លោកគុល បញ្ញានាយកអង្កការខុមហ្វ្រ៊ែល (Comfrel) បាននិយាយថា លោកចង់ឲ្យមានការសម្របសម្រួលផ្នែកនយោបាយមុននឹងបើកផ្លួវឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោត។
ភ្នំពេញ៖ ក្រុមអ្នកតាមដានដំណើរការណ៍បោះឆ្នោតនៅកម្ពុជាបានទាមទារឲ្យមានការសម្របសម្រួលផ្នែកនយោបាយដើម្បីបើកផ្លូវឲ្យលោកសម រង្ស៊ីបានចូលរួមបោះឆ្នោតដែលគ្រោងធ្វើក្នុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។
ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារបានយល់ព្រមចុះបញ្ជីគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងរវាងគណបក្សសិទ្ឋិមនុស្សនិងគណបក្សសម រង្ស៊ី។ គណបក្សថ្មីនេះមានលោកសម រង្ស៊ីជាប្រធាន និងលោកកឹម សុខាជាអនុប្រធាន។
លោកសម រង្ស៊ីត្រូវបានតុលាការក្រុងភ្នំពេញនិងតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគាររយៈពេលជិត១០ឆ្នាំ។ បើតាមច្បាប់បោះឆ្នោត លោក សម រង្ស៊ី មិនអាចចូលរួមបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតបានទេ។
លោកគុល បញ្ញានាយកអង្កការឃ្លាំមើលដំណើរការណ៍បោះឆ្នោតមួយដែលមានឈ្មោះថា ខុមហ្វ្រ៊ែល (Comfrel) បាននិយាយថា លោកចង់ឲ្យមានការសម្របសម្រួលផ្នែកនយោបាយមុននឹងបើកផ្លួវឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា ករណីលោកសម រង្ស៊ីក៏ធ្លាប់មានការសម្របសម្រួលដែរពីលើកមុនៗ។ ដូច្នេះករណីចុងក្រោយនេះលោកសម រង្ស៊ីមិនមែនមានទោសឧក្រិដ្ឋទេគឺលោកគ្រាន់តែបញ្ចេញមតិតែប៉ុណ្ណោះ។
លោកបានប្រសាសន៍ថា សហគមន៍អន្តរជាតិកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការគោរពលិទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានប្រសាសន៍ថា ប្រសិនបើមិនមានវត្តមានលោកសម រង្ស៊ីចូលរួមបោះឆ្នោតទេ ដំណើរការណ៍បោះឆ្នោតមិនអាចប្រព្រិត្តិទៅដោយសេរីនិងយុត្តិធម៌ទេ។
«ប្រទេសកម្ពុជាយើង ប្រសិនណាបើយើងបង្ហាញការអភិវឌ្ឃមួយថ្មី ការបោះឆ្នោតមួយត្រឹមត្រូវ គោរពសិទ្ឋិមនុស្សបានល្អ ខ្ញុំគិតថា សម្រាប់មេដឹកនាំប្រទេសធំៗប្រហែលជាគេមានការចាប់អារម្មណ៍ក្នុងការជួយគាំទ្រឬក៏ប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើងក្លាយទៅជាគំរូរនៃការដឹកនាំរបៀបប្រជាធិបតេយ្យ»។
តាមច្បាប់ស្តីពីគណបក្សនយោបាយ លោកសម រង្ស៊ីអាចឈរឈ្មោះឲ្យគេបោះឆ្នោតបាន ក៏ប៉ុន្តែច្បាប់បោះឆ្នោតវិញបានជំទាស់នឹងករណីឈរឈ្មោះនេះដោយសារលោកជាទណ្ឌិត។
លោកទេព នីថា អគ្គលេខាធិការនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា តាមច្បាប់បោះឆ្នោតទណ្ឌិតទូទៅមិនមែនមានតែករណីលោកសម រង្ស៊ីទេគឺមិនអាចចូលរួមចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតបានទេ។
លោកបានមានប្រសាសន៍ថា ប្រសិនបើមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវបានរកឃើញថាបុគ្គលនោះជាទណ្ឌិតគជបនឹងស្រង់ឈ្មោះលុបចេញពីបញ្ជីបោះឆ្នោត។
«សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតកាលណាគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ពុំអាចឈរឈ្មោះជាបេក្ខជនបានទេហើយបើសិនជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយដាក់ពាក្យជាបេក្ខជនទៅគជប។ នៅពេលគជបពិនិត្យថា ជាពិរុទ្ឋជនគឺមិនអាចអនុញ្ញាតឲ្យឈរឈ្មោះបានទេ»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនិយាយថា ករណីរបស់លោកសម រង្ស៊ីបើរឿងសម្របសម្រួលនយោបាយមិនមានបញ្ហាអ្វីទេក៏ប៉ុន្តែប្រសិនពាក់ព័ន្ឋខាងផ្លូវច្បាប់ប្រហែលជាមិនអាចទៅរួច។
លោកបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគួរតែជ្រើសរើសបេក្ខភាពថ្មីមកជំនួសលោកសម រង្ស៊ីទើបអាចដោះស្រាយបញ្ហានេះបាន។
«តាមពិតទៅបើសិនជាខ្ញុំជាសម រង្ស៊ីវាសឹងតែចប់ហើយ។ គណបក្សហ្នឹងក៏គួរតែរើសអ្នកថ្មីបើសិនជាឲ្យមេគណបក្សហ្នឹងចូលរួមសកម្ម ទី១គឺឈរឈ្មោះបោះឆ្នោតទី២គឺការដឹកនាំបក្សនៅក្នុងប្រទេស»។លោកបណ្ឌិតឡៅ ម៉ុងហៃ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិតាមរយៈVideo Conference កាលពីថ្ងៃអង្គារលោកមានជំនឿថា ករណីរបស់លោកនឹងមានដំណោះស្រាយខាងផ្លូវនយោបាយហើយលោកសន្យាថានឹងវិលមកកាន់ប្រទេសកម្ពុជាវិញដើម្បីចូលរួមបោះឆ្នោតមុនឆ្នាំ២០១៣៕