តុលាការ​កាត់ទោស​អតីត​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ជាប់​គុក​មួយ​ជីវិត

មន្រ្តី​ខ្មែរ​​ដុត​បំផ្លាញ​គ្រឿង​ញៀន​ដែល​រឹបអូស​យក​បាន​នៅក្នុង​ការវាយឆ្មក់​មួយ​នៅ​ភាគ​ខាងកើត​ និង​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា នៅ​ដើម​ឆ្នាំ២០០៩។

នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​កាត់ទោស​លោក​មឹក​ តារា ​អតីត​ប្រធាន​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​របស់​ប្រទេស​កម្ពុជា​ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​អំពី​បទ​ពុករលួយ​ទាក់ទង​នឹង​ការ​ជួញដូរ​គ្រឿងញៀន។

លោក​មឹក​ តារា ​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​លោក​ជា ​ឡេង ​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ខែ​មករា​ ឆ្នាំ​២០១១។

លោក​អ៊ិត ​សម្ភស ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ ​បាន​ប្រកាស​សាលក្រម​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ថា​ ជន​ជាប់​ចោទ​ឈ្មោះ​មឹក​ តារា​ និង​ជា ​ឡេង​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ អស់​មួយ​ជីវិត ​ហើយ​ឈ្មោះ​ម៉ម ​ឌឿន​ ដែល​បាន​រត់​គេច​ខ្លួន ​ត្រូវ​បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ។

នៅ​ក្នុង​សាលក្រម​នេះ ​តុលាការ​បាន​បញ្ជា​ឲ្យ​លោក​មឹក ​តារា​បង់​សំណង​រដ្ឋប្បវេណី​ចំនួន​២២៥៤០០​ដុល្លារ​អាមេរិក​ ហើយ​រឹបអូស​ប្រាក់​ចំនួន​៨៧៣៨៨​ដុល្លារ​អាមេរិក​នៅ​ក្នុង​ធនាគារ​កាណាឌីយ៉ា ​ប្រាក់​ពុករលួយ​ចំនួន​១០០០០០​ដុល្លារ​អាមេរិក ​និង​ដីធ្លី​មួយ​ចំនួន​ទៀត។ ​លោក​ជា ​ឡេង​បង់​សំណង​រដ្ឋប្បវេណី​ជាង​២០០០០​ដុល្លារ​អាមេរិក ​និង​ត្រូវ​រឹបអូស​ដី​ និង​លំនៅដ្ឋាន​ក្នុង​ខណ្ឌដង្កោ ​ទីក្រុង​ភ្នំពេញ។ ​លោក​ម៉ម​ ឌឿន​ត្រូវ​បង់​សំណង​រដ្ឋប្បវេណី​ចំនួន​៣៤០០០​ដុល្លារ​អាមេរិក ​និង​រឹបអូស​ដី​នៅ​ខេត្ត​កំពង់ចាម។

លោក​រ៉ាយ ​ប៊ុនធឿន ​មេធាវី​ការពារ​លោក​មឹក​ តារា ​បាន​ថែ្លង​ថា៖

«ខ្ញុំ​ថា ​វា​អយុតិ្តធម៌​ហួសហេតុ ហាក់​ដូច​ជា​មាន​ការ​គាបបង្ខំ​មក​ពី​លើ ​ឬ​ក៏​មាន​ការ​មិនហ៊ាន​របស់​ចៅក្រម។​ សំខាន់​វា​មិន​មាន​ភស្តុតាង​ណា​ឲ្យ​ជាក់លាក់។ ​ខ្ញុំ​នឹង​ប្តឹង​ឧទ្ធរណ៍​តាម​ផ្លូវច្បាប់​ ហើយ​ខ្ញុំ​នឹង​រៀបចំ​ជា​ស៊ីឌី​ដាក់​ផ្សាយ​ទៅ​តាម​អង្គការ​នានា ​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​ ឲ្យ​គេ​ជ្រាប ​ហើយ​នឹង​អាច​ដាក់​លក់​ជា​សាធារណៈ ​ដើម្បី​ឲ្យ​គេ​បាន​ពិចារណា​ទាំងអស់​គ្នា»។

លោក​វ៉ាន់ ​បូរ៉ាត់ ​មេធាវី​ការពារ​លោក​ជា​ ឡេង ​បាន​បញ្ជាក់​ថា​ កូនក្តី​របស់​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ ដោយសារ​គាត់​មិន​សុខចិត្ត​នឹង​សេ​ចក្តីសម្រេច​នេះ​ ព្រោះ​គាត់​សង្ឃឹម​ថា​ គាត់​នឹង​ទទួល​បាន​យុត្តិធម៌​ខ្លះ​ពី​តុលាការ។

«ព្រឹកមិញ​នេះ ​ខ្ញុំ​គិត​ថា​ ការ​សម្រេច​សេចក្តី​របស់​តុលាការ​ហាក់ដូច​ជា​មិន​មាន​យុតិ្តធម៌​ចំពោះ​កូន​ក្តី​ខ្ញុំ​ ពីព្រោះ​យើង​ពិនិត្យ​ទៅ​លើ​អង្គហេតុ​ទាំងឡាយ​ដែល​យក​មក​ជំនុំជម្រះ ​ហើយ​យើង​បាន​លើក​យក​ភស្តុតាង ​និង​សាក្សី​អី្វៗ​យក​មក​បកស្រាយ​ជូន​តុលាការ​ដែល​គាត់​ថា​ ជា​ភស្តុតាង​សម្រាប់​ដាក់​បន្ទុក​លើ​កូន​ក្តី​យើង។​ យើង​យក​ភស្តុតាង​ទាំង​អស់​មក​បកស្រាយ​ជូន​គាត់​អំពី​ចម្លើយ​សាក្សី​ក្តី​ ភស្តុតាង​ក្តី ​តុលាការ​អត់​ពិចារណា​លើ​អី្វ​ដែល​យើង​ផ្តល់​ជូន​គាត់​ហ្នឹង​ទេ។ គាត់​ច្រានចោល​បញ្ហា​ហ្នឹង ​ធើ្វ​ឲ្យ​យើង​អស់​មាន​អី្វ​អំណះ​អំណាង​សម្រាប់​ការពារ​ពួក​គាត់»។

លោក​ស៊ុំ ​ចាន់គា ​មន្រ្តី​សម្របសម្រួល​នៃ​សមាគម​សិទិ្ធ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​ថែ្លង​ថា ​សេចក្តី​សម្រេច​នេះ​គឺ​ជា​សញ្ញា​ព្រមាន​ដ៏​ខ្លាំង​មួយ​ដល់​ជន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ថា ​គេមិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ។

លោក​ស៊ុំ ​ចាន់គា​បាន​លើក​ឡើង​ថា​ ការ​កាត់​សេចក្តី​នេះ​ ដូច​ជា​ការ​កាត់ក្តី​របស់​សាលាក្តី​ខែ្មរក្រហម​ ដោយសារ​ជន​ផ្សំ​គំនិត​មិន​ត្រូវ​បាន​នាំយក​មក​ជំនុំ​ជម្រះ​ទោស​ទេ។

លោក​ស៊ុំ ​ចាន់គា​បាន​បន្ថែម​ថា​ សាលាក្តី​ខ្មែរក្រហម​បាន​កាត់ទោស​ឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង​របស់​របប​ខ្មែរក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ អំពី​បទ​សម្លាប់​មនុស្ស​ជាង​១២០០០​នាក់​នៅ​ចុង​ទសវត្យរ៍​១៩៧០។

«ការ​កាត់​សេចក្តី​នេះ ​យើង​ឃើញ​ថា​ វា​ធ្ងន់ធ្ងរ​ជាង​សាលាក្តី​ខែ្មរក្រហម។ ​យើង​ឃើញ​ថា​ សេចក្តីសម្រេច​នេះ​ធ្ងន់ធ្ងរ​ខ្លាំង​ពេក។ ​បើ​សេចក្តី​សម្រេច​នេះ​ប្រៀបធៀប​ទៅ​សាលាក្តី​ខែ្មរក្រហម ​គេ​ផ្តន្ទាទោស​អត់​មាន​មួយ​ជីវិត​ទេ»។

នៅ​ក្នុង​ខែ​វិច្ឆិកា ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​កាត់​ទោស​លោក​ហ៊ុន ​ហ៊ាន ​អតីត​ប្រធាន​នគរបាល​ខេត្ត​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​បួន​ឆ្នាំ ​និង​ពិន័យ​ជិត​៣២០០០០​ដុល្លារអាមេរិក​អំពី​ការ​ទទួល​សំណូក​ពី​ពួក​អ្នក​ជួញដូរ​គ្រឿងញៀន ​ហើយ​លោក​ឈាង​ សុន​ អនុប្រធាន​នគរបាល​ខេត្ត​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​បួន​ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​ជាង​១០០០០​ដុល្លារ​អាមេរិក៕