ពិព័រណ៍រូបថតដ៏កម្រអំពីរបបខ្មែរក្រហម ដោយអ្នកកាសែតអាមេរិកាំងដ៏ល្បីឈ្មោះអេលីហ្សាប៊ែត បិកឃឺ (Elizabeth Becker) បានចាប់បើកហើយកាលពីសប្តាហ៍មុន នៅមជ្ឈមណ្ឌលបុប្ផាណាក្នុងរាជធានីភ្នំពេញ។
រូបថតបង្ហាញសុទ្ធតែភាពស្រស់បំព្រងនិងស្នាមញញឹមនៃមេដឹកនាំខ្មែរក្រហមកំពូលៗមួយចំនួន រួមផ្សំនឹងភាពស្ងាត់ជ្រងុំនៃទីក្រុងភ្នំពេញ នាសម័យកាលនោះផងដែរ។
«ខ្ញុំចង់ឲ្យស្ថាប័នមួយនៅក្នុងប្រទេសកម្ពុជាមានរូបថតទាំងនេះទុកសម្រាប់ជាប្រវត្តិសាស្ត្រ»។
រូបថតទាំងនេះត្រូវបានថតនៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រី Becker រយៈពេល២សប្តាហ៍មកកាន់របបកម្ពុជាប្រជាធិបតេយ្យនៅចុងឆ្នាំ១៩៧៨ ក្រោមការអញ្ជើញនិងតាមឃ្លាំមើលយ៉ាងតឹងរឹងពីក្រុមខ្មែរក្រហម។
អ្នកស្រី Beckerបានជួបនិងត្រៀមសួរប៉ុល ពត នូវសំណួរជាច្រើនដោយរួមទាំងសំណួរថា តើហេតុអ្វីបានអ្នកស្រីមិនអាចជួបជាមួយប្រជាជនមកពីទីក្រុងភ្នំពេញឬជួបជាមួយអ្នកនេះ អ្នកនោះដោយខ្លួនអ្នកស្រីផ្ទាល់បាន ជាដើម ប៉ុន្តែអ្នកស្រីមិនបានទទួលចម្លើយឆ្លើយតបដោយផ្ទាល់មាត់ពីប៉ុល ពតនោះទេ។
«គាត់មិនឆ្លើយនឹងសំណួរទាំងនោះទេ។ គាត់និយាយថា អ្នកឯងនឹងទទួលបានចម្លើយបោះពុម្ពរួចជាស្រេចទៅនឹងសំណួរទាំងនោះ។ ដូច្នេះគាត់គ្រាន់តែផ្តល់បទឧទ្ទេសនាមដល់ខ្ញុំអំពីសារៈសំខាន់នៃអង្គការណាតូក្នុងការចូលមកជួយនិងអំពីទង្វើអាក្រក់របស់ប្រទេសវៀតណាមតែប៉ុណ្ណោះ»។
ជាអ្នកនិពន្ធសៀវភៅ "នៅពេលដែលសង្រ្គាមរលត់ទៅ" និងអតីតអ្នកឆ្លើយឆ្លងព័ត៌មានកាសែតWashington Post អ្នកស្រី Becker និយាយថា ប៉ុល ពតចង់ឲ្យអ្នកកាសែតបស្ចឹមប្រទេស ដូចជាអ្នកស្រីជួយអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលមកជួយកម្ពុជាប្រជាធិបតេយ្យដើម្បីវាយតបនឹងការឈ្លានពានរបស់ប្រទេសវៀតណាម។
អ្នកទស្សនារូបថតរបស់អ្នកស្រី Becker ស្ងើចសរសើរចំពោះភាពក្លាហានរបស់អ្នកស្រីក្នុងការចូលមកយកព័ត៌មានក្នុងរបបមួយដែលប្រកបដោយគ្រោះថ្នាក់។
អ្នកស្រីឌី រដ្ឋាគឺជាគ្រូបង្រៀនចូលនិវត្តន៍។
«ខ្ញុំសូមកោតសរសើរគាត់ ថាជាវីរនារីដ៏អស្ចារ្យ។ គាត់មានសេចក្តីក្លាហាន ហ៊ានចូលមកក្នុងសម័យប៉ុល ពត ដែលគេសម្លាប់រង្គាល»។
ក្រៅពីរូបថត អ្នកទស្សនាក៏អាចស្តាប់ខ្សែអាត់សំឡេងរបស់ប៉ុល ពតដែលគេថតទុកនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី Becker ផងដែរ នៅក្នុងការតាំងពិព័រណ៍នេះ។
ពិព័រណ៍នេះទទួលការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ។
មិស្សែល បិនណិតគឺជាអនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈរបស់ស្ថានទូតនេះ។
«យើងសង្ឃឹមថា ពិព័រណ៍នេះផ្តល់ឱកាសមួយទៀតដល់ប្រជាជនកម្ពុជាក្នុងការនិយាយអំពីអតីតកាលរបស់ពួកគេនិងចាប់ផ្តើមទទួលស្គាល់អ្វីដែលបានកើតឡើងនិងស្វែងរកវិធីបោះជំហានទៅមុខនៅពេលអនាគត»។
លោកជ័យ សុមៀនគឺជាអ្នកថែទាំអ្នកជម្ងឺនៃមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ។
លោកនិយាយថា លោកមិនដែលបានឃើញទិដ្ឋភាពដូចក្នុងរូបថតដែលលោកកំពុងមើលនេះទេ ក្នុងរបបខ្មែរក្រហមនោះ។
«កាលនោះ ខ្ញុំនៅស្រុកស្រែ មិនបានឃើញទីក្រុងអីអញ្ចឹងទេ។ ឃើញតែគេជម្លៀស ជីកប្រឡាយ លើកទំនប់ ច្រូតកាត់ ច្រៀងរាំសិល្បៈភូមិភាគអីណាណី»។
អ្នកទស្សនាពិព័រណ៍នេះមួយចំនួននិយាយថា ពួកគេមិនដែលធ្លាប់គិតទេ ប្រជាជនកម្ពុជាក្រោមរបបខ្មែរក្រហមមានសភាពស្រស់ស្រាយដូចដែលបានលាតត្រដាងតាមរយៈរូបថតរបស់អ្នកស្រី Becker នៅពេលនេះ។
លោកស្តានីស្លាស ទូហ្សេត៍គឺជាប្រធានផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលបុប្ផាណា។
«សម្រាប់អ្នកដែលបានឆ្លងកាត់របបនេះ វាជាឱកាសដ៏ល្អមួយសម្រាប់ពួកគេដើម្បីយល់ដឹងពីអ្វីដែលមេដឹកនាំរបស់ពួកគេ(ខ្មែរក្រហម)បានបង្ហាញទៅពិភពលោកខាងក្រៅ។ ពួកគេបង្ហាញតែបន្តិចបន្តួចប៉ុណ្ណោះ ហើយអ្វីដែលពួកគេបង្ហាញនោះគឺកម្ពុជាដ៏ស្រស់ស្អាតមួយ។ ឥឡូវប្រជាជននឹងយល់ថា មេដឹកនាំរបស់ពួកគេទាំងនោះគឺជាមេកុហក»។
ពិព័រណ៍រូបថតរបស់អ្នកស្រី Becker នេះនឹងដាក់បង្ហាញជាសាធារណៈសម្រាប់ការចូលមើលដោយសេរីរហូតដល់ចុងខែកុម្ភៈនេះ ហើយរូបថតនិងខ្សែអាត់សំឡេងរបស់ប៉ុល ពតក្នុងពិព័រណ៍នេះនឹងត្រូវបានរក្សាទុកជាអចិន្ត្រៃយ៍នៅក្នុងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានេះ៕