ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែក​ចាយ

រូបឯកសារ៖ ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។

ភ្នំពេញ — ថ្ងៃ​ទី ១០ ខែ​កុម្ភៈ គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ពលរដ្ឋ​សរុប​ប្រមាណ ១៦ លាន​នាក់។ ជំងឺ​កូវីដ១៩ គឺជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​និង​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន។

ជា​ប្រទេស​ដ៏​តូច​មួយ​ដែល​មាន​ប្រាក់​ចំណូល​ទាប​កម្រិត​មធ្យម​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​ប្រទេស​ជឿនលឿន ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩។ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ទាំង​ផ្នែក​បរិក្ខារ ជំនាញ​និង​ធនធាន។ កត្តា​ទាំង​នេះ ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​សំណួរ​ជា​ច្រើន​ពាក់ព័ន្ធ​ផែន​ការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កម្ពុជា។

បន្ទាប់​ពី​មាន​ករណី​ឆ្លង​ថ្មី​ជា​បន្តបន្ទាប់​នៅ​ក្នុង​សហគមន៍ និង​តាម​រយៈ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​អន្តរជាតិ​ចូល​ក្នុង​ប្រទេស រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ទទួល​យក​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ ស៊ីណូហ្វាម (Sinopharm) ពី​ប្រទេស​ចិន ចំនួន ៦០ ម៉ឺន​ដូស កាលពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ។

ហើយ​ក្រោយ​មក ​តាមរយៈ​យន្តការ​កូវ៉ាក់ (Covax) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) កម្ពុជា​ក៏​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ កូវីស្យែល (Covishield) របស់​ក្រុម​ហ៊ុន​អាស្ត្រាហ្សេនីកា (AstraZeneca) និង​សាកល​វិទ្យាល័យ Oxford ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ចំនួន​ ៣២.​៤០០០ ដូស កាលពី​ថ្ងៃ​ទី ២ ខែ​មីនា។

ជា​រៀង​រាល់​ថ្ងៃ ក្រោយ​ពី​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ សាធារណជន​បាន​ឃើញ​ក្រសួង​សុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា បង្ហោះ​លិខិត អនុក្រឹត្យ និង​សេចក្តី​ប្រកាស​នានា​ដាច់​ដោយ​ឡែក​ពី​គ្នា អម​ជាមួយ​នឹង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រយៈពេល​យូរ ពាក់ព័ន្ធ​នឹង​ក្រុម​អាទិភាព​ដែល​នឹង​ទទួល​បានការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ទាំង​ពីរ​ប្រភេទ​នេះ។

ក៏​ប៉ុន្តែ គេ​មិន​ឃើញ​ទាន់​ឃើញ​មាន​ឯកសារ​យុទ្ធសាស្ត្រ​លម្អិត​និង​ស៊ី​ជម្រៅ​មួយ ដែល​ងាយ​ឲ្យប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ព័ត៌មាន​លម្អិត​និង​ជា​ដំណាក់ការៗ ស្តី​អំពី​ផែនការ​ចាក់​វ៉ាក់សាំង ដូចជា​ទីតាំង​នៃ​ការ​ចាក់​វ៉ាក់សាំង ក្រុម​ពលរដ្ឋ​អាទិភាព​ទទួល​ចាក់​វ៉ាក់សាំង រយៈពេល​នៃ​ការ​ចាក់​វ៉ាក់សាំង និង​លក្ខខណ្ឌ​សុខភាព​ ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជា​ដើម​នៅ​ឡើយ​ទេ។

ជាក់​ស្តែង កាលពី​ថ្ងៃ​ទី១៦ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ចម្បង​ខ្លាំង​នៅ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ គឺ​ការ​ខ្វះ​ផែនការ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង ដែល​លោក​ហៅ​ថា «ផែនការ​មេ» ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស។

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ បញ្ហា​គឺ​បញ្ហា​នៃ​ការ​ចាក់ ផែន​ការ​មេ​ឲ្យ​បាន​ច្បាស់ ហើយ​ក៏​ស្រប​ជាមួយ​នឹង​ស្ថានភាព​ជាក់ស្តែង​ដែល​វា​នឹង​កំពុង​កើត»។

លោក​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​រៀបចំ​បង្កើត​និង​ពង្រីក​គណៈកម្មការ​ចំពោះ​កិច្ច ធ្វើ​យ៉ាង​ណា ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព។

លោក​បាន​ថ្លែង​ថា៖ «អ៊ីចឹង​ត្រូវ​រៀប​ចំ​យន្តការ​និង​ប្រើប្រាស់​កម្លាំង​សរុប ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ល្បឿន​មួយ​លឿន ដើម្បី​កុំ​ឲ្យ​វ៉ាក់សាំង​ហួស​ដឺឡេ [សុពលភាព] និង​ឲ្យ​វ៉ាក់សាំង​ដែល​យើង​ទទួលបាន​ទៅ​ដល់​ប្រជាជន​ឲ្យ​បាន​ឆាប់ ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩»។

បុគ្គលិកសុខាភិបាលមួយរូបកាន់ដបវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។


វ៉ាក់សាំង​ស៊ីណូហ្វាម និង​កូវីស្យែល

វ៉ាក់សាំង​ស៊ីណូហ្វាម ត្រូវបាន​ផលិត​ដោយ​វិទ្យាស្ថាន​ផលិតផល​ជីវ​សាស្ត្រ​ក្រុង​ប៉េកាំង និង​វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​ក្រុង​អ៊ូហាន ដែល​គ្រប់គ្រង​គម្រោងដោយក្រុមហ៊ុន​ឱសថ​រដ្ឋ​ចិន។ យោង​តាម​របាយការណ៍​នានា ​វ៉ាក់សាំង​ស៊ីណូហ្វាម​ មានអត្រា​ប្រសិទ្ធភាព​ ៧៩,៣%

ចំណែកវ៉ាក់​សាំង កូវីស្យែល (CoviShield)​ គឺ​ជា​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដោយ​ទទួល​បាន​អាជ្ញាបណ្ណ​ផលិត​ពី​ក្រុមហ៊ុន​អាស្ត្រាហ្សេនីកា (AstraZeneca) និង​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស។ វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ​៦៤.៤​% បន្ទាប់​ពី​ចាក់​ដូស​ទី ១។

យោង​តាម​ឯកសារ​វិភាគ​បឋម​ស្តី​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន AstraZecena កាលពី​ថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់​ពី​ចាក់​ដូស​ទី ២ ​ក្នុង​រយៈពេល​ប្រមាណ ១២​សប្តាហ៍​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង អាច​កើន​ដល់ ៨២%។

ដោយសារ​តែ​ចំនួន​វ៉ាក់​សាំង​ទាំងពីរ​ប្រភេទ​នេះ​នៅ​មាន​តិច​នៅ​ឡើយ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​តាមដាន​និង​ណែនាំពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​យក​អ្នកធ្វើ​ការជួរ​មុខ​ដែល​ងាយ​ប្រឈម​ខ្លាំង ហៅ​ថា​ក្រុមអាទិភាព ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ពី​ជំងឺ​កូវីដ១៩។​ គួរ​បញ្ជាក់​ថា ​រាល់​ការ​ចាក់​វ៉ាក់​សាំង គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត។​

លោក​ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកា​និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃទី ១៦ ខែ​កុម្ភៈ​កន្លង​ទៅ ថា៖ «តាម​ពិត​ទៅ យើង​ចង់​ធ្វើ​ [ការ​ចាក់​វ៉ាក់សាំង] ឲ្យ​បាន​ទូលំ​ទូលាយ។ ក៏​ប៉ុន្តែ ដោយសារ​វ៉ាក់សាំង​យើង​មាន​កម្រិត ​ដូច្នេះ​ការ​ផ្តល់​វ៉ាក់សាំង​របស់​យើង​នេះ ក៏​ត្រូវ​ឲ្យ​មាន​ការ​កំណត់​ទៅ​តាម​ក្រុម​មនុស្ស ដែល​ត្រូវ​នឹង​មក​ទទួល ទៅ​តាម​វគ្គៗ​របស់​យើង ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​មាន​ចំនួន​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​បុគ្គល​ដែល​គាត់​បាន​ស្ម័គ្រ​ទទួល​នូវ​វ៉ាក់​សាំង​កូវីដ១៩​ នេះ ឲ្យ​បាន​គ្រប់​ចំនួន​ពីរ​ដូស។ អាហ្នឹង​សំខាន់​ណាស់»។

រូបឯកសារ៖ បុរសវ័យចំណាស់ម្នាក់ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ក្រុម​អាទិភាព លក្ខខណ្ឌ ​ទីតាំង​ចាក់

កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​មិនអាច​ចាក់​វ៉ាក់​សាំង​ស៊ី​ណូហ្វាម ដែល​ជាជំនួយ​របស់​ចិន​បាន​ទេ ដោយសារ​លោក​មាន​អាយុ​លើស​ពី​ ៥៩ ​ឆ្នាំ។ លោក​ថា វ៉ាក់​សាំង​នេះ​ត្រូវបានកំណត់ថា​ចាក់​ឲ្យ​មនុស្ស​មាន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ ដល់​ ៥៩ ​ឆ្នាំ​ប៉ុណ្ណោះ។

ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី ៤ ខែ​មីនា ខណៈ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីស្យែល លោក​បាន​ប្រកាស​ថា វ៉ាសាំង​នេះ​គឺ​សម្រាប់​ក្រុម​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ។

ព្រឹត្តិការណ៍​ទាំង​ពីរ​ខាង​លើ​នេះ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ការ​បញ្ជាក់ច្បាស់លាស់​និង​លម្អិត​ជាង​មុន ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដែល​សាធារណជន​រំពឹង​រង់ចាំ ស្តី​អំពី​ព័ត៌មាន​លម្អិត​ថា​តើ​ក្រុម​ពលរដ្ឋ​ប្រភេទ​ណា គួរ​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​វ៉ាក់សាំង​កូវីស្យែល។

តាមរយៈ​ការ​ប្រមូល​និង​ពិនិត្យ​ឯកសារ​ផ្លូវការ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា វ៉ាក់​សាំងស៊ីណូហ្វាម ត្រូវ​ផ្តល់​ឲ្យ​ក្រុម​អាទិភាព​ដែល​មានអាយុ​ពី​ ១៨ ឆ្នាំ ដល់​ ៥៩​ ឆ្នាំ។

ក្នុង​នោះ​រួម​មាន​កង​កម្លាំង​ប្រដាប់អាវុធ​ បុគ្គលិក​សុខាភិបាល អ្នក​សារព័ត៌មាន មន្រ្តី​រាជការ​ស៊ីវិល​ជួរ​មុខ មន្រ្តី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន កម្មករ​កម្មការិនី បុគ្គលិក​ប្រមូល​សំរាម សិស្ស​និស្សិត​ទៅ​រៀន​នៅ​បរទេស ក្រុម​កីឡាករកីឡាការិនី គ្រូបង្វឹក មន្ដ្រីកីឡាពាក់ព័ន្ធ សមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គរក្ស អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​អាកាសចរ​ស៊ីវិល មន្រ្តី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ បុគ្គលិក​រដ្ឋ​ជួរ​មុខ​ផ្សេងៗជា​ដើម។

វ៉ាក់សាំង​កូវីស្យែល ត្រូវ​ផ្តល់​ឲ្យ​ក្រុម​អាទិភាព​ជា​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី​ ៦០ ឆ្នាំ​ឡើង អ្នកការ​ទូត​បរទេស មន្ត្រី​អង្គការ​សហប្រជាជាតិ និង​បុគ្គលិក​នៅ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ និង​អង្គការ​អន្តរជាតិ។

រាល់​ពេល​ទៅចាក់ អ្នក​ចាក់​ត្រូវ​ភ្ជាប់​លិខិត​អញ្ជើញ​ដែល​ទទួល​បាន​ពី​អាជ្ញាធរ​មូលដ្ឋាន និងអត្តសញ្ញាណ​បណ្ណ​ខ្មែរ​ ឬ​សំបុត្រអត្រា​នុកូល​ដ្ឋាន​ឬ​លិខិត​ឆ្លង​ដែន​សម្រាប់​ជនជាតិ​ខ្មែរ ។ សម្រាប់​ជន​បរទេស​ដែល​មាន​អាទិភាព​ចាក់ ពួកគេ​ត្រូវ​មាន​ការ​រៀបចំ​ពី​ស្ថាប័ន​ផ្ទាល់​របស់​ពួកគេ។​

ក្រសួង​សុខាភិបាល​កម្ពុជា បាន​កំណត់​ថា វ៉ាក់​សាំង​ស៊ីណូហ្វាម អាច​ចាក់​បាន​នៅ​គ្រប់​ខេត្ត​រាជធានី​ទូទាំង​ប្រទេស។ សម្រាប់​ពលរដ្ឋ​នៅ​ភ្នំពេញ ពួកគេ​ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មន្ទីរពេទ្យ​កុមារជាតិ មន្ទីរពេទ្យ​ព្រះកុសមៈ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក មន្ទីរពេទ្យ​គន្ធបុប្ផា។

ចំណែក​ទីតាំងចាក់​វ៉ាក់​សាំង​កូវីស្យែល នៅ​រាជធានី​ភ្នំពេញ ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន ដូចជាមន្ទីរពេទ្យ​កាល់ម៉ែត្រ មន្ទីរពេទ្យ​ព្រះ​អង្គឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​ព្រះ​កុសុមៈ។

បន្ថែម​លើ​នេះ​ វ៉ាក់​សាំង​កូវីស្យែល​នេះ ក៏​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក់​ដល់​ក្រុម​ពលរដ្ឋ​អាទិភាព​នៅ​តាមបណ្តា​ខេត្ត​មួយ​ចំនួនដូចជា​ខេត្ត​កណ្តាល ខេត្ត​ព្រះ​សីហនុ កោះកុង និង​ខេត្តព្រៃវែង។ គួរ​បញ្ជាក់​ថា ខេត្ត​ទាំង​បួន​នេះ កំពុង​រង​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ជា​បន្តបន្ទាប់។

យ៉ាងណាមិញ បើទោះបីជា​វ៉ាក់សាំង​ទាំង​ពីរ​នេះ​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​អាទិភាព​ដែល​បាន​លើក​ឡើង​ខាង​លើ ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ចាក់​បាន​នោះទេ។ មុន​នឹង​ទទួល​បាន​ការ​ចាក់វ៉ាក់​សាំង​ទាំងពីរ គឺ​ស៊ីណូហ្វាម និង​កូវីស្យែល អ្នក​ចាក់​ត្រូវ​ឆ្លង​កាត់​ការ​ប្រឹក្សា​និង​ពិនិត្យ​ពីគ្រូពេទ្យ​ជា​មុន។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​អំពី​ការ​ប្រឹក្សា​និង​ពិនិត្យ​សុខភាព​នេះ កាលពី​ថ្ងៃទី ៨ ខែ​កុម្ភៈ ថា៖ «ចាំបាច់​ណាស់ គាត់​ត្រូវ​តែ​ជួប​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​សិន។ ហើយ​ក្រុម​គ្រូពេទ្យ​លោក​នឹង​ធ្វើ​ការ​សាកសួរ។ អ៊ីចឹង ដំណាក់ការ​ហ្នឹង​គឺ​សំខាន់​ណាស់។ សូម​ឲ្យ​បុគ្គល​ដែល​គាត់​ស្ម័គ្រ​ចិត្ត​ទទួល​វ៉ាក់សាំង​កូវីដ១៩ នៅ​ពេល​នេះ រៀបរាប់ ជម្រាប​ប្រាប់​គ្រូ​ពេទ្យ​ឲ្យ​អស់ តើ​មាន​យ៉ាងណាៗ ទៅ​តាម​នីតិ​វិធី​របស់​ក្រុម​គ្រូពេទ្យ​គាត់​នឹង​សាកសួរ​ហើយ»។

បុរសម្នាក់ពាក់ម៉ាស់ដើរចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មើលពីខាងក្រៅ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លក្ខខណ្ឌ​នៃ​ការ​វ៉ាក់​សាំង​ស៊ីណូហ្វាម​និង​កូវីស្យែល មាន​ជាច្រើន​ចំណុច​ដែល​មិន​អាច​ឲ្យ​ក្រុម​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នេះ។

លក្ខខណ្ឌ​ទាំង​នោះ រួម​មាន​អ្នក​មាន​អាការៈ​ក្ដៅខ្លួន ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ​អ្នក​មាន​ប្រវត្តិ​កើត​ជំងឺ​កូវីដ​១៩ អ្នក​ប្រតិកម្ម​នឹង​វ៉ាក់សាំង​ផ្សេងៗ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន និង​ស្ត្រី​ដែល​កំពុង​មាន​ផែន​ការ​យក​កូន​ក្នុង​ពេល​ឆាប់ៗ​ជាដើម។

អ្នក​ដែល​មាន​បញ្ហា​សុខភាព​ក៏​មិនអាច​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នេះ​បាន​ដែរ។​ បញ្ហា​សុខភាព​ទាំង​នោះ រួម​មាន​ដូចជា ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ហឺត ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ ជំងឺ​រ៉ាំរ៉ៃ​ឧស្សាហ៍​ធ្វើ​ទុក ជំងឺ​អាឡែកស៊ី ជំងឺ​កន្ទាល​ត្រអាក ជំងឺ​ថ្លើម ​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​ ជំងឺ​លើស​ឈាម ជំងឺ​ប្រកាច់​ស្កន់ ឬ​ឆ្កួតជ្រូក សរសៃ​ប្រសាទ រលាក​ស្រោមខួរ ជំងឺ​ខ្វះ​ភាព​ផ្សាំ​ពី​កំណើត អ្នក​មាន​ជំងឺ​ អេដស៍ (HIV) អ្នក​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​ឈាមស ឬ​អ្នក​មាន​ជំងឺ​ភាព​ស៊ាំ អ្នក​ប្រើប្រាស់​ថ្នាំ​សម្រួល​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ​មហារីក​ដុំ​សាច់។

ទាំង​វ៉ាក់សាំង​ស៊ីណូហ្វាម​និង​វ៉ាក់សាំង​កូវីស្យែល​ តម្រូវ​ឲ្យ​មាន​ការ​ចាក់​ចំនួន​ពីរ​ដូស។ គម្លាត​នៃ​ការ​ចាក់​ដូស​ទី​ ១ និង​ដូស​ទី ២ សម្រាប់​ស៊ីណូហ្វាម មាន​រយៈពេល​ ២ ​សប្តាហ៍។ ចំណែក​វ៉ាក់សាំង​កូវីស្យែល មាន​រយៈពេល​ពី​ ៤​ ទៅ​ ១២​សប្តាហ៍។

បន្ទាប់ពី​ចាក់វ៉ាក់​សាំងរួច ជាទូទៅអ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​អាច​មាន​អាការៈ​ក្តៅ​ខ្លួន រមាស់ ឬ​ឈឺ​ចុកចាប់​ក្នុង​រាងកាយ ឬ​ក្រហម​កន្លែង​ចាក់ ក្នុង​រយៈពេល​មួយ​ថ្ងៃ ទៅ​ពីរ​ថ្ងៃ​យ៉ាង​យូរ។​


ផែនការចាក់វ៉ាក់សាំងបន្ថែម

បើ​តាម​របាយការណ៍​ចេញ​ដោយ​ក្រសួង​សុខាភិបាល ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់ត្រឹម​ថ្ងៃទី​ ១៤ ខែមីនា អ្នក​ដែល​បាន​ចាក់​មាន​ចំនួន ​១៧០,៦៥៩​ នាក់ ហើយ​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាតឲ្យ​ចាក់​មាន​ចំនួន​ ១៨,៤២៧ នាក់។​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​កម្ពុជា​ពី ១០ លាន ទៅ​ ១៣​ លាន​នាក់។

លោក​បញ្ជាក់​ថា ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ​ចំនួន ​១ លាន ​៥​ សែន​ដូស​ទៀត នឹង​មក​ដល់កម្ពុជា ហើយ​ជា​បន្ត​បន្ទាប់​ វ៉ាក់សាំង​ស៊ីណូហ្វាម និង​កូវីស្យែល នឹងមកដល់​បន្ថែម​ទៀត។ លោក​ថា កម្ពុជា​ក៏​កំពុង​ស្វះ​ស្វែង​រក​ទិញ​វ៉ាក់​សាំង​ Johnson & Johnson របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​ ១៩ ខែមីនា ឆ្នាំ​ ២០២១​ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ សរុប​ចំនួន​ ១៥៧៨ នាក់ ​អ្នក​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន ៩១៧ នាក់ អ្នកកំពុង​សម្រាក​ព្យាបាល​ចំនួន​ ៦៥៨ នាក់​ និង​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ ចំនួន​បី​នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា៕