអំឡុងពេលធ្វើដំណើរទៅប្រទេសកម្ពុជានៅចុងសម័យគ្រប់គ្រងនៃរបបវាលពិឃាតនេះ។
លោកអាង ឧត្តម មេធាវីការពារអៀង សារីបានបញ្ជាក់ថា លោកក៏មានបំណងចង់សាកសួរលោកស្រីអេលីហ្សាបែត ប៊េកខឺពីការយល់ដឹងរបស់លោកស្រីពីរបបខ្មែរក្រហមដែរ ប៉ុន្តែនៅមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេ ពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានទាក់ទងកាលពីថ្ងៃអង្គារ ព្រោះក្រុមមេធាវីការពារត្រូវការពេលវេលាយូរដើម្បីសិក្សាពីអ្វីដែលលោកស្រីបានបោះពុម្ពផ្សាយ។
«សៀវភៅរបស់គាត់សរសេរច្រើនៗទំព័រពេក ខ្ញុំមើលអត់អស់ទេ។ ប៉ុន្តែខ្លឹមសារហ្នឹងហើយនេះជាសាក្សីរបស់តុលាការ។ យើងក៏ត្រៀមនឹងសាកសួរគាត់ដែរពី ការដឹងឮរបស់គាត់ ការសរសេរសៀវភៅរបស់គាត់ ប៉ុន្តែយើងភ្ញាក់ផ្អើលដែរដោយសារតុលាការគាត់បញ្ជាក់ថា អ្នកស្រីនោះនឹងឡើងមកផ្តល់សក្ខីកម្មដែលក្នុងបញ្ជីឈ្មោះសម្រាប់វគ្គនេះ គាត់អត់មានសោះ។ ហើយយើងអត់បានត្រៀមសួរគាត់សោះ។ ដល់តុលាការដាក់មកអញ្ចឹងទៅជាប្រថុចញ៉ុច ទៅជាស្រឡាំងកាំងគ្រប់គ្នា»។
លោកហ៊ុយ វណ្ណៈ អ្នកនាំពាក្យមួយរូបនៃសាលាក្តីខ្មែរក្រហមពុំបានបញ្ជាក់ឱ្យដឹងថា តើលោកស្រីអេលីហ្សាបែតនឹងត្រូវឡើងផ្តល់សក្ខីកម្មឬទេ ឬក៏នៅពេលណានោះឡើយ។ លោកគ្រាន់តែបញ្ជាក់ថា តុលាការប្រើប្រាស់ទាំងសាក្សីជាតិនិងអន្តរជាតិយកមកផ្តល់សក្ខីកម្មដើម្បីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការកាត់ក្តី។
«កន្លងមកយើងបានឮជនរងគ្រោះគាត់និយាយពីរឿងរបស់គាត់នេះ ជាផ្នែកម្ខាងរបស់ជនរងគ្រោះ។ ហើយជនជាប់ចោទក៏គាត់និយាយរឿងរបស់គាត់ក្នុងន័យការពាររឿងរបស់គាត់ ដូច្នេះហើយដែលតុលាការត្រូវស្តាប់អ្នកម្ខាងទៀតដែលជាអ្នកទីបី ជាសាក្សីជាអ្នកជំនាញដើម្បីធ្វើឱ្យអង្គហេតុនោះកាន់តែច្បាស់ឡើងកាន់តែភ្លឺឡើងសម្រាប់ភាគីទាំងសងខាង មានន័យថា ទាំងជនរងគ្រោះ ក៏ដូចជាជនជាប់ចោទ បានឃើញនិងបានឮអំពីព្រឹត្តិការណ៍ដែលបានកើតឡើងជៀសវាងថា ការសម្រេចរបស់ចៅក្រមលម្អៀងទៅខាងជនរងគ្រោះ ឬក៏ខាងជនជាប់ចោទ»។
មានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់កំពុងត្រូវតុលាការកាត់ទោសក្នុងសំណុំរឿង០០២ ក្នុងនោះមាននួន ជា អតីតមេមនោគមវិជ្ជា ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ និងអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស៕