កម្ពុជាបានផ្លាស់ប្តូរជំហររបស់ខ្លួនដោយទុកលទ្ធភាពឲ្យជនជាតិបារាំងធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើគួរសម្រេចចិត្តធ្វើបត្យាប័នទៅប្រទេសបារាំង ឬក៏ប្រទេសចិន បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ខ្លួនកាលពីខែមុន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្លាប់បានមានប្រសាសន៍ថានឹងមិនធ្វើបត្យាប័នជនជាតិបារាំងទៅកាន់ប្រទេសណាទេ ពោលគឺរក្សាទុកនៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ឥឡូវនេះកម្ពុជាបានទុកលទ្ធភាពឲ្យជនជាតិបារាំងធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើគួរបញ្ជូនទៅកាន់ប្រទេសណាមួយ។ លោកបានមានប្រសាសន៍ថាសុំឲ្យមានការយោគយល់ដល់កម្ពុជា ពីព្រោះប្រទេសបារាំងក៏ជាមិត្ត ហើយប្រទេសចិនក៏ជាមិត្តរបស់កម្ពុជាផងដែរ។
«បារាំង គាត់ការពារពលរដ្ឋរបស់គាត់អញ្ចឹងទៅ ឯចិនថាគាត់បើទៅក៏មិនមែនកាត់ទោសតាមច្បាប់ របស់ចិនអីទេ គាត់បានផ្តល់ជាសក្ខីកម្មនៅក្នុងច្បាប់ហ្នឹង។ ឥឡូវជំហរត្រង់ថា សាមីខ្លួនគាត់ចង់ទៅណា ធ្វើយ៉ាងម៉េច»។
កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅនេះរដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោក ប៉ាទ្រីក ដឺវីល្ល័រស៍ (Patrick Devillers) អាយុ៥២ឆ្នាំ ជនជាតិបារាំងដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោក បូ ស៊ីឡៃ (Bo Xilai) អ្នកនយោបាយដែលមានឈ្មោះមិនល្អនៅក្នុងប្រទេសចិន។
ស្ថានទូតចិន និងស្ថានទូតបារាំងប្រចាំកម្ពុជា មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃអង្គារនេះ។
ការចាប់ខ្លួនជនជាតិបារាំងរូបនេះ កម្ពុជាបានធ្វើឡើងតាមរយៈសំណើរមួយរបស់ចិនហើយបានបន្តឃុំខ្លួននៅនាយកដ្ឋានអន្តរប្រវេសន៍ក្រសួងមហាផ្ទៃ។
កម្ពុជាបានស្នើដល់ចិនឲ្យផ្តល់ភស្តុតាងដល់កម្ពុជាពាក់ព័ន្ធនឹងជនជាតិបារាំង ដែលត្រូវបានចោទថាបានប្រព្រឹត្តបទល្មើសនៅចិន។ ក៏ប៉ុន្តែភស្តុតាងដែលចោទប្រកាន់លោក ប៉ាទ្រីក ដឺវីល្ល័រស៍មិនទាន់ត្រូវបានបង្ហាញជាសាធារណៈទេ ចំណែកឯការចោទប្រកាន់ជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា ក៏មិនទាន់ដឹងថាចោទប្រកាន់ពីបទអ្វីដែរ។
រដ្ឋាភិបាលបារាំងបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបំភ្លឺអំពីមូលហេតុពិតប្រាកដនៃការចាប់ខ្លួនជនជាតិបារាំងរូបនេះ ដោយបានអះអាងថាបារាំងនឹងតាមដានដិតដល់បំផុតចំពោះការប្រឆាំងណាមួយដោយគ្មានមូលហេតុច្បាស់លាស់ទៅលើលោក ប៉ាទ្រីក ដឺវីល្ល័រស៍។
លោក ប៉ាទ្រីក ដឺវីល្ល័រស៍ ធ្លាប់បានរស់នៅទីក្រុងភ្នំពេញ ហើយលោកធ្លាប់មានកម្មសិទ្ធដីមួយកន្លែងនៅក្នុងទីក្រុងកែប ដែលកន្លងមកលោកមិនធ្លាប់មានការចោទប្រកាន់អ្វីទាំងអស់ពាក់ព័ន្ធពីបទឧក្រិដ្ឋ។
លោក ប៉ាទ្រីក ដឺវីល្ល័រស៍ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោកស្រី ហ្គោ ហ្គេឡៃ (Go Gailai) ភរិយារបស់លោក បូ ស៊ីឡៃ អតីតអ្នកទោសនយោបាយប្រឆាំងនឹងរដ្ឋាភិបាលចិនមួយរូប ហើយលោក បូ ស៊ីឡៃ កំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីចិនជាន់ខ្ពស់ដោយខុសច្បាប់។
អ្នកស្រី ហ្គោ ហ្គេឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមេសាពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក ណេល ហេវូដ (Neil Heywood) ពាណិជ្ជករជនជាតិអង់គ្លេសមួយរូប៕