រដ្ឋាភិបាលកម្ពុជាបានប្រាប់អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកដោយការពារគោលជំហរក្នុងការបិទជំរំរបស់អង្គការសហប្រជាជាតិថា ពុំមានហេតុផលសមរម្យណាដែលត្រូវរក្សាទុកជនភៀសខ្លួនអ្នកភ្នំជាតិម៉ុងតាញ៉ាទៀតទេ។ ហើយពួកគេអាចនឹងពុំទទួលរងការធ្វើទុក្ខទោសអ្វីឡើយ បើបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ។
នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី១៤ខែមករា ផ្ញើជូនទៅតំណាងរាស្រ្តទាំងប្រាំមួយនាក់ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃសុក្រ លោក ហ៊ុន សែនបានបញ្ជាក់ថា កម្ពុជាបានផ្តល់កិច្ចសហការរបស់ខ្លួនទាក់ទងនឹងករណីជនជាតិម៉ុងតាញ៉ានេះហួសពីអ្វីដែលខ្លួនបានយល់ព្រមកាលពីជាងប្រាំឆ្នាំមុន។
លោកហ៊ុន សែនបានរៀបរាប់ថា ប្រទេសកម្ពុជាបានធ្វើការអនុញ្ញាតឱ្យមានការពិនិត្យនិងផ្តល់សិទ្ធិជាជនភៀសខ្លួនអ្នកភ្នំម៉ុងតាញ៉ារហូតដល់ទៅ៩៣២នាក់គឺលើសពីចំនួន៧៥០នាក់ដែលអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានចុះលើអនុស្សរណៈនៃការយោគយល់ជាមួយនឹងប្រទេសកម្ពុជានិងវៀតណាមកាលពីឆ្នាំ២០០៥។ ហើយអ្នកទាំងនោះបានបន្តទៅប្រទេសទីបី អស់ហើយ។
លិខិតរបស់លោកហ៊ុន សែនគឺជាការឆ្លើយតបទៅនឹងលិខិតរបស់អ្នកតំណាងរាស្រ្តអាមេរិកាំង៦នាក់ទាក់ទងនឹងការណ៍ដែលប្រទេសកម្ពុជាសុំឱ្យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅ UNHCR បិទជំរំនៅត្រឹមថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។
នៅក្នុងលិខិតចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកទាំង៦នាក់ ដែលមានលោក ហ្វ្រែង អា. វូលហ្វ (Frank R. Wolf) លោក អាន់ចូស៊ីបកៅ (Anh Joseph Cao) លោកស្រីហ្សីអូ ឡូហ្វហ្គ្រិន (Zoe Lofgren) លោក គ្រីស្តូហ្វឺ ស្មីត (Christopher Smith) លោក ចូសែប ភីតស៍ (Joseph Pitts) និងលោកត្រិន ហ្វ្រែគស៍ (Trent Franks) ដាក់ជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតាមរយៈស្ថានទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភទាក់ទងនឹងជោគវាសនាជនភៀសខ្លួនវៀតណាមជាតិម៉ុងតាញ៉ាដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនរបស់UNHCRដែលត្រូវប្រឈមមុខនឹងការបិទនេះ។
លោក ហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ពុំមានហេតុផលណាដែលកម្ពុជាត្រូវរក្សាទុកជំរំជនភៀសខ្លួនអ្នកភ្នំវៀតណាមនោះឡើយ។
«ប្រទេសវៀតណាមជាប្រទេសមួយមានសន្តិភាព ជាប្រទេសមួយដែលសេដ្ឋកិច្ចកំពុងតែលូតលាស់។ ដូច្នេះវាអត់មានបញ្ហាសង្រ្គាមទេ ដូច្នេះវាអត់មានបញ្ហាជនភៀសខ្លួនទេ។ ដូចជាមិនចាំបាច់បើកជំរំជនភៀសខ្លួនទេ ដូច្នេះហើយបានជារដ្ឋាភិបាលសម្រេចថា នឹងត្រូវបិទនៅថ្ងៃទី ១ ខែមករាឆ្នាំ២០១១ ប៉ុន្តែដោយសារមានសំណូមពរពីអង្គការជនភៀសខ្លួនហ្នឹងបានរាជរដ្ឋាភិបាលបានលើកកាលបរិច្ឆេទបិទជំរំនេះទៅដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០១១នេះវិញ»។
វីអូអេនៅពុំអាចទាក់ទងការិយាល័យអ្នកតំណាងរាស្រ្តទាំងនោះដើម្បីសុំការអត្ថាធិប្បាយបានទេទាក់ទងនឹងខ្លឹមសារលិខិតរបស់មេដឹកនាំកម្ពុជា ក៏ប៉ុន្តែក្នុងលិខិតកន្លងមក អ្នកតំណាងរាស្រ្តទាំងនោះបានរំឭកប្រទេសកម្ពុជាថា ក្នុងនាមជាហត្ថលេខីនៃអនុសញ្ញានិងពិធីសារអ.ស.ប. កម្ពុជាមិនអាចបង្ខំបណ្តេញជនភៀសខ្លួនទាំងនោះទៅទីកន្លែងដែលពួកគេអាចនឹងត្រូវទទួលរងការធ្វើទុក្ខបុកម្នេញទេ។ តួនាទីនេះហាមឃាត់កម្ពុជាមិនឲ្យធ្វើដូច្នេះ។
អ្នកតំណាងរាស្រ្តទាំងនោះក៏បានលើកឧទាហរណ៍ពីករណីជនជាតិចិនវីហ្គ័រ២០នាក់ដែលកម្ពុជាបានបញ្ជូនត្រឡប់ទៅវិញកាលពីខែធ្នូឆ្នាំ២០០៩ដែរ។ រហូតមកដល់ពេលនេះមិនដឹងថា វាសនាពួកគេទៅជាយ៉ាងណានោះទេ ដោយសារតែរដ្ឋាភិបាលចិនបានបដិសេធមិនផ្តល់ព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងជោគវាសនារបស់ពួកគេ។
អ្នកតំណាងរាស្ត្រទាំងប្រាំមួយនាក់បានបញ្ជាក់ថា មានហេតុផលច្រើនណាស់ដែលគេអាចជឿបានថា អ្នកភ្នំជាតិម៉ុងតាញ៉ាអាចនឹងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ បើសិនជាពួកគេត្រឡប់ទៅវៀតណាម។
ប៉ុន្តែលោកហ៊ុន សែនបានអះអាងប្រាប់អ្នកតំណាងរាស្រ្តអាមេរិកាំងថា៖
«ក្រុមជនជាតិម៉ុងតាញ៉ាដែលមិនបានទទួលនូវសិទ្ធិជាជនភៀសខ្លួនកន្លងមក ហើយដែលបានធ្វើមាតុភូមិនិវត្តទៅប្រទេសវៀតណាមវិញ ត្រូវបានធ្វើសមាហរណកម្មចូលក្នុងសង្គមវិញដោយគ្មានការកៀបសង្កត់ និងការធ្វើទុក្ខបុកម្នេញទេ»។
ក្នុងចំណោមជនភៀសខ្លួនចុងក្រោយចំនួន៧៦នាក់ដែលគ្រប់គ្រងដោយអ.ស.ប. គឺមាន៦៥នាក់ត្រូវបានផ្តល់សិទ្ធិជាជនភៀសខ្លួនហើយនឹងត្រូវបញ្ជូនបន្តឱ្យទៅតាំងទីលំនៅនៅប្រទេសទីបី នេះបើតាមប្រភពព័ត៌មានគួរឱ្យជឿទុកចិត្ត ដែលបានប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះ។
លោក ហែម ហេងបានបញ្ជាក់ថា អ្នកដែលពុំទទួលបានឋានៈជាជនភៀសខ្លួនពុំមានសិទ្ធិរស់នៅ កម្ពុជាទេ៖
«ជនភៀសខ្លួនទាំងប៉ុន្មានដែលមិនបានទទួលនូវអ្វីដែលគេហៅថា ឋានៈជាជនភៀសខ្លួននោះ គឺថា កម្ពុជានឹងបញ្ជូនទៅវិញ ពីព្រោះគាត់គ្មានឋានៈជនភៀសខ្លួនទេ។ គាត់មិនមែនជាជនភៀសខ្លួនទៅតាមលក្ខណៈ ជាជនភៀសខ្លួនមែនទែននោះទេ។ ដូច្នេះហើយ UNHCR គេមិនអាចរកប្រទេសទីបី ឱ្យគាត់ទេ ដូច្នេះ...កម្ពុជាមិនអាចទទួលយកគាត់បានទេ»។
មានអ្នកភ្នំម៉ុងតាញ៉ារាប់ពាន់នាក់បានចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០១។ អ្នកទាំងនោះភាគច្រើនជាអ្នកកាន់សាសនាគ្រឹស្ត។ ពួកគេអះអាងថា គេរត់គេចចេញពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងសាសនា៕