មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​អប់រំប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍

ស្លាក​ប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍​

ឧត្តរ​មាន​ជ័យ៖ នៅក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍ ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​កសាង​ស្លាក​ដែល​ចារិក​ពាក្យ​ស្លោក​ជា​ច្រើន​នៅ​តាម​វិទ្យាល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា។

​ថ្មី​ៗ​នេះ​ ស្លាក​មួយ​ក្នុង​ចំណោម​ស្លាក​ប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍​ទាំង​នោះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អតីត​តំបន់​តស៊ូ​ចុង​ក្រោយ​គេ​របស់​ខ្មែរ​ក្រហម ​ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស។
ស្លាក​រំឭក​ដល់​ការ​ចងចាំ​ជាមួយ​ពាក្យស្លោក​ទាំង​នេះ​ ត្រូវ​បាន​សម្ពោធ​ឡើង​នៅ​ក្នុង​ស្រុក​អន្លង់​វែង​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​ទៅ​នេះ ។​

អ្នក​រៀបចំ​កម្មវិធី​នេះ​និយាយ​ថា​ ស្លាក​នេះ​ត្រូវ​បាន​សាងសង់ដំបូង​គេ​ហើយ​នៅ​ក្នុង​ខេត្ត​នេះ​ ដើម្បី​ជា​ការ​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ផង​ និង​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យ​នោះ​ផង។​

លោក​ ឌី ខាំបូលីគឺ​ជា​ប្រធាន​ក្រុម​ដឹកនាំ​គម្រោង​អប់រំ​ប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍​នៃ​មជ្ឍ​មណ្ឌល​ឯកសារ​កម្ពុជា។​

«ក្នុង​នាម​ជា​សិស្ស ខ្ញុំ​បាន​រៀន​យល់​ដឹង​ពី​របប​អញ្ចឹង ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ចង់​យល់​ ចង់​ដឹង​ ចង់ស្គាល់​ថា ​វា​មាន​អ្វី​កើត​ឡើង​ខ្លះ​កាល​ពី​ពេល​មុន»។​
ផាន់ ពិសី
«គោលដៅ​ចុង​ក្រោយ​នៃ​ការ​សិក្សា​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម​គឺ​ដើម្បី​ចូល​រួម​ចំណែក​នៅក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​ស្វែង​រក​បាន​នូវ​ការ​ផ្សះផ្សារ​ជាតិ​មួយ​ជា​អចិន្ត្រៃយ៍​ ក៏​ដូច​ជា​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​កសាង​សន្តិភាព​យូរ​អង្វែង​នៅ​ពេល​អនាគត»។​

អន្លង់​វែង​គឺ​ជា​អតីត​ទីតាំង​តស៊ូចុងក្រោយ​បង្អស់​របស់​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ផ្តាច់​ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ឆ្នាំ​១៩៩៩។​
បច្ចុប្បន្ន ​អ្នក​ស្រុក​នៅ​ទី​នេះ​ភាគ​ច្រើន​លើស​លុប​គឺ​សុទ្ធតែ​ជា​អតីត​កម្មាភិបាល​និង​ទាហាន​ខ្មែរ​ក្រហមនិង​ក្រុម​គ្រួសារ​ ឬ​សាច់​ញាតិ​របស់​ពួកគេ។​

លោក ​ឌី ខាំ​បូលី​មាន​ប្រសាសន៍​ថា ​កន្លង​មក​មាន​ប្រតិកម្ម​ពី​អ្នក​ស្រុក​ខ្លះ​នៅ​តំបន់​នេះ​ដែល​មិន​ចង់​ឲ្យ​មាន​ការ​បង្រៀន​ និង​រៀន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​សម័យ​ខ្មែរ​ក្រហម​ទេ។​

«ដូច្នេះ​ហើយ​បាន​ជា​ការ​លើក​ពាក្យស្លោក​នេះ ​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិបតេយ្យ។​ ផ្សព្វផ្សាយ​អំពី​ការ​សិក្សា​នេះ​គឺ​នាំ​ទៅ​ដល់​ការ​ផ្សះ​ផ្សា​ជាតិ ​អត់​ឱន ​អាធ្យាស្រ័យ​គ្នា ​មិន​មែន​ជា​ការ​ឆ្កឹះ​ដំបៅ​ឲ្យ​ឈឺ​ឡើងវិញ​ ឲ្យ​ដំបៅ​ឡើងវិញ​ និង​មិនមែន​ជា​ការ​សិក្សា​ដែល​នាំ​ឲ្យ​មាន​ការ​ខឹង​សម្បារ​ឬ​ការ​គុំកួន​គ្នា​នោះ​ទេ»។ ​
លោក ​អ៊ុំ មេឃ​គឺ​ជា​អ្នក​ស្រុកម្នាក់ ​ដែល​រស់នៅ​ចំ​ពី​មុខ​វិទ្យាល័យ​អន្លង់​វែង​ ជា​ទីតាំង​ដែល​ស្លាក​រំឭក​ការ​ចងចាំ​នេះ​ស្ថិត​នៅ។​

លោក​មាន​ប្រសាសន៍​ថា ​ការ​មាន​ស្លាក​នេះ​នឹង​មាន​អត្ថ​ប្រយោជន៍​ដល់​អ្នក​ស្រុក​នេះ។ ​
«ពាក្យ​ស្លោក​ហ្នឹង​គឺ​ជា​ជា​ការ​អត់​ឱន​ ការ​អាធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក។​ ការ​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​គឺ​មិនមែន​ដើម្បី​ចង​កំហឹង​ទេ​គឺ​រៀន​ឲ្យ​ដឹង​ថា​ សង្គម​ហ្នឹង​វា​អញ្ចឹង»។​
ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទី​នេះ​លើកឡើង​ថា ​ការ​លើក​ពាក្យ​ស្លោក​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​អប់រំ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​យល់​ពី​ផល​វិបាក​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ និង​រួម​គ្នា​ការពារ​កុំ​ឲ្យ​របប​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត»។​

ផាន់ ពិសីគឺ​ជា​សិស្ស​ថា្នក់​ទី​១០​នៃ​វិទ្យាល័យ​អន្លង់​វែង​នេះ។​
«ក្នុង​នាម​ជា​សិស្ស ខ្ញុំ​បាន​រៀន​យល់​ដឹង​ពី​របប​អញ្ចឹង ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ចង់​យល់​ ចង់​ដឹង​ ចង់ស្គាល់​ថា ​វា​មាន​អ្វី​កើត​ឡើង​ខ្លះ​កាល​ពី​ពេល​មុន»។​

របប​ខ្មែរក្រហម​ត្រូវ​បាន​ដឹង​នាំ​ដោយ​ប៉ុល ពត ​ដែល​សាកសព​របស់​គាត់​ត្រូវ​បាន​គេ​បូជា​នៅ​ទីនេះ។​ របប​នោះ​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​ប្រជាជន​ប្រមាណ​១លាន​៧​សែន​នាក់​ ដោយសារ​ជម្ងឺ ​ការ​ធ្វើការ​ហួស​កម្លាំង​ ការ​បង្អត់​អាហារ ​ការ​ធ្វើ​ទារុណកម្ម ​និង​ការ​កាប់​សម្លាប់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។​

ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ស្រុក​អន្លង់​វែង​នេះ​និយាយ​ថា ​អ្នក​ស្រុក​ខ្លះ​នៅ​ទី​នេះ​នៅ​តែ​មិន​ចាត់​ទុក​របប​ខ្មែរ​ក្រហម​ថា ​ជា​របប​ប្រល័យ​ពូជសាសន៍​ដដែល​ ប៉ុន្តែ​អ្នក​ខ្លះទៀត​បាន​សំដែង​អារម្មណ៍​ខ្មាស់​ខ្លួន​ឯង​ចំពោះ​ទង្វើ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្រោម​របប​នោះ។​

លោក យឹម ផាន់ណា​ បច្ចុប្បន្ន​គឺ​ជា​អភិបាល​ស្រុក​នេះ។ ​លោក​គឺជា​អតីត​មេ​បញ្ជាការ​យោធា​ម្នាក់​របស់​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ផ្តាច់​ខ្លួន​ចុះចូល​ជាមួយ​រដ្ឋា​ភិបាល។ ​
លោក​មាន​ប្រសាសន៍​ថា ​ការ​លើក​ស្លាក​នេះ​ឡើង ​គឺ​ដូចជា​ការ​រំឭក​ការ​ចងចាំ​អំពី​របប​អតីត​កាល​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បាក់​បែក​ ព្រាត់ប្រាស់​និង​ការ​បាត់​បង់​ជីវិត​មនុស្ស​អស់​យ៉ាង​ច្រើន។ ​

«យើង​នៅ​តែ​មាន​វិប្បដិសារី​ក្នុង​ចិត្ត​ក្នុង​គំនិត​យើង​ថា ​យើង​មិនត្រូវ​ឲ្យ​មាន។​ ដូច្នេះ​ មិន​ត្រូវ​ឲ្យ​មាន​របប​ហ្នឹង​គឺ​ថា​ យើង​ត្រូវ​ទប់ស្កាត់ ​ធ្វើ​យ៉ាង​ម៉ិច​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ ធ្វើ​ម៉ិច​កុំ​ឲ្យ​អា​របប​នេះ​មក​យារយី​ក្នុង​សង្គម​យើង​ទៀត»។​

បច្ចុប្បន្ន​ អ្នក​ស្រុក​អន្លង់​វែង​បាន​ចូលរួម​រស់​ជាមួយ​សង្គម​វិញ​ស្ទើរ​ទាំង​ស្រុង​ ហើយ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​អភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​របស់​ខ្លួន។ ​

លោក​ស្រី ទន់ សាអ៊ីម​គឺ​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា។​ លោកស្រី​មាន​ប្រសាសន៍​ថា ​ការ​ចូល​រួម​រស់​នៅ​ជាមួយ​គ្នា​វិញ​នេះ ​គឺ​ជា​ទង្វើ​ដ៏​ប្រពៃរ៍​ដែល​ត្រូវ​ប្រកាន់​យក។​
«មិន​គួរ​ឲ្យ​មាន​ការ​គុំកួន​ ឬ​ចង្អុល​គ្នា​ថា​ អ្នក​នេះ​ក្រហម​ អ្នកនោះ​ស ​អ្នក​នោះ​ខៀវ ​កាល​នោះ​ទេ។​ ឥឡូវ​យើង​មាន​ពណ៌​សម្បុរ​ដូចគ្នា។ យើង​នាំ​គ្នា​ទៅ​ធ្វើការ​រួម​មួយ»។​

លោក​ស្រី​មាន​ប្រសាសន៍​ថា​ គ្រប់​គ្នា​សុទ្ធ​តែ​អះអាង​ថា​ ជា​អ្នក​ស្នេហា​ជាតិ ​ប៉ុន្តែ​បាន​ប្រើប្រាស់​វិធី​សាស្ត្រ​ខុស​គ្នា​ដើម្បី​សម្រេច​គោលដៅ​ដូចគ្នា​មួយ។ ​ហើយ​ដោយសារ​តែ​ភាព​ខុស​គ្នា​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​កម្ពុជា​បាន​ពើប​ប្រទះ​នឹង​ការ​ព្រាត់​ប្រាស់​និង​បាក់​បែក​គ្នា​នោះ៕