អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ថា​មាន​គេ​គំរាម

រយៈ​ពេល​តែ​ជាង​មួយ​សប្តាហ៍ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ម៉ម សូណង់​ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​រង​ចាំ​ជំនុំជម្រះ​ទោស​ពី​បទ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក​ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​បាន​អះ​អាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ត្រូវ​បានជន​មិន​ស្គាល់​មុខ​ផ្ញើ​សារ​គំរាម​តាម​ទូរសព្ទពី​ក្រៅ​ប្រទេស។

នៅ​ក្នុង​អត្ថន័យ​តាម​ទូរសព្ទ​ជា​ភាសា​អង់គ្លេស​ចូល​ទៅ​កាន់​ទូរសព្ទ​លោក​ជា បំរ៉ុង​ដែលវីអូអេ​បាន​ទទួល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវ​ការណ៍​ថា៖

«លោក​ជា បំរ៉ុង ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​អ្នក​ត្រូវ​តែ​ដើរ​តាម​ផែន​ការណ៍​របស់​ខ្ញុំ​បើ​មិន​ចង់​ឲ្យ​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​បិទ​ទ្វា»។

ខ្លឹម​សារ​ដដែល​នោះ​បាន​បញ្ជាក់​ថា៖

«លោក​នឹង​ដូច​លោក​ម៉ម សូណង់​ដូ។ ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ​ពី​ព្រោះ​ខ្ញុំ​បាន​ដឹង​ពី​បញ្ហា​សមាគម ក៏​ប៉ុន្តែ​ប្រសិន​ណា​បើ​អ្នក​ខ្លាច​អ្នក​គួរ​តែ​នៅ​ផ្ទះ​កុំ​ធ្វើ​អ្វី​ទាំង​អស់​ជា​មួយ​សមាជិក​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​ទើប​អាច​ជួយ​លោក​ម៉ម សូណង់​ដូ​បាន»។​

លោក​ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​និយាយ​ថា​លោក​បាន​ទទួល​សារ​នេះ​ពី​ជន​អនាមឹក​មួយ​រូប​ដែល​បាន​ផ្ញើរ​សារ​មក​ទូរសព្ទ​របស់​លោក​មក​ពី​ក្រៅ​ប្រទេស​កាល​ពី​វេលា​ម៉ោង​១និង​១៨​នាទី​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

លោក​បាន​ចាត់​ទុក្ខ​ថា នេះ​គឺ​ជា​ការ​ផ្ញើ​សារ​គំរាម​កំហែង​មួយ​មក​លើ​រូប​លោក។ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការណ៍​ទៅ​កាន់​សម្ថកិច្ច​នៅ​ឡើយទេ។​

«នេះ​ជា​ការ​ដូច​ថា ជា​ការ​គំរាម​ក៏​ថា បាន​ហើយ​ក៏​ជា​ការ​បំបែក​បំបាក់​កម្លាំង​សមាគម​ក៏​ថា​បាន»។

លោក​ឧត្តម​សេនីយ​ឯក​ ខៀវ សុភ័ក្រ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ពុំ​អាច​ស្នើ​សុំ​សេច​ក្តី​អត្ថាធិប្បាយ​បំ​ភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ដោយ​ទូរសព្ទ​របស់​លោក​កំពុង​ជាប់​រវល់។​

លោក​ជា​ បំរ៉ុង កន្លង​មក​លោក​បាន​ចេញ​មុខ​ធ្វើ​សន្និសីទព័ត៌មាន និង​ធ្វើ​យុទ្ឋនាការ​ប្រមូល​ស្នាម​ផ្តិត​មេដៃ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​
លោក​ម៉ម សូណង់​ដូ​ពី​មន្ទីរ​ឃុំ​ឃាំង​ព្រៃ​ស។

យុទ្ឋនាការណ៍​ប្រមូល​ស្នាម​ផ្តិត​មេដៃ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ហើយ​គ្រោង​នឹង​បញ្ចប់​ចុង​សប្តាហ៍​នេះ។​

លោក​ជា​ បំរ៉ុង​បាន​មាន​ប្រសាន៍​ថា រយៈ​ពេល​បួន​ថ្ងៃ​ដែល​សមាគម​របស់​លោក​បាន​ធ្វើ​យុទ្ឋនាការណ៍​ប្រមូល​ស្នាម​ផ្តិត​មេដៃ​នេះ​យ៉ាង​តិច​មាន​ស្នាម​ផ្តិត​មេដៃ​ប្រមាណ​ជាង​មួយ​១ម៉ឺនដែល​ប្រជាពល​រដ្ឋ​បាន​ផ្តិត​មក​ពី​ខេត្ត​ក្រចេះ​ កំពង់​ចាម ព្រៃវែង ​ កណ្តាល និង​ ខេត្ត​តា​កែវ​ ហើយ​លោក​គ្រោង​នឹង​ដាក់​ញត្តិ​ដែល​មាន​ស្នាម​ផ្តិ​មេដៃ​ទាំង​នេះ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​និង​ទៅ​កាន់​ស្ថានទូត​នានា​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ករណី​របស់​លោក​ម៉ម សូណង់ដូ​ គឺ​ជា​រឿង​តុលាការ ញត្តិ​នេះ​មិន​អាច​ជួយ​លោក​ម៉ម សូណង់​ដូ​បាន​ទេ​។​
«​ពី​ព្រោះ​រឿង​នេះ​ជា​រឿង​តុលាការ​មិន​មែន​ជា​រឿង​ឆន្ទៈ​ទេ។ ជា​រឿង​ច្បាប់។​មិន​មាន​ជា​សម្ភាធ​ណា​មួយ​ទៅ​បង្ខិត​បង្ខំ​ឬ​ដាក់​ផ្លួវ​ចិត្ត​ដល់​តុលាការ​ក្នុង​ការ​វិនិច្ឆ័យ​ក្តី​ ខ្ញុំ​មិន​ជឿ​ថា​អញ្ចឹង​ទេ»។

លោក​ម៉ម សូណង់​ដូ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដិកា​បណ្តោះ​អាសន្ន​ឃុំ​ខ្លួន​នៅ​ពន្ឋនាគារ​ព្រៃ​ស​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំៗ​ដែល​រួម​មាន​ អ្នក​ផ្តួច​ផ្តើម​គំនិត​ប្រឆាំង​អ្នក​រាជ​ការ​សារធារណៈ​ ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ប្រឆាំង​ការ​បំពេញ​មុខ​ងារ​សារធារណៈ​របស់​អាជ្ញាធរ​ ញុះញង់​ប្រ​ជា​ពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ខុស​ច្បាប់​ និង​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់៕​