មន្ត្រី​កម្ពុជា៖ ជនជាតិ​បារាំង​ដែល​ជាប់​ឃុំ ​ស្នើ​សុំ​ឲ្យ​គេ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ចិន

Giant panda Yuan Yuan sleeps next to her baby panda at the Taipei City Zoo, Taiwan.

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ​ជនជាតិ​បារាំង​ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ Bo Xilaiអ្នក​នយោ​បាយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ស្នើ​សុំ​មក​រដ្ឋាភិបាល​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការ​ជំនុំជម្រះ​ទោស​នៅ​ទី​នោះ។​

លោក​ប៉ាទ្រិក ដេវីល្ល័រ(Patrick Devellers) អាយុ​៥២​ឆ្នាំ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ តាម​សំណើ​មួយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ ពី​បទ​សង្ស័យ​ថា​លោក​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​លោក ​Bo Xilai ​អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ក្នុង​ប្រទេស​ចិន។​

លោកPatrick Devellers កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ នឹង​ដោះលែង​លោក ​Patrick ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ប្រសិន​ណា​បើ​ពុំ​មាន​ការ​រក​ឃើញ​ថា ​លោក​មាន​ទោស​កំហុស​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃុំ​ខ្លួន​បាន​រយះ​ពេល​ពីរ​ខែ។​

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័ក្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ជំទាស់​ទេ​ប្រសិន​ណា​បើ​ភាគី​សាមី​សុំ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ណា​នោះ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ តាម​ដំណឹង​លោក​ Patrick Devellers ខ្លួន​ឯង​មាន​ទំនោរ​ស្នើ​សុំ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ចិន​ ហើយ​កម្ពុជា​ត្រូវ​ការ​ឲ្យ​លោក​Patrick​បំពេញ​ឯកសារ​មុន​នឹង​សម្រេច​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា។​

«គាត់​ដូច​ជា​មាន​ទំនោរ​ទៅ​ចិន​ គាត់​ខ្លួន​គាត់​នោះ​ណា។​ អញ្ជើញ​ទៅ​ណា​តាម​ការ​សម្រេច​របស់​ខ្លួន​គាត់​ទេ។​ ហើយ​បើ​គាត់​សម្រេច​ទៅ​ចិន​ OK យើង​ក៏​ផ្តល់​ជូន​ទៅ​តាម​អ្វី​ដែល​គាត់​សម្រេច​ផ្ទាល់​ខ្លួន ​ក៏ប៉ុន្តែ​ត្រូវ​មាន​ការ​ជា​លាយ​ល័ក្ខណ៍​អក្សរ។​ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​មាន​តម្លាភាព»។​

លោក​ស្រី​ Laurence Bernardi អ្នក​នាំ​ពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ​លោក​ស្រី​គ្មាន​ព័ត៌មាន​អ្វី​ដែល​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ។​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ Bernard Valeroអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បារាំង​កាល​ពី​ខែមុន​ បាន​បញ្ចាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ​ថា​បារាំង​នឹង​តាមដាន​យ៉ាង​ដិត​ដល់​បំផុត​ចំពោះ​លោក​ Patrick Devellers។​

លោក Patrick Devellers ធ្លាប់​បាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ ​ហើយ​លោក​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​មួយ​កន្លែង​នៅ​ទី​ក្រុង​កែប ​ដែល​កន្លង​មក​លោក​មិន​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ។

លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក​អ្នកស្រី​ ហ្គូ កៃឡៃ (Gu Kailai) ភរិយា​លោក​ Bo Xilai អតីត​អ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​មួយ​រូប​ ហើយ​លោក​ Bo Xilai កំពុង​ជាប់​ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ចិន​ជាន់​ខ្ពស់​ ដោយ​ខុស​ច្បាប់។

អ្នកស្រី​ ហ្គូ កៃឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ​ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោក ​ណេល ហេវូដ (Neil Heywood) ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​មួយ​រូប៕