អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ទទួច​ឲ្យ​មាន​កំណែន​ទម្រង់​គជប

ខុមហ្វ្រែល ​ដែល​ជា​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ធំ​មួយ​នៅ​កម្ពុជា​បាន​ទទូច​នៅ​ថ្ងៃ​ពុធ​នេះ ​ឲ្យ​មាន​ការ​រុះរើ​សមាសភាពដឹកនាំ​នៃ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ។

ការ​ទាមទារ​នេះ​ក្រោយ​ពី​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) បាន​រក​ឃើញ​ថា មាន​បញ្ហា និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើតឡើង​ក្នុងអំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការវាយ​តម្លៃ ​និង​លទ្ធផល​ចុងក្រោយ​នៃ​ការបោះឆ្នោត​នោះ ​លោក​ធន់ សារ៉ាយ ប្រធាន​អង្គការ​ការពារសិទ្ធិ​មនុស្ស​អាដហុក ​និង​ជា​ប្រធាន​គណៈកម្មការ​នាយក​របស់​ ខុមហ្វ្រែល មាន​ប្រសាសន៍​ថា ​ការកែសម្រួល​រចនាសម្ព័ន្ធ ​និង​កែ​លម្អ​នីតិវិធី​មួយ​ចំនួន​គឺ​ជា​ការចាំ​បាច់​សម្រាប់​ធានា​ដល់​ការបោះឆ្នោត​ឆ្នាំ​ក្រោយ។

«ខុមហ្វ្រែល​ស្នើ​យ៉ាង​ទទូច ​និង​ជា​បន្ទាន់​ដល់​រាជរដ្ឋាភិបាល ​ម្ចាស់​ជំនួយ ​និង​អង្គការ​សង្គមស៊ីវិល​ដោយ​ត្រូវ​ចាប់​ផ្តើម​ពិភាក្សា​កែលម្អ​រចនា​សម្ព័ន្ធ​សមាសភាព​ គជប ​និង​យន្តការ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​ការ​ចុះឈ្មោះ​បោះឆ្នោត​ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ​ការដោះស្រាយ​បណ្ដឹង​បោះឆ្នោត​ការពារ​សេរីភាព​បញ្ចេញ​មតិ ​សេរីភាព​ខាង​សារព័ត៌មាន ​ការទទួល​បាន​ការផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​និង​ការ​បង្កើត​បរិយាកាស​អព្យាក្រិត​ដល់​មន្ត្រីរាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ន័យ​ពង្រឹង​ភាព​ត្រឹមត្រូវ ​សុចរិតភាព ​និង​ភាពយុត្តិធម៌​ក្នុង​ដំណើរការ​បោះឆ្នោត»។

ក្នុង​របាយការណ៍​របស់​ខ្លួន​ខុមហ្វ្រែល​រកឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ចំនួន​៣.០០០​ ករណី​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​៥.៨១០។ ​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ រួមមាន​អ្នក​បោះឆ្នោត​រក​ឈ្មោះ​មិន​ឃើញ ​គ្មាន​បណ្ណព័ត៌មាន ​រក​ការិយាល័យ​បោះឆ្នោត​មិន​ឃើញ ​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ​ខុស​ទិន្នន័យ​ជា​ដើម។ ​ជាងនេះ​ទៅ​ទៀត ​អាជ្ញាធរ​មូលដ្ឋាន​ឃ្លាំមើល​ការ​បោះឆ្នោត ​ការប្រកួត​ប្រជែង​មិន​ស្មើភាព​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ក្រៅ​អំណាច ​គម្លាត​នៃ​ការប្រើប្រាស់​ធនធាន​រវាង​គណបក្ស​កាន់អំណាច​ និង​គណបក្ស​ប្រកួតប្រជែង ​ប្រពន្ធ័ផ្សព្វផ្សាយ​ពិសេស​បណ្ដាញ​ទូរទស្សន៍​បម្រើ​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា ​ហើយ​បាន​រំលោភ​លើ​បទបញ្ជា​ និង​គោលការណ៍​របស់​ គជប​។ ​បន្ថែមពីនោះ​កងកម្លាំង​ប្រដាប់អាវុធ ​និង​មន្ដ្រី​រាជការ​បាន​បម្រើ​ឲ្យ​គណបក្ស​កាន់​អំណាច ​ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ គជប ​មិន​មាន​តម្លាភាព​ក្នុង​ការ​ដោះស្រាយ​បណ្តឹង។

លោក​យឹម សុវណ្ណ ​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី ​និង​លោក​ អ៊ូ ​ចន្ទរិទ្ធ ​តំណាង​រាស្ដ្រ​មក​ពី​គណបក្ស​សិទ្ធិមនុស្ស ​បាន​គាំទ្រ​របាយការណ៍​រក​ឃើញ​របស់​ខុមហ្វ្រែល​នេះ។ ហើយ​ពួក​លោក​បានគាំទ្រ​ឲ្យ​មាន​ការរៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​ គជប ​ឡើងវិញ​ផងដែរ។

ដោយឡែក​អង្គការ​ចំនួន​ប្រាំមួយ​ផ្សេង​ទៀត​ ក៏​បាន​រកឃើញ​ថា​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ ​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​កន្លង​ទៅ​ថ្មី​ៗ​នេះ។

លោក ​ទេព នីថា ​អគ្គលេខាធិការ​នៃ​ គជប​ បាន​មាន​ប្រសាសន៍​ដោយ​ទទួល​ស្គាល់​ថា មាន​ភាព​មិន​ប្រក្រតី​ខ្លះ​បាន​កើតឡើង​ដែរ​ ដោយ​គជប ​នឹង​ធ្វើ​ការកែសម្រួល​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត។

«ចំពោះ​មុខ​នេះ ​គជប​ធ្វើ​សន្និបាទ​បូក​សរុប​ដកពិសោធន៍​ការងារ​អនុវត្ត​ត្រឹមត្រូវ​ ឬ​ខ្វះខាត​យ៉ាងណា​នៅ​ថ្ងៃ​ទី​២១ ​និង​២២ នៅ​តាម​ខេត្ត​ទាំងអស់​។ ​ហើយ​ គជប ​នឹង​ធ្វើ​ការ​បូកសរុប​ដក​ពិសោធន៍​របស់​ខ្លួន​ដែរ​នៅ​ថ្ងៃ​ទី​១២ ​និង​១៣ ​ខែ​កក្កដា។ យើង​នឹង​ពិនិត្យ​ចំណុច​ខ្វះខាត ​រួមទាំង​អនុសាសន៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទៀត​ ដើម្បី​យើង​ធ្វើ​ការកែលំអ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ»។

ចំពោះ​ការរុះរើ​សមាសភាព​ គជប ​លោក​ទេព ​នីថា ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​បញ្ជាក់​ថា​ការ​ជ្រើសតាំង​សមាសភាព​ គជប ​ជា​កិច្ចការ​របស់​ក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា​ គជប​ គ្រោងនឹង​ធ្វើ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ខាងមុខនេះ៕