នៅក្នុងខណៈពេលដែលកម្ពុជាជិតឈានចូលទៅដល់ការបោះឆ្នោតវិទ្យាស្ថានសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកដែលហៅកាត់ថា IRI បានចេញនូវលទ្ធផលការស៊ើបអង្កេតរបស់ខ្លួនទាក់ទងនឹងការយល់ឃើញរបស់ប្រជាពលរដ្ឋទៅលើអនាគតនៃប្រទេសកម្ពុជា។
ការស្ទាបស្ទង់មតិនេះបានធ្វើទៅលើប្រជាពលរដ្ឋប្រមាណជាង២.០០០នាក់នៅក្នុង២៤ខេត្តក្រុងក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដោយបានធ្វើបទសម្ភាសទល់មុខគ្នាដោយផ្ទាល់មាត់ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១។
លទ្ធផលនៃការស្ទាបស្ទង់មតិនេះបានបង្ហាញឲ្យឃើញថាមានប្រជាពលរដ្ឋប្រមាណជាង៨០% បានយល់ឃើញថាជាទូទៅកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅក្នុងទិសដៅត្រូវហើយមានតែ ១៩% តែប៉ុណ្ណោះដែលបានអះអាងថាកម្ពុជាធ្វើដំណើរក្នុងទិសដៅខុស។
ការស្ទាបស្ទង់មតិនេះដោយផ្អែកទៅលើសំណួរដូចៗគ្នា អំពីការកសាងផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព កសាងស្ពាន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ មានផលិតផល និងបច្ចេកទេសទំនើបៗ ភាពក្រីក្រមានកម្រិតទាប និងប្រទេសមានសន្តិភាព។
លោកម៉ាត់ កាលីន (Math Lakin) ប្រធានស្តីទីនៃវិទ្យាស្ថានសាធារណរដ្ឋIRI បានថ្លែងប្រាប់នៅក្នុងអង្គសន្និសីទកាសែតថា IRI បានទទួលតួលេខនេះពីប្រជាពលរដ្ឋជាអ្នកឆ្លើយតប។
«ហេតុផលដែលថាប្រទេសកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅមុខក្នុងទិសដៅត្រូវហ្នឹងមានដូចក្នុងនេះ គឺថាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ»។
លោក ជាម យៀប អ្នកតំណាងរាស្ត្រនិងជាសមាជិកនៃគណៈអចិន្ត្រៃយ៍នៃគណបក្សគ្រប់គ្រងអំណាចបាននិយាយថាលទ្ធផលនៃការស្ទាបស្ទង់នេះ លោកអាចទទួលយកបាន។ លោកបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើកំណែទម្រង់របស់ខ្លួនដើម្បីឲ្យកម្ពុជាដើរឆ្ពោះទៅមុខ។
«ការខ្វះខាតរបស់រដ្ឋាភិបាលដែលលោកធ្វើទៅមិនអាចមានភាពសុក្រិតមួយរយភាគរយបានទេ វាតែងតែខុសខ្លះហ្នឹង។ អញ្ចឹងហើយ ១៩ភាគរយនេះ គឺជាការខ្វះចន្លោះនិងភាពអសកម្មខ្លះ ដែលយើងកំពុងតែកែលម្អ យើងកំពុងតែរឹតបណ្តឹងតាមច្បាប់»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា លទ្ធផលនៃការស្ទាបស្ទង់មតិនេះលោកមិនអាចទទួលយកបានទេ។ លោកបានមានប្រសាសន៍ថាប្រជាពលរដ្ឋនៅមានភាពភ័យខ្លាច មិនហ៊ាននិយាយការណ៍ពិតដូចនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសកូរ៉េខាងជើង ក្នុងពេលដែលមេដឹកនាំកំពុងតែកាន់អំណាចមានប្រជាពលរដ្ឋគាំទ្ររហូតដល់ជិត១០០%។ ក៏ប៉ុន្តែធាតុពិតមិនដូច្នេះទេ ដោយសារតែពួកគេភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
«វាស្ថិតនៅក្នុងបរិយាកាសនៃការគាបសង្កត់ ការភ័យខ្លាចបែបនេះ គួបផ្សំមិនទទួលបាននូវព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺទូរទស្សន៍របស់ជាតិនេះ គឺធ្វើឲ្យប្រជាពលរដ្ឋផ្តល់ចម្លើយមិនបានត្រឹមត្រូវតាមឆន្ទៈពិតប្រាកដរបស់ពួកគាត់ទេ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថាការស្ទាបស្ទង់មតិនេះមិនមានន័យថាប្រជាពលរដ្ឋបច្ចុប្បន្នសប្បាយចិត្តនឹងគណបក្សកាន់អំណាចទេ នេះគឺដោយសារតែការបកស្រាយមិនត្រឹមត្រូវ។
«បើសិនយើងនិយាយថារដ្ឋាភិបាលដឹកនាំ វាមានលក្ខណៈរញ៉េរញ៉ៃ ហាក់បីដូចជាមានភាពអនាធិបតេយ្យច្រើន។ ហើយយើងមើលទៅ វាឥតមានការទទួលខុសត្រូវ ហើយក៏ឥតមាននីតិរដ្ឋដែរ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងនៅពេលបច្ចុប្បន្ន ពួកគាត់ពូកែ ព្រោះអ្នករកស៊ីក៏ពូកែជាងមុន។ អ្នកមានជំនាញផ្សេងៗ ដូចជាជំនាញកុំព្យូទ័រ ជំនាញក្មេងៗ ដែលគាត់ទៅរៀនសូត្រហ្នឹង គឺពូកែៗមែនទែន»។
កាលពីឆ្នាំ២០១០ តាមលទ្ធផលស្ទាបស្ទង់មតិរបស់ IRI បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋប្រមាណ ៧៦% ដែលបានអះអាងថាកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅមុនក្នុងទិសដៅដ៏ត្រឹមត្រូវ។ ហើយមានតែ ២៣% ដែលបានអះអាងថាកម្ពុជាធ្វើដំណើរក្នុងទិសដៅខុស។
លទ្ធផលនៃការស្ទាបស្ទង់មតិនេះអាចមានកម្រិតលម្អៀងប្រហែល ២,២% នៅក្នុងចំណោមអត្រាអ្នកចូលរួមឆ្លើយប្រមាណ ៩៥%៕