កម្ពុជា​ពន្យារ​ពេល​អនុវត្ត​ច្បាប់​ច្រកទ្វារ​អ៊ីនធឺណិត​ដ៏​ចម្រូង​ចម្រាស

រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ប្រើ​ទូរសព្ទ​ស្មាតហ្វូន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (REUTERS/Samrang Pring)

ផែនការ​របស់កម្ពុជា​ក្នុងការ​ចាប់ផ្តើមប្រតិបត្តិការ​វិធានការ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មីរបស់ខ្លួន ត្រូវ​បាន​សម្រេច​លើកពេល ដោយ​មន្ត្រីកម្ពុជា​លើកហេតុផល​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩។ វិធានការ​ច្រកទ្វារ​អ៊ីធឺណិត​នេះ​ត្រូវ​បាន​សកម្មជន​នានានិយាយ​ថា​ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បំបិទ​សំឡេង​ប្រឆាំង​បន្ថែមទៀត​នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ​សូ វិសុទ្ធី អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖«ការ​អនុវត្ត​វិធានការ​ច្រកទ្វារ​អ៊ីនធឺណិត​នេះ​នឹង​ត្រូវ​ពន្យារពេល​ដោយសារ​តែ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩»។​

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា ច្រកទ្វារ​អ៊ីនធឺណិត​នេះ​ដែលនឹង​ធ្វើ​ឱ្យ​ចរាចរណ៍​វេបសាយ​ទាំងអស់​ឆ្លងកាត់​ច្រក​ចូល​តែមួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នឹង​មាន​ឥទ្ធិពល «ធ្ងន់ធ្ងរ» ទៅ​លើ​សិទ្ធិ​ឯកជន​និង​សេរីភាព​បញ្ចេញ​មតិ។

នេះ​ជា​ចំណាត់ការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ក្រាប​ការ​ប្រឆាំង​នៅ​ក្នុង​ប្រទេស ដែល​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​បង្ហោះ​សារ​តាម​អ៊ីនធឺណិត។

តារា hip-hop លោក គា សុគន្ធ ដែល​ទំនុក​ច្រៀង​របស់​លោក​និយាយ​អំពី​អំពើ​អយុត្តិធម៌ និង​អំពើ​ពុករលួយ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យុវជន​ដែល​មិន​សប្បាយ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ជាប់​ពន្ធនាគារ​ផងដែរ។

រូបឯកសារ៖ អ្នក​ចម្រៀង​រ៉េបលោក គា សុគុណ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាបផ្តន្ទាទោស​ពី​បទ«​ញុះញង់» រឿង​និពន្ធ​បទ​ចម្រៀង ដែល​ក្រសួង​វប្បធម៌​យល់​ថា​មាន​អត្ថន័យ​រិះគន់។ (រូបថត​ពី​ហ្វេសប៊ុក Kea Sokun)

គាត់​ត្រូវ​បាន​ចាប់​ខ្លួន​និង​កាត់ទោស​ពី​បទ​ញុះញង់ ដោយ​ជាប់​ឃុំឃាំង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​មាន​ការ​ភ័យ​ខ្លាច​ថា ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​នឹង​នាំ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​មាន​វាសនា​ដូច​គ្នា​នេះ។

គាត់​បាន​ថ្លែង​ថា៖ «យើង​នឹង​ពិបាក​បញ្ចេញ​មតិ​ដោយ​សេរី។ គេ​ចាប់​ខ្ញុំ​ដើម្បី​បំភិត​បំភ័យ​អ្នក​ដទៃ»។

កាល​ពី​ឆ្នាំ​មុន កុមារ​ជំទង់​ម្នាក់​ដែល​មាន​អូទីស្សឹម​និង​ជា​កូន​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ខែ​ពី​បទ​ផ្ញើ​សារ​តាម Telegram ដែល​គេ​ចោទ​ថា ប្រមាថ​រដ្ឋាភិបាល។

ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​គឺ​ជា​ចំណុច​ដែល​ប្រទេស​មួយ​ភ្ជាប់​ទៅ​បណ្តាញ​វេបសាយ​សាកល។ នៅពេល​ដំណើរ​ការ​ពេញលេញ ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី​របស់​កម្ពុជា​នឹង​បញ្ជូន​ចរាចរណ៍​អ៊ីនធឺណិត​ទាំងអស់​តាម​ច្រក​តែ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​វេបសាយ​និង​បណ្តាញ​ណា​ដែល​រដ្ឋ​ចាត់​ទុក​ថា ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ «ប្រាក់​ចំណូល​ជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់»។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​កាល​ពី​ដើម​ខែ​នេះ​ថា អំណាច​ថ្មី​នេះ​នឹង​កាត់​បន្ថយ​បន្ថែម​ទៀត​នូវ​សេរីភាព​នៅ​សេសសល់​តិចតួច​នៃ​ការ​បញ្ចេញ​មតិ​ប្រឆាំង​នៅ​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា ច្រកទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​មធ្យោបាយ​ជាច្រើន​ទៀត​ក្នុង​ការ​បំបិទ​សំឡេង​ប្រឆាំង។

នៅ​ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​៣៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ចាប់​ដាក់​គុក ឬ​មាន​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​ពួកគេ​ ដោយសារ​តែ​សារ​ដែល​ពួកគេ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មិន​ស្រប​ទៅ​តាម​រដ្ឋាភិបាល។ នេះ​បើ​យោង​តាម​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

ការ​បោះឆ្នោត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​ដំណើរការ​ពេញ​លេញ​នូវ​ច្រកទ្វារ​អ៊ីនធឺណិត​ក្នុង​ពេល​ឥឡូវ​នេះ​អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​រារាំង​ទស្សនៈ​ប្រឆាំង​នៅ​តាម​អ៊ីនធឺណិត​នៅ​មុន​ពេល​បោះឆ្នោត​ខាងមុខ។

រូបឯកសារ៖ យុវជនម្នាក់កំពុងស្វែងរកដំណឹងប្រកាសរើសបុគ្គលិកនៅតាមអនឡាញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកជំនាញ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លោក Matt Warren មក​ពី​សាកលវិទ្យាល័យ RMIT ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​ថា អាច​មាន​ការ​ប៉ុនប៉ង​ដើម្បី​បំបិទ​សំឡេង​របស់​បុគ្គល​ប្រឆាំង​សំខាន់ៗ​ដែល​រស់​នៅ​និរទេស​ក្រៅ​ប្រទេស​ មិន​ឲ្យ​ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​នយោបាយ​ក្នុង​ស្រុក​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ។​

លោក Warren បាន​ចោទ​ជា​សំណួរ​ថា៖«តើ​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​អាច​នឹង​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​សង្គម​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​បាន​ទេ»?

រដ្ឋាភិបាល​យោធា​ថៃ​បាន​ណែនាំ​ច្រកទ្វារ​អ៊ីនធឺណិត​តែ​មួយ​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បាន​ដក​ចេញ​វិញ​ដោយសារ​តែ​មាន​ការ​ប្រឆាំង​ពី​ពាណិជ្ជកម្ម​នានា។

ក្រៅ​ពី​ក្តី​បារម្ភ​អំពី​បញ្ហា​ឯកជនភាព​និង​សិទ្ធិ​មនុស្ស អ្នកជំនាញ​ខាង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ព្រមាន​ថា ការ​ប្រើប្រាស់​ច្រក​ទ្វារ​អ៊ីនធឺណិត​តែ​មួយ​សម្រាប់​ចរាចរណ៍​ទាំង​អស់​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ពី​ការ​ត្រូវ​បាន​គេ​កាត់​ផ្តាច់ ​ដោយសារ​តែ​កំហុស​បច្ចេកទេស​ឬ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទទូច​ថា ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​គឺ​ចាំបាច់​ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត រក្សា​សន្តិសុខ​ជាតិ និង​ប្រមូល​ចំណូល។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ចាំ​បាច់​ត្រូវ​យល់​ថា សេរីភាព​«បញ្ចេញ​មតិ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ» និង​ថា «ការ​ប្រមាថ ឬ​បំភ្លៃ​ព័ត៌មាន​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​កេរ្តិ៍​ឈ្មោះ​របស់​បុគ្គល»។

នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយទាត់​ចោលការ​ចោទ​ប្រកាន់ដែល​ថា​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​ គឺ​ដើម្បី​រឹតត្បិត​សិទ្ធិ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ប៉ុន្តែ​ច្រកទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​បង្ហាញ​ថា​ កម្ពុជា​ដើរ​ផ្លូវ​ដូច​ប្រទេស​ចិន ដែល​រក្សា​នូវ​ឧបករណ៍​ឌីជីថល​ដែល​កាន់​តែ​ទំនើប​ដើម្បី​ត្រួតពិនិត្យ​និង​ចាប់​ពិរុទ្ធ​ប្រព័ន្ធអ៊ីនធឺណិត​របស់​ពលរដ្ឋ​របស់​ខ្លួន ដាក់​ពិភព​អ៊ីនធឺណិត​នៅ​ពីក្រោយ​របាំង​ «Great Firewall» និង​រារាំង​វេទិកា​ធំៗ​របស់​ប្រទេស​លោក​ខាង​លិច​ដូចជា បណ្តាញ​សង្គម Twitter Facebook និង​ YouTube ជាដើម។

លោក Warren បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា៖ «វា​ជា​ការ​បែក​ខ្ញែក​មួយ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​មាន​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន យើង​មាន​អ៊ីនធឺណិត​នៅ​ប្រទេស​រុស្ស៊ី យើង​មាន​អ៊ីនធឺណិត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ប្រទេស​ទាំង​នោះ​នៅ​ដាច់​ពី​គេ​និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។ វា​មិនមែន​គ្រាន់​តែ​ជា​ការ​ចាប់​ពិរុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ត្រួតត្រា​ផងដែរ»។

លោក Warren ថ្លែង​ថា ការ​ភ័យ​ខ្លាច​ខ្លាំង​បំផុត​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​ខ្លាច​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ពី​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ប្រើប្រាស់​វេទិកា​បណ្តាញ​សង្គម​ដើម្បី​រៀបចំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា។

ថ្មីៗនេះ​ ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ងាក​ទៅ​ប្រើប្រាស់ VPN ឬ​បណ្តាញ​និម្មិត​ឯកជន​ ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ពិរុទ្ធ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ក្រុមហ៊ុន​ Top10VPN ដែល​ជា​ក្រុម​គាំទ្រ​សន្តិសុខ​ឌីជីថល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ បាន​ថ្លែង​ថា តម្រូវការ​ប្រើប្រាស់ VPN នៅ​កម្ពុជា​បាន​កើន​ឡើង​៥៦​ភាគរយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។​

រហូត​មកទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​អំពី​ការ​បង្ក្រាប​ទៅ​លើ​ការ​ប្រើប្រាស់​ VPN នៅ​ឡើយ​ទេ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Top10VPN បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា៖ «ទោះជា​យ៉ាង​នេះ​ក្តី មិន​ថា​នៅ​ទី​ណា​ក៏​ដោយ​ដែល​មាន​ការ​ដាក់​កំហិត​រយៈ​ពេល​វែង​ដោយ​រដ្ឋាភិបាល​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ហាមឃាត់​បណ្តាញ​ឯកជន VPN ប្រាកដ​ជា​កើត​ឡើង​បន្ទាប់»៕


ប្រែសម្រួល និង​រាយការណ៍​បន្ថែម​ដោយ វីអូអេ​ខ្មែរ