ការ​ផ្ទុះ​ឡើង​ជំងឺ​គ្រុន​ឈាម​សម្លាប់​កុមារ​យ៉ាង​តិច​៤៥​នាក់

នៅ​ពេល​ព្រឹក​ព្រលឹម​មួយ ប្រជាពលរដ្ឋ​រង់ចាំ​នៅ​ខាងមុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​នៅរាជធានី​ភ្នំពេញ។

កុមារ​យ៉ាងតិច​៤៥​នាក់ បានស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​គិត​មក​ដល់​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។ មន្ដ្រី​សុខាភិបាល​កម្ពុជា​បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ។ យោងតាម​តួលេខ​ផ្លូវការ​បង្ហាញ​ថា កុមារ​រងគ្រោះ​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​កុមារ​កម្ពុជា​ចំនួន​១០,៣៩៧​នាក់ ដែល​បានឆ្លង​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស។

លោក​វេជ្ជបណ្ឌិត​ច ម៉េង ចួ ប្រធាន​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្រ្ត និង​បាណកសាស្រ្ត បានឲ្យ​ដឹង​ថា​ចំនួន​អ្នក​ឈឺ​អាច​មាន​ការ​កើន​ឡើង​ច្រើន​ថែមទៀត​នៅ​ក្នុង​អំឡុង​ខែ​កក្កដា ​ជា​ខែ​ដែល​មាន​ការ​ឆ្លង​ច្រើន​ជាង​គេ។

«ជា​ការ​ផ្ទុះ​រាតត្បាត​មួយ​ហើយ អញ្ចឹង​យើង​បារម្ភ ពី ឬ បី​សប្តាហ៍​ទៀត​អាច​សប្តាហ៍​ខ្ពស់​បំផុត។ ការ​កម្ចាត់​ដង្កូវទឹក​ជា​កាតព្វកិច្ច​របស់​គ្រួសារ​នីមួយៗ ហើយ​ទីពីរ​ជំងឺ​គ្រុនឈាម​មិន​អាច​ព្យាបាល​នៅ​ផ្ទះ​ទេ ទោះបី​ជា​មាន​គ្រូពេទ្យ​ជំនាញ​ទៅ​ដល់​ផ្ទះ​ក៏​គាត់​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​ដែរ»។

លោក​វេជ្ជបណ្ឌិត​បានឲ្យ​ដឹង​ថា​ខេត្តក្រុង​ដែល​មាន​ចំនួន​អ្នក​កើត​ជំងឺ​គ្រុនឈាម​នេះ​ច្រើន​ជាង​គេ​គឺ​ខេត្ត​កណ្តាល ​ភ្នំពេញ ​កំពង់ចាម ​បន្ទាយមានជ័យ ​កំពង់ស្ពឺ ​សៀមរាប ដោយសារ​ខេត្ត​ទាំង​នេះ​មាន​សម្បូរ។

ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា​តែងតែ​រាតត្បាត​រវាង​ពី​បី ទៅ​ប្រាំ​ឆ្នាំ​ម្តង។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ គឺ​ជា​វដ្ដ​នៃ​ការ​ផ្ទុះ​នៃ​ជំងឺ​គ្រុនឈាម។ ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០០៧ ដែល​មាន​មនុស្ស​ជិត​៤​ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ ក្នុង​នោះ​ប្រហែល​ជា​៩៥​ភាគរយ​ជា​កុមារ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០០​នាក់​ស្លាប់​បាត់បង់​ជីវិត។

រដ្ឋាភិបាល​កម្ពុជា​បាន​គ្រោង​ថវិកា​ចំនួន​២,២​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ស្តាត់​ការផ្ទុះ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​នេះ។

ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​មាន​កុមារ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម បាន​កើនឡើង​ដល់ ១០,៣៧១​នាក់ ហើយ​៣០​នាក់ បាន​ស្លាប់។ នេះ បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ប៊ិត រិចនើ (Beat Richner) ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា។

លោក​វេជ្ជបណ្ឌិត ប៊ិត រិចនើ បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការរាតត្បាត​នៃ​ជំងឺ​នេះ។​

«វា​ពិត​ជា​មានការផ្ទុះ​ជំងឺ​គ្រុនឈាម​នេះ​ហើយ ឥឡូវ​នេះ​តួលេខ​មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​ការ​ផ្ទុះ​ធំ​នៅ​ឆ្នាំ​២០០៧​ដែរ។ ហើយ​ការព្រួយបារម្ភ​របស់​ខ្ញុំ គឺ​ការ​កើន​ឡើង​នៃ​ជំងឺ​នេះ​ក្នុង​ខែ​កក្កដា ពីព្រោះ​ជា​ធម្មតា​ជំងឺ​គ្រុនឈាម​មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ខែ​នេះ»។

មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​ជា​មន្ទីរពេទ្យ​ដែល​ទទួល​ព្យាបាល​កុមារ​មាន​ជំងឺ​ផ្សេងៗ​ច្រើន​ជាង​គេ​នៅ​កម្ពុជា ជាពិសេស​ជំងឺ​គ្រុនឈាម​និង​គ្រុនចាញ់។

រដូវ​វស្សា​ចាប់​ពី​ខែ​មិថុនា រហូត​ដល់​ខែ​តុលា គឺ​ជា​រដូវ​ក្នុង​ការចម្លង​នៃ​ជំងឺ​គ្រុនឈាម​ខ្ពស់។ ជំងឺ​គ្រុនឈាម​ភាគច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​១៥​ឆ្នាំ។ ជំងឺ​នេះ​ចម្លង​ដោយ​មូស​ខ្លា​ដែល​កើត​ចេញ​ពី​ទឹក​ថ្លុក ទឹកដក់​ក្នុង​ឧបករណ៍​ផ្សេងៗ ដែល​គេ​បោះបង់​ចោល។ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី ១០,០០០​នាក់ ទៅ​១២,០០០​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ​ឆ្លង​ជំងឺ​នេះ។

សព្វថ្ងៃ​នេះ​នៅ​ពុំទាន់​មាន​វ៉ាក់សាំងការពារ​ជំងឺ​គ្រុនឈាម​នេះ​នៅ​ឡើយ​។ ដូច្នេះ​មន្ដ្រី​ជំនាញ​ផ្នែក​សុខាភិបាល​ផ្តល់​យោបល់​ថា​វិធាន​ការការពារ​ដ៏​មាន​ប្រសិទ្ធភាព គឺ​ការ​កម្ចាត់​មូសខ្លា​ពី​ជម្រក​របស់​វា ឬ​បង្ការ​មិន​ឲ្យ​មូស​ប្រភេទ​នេះកើត។ ជម្ងឺ​គ្រុនឈាម​អាច​បង្ក​ឲ្យ​ស្លាប់​បាន​ប្រសិន​បើ​អ្នក​ជំងឺ​មិន​ត្រូវ​បានព្យាបាល​មុន​រយៈពេល​មួយ​សប្ដាហ៍​នោះ​ទេ។

ស្របពេល​ដែល​ជំងឺ​គ្រុនឈាម​កំពុង​តែផ្ទុះ​ឡើង ជំងឺ​អាថ៌កំបាំង​ថ្មី​មួយ​ទៀត​ដែល​គេ​ពុំទាន់​បាន​ស្គាល់​នៅ​ឡើយ​បានសម្លាប់​កុមារ​កម្ពុជា​៦០​នាក់ ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​នេះ។ មន្រី្ត​ជំនាញ​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​អង្គការ​សុខភាព​ពិភពលោក និង​មន្រ្តី​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​កំពុង​តាមដាន ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​ជំងឺនោះ និង​មូលហេតុ​នៃ​ការ​ឆ្លង​របស់​វា៕