ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការបង្ការគ្រោះថ្នាក់នានាដែលកើតឡើងដោយគ្រោះមហន្តរាយ។ ជាងនេះទៀតសេចក្តីព្រាងច្បាប់នេះក៏ដើម្បីរឹតបន្តឹងការប្រុងប្រយ័ត្នរបស់អាជ្ញាធរក្នុងការទទួលខុសត្រូវផងដែរ។
សេចក្តីព្រាងច្បាប់នេះមានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរទៀតផងចំពោះមន្រ្តីរូបណា ដែលខកខានមិនបានបំពេញភារកិច្ចឬដោយការធ្វេសប្រហែសដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស។ សិក្ខាសាលាផ្សព្វផ្សាយច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៣០ធ្នូមានការចូលរួមពិភាក្សាពីមន្រ្តីពាក់ព័ន្ធតាមស្ថាប័ននិងតាមក្រសួងមួយចំនួន។ ដោយកិច្ចពិភាក្សានេះធ្វើឡើងជាង១ខែក្រោយពីហេតុការណ៍ដ៏គួរឱ្យរន្ធត់នៅលើស្ពានកោះពេជ្រ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយមាន៩ជំពូក៩២មាត្រាដោយច្បាប់នេះបាន
បញ្ជាក់ពីគោលបំណងថាដើម្បីការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន បញ្ចៀសការប៉ះ ពាល់ដល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនគ្រប់គ្រងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ត្រៀមបង្ការសម្រាប់ឆ្លើយតបគ្រោះអាសន្នជាដើម។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីនិងជាអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានមានប្រសាសន៍ថាជាយូរមកហើយដែលប្រទេសកម្ពុជាមិនមានច្បាប់ស្តីពីការគ្រប់ គ្រងគ្រោះមហន្តរាយនោះទេដូច្នេះលោកនឹងព្យាយាមជំរុញច្បាប់នេះអនុម័តឱ្យបានក្នុងពេល ឆាប់ៗ ក្នុងអំឡុងពេលចុងឆ្នាំ២០១១ ខាងមុខនេះ។
លោកបានបន្តថា នៅពេលច្បាប់នេះចូលជាធរមានច្បាប់នេះអាចជួយពង្រឹងបន្ថែមទៅលើការគ្រប់ គ្រងគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដោយច្បាប់នេះមានការដាក់ទោសទណ្ឌទៅលើមន្រ្តីណាដែលធ្វេសប្រហែសក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
«ចង់បានច្បាប់នេះមួយគឺដើម្បីគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយដែលកើតឡើងដោយធម្មជាតិក្តីដោយមនុស្សក្តី។ ពេលនេះចង់បានច្បាប់នេះមួយទៅស្រួលយើងប្រតិបត្តិពីព្រោះកន្លងមកយើងធ្វើការអត់មានអ្វីជាគោលសម្រាប់យើងអនុវត្តទេ»។
ជាមួយគ្នានេះដែរ លោក ជ្រាង សុផាន់ អភិបាលរងក្រុងភ្នំពេញបានគ្រាំទ្រចំពោះការបង្កើតច្បាប់នេះដោយលោកមានប្រសាសន៍ថាច្បាប់នេះនឹងជួយឱ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់មានការប្រយ័ត្នប្រយែងបន្ថែមទៀតនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
«ខ្ញុំគិតថាវាជាការប្រសើរដើម្បីពង្រឹងយន្តការបានល្អទាល់តែមានការដាក់ពិន័យធ្វើឱ្យអ្នកដែលកាន់ការងារមួយៗត្រូវយល់ច្បាស់ពីភារកិច្ចរបស់ខ្លួន។ ខ្ញុំគ្រាន់តែអបអរសាទរនៅពេលដែលច្បាប់នេះចេញពីព្រោះវាជួយពង្រឹងនូវយន្តការសម្រាប់ការគ្រប់គ្រងដើម្បីបញ្ចៀសនូវផលប៉ះពាល់ដែលកើតឡើងជាយថាហេតុ»។
ព្រឹត្តការណ៍ដ៏គួរឱ្យរន្ធត់នៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យមនុស្ស៣៥៣នាក់បានស្លាប់បាត់បង់ជីវិតនិង៣៩៣បានរងរបួសបានទទួលរងការរិះគន់និងមានការទាមទារឱ្យមានការដាក់ទោសមន្រ្តីទទួលខុសត្រូវក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាននិយាយការពារថានឹងមិនមានការផ្តន្ទាទោសណាមួយនោះទេដោយលោកបានបញ្ជាក់ថាព្រឹត្តការណ៍នេះគឺជាកំហុសរួម។
សេចក្តីព្រាងច្បាប់នេះក៏បានកំណត់ឱ្យអាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធទាំងអស់រៀបចំនិងត្រៀមលក្ខណៈដោះស្រាយគ្រោះថ្នាក់ឱ្យបានល្អបំផុត។ ជាងនេះទៅទៀតមន្រ្តីដែលមានកំហុសនិងត្រូវដាក់ទោសព្រហ្មទណ្ឌពី២ឆ្នាំទៅដល់១០ឆ្នាំឬលើសពីនេះនិងពិន័យជាប្រាក់ពី៥លានរៀលទៅដល់២០លានរៀល។
ដោយឡែកលោក យឹម សុវណ្ណ សមាជិកសភាគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថាទោះបីជាច្បាប់មានលក្ខណៈល្អប្រសើរយ៉ាងណាក៏ដោយក៏ប៉ុន្តែគ្មានការអនុវត្តច្បាប់នោះបង្កើតឡើងក៏គ្មានប្រយោជន៍អ្វីដែរ។
«ពេលខ្លះធ្វើច្បាប់នេះគឺធ្វើឱ្យតែល្អមើលទេ ប៉ុន្តែដល់ពេលការអនុវត្តជាក់ស្តែងអនុវត្តបានតិចតួចណាស់ហើយជាពិសេសទាក់ទងនឹងការដាក់ទោសទណ្ឌ។ វប្បធម៌គ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជានេះចាក់ជ្រៅទៅបែបនេះ ដូច្នេះទោះបីជាសេចក្តីព្រាងច្បាប់នេះល្អយ៉ាងណាក៏ដោយក៏ប៉ុន្តែការអនុវត្តច្បាប់គេមិនមានឆន្ទៈនយោបាយក្នុងការអនុវត្តច្បាប់នោះគឺចាត់ទុកថាមិនអាចដោះស្រាយបញ្ហាបានដដែល»។
ទោះបីជាយ៉ាងណាក៏ដោយលោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្ស អាដហុកបានសាទរចំពោះការបង្កើតច្បាប់នេះឡើង។ លោកបានមានប្រសាសន៍ថាទោះបីជាច្បាប់
នេះមិនត្រូវបានគេអនុវត្តបានល្អដូចមានចែងនៅក្នុងច្បាប់ក៏ដោយក៏លោកជឿជាក់ថាច្បាប់នេះនឹង
ធ្វើឱ្យមានការប្រសើរឡើងផងដែរចំពោះការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា៕