«ស្បៀង​ក៏​ពិបាក​ទិញ​ ហើយ​អត់​ទាំង​លុយ​ទិញ»៖ កង្វះ​ស្បៀង​និង​សម្ពាធ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​នៅ​«តំបន់​ក្រហម»

បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — «ពីរ​បី​ថ្ងៃ​នេះ​គឺ​ចាប់​ផ្តើម​ដាច់​ហើយ អស់​តែ​ម្តង។ លុយ​ក្នុង​ខ្លួន​ឥលូវ​សល់តែ៤,៥០០លុយ​ខ្មែរ​ទេ​អ៊ីចឹ​ង​មាន​តែ​ចាំ​តែ​ជំនួយពី​ខាងរដ្ឋាភិបាល​ដែល​ថា​ផ្តល់​ឲ្យទេ ព្រោះ​ឥលូវ​ចេញ​ទៅ​លក់​របស់ ចេញ​មិនកើត​ទៀត ផ្លូវ​គេ​បិទ​ខ្ទប់​ហើយ ព្រោះ​យើង​នៅ​តំបន់​ក្រហម»។​

នេះ​ជាការ​ត្អូញ​ត្អែរ​របស់​លោក ឡេង គឹមឡុង អាជីវករ​មួយ​រូប​ដែល​កំពុងរស់នៅក្នុងសង្កាត់ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​កំណត់ថា​ជា​តំបន់​ក្រហម ក្រោយមាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ខ្លាំង រហូត​មានការ​ហាម​មិន​ឲ្យធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន។

ការ​ត្អូញ​ត្អែរ​របស់​លោក​ឡេង គឹម​ឡុង ធ្វើ​ឡើង​ បន្ទាប់​ពីសាលារាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី ១៩ ខែមេសា បាន​កំណត់​ដាក់​សង្កាត់​ស្ទឹង​មាន​ជ័យ ​១​ ស្ទឹង​មាន​ជ័យ ​២​ ស្ទឹង​មាន​ជ័យ​ ៣ ​នៃ​ខណ្ឌ​មានជ័យ​សង្កាត់​ចោមចៅ​ទី​ ១ ​នៃ​ខណ្ឌ​ពោធិ៍សែនជ័យ​និង​ភូមិ​ ១៤​ ភូមិ​ ១៦ ​និង​ភូមិ​ ១៧​ ក្នុង​សង្កាត់​បឹងសាឡាង​នៃ​ខណ្ឌ​ទួលគោក ​ដែល​មា​ន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩ ជា «តំបន់​ក្រហម»។

តំបន់ក្រហម ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​ជា​ដាច់ខាត លើក​លែង​តែមាន​បញ្ហា​សុខភាព​បន្ទាន់ ការ​ធ្វើ​ដំណើរ​ទៅ​ផ្ដល់​សំណាក​ធ្វើ​តេស្តនិង​ការធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី ២ នៅ​តាម​ទីតាំង​ធ្វើ​តេស្ត និង​ចាក់​វ៉ាក់សាំង​ដែល​ជិត​បំផុត​នៃ​តំបន់​ក្រហម។​

ការដាក់​ជា​តំបន់​ក្រហម​នេះ​គឺ​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ដើម្បី​ទប់ស្កាត់ការឆ្លង​រាលដាលជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​មេសា​មក។

បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ខ្វះ​ទាំង​ចំណូល ទាំង​ស្បៀង​បរិភោគ


លោក ឡេង គឹមឡុង អ្នក​លក់​ដូរ​ម្ហូប​គ្រឿង​សមុទ្រក្នុង​តូបដ៏​តូច​មួយ​ នៅ​ម្តុំ​រោង​ចក្រឌីន​ហានផង​នោះ​និយាយ​ថា មុន​ពេល​ឆ្លង​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ខណ្ឌ​មានជ័យ ការ​លក់​ដូរ​របស់​លោកអាច​ចំណេញ​បាន​ប្រមាណជា​ ៦ ​ម៉ឺន​រៀល​ ក្នុង​មួយ​ថ្ងៃ។ ជា​រៀង​រាល់ខែ លោក​ត្រូវ​ចំណាយ​ ១៤០ ​ដុល្លារ សម្រាប់​ថ្លៃ​ផ្ទះ ​និង​ត្រូវ​បង់​ធនាគារចំនួន​ ៨៧ ​ដុល្លារ សម្រាប់​កម្ចី​ទិញ​ម៉ូតូ។​

បើសិនជា​អត់​ផ្តល់​ជា​ស្បៀង​ទេ គ្មាន​នរណាគេនៅ​ស្លាប់ទេ ចេញ​រក​លុយ​ហើយ ព្រោះ​អាច​ដាច់​បាយ​ស្លាប់។ ព្រោះ​អត់បើ​មានលុយ​ទិញអង្ករ​ដាំ​បាយទេ

លោក​ថា តាំង​ពី​ថ្ងៃ​ទី​ ៥ ខែ​មេសា​មក លោក​បាន​បាត់​បង់​ចំណូល​ទាំង​ស្រុង បន្ទាប់​ពី​អាជ្ញាធរ​ដាក់​តំបន់​ដែល​លោក​កំពុង​រស់​នៅ​និង​ប្រកប​អាជីវកម្ម ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ក្នុង​សង្គម​អ្វី​ទាំង​អស់។ មក​ទល់​ពេល​នេះ លោកកំពុង​ប្រឈម​នឹង​កង្វះ​ខាត​ស្បៀង​អាហារសម្រាប់​បរិភោគ​ជា​ប្រចាំ​ថ្ងៃ។​

«យើង​អត់​មាន​ចំណូល​ចូលទេ​រាល់​ថ្ងៃ ហើយ​រកស៊ី​ក៏​មិនដឹងជារក​អី​កើត ព្រោះ​គេ​បិទ​ខ្ទប់​សូម្បី​តែ​ស្បៀង​ក៏​ពិបាក​ទិញ​ហើយ​ឥលូវ​អត់​ទាំង​លុយ​ទិញ​ទៀត អស់តែម្តង»។

លោក ឡេង គឹមឡុង បាន​ប្រាប់ VOA ថា លោក​គាំទ្រ​ការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ ប៉ុន្តែ​លោក​បារម្ភ​ថា ការ​បិទ​ខ្ទប់​នេះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព ប្រសិន​បើ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​ភាគច្រើន មិន​មាន​ស្បៀង​គ្រប់គ្រាន់។​

«បើសិនជា​អត់​ផ្តល់​ជា​ស្បៀង​ទេ គ្មាន​នរណាគេនៅ​ស្លាប់ទេ ចេញ​រក​លុយ​ហើយ ព្រោះ​អាច​ដាច់​បាយ​ស្លាប់។ ព្រោះ​អត់បើ​មានលុយ​ទិញអង្ករ​ដាំ​បាយទេ»។

បុរស​វ័យ​អាយុ​ ២៩ ​ឆ្នាំ​រូបនេះ​ បាន​និយាយ​បន្ថែមថា លោក​ចង់​ឲ្យ​ម្ចាស់​ផ្ទះ និង​ធនាគារ​ពន្យារ​ការ​បង់​ប្រាក់ ដើម្បីសម្រួល​ដល់​ជីវភាព​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​កំពុង​ប្រឈម​ខ្លាំង​ដោយ​សារ​ការ​បិទ​ខ្ទប់​ក្នុង​តំបន់​ក្រហម​ទាំង​នេះ។

បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ព្រះសង្ឃមួយអង្គកំពុងទិញបន្លែពីអ្នកលក់បន្លែតាមរទេះក្បែរផ្សារកណ្តាល ខណៈ ផ្សារមិនរៀបរយទូទាំងរាជធានីត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ស្រដៀង​គ្នា​នឹង​លោក ឡេង គឹម​ឡុង​ អ្នក​ស្រី អ៊ឹម សុភាព​ដែល​ជា​ពលរដ្ឋ​ម្នាក់​ទៀត​ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ក្រហម​ដែរ បាន​ប្រាប់ VOA តាមទូរស័ព្ទ​ពី​ផ្ទះជួលក្នុង​សង្កាត់​ចោម​ចៅ​ទី​ ១ ​ខណ្ឌ​ពោធិ៍សែនជ័យ ថា ក្នុង​តំបន់ដែល​អ្នក​ស្រី​កំពុង​រស់​នៅ​ផ្សារ​ទាំងអស់​ត្រូវបាន​បិទ ហើយ​ពលរដ្ឋ​ត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​ ១៧ ខែមេសា​មក ដោយសារ​ការ​ផ្ទុះ​រាល​ដាល​ខ្លាំង​នៃ​ជំងឺកូវីដ១៩។

ស្រ្តីវ័យ ​៣៥​ ឆ្នាំ​រូបនេះ ដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ បាន​រៀបរាប់​ទៀត​ថា ចាប់​តាំង​ពីថ្ងៃទី ​៩ ខែ​មេសា​មក អ្នកស្រី​ដែល​កំពុង​រស់​នៅ​ជាមួយ​ប្អូន​ស្រី​ម្នាក់​លែង​បាន​ទៅធ្វើ​ការ​ ដោយ​សារ​ការ​បិទ​ខ្ទប់។ ការ​បិទ​ខ្ទប់​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​លែង​មាន​ចំណូល​ សម្រាប់ចំណាយប្រចាំ​ថ្ងៃ និង​ចំណាយ​ផ្សេងៗ ដូចជា​បង់​ឈ្នួល​ផ្ទះ និង​បង់​ធនាគារ។

«បញ្ហា​ធំ​សម្រាប់​ពួកខ្ញុំ ទី​១ គឺ​នៅ​តែ​ធ្វើ​ការ​ឃុំ​ខ្ទប់​ខ្ញុំ អ៊ីចឹង​តើ​ពួកខ្ញុំ​បាន​កម្រៃ​មកពីណា​ សម្រាប់​ហូប​ចុក មិន​និយា​យ​ចំ​ថា​យក​លុយ​ទៅ​បង់​ធនាគារទេ​ សម្រាប់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ហ្នឹង​ គឺ​ពួកខ្ញុំ​ស្ទើ​តែ​ខ្វះ​ខាត​ទាំង​ស្រុង​បាត់​ទៅហើយ»។

រស់នៅក្នុងបន្ទប់ជួលទំហំ ៣ ម៉ែត្រ គុណ ៤ ម៉ែត្រ អ្នកស្រី សុភាព ក៏បានប្រាប់ VOA ថា អ្នកស្រីមិនមានលទ្ធភាពផ្ញើលុយទៅកូនប្រុសម្នាក់អាយុ ១២ ឆ្នាំ ដែលកំពុងរស់នៅខេត្តកំពង់ចាម ជាមួយម្តាយរបស់អ្នកស្រី ដូចមុនឡើយ។

យ៉ាង​ណាមិញ កាល​ពី​ប្រមាណ ១០ ​ថ្ងៃ​មុន អ្នកស្រី អ៊ឹម សុភាព បាន​បញ្ជាក់​ថា​ អ្នក​ស្រី​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អាជ្ញាធរ ដែល​មាន​អង្ករ​ ២៥ ​គីឡូ មី ត្រីខ និង​ប្រាក់​ ៣០ ​ម៉ឺន​រៀល។ ប៉ុន្តែ​អ្នកស្រី​ថា អ្នក​ស្រី និង​ប្អូនស្រីបាន​ប្រើ​ប្រាស់​ស្ទើរតែ​អស់​ទៅ​ហើយ។

អ្នកស្រី​ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ប្រសិន​បើការ​បិទ​ខ្ទប់​និង​ការ​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នៅ​តែ​បន្ត នោះ​អ្នកស្រីរំពឹង​ថា អាជ្ញាធរ​នឹង​បន្តការ​ផ្តល់​ស្បៀង​ព្រមទាំង​ជួយ​សម្រួល​ថ្លៃ​ឈ្នួល​ផ្ទះ និងការបង់​ធនាគារ បើ​មិន​ដូច្នោះ​ទេ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ច្បាស់​ជា​ដុនដាប​ មិន​អាច​ទ្រាំទ្រ​បាន​ឡើយ។​

អស់​បី​ថ្ងៃ​ហើយ​បង ទិញ​អាទឹក​ដោះ​គោខាប់ ទឹក​ដោះ​គោ​ឆុង​ទឹក​ក្តៅ ឲ្យ​វា​បៅ​បណ្តើរៗ ឥលូវ​ចង់​ក្តៅ​ខ្លួនហើយ​បង​អើយ

ជា​អ្នក​បម្រើ​ការងារនៅក្លឹប​ស្នូកឃ័រមួយ​កន្លែង​ក្នុង​ភូមិ ​១៦ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ដែល​ជាតំបន់​ក្រហម​អ្នកស្រី លី ម៉េងជូ បាន​ប្រាប់ VOA ថា ចាប់​តាំង​ពីការ​ប្រកាស​ដាក់​តំបន់​រស់​នៅ​របស់​អ្នកស្រី​ជា​តំបន់​ក្រហម អ្នកស្រី និង​កូន​តូចៗ​ពីរ​នាក់ មិន​អាច​ចេញ​ពី​ផ្ទះ សូម្បី​តែ​ទៅ​ទិញ​ម្ហូប​អាហារ។

អ្នកស្រី​ ម៉េង ជូ បាន​រៀបរាប់​បន្ត​ថា អ្នកស្រី​បាន​ទទួល​ការឧបត្ថម្ភ​ស្បៀង កាល​ពី​ថ្ងៃទី​ ២០ ខែ​មេសា ប៉ុន្តែ​ស្បៀង​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​បរិភោគ​ដល់​ចុង​ខែ​មេសា​នេះ​ទេ។

«គេ​បិទ​អ៊ីចឹងទៅ អាហ្គាស​អា​អី​ហ្នឹង​ពេល​អស់​ទៅ​ យើង​ក៏​ពិបាក​ទៅ​ដូរ ទឹក​ផឹក​ទឹក​អីអីចឹង យើងពិបាកផឹកទឹកទៀត​។ និយាយរួម យើង​នៅ​តែក្នុង​បន្ទប់ យើង​អត់​អាច​ចេញ​ទៅ​ណា​កើត។ មី​មិនសល់​ប៉ុន្មាន​ទេ​បង​អើយ ញ៉ាំ​តាំង​ពី​គេ​ចែក​ឲ្យ​ហ្នឹង​សល់​ប្រហែល​២០​កញ្ចប់​ទៀត​អស់​ហើយ។ ញ៉ាំ​ឡើង​ចង់​ក្តៅ​ខ្លួន​ហើយ។ វា​ក្តៅពេក​ យើង​ញ៉ាំ​មី​ពេក»។

ស្រ្តី​មេម៉ាយ​កូន​ពីរ វ័យ​ ២៧ ​ឆ្នាំ​រូប​នេះ​ បាន​បន្ថែម​ថា ជាង​បី​ថ្ងៃ​មកនេះ កូន​ទាំង​ពីរ​របស់​អ្នកស្រី​ដែល​មាន​អាយុ​បី និង​បួន​ឆ្នាំ មិន​មាន​ទឹក​ដោះ​គោ​សម្រាប់​បៅ ហើយ​អ្នកស្រី​ក៏​មិនមាន​លុយ​សម្រាប់​ទិញ​ម្ហូប​អាហារ​និង​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ទៀត​ដែរ។​

និយាយ​ដោយ​ឮ​សម្រែក​កូន​ស្រែក​ម្តងៗ អ្នកស្រី​បញ្ជាក់​ថា៖ «អស់​បី​ថ្ងៃ​ហើយ​បង ទិញ​អាទឹក​ដោះ​គោខាប់ ទឹក​ដោះ​គោ​ឆុង​ទឹក​ក្តៅ ឲ្យ​វា​បៅ​បណ្តើរៗ ឥលូវ​ចង់​ក្តៅ​ខ្លួនហើយ​បង​អើយ»។

អ្នកស្រី ​ម៉េងជូ ដែល​ទើបនាំ​កូន​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម ​មក​ធ្វើ​ការ​នៅ​រាជធានីភ្នំពេញ​បាន​រយៈពេល​បី​ខែ​ បាន​រៀបរាប់​ថា អ្នកស្រី​ចង់​ឲ្យអាជ្ញាធរ​ជួយ​សម្រួ​ល​បន្ថែម​ស្បៀង​អាហារ ទឹក​ដោះ​គោ​សម្រាប់​កូន និង​ការ​ចំណាយ​ថ្លៃ​ឈ្នួល​ផ្ទះ ដែលអ្នកស្រី​កំពុងខ្វះ​ខាត​ជា​ចាំបាច់។

ព្រះសង្ឃមួយអង្គកំពុងនិមន្តកាត់ខាងមុខផ្សារចាស់ ដែលកំពុងត្រូវបិទដំណើរការលក់ដូរ ក្រោយរដ្ឋាភិបាលប្រកាសបិទផ្សារមិនរៀបរយទូទាំងរាជធានី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

វិធានការ​បិទខ្ទប់​នានា​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​

កាលពី​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ជា​ផ្លូវការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត​កណ្តាល ជា​បណ្តោះអាសន្ន រយៈពេល ​១៤ ​ថ្ងៃ គិតចាប់​ពី​ម៉ោង​សូន្យ ថ្ងៃទី១៥​ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការ​បិទ​ខ្ទប់​នេះ ក៏​ត្រូវបាន​បន្ត​មួយ​សប្តាហ៍​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី ៥ ខែ​ឧសភា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី ២៦ ខែ​មេសា

បន្ថែម​លើ​វិធានការ​បិទ​ខ្ទប់នេះ​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​សម្រេច ​កាល​ពីថ្ងៃ​ទី ២៣ ខែមេសា ដោយ​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​លក់​ទំនិញ​តាម​សហគមន៍​គ្រប់​ទម្រង់​ទាំងអស់ ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល។

ផ្សារ និង​ទី​កន្លែង​លក់​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ទាំងអស់​នៅក្នុង «តំបន់ក្រហម» ដែល​លោក ឡេង​ គឹមឡុង អ្នកស្រី អ៊ឹម សុភាព និង​អ្នកស្រី លី ម៉េងជូ កំពុង​រស់នៅ គឺ​ត្រូវផ្អាក​ជា​បណ្តោះអាសន្ន​ទាំង​អស់។

ក៏​ប៉ុន្តែ មាន​ករណី​លើកលែង​មួយ​ចំនួន ដូចជា​សកម្ម​ភាព​ការងា​រចាំបាច់​មួយ​ចំនួន​របស់​រដ្ឋ និង​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ផ្នែក​សុខាភិបាល និង​តម្រូវ​ការ​ប្រចាំ​ថ្ងៃចាំបាច់​សម្រាប់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​«តំបន់ក្រហម» តែ​ប៉ុណ្ណោះ ដោយ​មាន​ឯកសារ​បញ្ជាក់​ច្បាស់​លាស់ និង​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​ចាំបាច់។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ និង​សង្គម មាន​ប្រសាសន៍​ថា​ ការ​អំពាវ​សុំ​ជំនួយ​ដូចជា​ស្បៀង និង​ការត្អូញត្អែរ​អំពី​ការ​លំបាក​រក​ទិញ​ស្បៀង​របស់​ប្រជាពលរដ្ឋ​ដូចជាលោក ឡេង​ គឹមឡុង អ្នកស្រី អ៊ឹម សុភាព និង​អ្នកស្រី លី ម៉េងជូ ក្នុង​អំឡុង​ការ​ប្រកាស​បិទ​ខ្ទប់​នេះ បង្ហាញ​ថា ការ​ចែកចាយ​ស្បៀង​ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត ក្នុង​អំឡុង​ពេល​នេះ មាន​ការខ្វះខាត​ច្រើន។

លោក​បន្ត​ថា​ការ​ប្រកាស​វិធានការបិទខ្ទប់​ភ្លាមៗ ហើយ​អនុវត្ត​ភ្លាមៗ ហាក់​មិន​បាន​គិត​ដល់​ការ​ចែកចាយ​ស្បៀង ជាពិសេស​ដល់​អ្នក​មាន​ប្រាក់​ចំណូល​ទាប ដែល​គ្មាន​លទ្ធភាពទិញ​ស្បៀង​ទុក​បើ​ធៀប​នឹង​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​មាន​លទ្ធភាព​ធ្វើ​ដូច្នេះ។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ បាន​បញ្ជាក់​ថា៖ «អាជ្ញាធរ​ត្រូវ​ជួយស​ម្រួលឲ្យ​អ្នក​ផលិត អ្នកជំនួញ​ទិញ​លក់​ស្បៀង​អាច​បន្ត​ការងារ​រកស៊ី​របស់​ពួកគេ​ជា​ធម្មតា​បំផុត ហើយ​ឲ្យ​អ្នក​ទិញ​ស្បៀង​អាច​ទៅ​ទិញ​ស្បៀង​បា​ន​ជាធ​ម្មតាបំផុត គ្រាន់តែ​អ្នកនោះ​មាន​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​បណ្ណ​ជាប់នឹង​ខ្លួន​ដើម្បី​ត្រួត​ពិនិត្យ មិន​បាច់​ត្រូវ​មាន​បណ្ណ​អនុញ្ញាត​ទេ។ មុន​ចូលផ្សារ អ្នក​ទាំង​នោះ​ត្រូ​វធ្វើតាម «៣​ការពារ ៣​កុំ» និង​ត្រូវ​ធ្វើ​តេស្ត​យក​កម្តៅ​ ឬ​ត្រូវ​តេស្ត​ឆាប់​ភ្លាមៗ​មើល​ថា ​មាន​រោគ​ ឬ​អត់»។

អាជ្ញាធរកំពុងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ អំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ស្តង់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​ផ្តល់​ជំនួយ​ស្បៀង​នៅ​តែ​មាន​កម្រិត​

ចាប់​តាំង​ពីមានការ​បិទ​ខ្ទប់រាជធានី​ភ្នំពេញ និង​ការ​កំណត់​តំបន់​មួយ​ចំនួន​ជា​តំបន់​ក្រហម​មក រដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​ក្រុម​តេឡេក្រាម «តម្រូវ​ការ​បន្ទាន់​នូវ​ជំនួយ​ស្បៀង​ចាំបាច់ (គ.ប.ខ)» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានការ​ខ្វះ​ខាត​ស្បៀង​បន្ទាន់​អាច​ស្នើ​សុំ​បាន។

បន្ថែម​លើ​នេះ សាលារាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​ចែក​ស្បៀង​តាម​តំបន់​មួយ​ចំនួនក្នុង​រាជធានី​ភ្នំពេញ ដោយ​ស្បៀងទាំង​នោះ ​មាន​ដូចជា អង្ករ​ ២៥ ​គីឡូ មី​មួយ​កេស ទឹក​ស៊ីអ៊ីវ​មួយ​យួរ ទឹក​ត្រីមួយ​យួរ និង​ត្រីខ​មួយ​យួរ​ក្នុង​មួយ​គ្រួសារ។​

លោក​ ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់ VOA​ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ​២០២១ តាម​បណ្តាញ​សង្គម​តេឡេក្រាម​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​មាន​ទិន្នន័យ​អំពី​ការ​ចែក​ចាយ​ស្បៀង​នៅ​ឡើយ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​តំបន់​ក្រហម បាន​ចែកជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នក​កំពុង​ខ្វះស្បៀង ចែក​មុន»។

មាន​អារម្មណ៍​តានតឹង គិត​ច្រើន។ ទី​១ បាត់​បង់​ការងារ ទី២ ត្រូវ​ជំពាក់​គេ។ ត្រូវ​រក​លុយ​ដើម្បី​សង​គេ​ដើម្បី​ឲ្យម្តាយ​ ឲ្យ​កូន​អី​អ៊ីចឹង អ៊ីចឹងគឺ​មាន​ស្រ្តេស​ខ្លាំង​ណាស់ មាន​សម្ពាធខ្លាំង​សម្រាប់​ពួកខ្ញុំ គឺ​ខ្ញុំ​គិត​តែម្តង។ ថា​បើអត់​មាន​ចំណូល តើ​បាន​អីចំណាយ? រហូត​ដល់​ឈឺ​ក៏​មាន​ដែរ


ក្រៅពី​ការ​ប្រកាស​ចែក​ស្បៀង​ដល់​ពលរដ្ឋដែល​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ស្បៀង​ ក្រសួង​ពាណិជ្ជកម្មក៏​បាន​បញ្ចេញ​ស្បៀង​ដូចជា​អង្ករ មី ទឹក​ត្រី ​ទឹក​ស៊ី​អ៊ីវ ដាក់​លក់​តាម​តំបន់​បិទ​ខ្ទប់ ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ទីផ្សារ​ផង​ដែរ។

ក៏​ប៉ុន្តែ ទោះបី​ជា​រដ្ឋាភិបាល​កំពុង​ព្យាយាម​បង្កើន​សកម្មភាព​ផ្តល់​ជំនួយ​របស់​ខ្លួន​ដល់​ពលរដ្ឋ​ដែល​កំពុង​រង​ការ​ខ្វះ​ស្បៀង​ក្តី ក៏​ជំនួយ​ទាំងអស់​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ ស្របពេល​ដែល​ការ​បន្ត​អំពាវនាវ​សុំ​ស្បៀង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្វះខាត​ខ្លាំង កំពុង​តែ​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តាញ​សង្គម។

គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sarady Bido ដែល​អះអាង​ថា​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ទួលពង្រ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​Facebook មួយ​រូប បាន​សរសេរ​នៅ​លើ​ប្រអប់​បញ្ចេញ​មតិ​លើ​គណនី​ហ្វេសប៊ុក​របស់​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ថា៖

«កូនចៅ​នៅ​តំបន់​ក្រហម​ខាង​កើត​របង​អគ្គិសនី​ដី​ថ្មី ភូមិ​ទួលពង្រ ខណ្ឌ​ពោធិ៍សែនជ័យ ដាច់​ស្បៀង​ហើយ សូម​សម្ដេច​ពុក​ជួយ​ប្រោស​ប្រទាន​ជួយ​កូនចៅ​ផង!!! ពុំទាន់​មាន​ជំនួយណាមួយ​មក​ផ្ដល់​ឲ្យ​ទេ!!»។

លោក Sarady បាន​សរសេរ​ដូច្នេះ កាលពី​ថ្ងៃ​អាទិត្យ ទី​២៥​ខែ​មេសា​កន្លង​ទៅ​នេះ។ ដូច​គ្នា​ដែរ លោក ចិត្រា ម៉ៃ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ម្នាក់​ទៀត បាន​រៀបរាប់​ពី​កង្វះស្បៀង​ដែល​លោក​កំពុង​ប្រឈម​នៅ​ក្នុង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល។

លោក ចិត្រា​ ម៉ៃ បាន​សរសេរ​ថា៖ «ពេល​នេះ​កូន​ស្នាក់​នៅ​បន្ទប់​ជួល [ក្នុង] ភូមិ​ដើមគរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ អស់​ស្បៀង​ហូប​ហើយ»។

គិត​ត្រឹម​ថ្ងៃ​ទី​ ២៦ ខែ​មេសានេះ ក្នុងក្រុម​តេឡេក្រាម «តម្រូវ​ការ​បន្ទាន់​នូវ​ជំនួយ​ស្បៀង​ចាំបាច់ (គ.ប.ខ)» មាន​ប្រជាពលរដ្ឋ​ជិត ៥ ​ម៉ឺននាក់ ​បាន​ស្នើ​សុំ​ជំនួយពី​អាជ្ញាធរក្នុង​ក្រុម​នោះ។​

បារ៉ាសដាក់បិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌស្ទឹងមានជ័យ ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

សម្ពាធ​ផ្លូវចិត្ត​

ការ​បិទ​ខ្ទប់​មិន​អាច​ចេញ​ពី​ផ្ទះ​បាន មិនត្រឹម​តែ​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​និង​ជីវភាព​របស់ពលរដ្ឋ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំងកំពុង​ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​ប្រជាជន​ជាច្រើន​នាក់​ប្រឈម​នឹង​ភាព​តានតឹង។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA កាលពី​សប្តាហ៍​មុន អ្នកស្រី អ៊ឹម សុភាព ដែល​ជា​កម្មករ​រោងចក្រ​ម្នាក់​នៅ​សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​រៀបរាប់​ប្រាប់ VOA ពី​បញ្ហា​ប្រឈម​នៃ​សុខភាព​ផ្លូវចិត្ត​របស់​អ្នកស្រី។

«មាន​អារម្មណ៍​តានតឹង គិត​ច្រើន។ ទី​១ បាត់​បង់​ការងារ ទី២ ត្រូវ​ជំពាក់​គេ។ ត្រូវ​រក​លុយ​ដើម្បី​សង​គេ​ដើម្បី​ឲ្យម្តាយ​ ឲ្យ​កូន​អី​អ៊ីចឹង អ៊ីចឹងគឺ​មាន​ស្រ្តេស​ខ្លាំង​ណាស់ មាន​សម្ពាធខ្លាំង​សម្រាប់​ពួកខ្ញុំ គឺ​ខ្ញុំ​គិត​តែម្តង។ ថា​បើអត់​មាន​ចំណូល តើ​បាន​អីចំណាយ? រហូត​ដល់​ឈឺ​ក៏​មាន​ដែរ។ ឥលូវ​ហ្នឹង​អាការៈ​របស់​ខ្ញុំ​កំពុ​ងតែ​ផ្តាសាយគឺ​មាន​អារម្មណ៍​ថា​ធុញ​ថប់ គិត​ច្រើន ឈឺក្បាល ផ្តាសាយ​រហូត អត់​មាន​ជាទេ»។

ស្ត្រី​វ័យ ៣៥​ ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់ VOA ថា អ្នកស្រី​ភ័យ​ខ្លាច​អាជ្ញាធរ​ដែល​ដើរ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ជាង​ខ្លាច​ជំងឺ​កូវីដ​ទៅទៀត។

«អ្វី​ដែល​ពួកខ្ញុំ​បារម្ភ​ខ្លាំង​បំផុត​នៅ​ពេល​បច្ចុប្បន្ន​ហ្នឹង គឺ​ពួកគាត់​ជាប៉ូលិស គឺ​គាត់​គំរាម គឺគាត់​វាយ គាត់​ប្រើ​កម្លាំង ប្រើ​សំឡេងមកលើ​ពួកខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាចមួយ​កម្រិត​ទៀត។ ឥលូវ​ហ្នឹង​ចង់ខ្លាច​គាត់​ជាង​ជំងឺ​ឆ្លង​ទៀត ព្រោះ​ឃើញ​គាត់​មក គាត់រោទិ៍​ម៉ូតូមកគាត់​ស្រែក​មកអ៊ី​ចឹង ហាក់​បី​ជា​ស្លន់​ស្លោរ​ម្នាក់ៗ​បាត​ជើង​សព្រាត ចូល​បន្ទប់​រៀង​ខ្លួន»។

​លោក ​ហឿ​ សេធុល​ ​អ្នក​ចិត្តវិទ្យា​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​និង​អប់រំ​ផ្លូវ​ចិត្ត​បាន​ប្រាប់ VOA ថា បើ​តាម​ការសិក្សាស្រាវជ្រាវរបស់​លោក ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ​២០២១ ប្រជាជន​កម្ពុជា​រង​នូវ​ការប៉ះពាល់​ផ្លូវ​ចិត្ត​ទ្វេរ​ដង ក្នុង​អំឡុង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

សម្រាប់​ប្រជាជន​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់ ពិសេស​អ្នក​នៅ​ក្នុង​តំបន់​ក្រហមដែល​មិនអាច​ចេញ​ពី​ផ្ទះ​បាន ពួកគេ​កាន់តែ​ងាយ​រង​សម្ពាធផ្លូវ​ចិត្ត​ដោយសារ​ស្ថានភាព​រស់​នៅ​មាន​ភាព​តូច​ចង្អៀត ហើយ​បញ្ហា​សេដ្ឋកិច្ច​របស់​ពួកគេ​ក៏​ប្រឈម​ខ្លាំង។

«នៅក្នុង​តំបន់​ក្រហម មនុស្ស​ភាគ​ច្រើន​គឺ​អ្នក​រោងចក្រ​ហើយ​និង​អ្នក​ផ្ទះ​ជួល ហើយ​គាត់​នៅ​តែ​មួយ​បន្ទប់ៗ​ទេ។ ហ្នឹង​មួយ​រយ​ភាគ​រយ​ដែល​គាត់​ប្រឈម​មុខ​នឹង​សម្ពាធផ្នែកផ្លូវ​ចិត្ត​ខ្លាំង ដោយ​សារតែ​គត់​នៅ​តែ​បន្ទប់​បួន​ជ្រុង ដែល​គាត់​អត់​អាច​ទៅ​ណា​បាន គាត់​អាច​ត្រឹម​បើក​ទ្វារ បើក​អី​ អើត​មក​ក្រៅ​តែមិន​អាច​ដើរ​ចេញ​ក្រៅ​បានផ្តេសផ្តាស​ទេ ពីព្រោះ​អាជ្ញាធរ​អាច​ប្រើ​រំពាត់ អាច​ប្រើ​អី»។

លោក សេធុល បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ការ​បិទ​ខ្ទប់កាន់​តែ​យូរ នោះកម្រិត​នៃ​ការ​ធ្លាក់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ដែល​អាច​ឈាន​ដល់​ការកញ្ជ្រោល និង​រហូត​ដល់​ធ្វើ​អត្តឃាត។

«បើក្នុង​ករណី​ដែល​ត្រូវ​បន្ត​ពីរ​សប្តាហ៍​ទៀត បង​បារម្ភ​ថាភាព​ចលាចល​អាច​នឹង​កើត​មាន​ខ្លាំង ភាព​តប់​ប្រមល់របស់​គាត់​អាច​នឹង​ខ្លាំង​គាត់​នឹង​អាច​ច្របូក​ច្របល់​ខ្លាំង ហើយ​គាត់​អាច​នឹង​កញ្ជ្រោល។ កម្រិត​នៃ​ការការ​ថប់​បារម្ភ​របស់​គាត់អាច​នឹងខ្លាំង ឬ​ក៏​កម្រិត​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​គាត់​ខ្លាំង គាត់​នឹង​កញ្ជ្រោល។ អ្នក​ដែល​មិន​កញ្ជ្រោល​អាច​នឹង​ប្រឈម​នឹង​ការ​ធ្វើ​បាប​ខ្លួន​ឯង»។

បុរសអ្នកដឹកជញ្ជូនម្នាក់កំពុងមើលវិក្កយបត្រទំនិញ ក្បែរកន្លែងត្រួតពិនិត្យចេញចូលមួយ ក្នុងសង្កាត់បឹងសាឡាង ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​ជំនាញផ្នែកចិត្តវិទ្យា​រូប​នេះ​បាន​បន្ថែម​ថា ការ​ទប់​ស្កាត់​ឬ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​របស់​ប្រជាពល​រដ្ឋ​ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​បាន​ លុះត្រា​តែ​រដ្ឋាភិបាល​ចេញ​វិធានការ​ក្នុងការ​ផ្តល់​ជំនួយ​បាន​គ្រប់​គ្រាន់ និង​ទាន់​ពេល។ ចំណែក​ប្រជាពលរដ្ឋ​ត្រូវ​កាត់​បន្ថយ​ការ​មើល​ព័ត៌មាន​ដែលច្របូក​ច្របល់​ច្រើន ហើយ​ប្តូរ​មក​បង្កើនទម្លាប់​ក្នុងការ​អាន និង​ហាត់​ប្រាណ​ជាដើម។

បច្ចុប្បន្ននេះ វិធានការ​បិទខ្ទប់​និង​ដាក់​តំបន់​មួយ​ចំនួន​ដូចជា តំបន់​ខ្លះ​នៅ​ក្នុង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ទួលគោក ដែល​លោក ឡេង គឹមឡុង អ្នកស្រី អ៊ឹម សុភាព និង​អ្នកស្រី លី ម៉េងជូ កំពុង​រស់នៅ កំពុង​ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្ត​និង​រឹតបន្តឹង​ រហូត​ដល់​រដ្ឋាភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង​ថ្មី ដែល​គេ​មិន​ទាន់​ដឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ។

សម្រាប់​ពលរដ្ឋ​ដែល​បំពាន​វិធានការ​ទាំង​អស់​នេះ ពួកគេអាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ពី ១ ​លានរៀល ទៅ ៥ លានរៀល ហើយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​បន្ថែមទៀត​ពី ២​ លានរៀល ទៅ ១០​ លានរៀល បើ​សកម្មភាព​បំពាន​នាំ​ឱ្យមាន​ការចម្លង​ជំងឺ​កូវីដ១៩ ទៅ​អ្នក​ដទៃ ហើយនឹង​ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនា​គារ​ពី ២ ឆ្នាំ ទៅ​ ៥ ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ៥​ លានរៀល ទៅ ២០​ លានរៀល បើ​សកម្មភាព​បំពាន​នោះ បណ្តាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ៕