គណបក្ស​ប្រជាជន​គាំទ្រ​បេក្ខ​ភាព​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋ​មន្ត្រី

តំណាង​កំពូលៗ​គណបក្ស​ប្រជាជន​​មាន​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​លោក ជា ស៊ីម ​លោក​ ហេង​ សំរិន

ភ្នំពេញ៖ ក្រោយ​ពី​មហា​សន្និបាត​រយៈពេល​២​ថ្ងៃ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បិទ​បញ្ចប់ ​គណបក្ស​នេះ​បាន​បញ្ជាក់​សារជា​ថ្មី​នូវ​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ប្រសិន​បើ​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ។

តំណាង​កំពូលៗ​គណបក្ស​ប្រជាជនមាន​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​លោក ជា ស៊ីម ​លោក​ ហេង​ សំរិន ​និង​តំណាង​គណបក្ស​មក​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​ប្រមាណ​ជាង​២០០០​នាក់​ នៅថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១៣នេះ បាន​មក​ជួបជុំ​គ្នា​នៅសាល​សន្និសីទ​កោះពេជ្រ ​ដើម្បី​ចូលរួម​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​នេះដែល​មាន​រយៈពេល​ពីរ​ថ្ងៃ។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​វីអូអេ​ ខេមរភាសា ​ទទួល​បាន​តាម​ទូរសារ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជា​ថ្មី​ពី​ការ​ប្រកាន់​ខ្ជាប់​គោលការណ៍​រៀបចំ​រាជ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​ក្រោយ​ពីមានការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម ​សុខា។

ដូច​ដែល​ត្រូវ​បាន​រំពឹង​ទុក លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ត្រូវ​បាន​បោះឆ្នោះ​គាំទ្រ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់គណបក្ស​នេះ​សារ​ជា​ថ្មី​នៅ​អាណត្តិ​ក្រោយ​ផង​ដែរ។

តាម​សុន្ទរកថា​របស់​លោក​ ជា ស៊ីម ប្រធានគណបក្ស​ប្រជាជន​ បញ្ជាក់​ថា​កិច្ច​ប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​នេះ​ផ្តោត​កិច្ច​ពិភាក្សា​ទៅ​លើការ​វាយ​តម្លៃ​លទ្ធផល​ការងារកន្លង​មក ​ការ​អនុម័ត​ផែនការ​អភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​របស់​ខ្លួន ​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៨ ​និង​ចុង​ក្រោយ​ការងារ​ត្រៀម​រៀបចំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ។ ប៉ុន្តែ​ក្នុង​សេចក្តី​សម្រេចរបស់​គណបក្ស​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​ពិភាក្សា​ទាំង​អស់​នេះ​ទេ។

ទាំង​លោក ​ជៀម យៀប ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ លោក ខៀវ កាញ៉ារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ការបោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ខាង​មុខ​នេះ។

រី​ឯ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​បោះឆ្នោត​វិញ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ​ខែ​មេសា ​រហូត​ដល់​ ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ដែល​មាន​គណបក្ស​ចំនួន​១០​ត្រូវ​បាន​រំពឹង​ថា​នឹងចុះ​បញ្ជី​ប្រកួត​ប្រជែងបោះឆ្នោត។ នេះ​បើ​យោង​តាម​លោក ទេព នីថា ​អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប។

លោក ទេព នី​ថា បាន​បញ្ជាក់​បន្ថែម​ថា​គ.ជ.ប​បាន​រៀបចំ​កិច្ចការ​សំខាន់​ៗ​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​រួច​រាល់​ហើយ។

«​ការងារ​សំខាន់​យើង​បាន​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​កសាង​បញ្ជី​បោះ​ឆ្នោត​សម្រាប់​បោះឆ្នោត​ឆ្នាំ​២០១៣។ ក្នុង​បញ្ជី​បោះ​ឆ្នោត​ហ្នឹង​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោតប្រមាណ​ជា​៩​.៦​លាន​នាក់។ ហើយ​ក្រៅ​ពី​ហ្នឹង​យើង​បាន​កសាង​ប្រតិទិន​សម្រាប់​ការបោះ​ឆ្នោត ​ហើយ​រៀបចំ​ផែនការ​សម្រាប់​ការ​បោះឆ្នោត​ទាំង​មូល​នេះ​តែ​ម្តង»។

គ.ជ.ប ​គ្រោង​នឹង​ជ្រើសរើស​បុគ្គលិក​ប្រមាណ១២​ម៉ឺន​នាក់ ​ទូទាំង​ប្រទេស ​ដើម្បី​បម្រើការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់ជាតិ ​ថ្នាក់​ខេត្ត​ក្រុង ​និង​ថ្នាក់​មូលដ្ឋាន។

រី​ឯ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ ខុម​ហ្វ្រែល ដែល​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឯករាជ្យ​មួយ ​ក៏​បាន​ត្រៀម​បំពេញ​តួនាទី​របស់​ខ្លួន​រួច​រាល់​ដែរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី ​លោក គល់ បញ្ញា ​នាយកគណៈកម្មាធិការ​នេះ។

«យើង​មាន​ការ​ងារ​ច្រើន ​ការងារ​ទីមួយ​ហ្នឹង​រឿង​តស៊ូ​មតិ​ខាង​បទ​បញ្ជា​គ.ជ.ប ​ធ្វើ​ម៉េច​ឱ្យ​នីតិវិធី​ហ្នឹង​វា​ល្អ​យើង​មើល​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ហ្នឹង​ត្រឹម​ត្រូវ ​ទី​ពីរ​យើង​ធ្វើ​ការ​អប់រំ​អ្នក​បោះឆ្នោត​មាន​កម្មវិធី​វិទ្យុ ​មាន​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ទី​បី​យើង​ដាក់​អ្នក​សង្កេត​ការណ៍ ឥឡូវ​យើង​ដាក់​អ្នក​សង្កេត​ការណ៍​២០០​នាក់ ​នៅ​សង្កេត​មើល​ការងារ​នៅ​មូលដ្ឋាន ​នៅ​ថ្ងៃ​បោះឆ្នោត​យើង​ដាក់​អ្នកសង្កេតការណ៍​ប្រហែល​៦.០០០​នាក់»។
ប៉ុន្តែ​លោក គល់ បញ្ញា មិន​រំពឹង​ថា​នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​នេះ​នឹងប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​នោះ​ទេ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើសលប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​និងអវត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់គឺ​លោក​សម រង្ស៊ី៕